(VOVWORLD) - ឆ្នាំ២០១៨កំពុងខិតជិតដល់ខែចុងហើយ។ រហូតមកដល់ពេលនេះ រាល់សមិទ្ធផល សេដ្ឋកិច្ចសង្គម ដែលវៀតណាមទទួលបានក្នុងរយៈពេល៩ខែកន្លងទៅ កំពុង បង្កើតការលើកទឹកចិត្តសម្រាប់ប្រជាជន សហគ្រាស និងថ្នាក់ដឹកនាំ។ លទ្ធផល ទាំងនេះបានសរឲ្យឃើញនូវទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ប្រទេសជាតិ។ នេះ ក៏ជាកម្លាំងចលករដើម្បីវៀតណាមសម្រេចឲ្យបានល្អនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃឆ្នាំ២០១៨ទាំងមូល ព្រមទាំងបង្កើតសន្ទុះសម្រាប់ការអនុវត្តគោលដៅ នានានៃឆ្នាំ២០១៩ផងដែរ។
លទ្ធផលនៃការបញ្ជាណែនាំយ៉ាងខ្ជាប់ខ្ជួន
គិតដល់ដំណាច់ខែកញ្ញាឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចរបស់វៀតណាម ទទួលបានកម្រិតខ្ពស់បំផុតក្នុរយៈពេល៨ឆ្នាំកន្លងទៅ។ តាមមជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា លទ្ធផលនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះថាដំបូងបង្អស់ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមទទួលបានស្ថិរភាពដ៏រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ទីពីរគឺបរិយាកាសធ្វើអាជីវកម្មត្រូវបានកែលំអយ៉ាងច្បាស់ក្រឡែក។ នេះជាការពិតជាក់ស្ដែងដែលត្រូវបានបញ្ជាក់ដោយសហគ្រាសផងនិងអង្គការអន្តរជាតិនានាទៀតផង។ ប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Dinh Cung បានចាត់ទុកថា៖
“កត្តាដែលមានលក្ខណៈគ្រឹះស្ថានទាំងពីរនេះ ជាមូលហេតុដែលជួយយើងទទួលបានកំណើនយ៉ាងដូច្នេះ។ ហើយកំណើននោះគឺជាកំណើនប្រកបដោយស្ថិរភាព ចីរភាព ជាកំណើនដែលបានបង្កើតឡើងពីការផ្លាស់ប្ដូរសំខាន់ៗនៃខឿនសេដ្ឋកិច្ច”។
នៅក្នុងគ្រឹះស្ថានអភិវឌ្ឍន៍រួមនៃខឿនសេដ្ឋកិច្ចវៀតណាម យើងអាចឃើញច្បាស់នូវប្រសិទ្ធភាពនៃការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ។ ក្នុងរយៈពេល២ឆ្នាំកន្លងមក វិស័យកសិកម្ម វៀតណាមទទួលបានកំណើនប្រមាណ៤% ពិសេសគឺក្នុងនោះមានការផ្លាស់ប្ដូរអំពីគុណភាព អំពីរចនាសម្ព័ន្ធផលិតផលក្នុងវិស័យនាំចេញកសិផល។
ការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ក៏មានការផ្លាស់ប្ដូរអំពីគុណភាពដែរ។ ការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ ពិសេសគឺសហគ្រាសធំៗបាននាំមកនូវលទ្ធផលជាជំហានដំបូង។ ចំណុចលេចធ្លោមួយទៀតគឺកំណើននៃវិស័យឧស្សាហកម្ម ពិសេសគឺឧស្សាហកម្មផលិត។ លោក Nguyen Dinh Cung បានអោយដឹងថែមទៀតថា៖
“យើងអាចឃើញថា វិធីសាស្ត្រដើម្បីទទួលបានកំណើនបានផ្លាស់ប្ដូរហើយ។ កំណើនមិនពឹងផ្អែកទៅលើការធ្វើអាជីវកម្មរ៉ែ មិនពឹងផ្អែកទៅលើការបើកទូលាយការផ្គត់ផ្គង់រូបិយវត្ថុឡើយ ប៉ុន្តែកំណើនពឹងផ្អែកទៅលើការផ្គត់ផ្គង់នៃខឿនសេដ្ឋកិច្ច ទៅលើការបង្កើនផលិតភាពនិងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រភពធនធាននានា”។
ជម្រើសត្រឹមត្រូវ ប្រតិបត្តិយ៉ាងបត់បែន
លោក Nguyen Anh Duong ប្រធានគណៈកម្មការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានអោយដឹងថា ក្នុងរយៈពេល៩ខែកន្លងទៅ ការប្រតិបត្តិគោលនយោបាយដែលមានលក្ខណៈច្នៃប្រឌិតនិងបត់បែនរបស់វៀតណាម បាននាំមកនូវប្រសិទ្ធភាព។ វៀតណាមនៅតែផ្ដល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះជាកត្តាដ៏សែនសំខាន់ចំពោះវិនិយោគិនជាតិនិងអន្តរជាតិ។ លទ្ធផលគឺការវិនិយោគឯកទេសបានកើនឡើង១៧%ក្នុងរយៈពេល៩ខែកន្លងទៅ។ នេះជាកំណើនដ៏ធំបំផុតក្នុងចំណោមផ្នែកសេដ្ឋកិច្ចទាំងឡាយ សូម្បីតែធំជាងការវិនិយោគសាធារណៈនិងការវិនិយោគដោយផ្ទាល់ពីបរទេស។ប្រការនេះបានសរឲ្យឃើញនូវជំនឿទុកចិត្តរបស់សហគ្រាស លោក Nguyen Anh Duong បានអោយដឹងថា៖
“ស្ថិរភាពនៃបរិយាកាសវិនិយោគគឺសំខាន់ណាស់ ហើយយើងមិនអាចបដិសេធតួនាទីសំខាន់នៃធនាគាររដ្ឋ ក្នុងការទប់ទល់ប្រកបដោយប្រសិទ្ធភាពចំពោះសម្ពាធអំពីអត្រាការប្រាក់។ ម្យ៉ាងវិញទៀត យើងបានគួបផ្សំយ៉ាងល្អរវាងគោលនយោបាយបង្កើតបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដោយស្ថិរភាព ជាមួយនឹងគោលនយោបាយជំរុញការប្រកួតប្រជែងរវាងសហគ្រាស ផងដែរ”។
ចំណែកឯអ្នកជំនាញសេដ្ឋកិច្ច Nguyen Tri Hieu បានវាយតម្លៃថា៖
“រដ្ឋាភិបាលបានទទួលភាពជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមប្រកបដោយស្ថិរភាព។ ធនាគាររដ្ឋបានទទួលភាពជោគជ័យក្នុងការជួយឧបត្ថម្ភគ្រប់គ្រងអតិផរណាឲ្យតិចជាងកម្រិត៤% ហើយជួយឧបត្ថម្ភរដ្ឋាភិបាលក្នុងគោលនយោបាយរូបិយវត្ថុ គោលនយោបាយឥណទាន និងគោលនយោបាយអត្រាការប្រាក់។ អាស្រ័យដោយកត្តាទាំងនោះ យើងបានទទួលកម្រិតកំណើនគួរឲ្យចាប់អារម្មណ៍”។
រយៈពេល៣ខែនៅសេសសល់ដើរតួនាទីដ៏សំខាន់នៅក្នុងសមិទ្ធផលនៃឆ្នាំ២០១៨ទាំងមូល។ នៅតែមានការសាកល្បងជាច្រើនទាំងនៅក្នុងនិងក្រៅប្រទេស។ ប្រការនេះទាមទារឲ្យវៀតណាមត្រូវក្ដាប់ជាប់និងឆ្លៀតយកឱកាសដើម្បីអភិវឌ្ឍន៍។ រួមជាមួយគ្នានោះ រាល់សមិទ្ធផលក្នុងរយៈពេល៩ខែកន្លងទៅ ក៏ជាកម្លាំងចលករដើម្បីជំរុញឲ្យប្រទេសជាតិឆ្ពោះទៅរកគោលដៅចុងក្រោយផងដែរ៕