សហរដ្ឋអាមេរិក-ចិនខិតខំប្រឹងប្រែងកែលម្អទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងរយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ សីហា) ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថានឹងស្រាយចំណងភាពតានតឹងពាណិជ្ជកម្ម ជំរុញការសន្ទនា សំដៅនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីវិលត្រឡប់មករកគន្លងប្រក្រតីភាព។

ឯកភាពគ្នាបង្កើតកាណាល់ទំនាក់ទំនង

នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីចិនលោក Wang Wentao នៅទីក្រុងប៉េកាំងកាលពីម្សិលមិញថ្ងៃទី ២៨ សីហា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថា ទំនាក់ទំនងស្ថិរភាពរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងគឺមានអត្ថន័យ "ដ៏សំខាន់ខ្លាំងណាស់" ព្រោះថាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិនបានរួមចំណែកដល់ ៧០០ ពាន់លានដុល្លារអាមេរិកសម្រាប់ពាណីជ្ជកម្មសកល។ លោកស្រី Gina Raimondo បានសង្កត់ធ្ងន់ម្តងទៀតថា ទោះបីជាមានការខ្វែងគំនិតគ្នា និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិរភាពគឺជាប្រការដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ក្នុងពេលនោះ លោក Wang បានអះអាងថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកសាងបរិយាកាសគោលនយោបាយកាន់តែអំណោយផល ព្រមទាំងចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីមិនត្រឹមតែ មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។

ភាគីទាំងពីរបានសម្តែងសុទិដ្ឋិនិយម ហើយឯកភាពគ្នាបង្កើតកាណាល់ទំនាក់ទំនងថ្មីសម្រាប់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមមាន៖ វេទិកាទ្វេភាគីដើម្បីពិភាក្សាអំពីវិធានការត្រួតពិនិត្យការនាំចេញ ហើយតាមនោះកាត់បន្ថយការយល់ច្រលំអំពីគោលនយោបាយសន្តិសុខជាតិរបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បង្កើតក្រុមការងារដើម្បីដោះស្រាយរាល់បញ្ហាពាណិជ្ជកម្ម។ លោកស្រីរដ្ឋមន្ត្រី Raimondo បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយមិនមានគោលបំណងរារាំងដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់ចិនឡើយ។

នាប៉ុន្មានសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក សេតវិមានបានប្រកាសហាមប្រាមកញ្ចប់វិនិយោគលើវិស័យបច្ចេកវិទ្យារសើបនៅចិន ហើយគ្រោងនឹងដាក់កំហិតលើការនាំចេញផលិតផលសឺមីកុងឌុចទ័រចាប់ពីខែតុលាខាងមុខ។ ផ្ទុយទៅវិញ កាលពីខែកក្កដា ចិនបានប្រកាស ពិន័យក្រុមហ៊ុនវាយតម្លៃអាមេរិក Mintz Group ទឹកប្រាក់ចំនួន ១,៥ លានដុល្លារអាមេរិក ដោយចោទប្រកាន់ពីបទអនុវត្តន៍ប្រតិបត្តិការស្ថិតិមិនស្របច្បាប់។ មុននោះ ចិនបានបង្ខំឱ្យបិទការិយាល័យ Mintz Group របស់សហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំង បន្ទាប់ពីបានបើកយុទ្ធនាការត្រួតពិនិត្យ។ ទីភ្នាក់ងារសន្តិសុខចិនក៏បានឆែកឆេរការិយាល័យ និងសាកសួរបុគ្គលិកនៃក្រុមហ៊ុនប្រឹក្សាអាមេរិកមួយចំនួនដូចជា Capvision និង Bain ដោយចោទប្រកាន់ពីបទរំលោភបំពាន់លើសន្តិសុខជាតិ។

បើកផ្លូវកែលម្អទំនាក់ទំនង

ទំនាក់ទំនងរវាងអាមេរិក និងចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មក ហើយវិធានការរឹតត្បិតពាណិជ្ជកម្មរបស់អាមេរិកចំពោះចិនគឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុត ក្នុងទំនាក់ទំនងទ្វេភាគី។ វឌ្ឍន៍ភាពរបស់របស់ចិនបានគម្រាមកំហែងឋានៈជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកលើវិស័យឧស្សាហកម្មជឿនលឿនបំផុត រួមមានបញ្ញាសិប្បនិម្មិត 5G វិទ្យាសាស្ត្រព័ត៌មាន quantum និងសឺមីកុងឌុចទ័រ ។ ចាប់តាំងពីពេលចូលកាន់តំណែងមក រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Bidenបានប្រកាន់យុទ្ធសាស្ត្រឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់លើវិស័យដូចជា ថាមពលស្អាត យានជំនិះអគ្គិសនី និង សឺមីកុងឌុចទ័រ។ សំដៅកាត់បន្ថយហានិភ័យ និងធ្វើពិពិធកម្ម ដើម្បីមិនពឹងផ្អែកលើចិននោះ សហរដ្ឋអាមេរិកបានកាត់បន្ថយការនាំចេញឈីបជឿនលឿន និង ឧបករណ៍ផលិតឈីបទៅកាន់ចិន។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់បញ្ជូលក្រុមហ៊ុន និងអង្គភាពចិនជាង ១០០០ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម។

ជាការឆ្លើយតប ចិនបានចាត់ទុកវិធានការរបស់សហរដ្ឋអាមេរិកទាំងនេះជាការឡោមព័ទ្ធ និងការបង្ក្រាបយ៉ាងពេញលេញ។ ជាការសងសឹក ទីក្រុងប៉េកាំងបានហាមប្រាមក្រុមហ៊ុនចិនពីការទិញឈីបអង្គចងចាំពីក្រុមហ៊ុនផលិត Micron Technology របស់សហរដ្ឋអាមេរិក ។ កាយវិការនេះបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរបន្ថែមទៀត ក្រៅពីបញ្ហាខ្វែងគំនិតគ្នាមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានចាត់ទុកថា ទោះបីជាប្រទេសមហាអំណាចទាំងពីរតែងតែជាប់ក្នុងភាពចម្រូងចម្រាស ចាប់ពីពាណិជ្ជកម្ម បច្ចេកវិទ្យា រហូតដល់សន្តិសុខក្នុងតំបន់ ប៉ុន្តែទោះបីជាភាពតានតឹងកើនឡើងក៏ដោយ ក៏ភាគីទាំងពីរនៅតែបង្ហាញពីសុច្ឆន្ទៈ ដើម្បីជំរុញទំនាក់ទំនង។

ដំណើរទស្សនកិច្ចរបស់លោកស្រី Raimondo លើកនេះ បានប្រព្រឹត្តិទៅក្នុងបរិបទដែលជិត ៣ ខែទៀត លោកប្រធានរដ្ឋចិន Xi Jinping នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ដូច្នេះ នេះជាសញ្ញា ដែលភាគីទាំងពីរបានបញ្ជូនសារចង់កែលម្អទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន។ នាបច្ចុប្បន្ន ការទូតគឺមានសារៈសំខាន់ណាស់ ហើយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo ត្រូវបានចាត់ទុកថា បើកផ្លូវសម្រាប់ជំនួបទ្វេភាគីផ្សេងៗទៀតរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ