អង្គការសហជីពជាមួយភារកិច្ចថ្មី នៅពេលដែលវៀតណាមចូលរួម កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA)

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមបាន និងកំពុងជាប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ជាច្រើន ។ បញ្ហាពលករគឺជាកត្តាមួយដែលធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីទាំងនេះប្រកបដោយគុណភាព។ 
អង្គការសហជីពជាមួយភារកិច្ចថ្មី នៅពេលដែលវៀតណាមចូលរួម កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) - ảnh 1 សកម្មភាពធ្វើការរបស់ពលករវៀតណាមនៅរោងចក្រកាត់ដេរ (រូបថត៖ vnanet.vn)

ដើម្បីអនុវត្តន៍រាល់ខ្លឹមសារអំពីពលករ ដែលបានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីទាំងនេះ ក្រៅពីការធ្វើវិសោធនកម្មលើច្បាប់ពលករនោះវៀតណាមក៏កំពុងកែសម្រួលអង្គការសហជីពឲ្យសមស្របនឹងនិន្នាការពិភពលោកផងដែរ៕

រាល់ការសាកល្បងដ៏ធំធេងចំពោះអង្គការសហជីព

នៅពេលដែលវៀតណាមជាប្រទេសហត្ថលេខីនៃបណ្ដា FTA នោះ ជាពិសេសគឺកិច្ចព្រមព្រៀង គ្រប់ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺរាលបញ្ហាអំពីអង្គការសហជីពត្រូវបានកំណត់ និងអនុវត្តន៍នៅវៀតណាមជាលើកដំបូង។ ហេតុដូច្នេះហើយ សហជីពវៀតណាមត្រូវតែប្រកួតប្រជែង និងទាក់ទាញសមាជិកចូលរួមសហជីពនៅថ្នាក់មូលដ្ឋាន។ ប្រការនេះបានផ្លាស់ប្ដូរនូវការយល់ដឹង គោលការចាត់តាំង ធ្វើសកម្មភាព និងប្រពៃណីនៃអង្គការសហជីព ដែលបានអះអាងក្នុងរយៈពេល ៩០ ឆ្នាំ កន្លងទៅ។

ទន្ទឹមនឹងនេះ អង្គការសហជីពត្រូវឯករាជ្យ ដោយមិនត្រូវបំពេញកាតព្វកិច្ចនយោបាយ និងទំនួលខុសត្រូវខាងនយោបាយ ពោលគឺផ្តោតសំខាន់លើការថែទាំ ការពារសសិទ្ធិ និងផលប្រយោជន៍របស់ពលករ។ ប៉ុន្តែ សហជីពវៀតណាមកំពុង បំពេញភារកិច្ចរបស់អង្គការនយោបាយសង្គម បានជាមិនអាចប្រមូលផ្ដុំប្រភពកម្លាំងបានឡើយ។

ការពិតជាក់ស្ដែងពោលខាងលើបានឲ្យដឹងថាប្រសិនបើអង្គការសហជីពវៀតណាមគ្មានកាផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាអំពីការចាត់តាំង និងការប្រតិបត្តិការនោះ នឹងប៉ះពាល់ដល់ការប្រកួតប្រជែង និងការទាក់ទាញពលករ និងអង្គការរបស់ពលករក្នុងការចូលរួមក្នុងប្រព័ន្ធសហជីពវៀតណាម។

តម្រូវការផ្លាស់ប្ដូរអង្គការសហជីពវៀតណាម

យោងតាម FTA ជំនាន់ថ្មីជាច្រើនបានឲ្យដឹងថា វៀតណាមនឹងមានរយៈពេលកំណត់ ដើម្បីកែសម្រួលច្បាប់ស្ដីពីពលករឲ្យស្របនឹងការសន្យា ក៏ដូចជាធ្វើកំណែទម្រង់ និងសុក្រឹតស្ថានប័ននានាផងដែរ។ ហេតុដូច្នេះហើយ នាបច្ចុប្បន្ននេះ សហជីពគ្រប់ជាន់ថ្នាក់ត្រូវផ្លាស់ប្ដូរការយល់ដឹង ខ្លឹមសារ និងបែបផែនធ្វើសកម្មភាព។ លោក Tran Thanh Hai អនុប្រធានអចិន្ត្រៃយ៍នៃអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖

“អង្គការសហជីពត្រូវសុក្រឹតខ្លួនឥតឈប់ឈរដោយបង្ហាញយ៉ាងច្បាស់លាស់នូវបេសកកម្មតំណាងឱ្យពលករ ដើម្បីនាំមកនូវជីវភាពរស់នៅដ៏ល្អប្រសើរជាង ហើយពលករមានទំនុកចិត្តជាងចំពោះសហជីពគ្រប់ជាន់ថ្នាក់។ ហេតុដូច្នេះហើយ សហជីពគ្រប់ជាន់ថ្នាក់ត្រូវកំណត់យ៉ាងច្បាស់លាល់នូវភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ ជួរកម្មាភិបាលសហជីពត្រូវមានជំនាញវិជ្ជាជិវៈ ត្រូវបានបណ្តុះបណ្តាល មានចំណេះដឹងក្នុងការអនុវត្តន៍ភារកិច្ច។ លើសពីនេះទៅទៀត ជួរកម្មាភិបាលសហជីពត្រូវមានដំណោះស្រាយ ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលករ“។

ទន្ទឹមនឹងការដែលរដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តនៃការ
ចូលរួម អនុសញ្ញាលេខ៩៨ស្តីពីការអនុវត្តន៍គោលការណ៍នៃសិទ្ធិបង្កើតសមាគមនិងសិទ្ធិនៃការចរចាជាសមូហភាព (១៤ មិថុនា ឆ្នាំ ២០១៩) នោះវៀតណាមក៏កំពុងធ្វើវិសោធនកម្មលើច្បាប់សហជីពឆ្នាំ ២០១២។ លោក Le Dinh Quang អនុប្រធានគណកម្មការទំនាក់ទំនងរវាងពលករ នៃអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖

“ក្នុងការធ្វើវិសោធនកម្មលើច្បាប់សហជីពឆ្នាំ ២០១២លើកនេះ យើងខ្ញុំបានសង្កត់ធ្ងន់លើបញ្ហាធ្វើវិសោធនកម្មចំពោះសកម្មភាពរើសអើង ឲ្យសមស្របនឹងលក្ខណៈជាក់ស្ដែងនាបច្ចុប្បន្ននេះ។ អនុសញ្ញាលេខ ៩៨ បានចែងយ៉ាងច្បាស់លាស់អំពីតម្រូវការធានាការធ្វើសកម្មភាពឯករាជ្យ និងបញ្ចៀសការធ្វើអន្តរគមន៍របស់និយោជក ក៏ដូចជាស្ថាននានាផងដែរ“។

ការដែលវៀតណាមបានចូលរួមក្នុងបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺបាន
បង្ហាញនូវការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ការអនុវត្តរាល់ការសន្យាអំពីពលករ និងសហជីព គឺជាកត្តាសំខាន់ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់វៀតណាម ក្នុងនាមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ