សហគមន៍អន្តរជាតិជំរុញការខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សានៅមជ្ឈិមបូព៌ា

(VOVWORLD) - នៅចំពោះស្ថានភាពអំពើហិង្សាឡើងជណ្ដើរយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅរវាងជនប៉ាឡេស្ទីន និងជនអ៊ីស្រាអែលនៅតំបន់ West Bank សហគមន៍អន្តរជាតិបាននិងកំពុងបង្កើនការខិតខំប្រឹងប្រែង សំដៅញ្ឈប់ការបង្ហូរឈាម និងស្ដារស្ថិរភាពនៅមជ្ឈិមបូព៌ាឡើងវិញ។
សហគមន៍អន្តរជាតិជំរុញការខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សានៅមជ្ឈិមបូព៌ា - ảnh 1ប្រជាជនប៉ាឡេស្ទីនរត់គេចខ្លួនបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ចូលទីក្រុង Jenin  ។ រូបថត៖ AFP

ក្រោយរយៈពេលជាច្រើនខែស្ងប់ស្ងាត់មក កាលពីសប្ដាហ៍កន្លងទៅអំពើហិង្សាបានផ្ទុះឡើងវិញយ៉ាងធ្ងន់ធ្ងរនៅតំបន់ West Bank រវាងជនប៉ាឡេស្ទីន និងជនអ៊ីស្រាអែលក្នុងសប្តាហ៍កន្លងទៅ។ យោងតាមការប្រកាសជាផ្លូវការរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានឲ្យដឹងថា៖ យ៉ាងហោចណាស់មានមនុស្ស ចំនួន ១៦ នាក់របស់ភាគីទាំងពីរត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតត្រូវរងរបួស ក្នុងការផ្ទុះអំពើហិង្សាថ្មី ដោយត្រូវបានចាត់ទុកថាជាករណីបង្ហូរឈាមបំផុតនៅតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។

អំពើហឹង្សាបង្ហូរឈាមនៅតំបន់ West Bank

អំពើហឹង្សាកើតចេញពីការវាយឆ្មក់របស់យោធាអ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Jenin នៅភាគខាងជើងតំបន់ West Bank កាលពីថ្ងៃទី ២៦ ខែមករា។ យោងតាមការប្រកាសរបស់កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា  ការវាយឆ្មក់នេះគឺសំដៅទប់ស្កាត់ផែនការវាយប្រហារទៅលើទឹកដីអ៊ីស្រាអែល របស់សាខាក្រុមជីហាតឥស្លាម (PIJ)។ ក្នុងពេលនោះ សាខាក្រុមជីហាដ PIJ នៅ Jenin បានប្រកាសថា សមាជិកក្រុមនេះបានប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល ដោយកាំភ្លើង និងឧបករណ៍ផ្ទុះដែលបានដំឡើងស្រាប់។ កាលពីថ្ងៃទី ២៦ ខែមករា ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រកាសថា ជនប៉ាឡេស្ទីនចំនួន ៩ នាក់ត្រូវស្លាប់ និង ២០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុង Jenin ។

មួយថ្ងៃក្រោយការវាយឆ្មក់នេះ យុវជនប៉ាឡេស្ទីនអាយុ ២១  ឆ្នាំម្នាក់បាន បាញ់រះនៅខាងក្នុងព្រះវិហារជ្វីពនៅទីក្រុងហ្សេរុយសាឡឹម (តំបន់ West Bank) បណ្ដាលឲ្យជន អ៊ីស្រាអែលចំនួន ៧ នាក់ត្រូវស្លាប់ និង ១០ នាក់ផ្សេងទៀតត្រូវរងរបួស។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតលើជនជាតិអ៊ីស្រាអែលនៅទីក្រុងហ្សេរុយសាឡិមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។

បន្ទាប់ពីករណីវាយប្រហារប៉ូលិស និងកងទ័ពអ៊ីស្រាអែលបានឃុំខ្លួនជនប៉ាឡេស្ទីនរាប់សិបនាក់ ដើម្បីធ្វើការស៊ើបអង្កេត។ នៅល្ងាចថ្ងៃទី ២៨ ខែមករា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានប្រកាសវិធានការថ្មីសំដៅទៅលើសាច់ញាតិរបស់ជនប៉ាឡេស្ទីនដែលបានធ្វើការវាយប្រហារ។ រដ្ឋអំណាច និងកងទ័ទអ៊ីស្រាអែលបានអះអាងថា នឹងអនុវត្តន៍រាល់វិធានការណ៍ចាំបាច់ទាំងអស់ដើម្បីការពារប្រជាជននៃប្រទេសនេះ។

ចំណែកប៉ាឡេស្ទីនវិញ ចលនាឥស្លាម Hamas នៅតំបន់ Gaza និងក្រុម PIJ នៅតំបន់ West Bank បានអំពាវនាវឱ្យជនប៉ាឡេស្ទីនទាំងអស់អនុវត្តន៍វិធានការណ៍សងសឹកប្រឆាំងនឹងអ៊ីស្រាអែល។ ក្នុងពេលនោះ រដ្ឋអំណាចប៉ាឡេស្ទីនបានប្រកាសបញ្ឈប់ភ្លាមមួយរំពេចនូវផែនការសហប្រតិបត្តិការសន្តិសុខជាមួយអ៊ីស្រាអែលនៅតំបន់ West Bank។

សហគមន៍អន្តរជាតិជំរុញការខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សានៅមជ្ឈិមបូព៌ា - ảnh 2បុគ្គលិកពេទ្យនៅកន្លែងកើតហេតុនៃការបាញ់ប្រហារនៅតំបន់លំនៅដ្ឋាន Neve Yaakov ក្រុងយេរូសាឡឹម។ រូបថត៖ AP

បញ្ឈប់អំពើហិង្សាភ្លាមមួយរំពេច ស្ដារស្ថិរភាពនៅមជ្ឈិមបូព៌ាឡើងវិញ

នៅចំពោះស្ថានភាពជាក់ស្ដែងនេះ អ្នកសង្កេតការណ៍ជាច្រើនក្នុងតំបន់ និងអន្តរជាតិមានក្ដីព្រួយបារម្ភអំពីអំពើហឹង្សាបង្ហូរឈាមថ្មី ដែលអាចផ្ទុះឡើងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយក្លាយទៅជាការបះបោរ Intifada ថ្មីរបស់ជនប៉ាឡេស្ទីនប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល ដែលស្រដៀងទៅនឹងការបះបោរ Intifada ក្នុងដំណាក់កាលឆ្នាំ ២០០០-២០០៥ ។ ប្រសិនបើអំពើហឹង្សានៅតែបន្តឡើងជណ្ដើរនោះ យថាទស្សន៍ចរចាសន្តិភាព បញ្ឈប់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលនឹងកាន់តែអាប់អួរពីមួយថ្ងៃទៅមួយថ្ងៃ។

ដើម្បីទប់ស្កាត់សេណារីយ៉ូដ៏អាក្រក់នេះ ប្រទេស និងអង្គការអន្តរជាតិជាច្រើនបានអំពាវនាវម្តងហើយម្តងទៀត ដល់ប៉ាឡេស្ទីន និងអ៊ីស្រាអែល បញ្ឈប់សកម្មភាព និងធ្វើការចរចាដើម្បីស្តារស្ថិរភាពឡើងវិញ។ ពីបុរីវ៉ាទីកង់ សម្តេចប៉ាប Francis កាលពីថ្ងៃទី ២៩ មករា បានអំពាវនាវឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនធ្វើកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍ ព្រមទាំងដាស់តឿនដល់សហគមន៍អន្តរជាតិស្វែងរកទិសដៅជាបន្ទាន់ នោះគឺកិច្ចសន្ទនាដោយស្មោះសរ ដើម្បីស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នាថ្ងៃដដែល រុស្ស៊ី ចិន និងសហភាពអឺរ៉ុប (EU) ក៏បានអំពាវនាវដល់អ៊ីស្រាអែល និងប៉ាឡេស្ទីន ជៀសវាងអំពើហិង្សា និងកាត់បន្ថយភាពតានតឹងឡើងជណ្ដើរ។

ស្វែងរកដំណោះស្រាយបញ្ឈប់អំពើហិង្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងស្ដារស្ថិរភាពនៅមជ្ឈិមបូព៌ាឡើងវិញក៏ជារបៀបវារៈសំខាន់ក្នុងការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងប្រធានាធិបតីលោក Abdel-Fattah El-Sisi និងមន្ត្រីជាន់ខ្ពស់អេហ្ស៊ីបកាលពីថ្ងៃទី ៣០ មករា នៅទីក្រុងគែរ (អេហ្ស៊ីប) ។ នៅក្នុងជំនួបធ្វើការ ភាគីទាំងពីរបានបន្តសង្កត់ធ្ងន់លើតម្រូវការក្នុងការជៀសវាងពីអំពើហិង្សា ហើយបន្តការចរចារសន្តិភាពរវាងប៉ាឡេស្ទីន-អ៊ីស្រាអែលឲ្យបានឆាប់ៗ ក្រោមការឧបត្ថម្ភពីអន្តរជាតិ។ ក្នុងនោះ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi បានចាត់ទុកថា៖  ការវិវឌ្ឍនៃអំពើហិង្សានាពេលថ្មីៗនេះ បានអះអាងសារជាថ្មីម្ដងទៀតនូវសារៈសំខាន់នៃសកម្មភាព និងប្រតិកម្មភ្លាមមួយរំពេចទាំងនយោបាយ និងសន្តិសុខ។ ថ្នាក់ដឹកនាំអេហ្ស៊ីបក៏បានរំលឹកនូវជំហរដ៏ខ្ជាប់ខ្ជួនរបស់ប្រទេសនេះ អំពីភាពចាំបាច់ត្រូវសម្រេចឲ្យបានដំណោះស្រាយដ៏ទូលំទូលាយ និងយុត្តិធម៌ សំដៅធានាសិទ្ធិរបស់ជនប៉ាឡេស្ទីនស្របតាមស្តង់ដារអន្តរជាតិ ក៏ដូចជាការសម្រេចបានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ