អះអាងនូវតួនាទីរបស់វៀតណាមក្នុងសហគមន៍ហ្វ្រង់កូហ្វូននិងជំរុញកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋបារាំង

(VOVWORLD) - នាថ្ងៃទី ៤ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចាប់ផ្តើមទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។ ដំណើរទស្សនកិច្ចនេះគឺសំដៅបន្តអះអាងនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសំខាន់នៃសហគមន៍ ហ្វ្រង់កូហ្វូន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងកាន់តែជាក់ស្តែង ស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនាពេលខាងមុខ។

នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំកំពូលរបស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូល
ហ្វ្រង់កូហ្វូន ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបារាំងរបស់ប្រធានរដ្ឋវៀតណាមក្រោយរយៈពេល ២២ ឆ្នាំ។

អះអាងនូវតួនាទីរបស់វៀតណាមក្នុងសហគមន៍ហ្វ្រង់កូហ្វូននិងជំរុញកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋបារាំង - ảnh 1រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក Didier Migaud ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស។ (រូបថត៖ TTXVN)

ស្ពានតភ្ជាប់ដើម្បីជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនជាមួយតំបន់

វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្មរបស់សហគមន៍ហ្វ្រង់កូហ្វូន ជាមួយនឹងការសន្យាគាំទ្រពហុភាគីនិយម គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងសកម្មភាពជាក់ស្តែង។ វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មនិងជាក់ស្ដែង ក្នុងបញ្ហាអាទិភាពរបស់សហគមន៍ហ្វ្រង់កូហ្វូន ចាប់ពីការកសាងយុទ្ធសាស្ត្រសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងវប្បធម៌ រហូតដល់ការរក្សាសន្តិភាព និងសន្តិសុខដែលបានកំណត់ក្នុងតំបន់។

ជាពិសេស ការបង្រៀនភាសាបារាំងត្រូវបានអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងរីកសាយភាយយ៉ាងខ្លាំងក្លានៅវៀតណាមផងដែរ។ អតីតនាយិការការិយាល័យហ្វ្រង់កូហ្វូនប្រចាំអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហាណូយ លោកស្រី Vanissa Barrak ធ្លាប់បានអះអាងថា៖

“នៅវៀតណាម ភាសាបារាំងត្រូវបានអភិវឌ្ឍន៍ និងអនុវត្តន៍បានយ៉ាងល្អ។ អង្គការហ្វ្រង់កូហ្វូនអន្តរជាតិយកចិត្តទុកដាក់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអាទិភាពនានា រួមទាំងអាទិភាពនៃការអភិវឌ្ឍភាសាបារាំង ជាមួយនឹងគោលដៅយូរអង្វែងនោះគឺ តាមរយៈភាសាបារាំង ក្រៅពីការពង្រីកកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ ការជួបប្រាស្រ័យផ្នែកវប្បធម៌-អប់រំ យើងក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតជាមួយវៀតណាម ក៏ដូចជាតំបន់នេះផងដែរ”។

ក្នុងបរិបទនោះ ការដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននៅកម្រិតអគ្គលេខាបក្ស ប្រធានរដ្ឋ ជាលើកដំបូង បានបង្ហាញពីការគោរពរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការហ្វ្រង់កូហ្វូន (OIF) និងប្រទេសជាសមាជិកនានា។

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។ បារាំង និងវៀតណាមមានទំនាក់ទំនងតាំងពីរយូរលង់មកហើយ ដែលបង្កើតឡើងដោយទំនុកចិត្តកាន់តែខ្ពស់; ប្រទេសទាំងពីរមានការប្តេជ្ញាចិត្តដ៏ធំធេងក្នុងការពង្រឹងទំនាក់ទំនង។ បច្ចុប្បន្នបារាំងជាដៃគូពាណិជ្ជកម្មធំទី ៤ និងជាប្រទេសនាំមុខគេក្នុងសហភាពអឺរ៉ុប (EU) ក្នុងការផ្ដល់ជំនួយ ODA ដល់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងចំនួន៤២% ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដោយសម្រេចបានជិត ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែនៃឆ្នាំ២០២៤។

អះអាងនូវតួនាទីរបស់វៀតណាមក្នុងសហគមន៍ហ្វ្រង់កូហ្វូននិងជំរុញកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋបារាំង - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang។ (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ច បានអះអាងយ៉ាងខ្លាំងក្លាថែមទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិបទដែលក្នុងឆ្នាំ ២០២៣ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានឲ្យដឹងថា៖

“ប្រទេសទាំងពីរនឹងរួមគ្នាកំណត់ទិសដៅសំខាន់ៗ ដោយបង្កើតក្របខណ្ឌ និងបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងបារាំង ក្នុងការផ្តោតលើការបង្កើនប្រសិទ្ធភាព និងលើកកំពស់យន្តការសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងវិទ្យាសាស្ត្រ
បច្ចេកវិទ្យា នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ ការផ្ទេរបច្ចេកវិទ្យា នឹងទទួលបានការយកចិត្តទុកដាក់ពិសេស។ កិច្ចសហប្រតិបត្តិការលើវិស័យដែលបារាំងមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា អាកាសចរណ៍ អវកាស ការផ្លាស់ប្ដូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កសិកម្មអេកូឡូស៊ី កសិកម្មវិលជុំ បច្ចេកវិទ្យាផលិតកម្មអ៊ីដ្រូសែនបៃតង ទេសចរណ៍បៃតង សេដ្ឋកិច្ចសមុទ្រ ការអភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាព”។

វៀតណាមនិងបារាំងកំពុងនៅចំពោះមុខកាលានុវត្តភាពជាច្រើនដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងបរិមាណ និងគុណភាព ជាពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងការទាមទារដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

ជាមួយនឹងក្របខ័ណ្ឌសហប្រតិបត្តិការ និងកម្លាំងចលករថ្មីដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងឯកភាពគ្នាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នោះ ទំនាក់ទំនងវៀតណាម-បារាំងនឹងមានក្របខណ្ឌថ្មីនិងកត្តាសំខាន់ៗជាច្រើនទៀត ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនិងគ្រប់បណ្តាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ