សារព័ត៌មានរួមចំណែកលើកស្ទួយឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ

(VOVWORLD) - ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នឹងជាថ្ងៃគម្រប់រយៈពេល៩៣ឆ្នាំទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ ក្នុងអំឡុង៩៣ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍វៀតណាមបានរួមដំណើរជានិច្ចជាមួយបុព្វហេតុរំដោះប្រទេសជាតិ កសាងនិងការពារមាតុភូមិ។ សារព័ត៌មានក៏រួមចំណែកដ៏សំខាន់ទៅក្នុងជោគជ័យនៃផ្នែកកិច្ចការបរទេសវៀតណាម ដោយពង្រឹងបរិយាកាសសុខសន្តិភាពស្ថិរភាព ការពាររឹងមាំអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុប្រទេសផងដែរ។
សារព័ត៌មានរួមចំណែកលើកស្ទួយឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh 

នាឆ្នាំ១៩២៥ ដើម្បីឃោសនាសតិអារម្មណ៍បដិវត្តន៍នៅវៀតណាម លោកប្រធានហូជីមិញបានបង្កើតកាសែត Thanh nien (យុវជន) ដែលចេញច្បាប់ដំបូងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ តាមនោះគូសសញ្ញានូវការចាប់បដិសន្ធិនិងការអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍វៀតណាម។

រហូតមកដល់ពេលនេះ វៀតណាមមានបរិមាណមនុស្សយ៉ាងច្រើនកុះករដែលប្រកបការងារសារព័ត៌មាន ក្នុងនោះមានអ្នកកាសែតដែលបានផ្ដល់ប័ណ្ណការងារចំនួន១៨ពាន់នាក់ ធ្វើការនៅស្ថាប័នសារព័ត៌មានជិត៩០០អង្គភាពដោយគ្រប់ប្រភេទសារព័ត៌មានរួមមាន៖ កាសែត វិទ្យុផ្សាយសម្លេង ស្ថានីយ៍ទូរទស្សន៍ និងកាសែតអេឡិចត្រូនិក។ ក្នុងនោះមានស្ថាប័នសារព័ត៌មានកិច្ចការបរទេសចំនួន៤០អង្គភាព ដោយកម្មាភិបាល បុគ្គលិកជិត១០០០នាក់ ដែលប្រមូលផ្ដុំភាគច្រើននៅស្ថាប័នរដ្ឋដូចជា៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ថានីយ៍ទូរទស្សន៍វៀតណាម វិទ្យុសម្លេង វៀតណាម គណៈកម្មាធិការផ្សព្វផ្សាយអប់រំវៀតណាម និងក្រសួងការបរទេស ជាដើម។

តួនាទីសំខាន់របស់សារព័ត៌មានក្នុងកិច្ចការបរទេស

ក្នុងប្រវត្តិសាស្ត្រផ្នែកកិច្ចការបរទេសវៀតណាម សារព័ត៌មានជានិច្ចកាលសហការយ៉ាងស្អិតរមួតជាមួយការទូតដើម្បីបំពេញល្អនូវការងាររក្សាបរិយាកាសសន្តិភាព ស្ថិរភាព ការតស៊ូខាងសាធារណៈ មតិដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ។ រាល់ការខំប្រឹងប្រែងរួមនោះ បានជួយមិត្តភក្តិអន្តរជាតិយល់យ៉ាងច្បាស់ថែមទៀតអំពីគោលជំហដ៏ត្រឹមត្រូវរបស់វៀតណាម។

រួមជាមួយការផ្សព្វផ្សាយអំពីទឹកដី មនុស្ស និងការអភិវឌ្ឍរបស់វៀតណាម សារព័ត៌មានកិច្ចការបរទេសបានតស៊ូប្រឆាំងនឹងល្បិចកលមូលបង្កាច់អំពីវៀតណាម ពិសេសគឺនៅក្នុងបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជំនឿសាសនានិងព្រំដែន។

សារព័ត៌មានក៏រួមវិភាគទានទៅក្នុងជោគជ័យនៃសកម្មភាពកិច្ចការបរទេសសំខាន់ៗផងដែរ រួមមានដំណើរទស្សនកិច្ចទៅឯបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិងថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិមកវៀតណាម ក៏ដូចជាព្រឹត្តិការណ៍ធំៗដូចជា៖ កិច្ចប្រជុំកំពូល APEC 2006 APEC 2017 ពិធីបុណ្យវិសាខបូជា និងកិច្ចប្រជុំកំពូលអាស៊ាន ជាដើម។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃថា៖

“សារព័ត៌មានកិច្ចការបរទេសជាចំណែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍និងមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ។ ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ សារព័ត៌មានកិច្ចការបរទេសបានច្បាមជាប់នូវគោលមាគ៌ារបស់បក្ស រួមចំណែកបង្កើតឡើងការស្រុះចិត្តគំនិតនិងការគាំទ្ររបស់ប្រជាជននៅក្នុងប្រទេសក៏ដូចជាមិត្តភក្តិអន្តរជាតិ បង្កើតឡើងកម្លាំងទូទៅ លើកស្ទួយឋានៈរបស់ វៀតណាមលើឆាកអន្តរជាតិ រួមចំណែកការពារផលប្រយោជន៍របស់ប្រជាជាតិ”។

ផ្លាស់ប្ដូរថ្មីដើម្បីរួមចំណែកសម្រេចបានភារកិច្ចកិច្ចការបរទេសនាពេលខាងមុខ

ការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ និងបម្រែបម្រួលដ៏ស្មុគស្មាញនៅក្នុងតំបន់និងលើពិភពលោក បានដាក់ចេញចំពោះផ្នែកសារព័ត៌មានកិច្ចការបរទេសទាំងភាពងាយស្រួលផងនិងការសាកល្បងទៀតផង។ ក្នុងកាលៈទេសៈនោះ សារព័ត៌មានកិច្ចការបរទេសចាំបាច់ត្រូវមានការផ្លាស់ប្ដូរថ្មី ដើម្បីបន្តអនុវត្តន៍បុព្វហេតុកសាងនិងការពារមាតុប្រទេសប្រកបដោយជោគជ័យ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានឲ្យដឹងថែមទៀថា៖

“ផ្នែកសារព័ត៌មានកិច្ចការបរទេសចាំបាច់ត្រូវបន្តផ្លាស់ប្ដូរថ្មី លើកស្ទួយការ យល់ដឹងក្នុងសភាពការណ៍ថ្មីដើម្បីបម្រើផលប្រយោជន៍ជាតិឲ្យបានល្អបំផុត។ ក្នុងបរិបទដែលបរិយាកាសកិច្ចការបរទេសនិងបរិយាកាសព័ត៌មានកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា គឺផ្នែកសារព័ត៌មានកិច្ចការបរទេសចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីឲ្យបានសមស្របនឹងមុខសញ្ញានីមួយៗ ពិសេសគឺជំរុញខ្លាំងការផ្សព្វផ្សាយជាភាសាបរទេស អំពីសមិទ្ធផលរបស់ប្រទេសជាតិ ការពារអធិបតេយ្យភាពជាតិ។ ព្រមទាំងបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានទំនើបៗនៃសម័យកាលបដិវត្តន៍ឧស្សាហកម្ម៤.០ចូលក្នុងការងារសារព័ត៌មានកិច្ចការបរទេស”។

ក្នុងដំណាក់កាលអភិវឌ្ឍថ្មីរបស់ប្រទេសជាតិ សារព័ត៌មានកិច្ចការបរទេសបន្តជាកាណាល់ផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនិងមានគុណភាព ដើម្បីរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិ លើកស្ទួយឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ