ឧបសគ្គបន្តកើតមានឡើងក្នុងទំនាក់ទំនងអាមេរិក-គុយបា
(VOVWORLD) - នាចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ចេញសេចក្ដីសម្រេចដែលបន្តរក្សាស្ថានការណ៍គ្រោះអាសន្នជាតិចំពោះគុយបា ព្រមទាំងរក្សាសេចក្ដីកំណត់ដែលរាំងស្កាត់សកម្មភាពចូលចតនិងធ្វើដំណើររបស់នាវាទៅកាន់ប្រទេសកោះនេះផងដែរ។
(រូបថត៖ AP) |
សេចក្ដីសម្រេចថ្មីបំផុតខាងលើរបស់លោក Trump ក្នុងគោលនយោបាយជាមួយគុយបា បន្តជាជំហានថយក្រោយមួយគួរឲ្យសោកស្ដាយ ដែលបណ្ដាលឲ្យប្រទេសទាំងពីរនេះកាន់តែឃ្លាតឆ្ងាយពីគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។
តាមសេចក្ដីសម្រេចនេះថា នាវាទាំងអស់ចំណុះសិទ្ធិអំណាចរបស់អាមេរិក ប្រសិនបើចូក្នុងដែនសមុទ្ររបស់គុយបា ដោយគ្មានការអនុញ្ញាត្តិនោះ គឺជាអំពើរំលោភបំពានទៅលើច្បាប់អាមេរិក ហើយដើរផ្ទុយទៅនឹងគោលនយោបាយរបស់ប្រទេសជាតិ។
គោលនយោបាយខ្វះសុឆន្ទៈ
ដោយការចេញផ្សាយសេចក្ដីសម្រេចថ្មីខាងលើ ជាច្បាស់លាស់ថា ភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក-គុយបាមិនត្រូវបានបន្ធូរស្រាលអ្វីឡើយ។ ទំនាក់ទំនងនេះបានអាក្រក់ទៅ ក្រោយពីវាស៊ីនតោនប្រកាសបញ្ជីឈ្មោះបើកទូលាយបណ្ដាមន្ត្រីគុយបា ដែលត្រូវហាមឃាត់ពីការធ្វើពាណិជ្ជកម្មនិងចូលក្នុងដែនដីអាមេរិក តែមួយសប្ដាហ៍ក្រោយពីជ័យជំនះរបស់គុយបាក្នុងការបោះឆ្នោតនៅមហាសន្និបាតអ.ស.បសំដៅប្រឆាំងគោលនយោបាយដាក់បទហ៊ុំព័ទ្ធរបស់អាមេរិកកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ ក្រោយនោះ វ៉ាស៊ីនតោនបានរឹតបន្តឹងឡើងវិញនូវគោលនយោបាយដាក់បទហ៊ុំព័ទ្ធ ដោយចោទប្រកាន់រដ្ឋាភិបាលគុយបា ត្រូវមានការទទួលខុសត្រូវចំពោះអ្វីៗដែលបានហៅថា “ការវាយប្រហារដោយរលកធាតុអាកាស” តម្រង់ទៅលើអ្នកការទូតអាមេរិកនៅគុយបា ប៉ុន្តែភាគីគុយបាបានច្រានចោលយ៉ាងដាច់ខាត។ មុននោះ អាមេរិកបានសម្រេចដកជាងពាក់កណ្ដាលបរិមាណអ្នកការទូតប្រចាំនៅគុយបា ត្រឡប់មកប្រទេសវិញ បណ្ដេញចេញអ្នកការទូតគុយបាចំនួន១៥នាក់ និងបញ្ឈប់សកម្មភាពកុងស៊ុលជាមួយគុយបា ដោយការចោទប្រកាន់ទាក់ទិនដល់ករណីវាយប្រហារដោយរលកធាតុអាកាសខាងលើដែរ។ លើសពីនេះទៅទៀត អនុស្សរណៈយោគយល់គ្នាខាងសន្តិសុខជាតិស្ដីពីការបង្កើនគោលនយោបាយរបស់អាមេរិកជាមួយគុយបា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីលោក Donald Trump កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៧ នោះ បានរឹតបន្តឹងការកំណត់ស្ដីពីការធ្វើដំណើរ ហាមឃាត់ប្រជាពលរដ្ឋអាមេរិកធ្វើអាជីវកម្មជាមួយសហគ្រាសសាជីវកម្មដែលមានទំនាក់ទំនងជាមួយកងទ័ពនិងកងកម្លាំងសន្តិសុខគុយបា បញ្ចប់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ដោយត្រឹមតែអនុញ្ញាត្តិឲ្យអនុវត្តន៍ដំណើរសាកសួរសុខទុក្ខសាច់ញ្ញាតិតែប៉ុណ្ណោះ។
ច្បាស់លាស់ថា គោលនយោបាយជាច្រើនដែលអាមេរិកអនុវត្តន៍ចំពោះគុយបានាពេលកន្លងទៅបានសរឲ្យឃើញការខ្វះសុឆន្ទៈរបស់រដ្ឋអំណាចប្រធានាធិបតីលោក Donald Trump ជាមួយប្រទេសកោះតំបន់ការាបៀននេះ។
យថាទស្សន៍ដ៏អាប់អួរ
ខណៈដែលភាពតានតឹងកំពុងឡើងជណ្ដើរក្នុងទំនាក់ទំនងអាមេរិក-គុយបានោះ សមាជិកសភាអាមេរិកមួយក្រុមដឹកនាំដោយព្រឹទ្ធសមាជិកគណៈបក្សប្រជាធិបតេយ្យលោក Patrick Leahy បានបំពេញទស្សនកិច្ចនៅគុយបានាថ្ងៃទី១៩ កុម្ភៈ កន្លងទៅ។ សាធារណៈមតិសង្ឃឹមថា ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ នឹងនាំមកនូវសញ្ញាវិជ្ជមានសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប៉ុន្តែ លទ្ធផលជាក់ស្ដែងនៃដំណើរទស្សនកិច្ចលើកនេះគឺមានអ្វីខ្លះ ហើយជះឥទ្ធិពលយ៉ាងម៉េចទៅលើទំនាក់ទំនងទ្វេភាគី មិនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដូចសេចក្ដីសង្ឃឹមរបស់សាធារណៈមតិនោះឡើយ។ ប្រការនោះសរឲ្យឃើញថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះមិនសូវល្អទេ ហើយយថាទស្សន៍កែលំអទំនាក់ទំនងរវាងប្រទេសទាំងពីរគឺអាប់អួរណាស់។
ទំនាក់ទំនងអាមេរិក-គុយបា ធ្លាប់កក់ក្ដៅឡើងវិញក្នុងដំណាក់កាលចុងអាណត្តិបេសកកម្មរបស់ប្រធានាធិបតីលោក Barack Obama។ ប៉ុន្តែ ការអនុវត្តគោលនយោបាយដ៏តឹងរឹងជាងមុនជាមួយគុយបារបស់ប្រធានាធិបតីលោក Donald Trump បានបញ្ច្រាសស្ថានភាព បណ្ដាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរជួបប្រទះនឹងឧបសគ្គជាច្រើនថែមទៀត៕