១០០ថ្ងៃនៃជម្លោះរុស្ស៊ី - អ៊ុយក្រែន: ស្ថានភាពនៅតែស្មុគស្មាញនិងពិបាកទាយទុកជាមុន
(VOVWORLD) - ១០០ ថ្ងៃក្រោយពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសសំដៅ "កម្ចាត់ហ្វាស៊ីសនិយម និងធ្វើវិយោធកម្ម" នៅក្នុងទឹកដីអ៊ុយក្រែន (ថ្ងៃទី ២៤ ខែកុម្ភៈ) ការប្រយុទ្ធគ្នាយ៉ាងកាចសាហាវនៅតែបន្តផ្ទុះឡើងនៅទីក្រុងជាច្រើនភាគខាងកើតអ៊ុយក្រែន ។ គួរឲ្យព្រួយបារម្ភជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីស្វែង រកផ្លូវចេញសម្រាប់ជម្លោះ ហាក់ដូចជាដើរទន្ទឹមគ្នាជាមួយនឹងការបង្កើនការផ្គត់ផ្គង់ សព្វាវុធ និងយុទ្ធភ័ណ្ឌដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោក ខាងលិច។
រថយន្តត្រូវបំផ្លិចបំផ្លាញបន្ទាប់ពីករណីវាយប្រហារដោយកាំភ្លើងធំនៅទីក្រុង Severodonetsk ខេត្ត Lugansk ប្រទេសអ៊ុយក្រែន កាលពីពាក់កណ្ដាលខែមីនា។ (រូបថត៖ AFP) |
ទោះបីជានៅមិនទាន់មានតួរលេខជាក់លាក់ក៏ដោយ ប៉ុន្តែរបាយការណ៍ពាក់ព័ន្ធទាំងអស់សុទ្ធតែប្រាកដថា ការប្រយុទ្ធគ្នាក្នុងអំឡុងពេលជាង ៣ ខែបានបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងជីវិតមនុស្ស និងសម្ភារៈសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល។ ជាពិសេស ចំពោះអ៊ុយក្រែន ជម្លោះមិនត្រឹមតែបានឆក់យកអាយុជីវិតរបស់ទាហាន និងជនស៊ីវិលរាប់ពាន់នាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួនចេញទៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងបានបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។ របាយការណ៍ខ្លះប៉ាន់ស្មានថា អ៊ុយក្រែនត្រូវការថវិការាប់រយពាន់លានដុល្លារអាមេរិក និងពេលវេលារាប់សិបឆ្នាំ សម្រាប់ការកសាងឡើងវិញនិងការជំនះពុះពារលើផលវិបាកដោយសារជម្លោះ។ សរុបមក ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានក្លាយជាវិបត្តិដ៏អាក្រក់បំផុតនៅអឺរ៉ុប ក្រោយពីសង្គ្រាមលោកលើកទី២មក។
ស្ថានការណ៍ស្មុគស្មាញ និងពិបាកទាយទុកជាមុន
រហូតមកដល់ចំណុចនេះ ការប្រយុទ្ធគ្នាភាគច្រើន ប្រមូលផ្ដុំនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងសំខាន់ៗមួយចំនួន ព្រមទាំងជំរុញខ្លាំងការវាយប្រហារទៅលើទីក្រុង និងទីប្រជុំជនមួយចំនួនទៀត។ កងកម្លាំងរុស្ស៊ីត្រូវបានគេចាត់ទុកថា មានប្រៀបខ្លាំងលើសលុបលើអ៊ុយក្រែន ប៉ុន្តែជញ្ជីងកម្លាំងរវាងភាគីទាំងពីរកំពុងផ្លាស់ប្តូរបន្តិចម្តងៗ នៅពេលដែលលោកខាងលិចបានផ្គត់ផ្គង់អាវុធ និងយុទ្ធភ័ណ្ឌដ៏ខ្លាំងនិងទំនើបជាបន្តបន្ទាប់ឲ្យកងកម្លាំងអ៊ុយក្រែន។
ជាឧទាហរណ៍ កាលពីថ្ងៃទី ១ ខែមិថុនា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់បានប្រកាសក្នុងពេលដំណាលគ្នាថា គេនឹងផ្តល់អាវុធ និងមធ្យោបាយប្រយុទ្ធទំនើបៗ បន្ថែមទៀតដល់អ៊ុយក្រែន។ ក្នុងនោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសន្យាថា នឹងផ្ទេរប្រព័ន្ធការពារដែនអាកាស IRIS-T និងរ៉ាដារាវរកគោលដៅដ៏ទំនើបទៅកាន់អ៊ុយក្រែន។ ចាប់តាំងជម្លោះផ្ទុះឡើងរហូតមកដល់ពេលនេះ អាឡឺម៉ង់បានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវ បង់គ្រាប់ចំនួន ១៥ លាន គ្រាប់បែកដៃចំនួន ១សែនគ្រាប់ និងគ្រាប់មីនប្រឆាំងរថក្រោះជាង៥ពាន់គ្រាប់។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសថា ទីក្រុង ឡុងដ៍នឹងផ្ដល់កាំភ្លើងធំបាញ់រ៉ុក្កែត M270 ដែលមានចម្ងាយបាញ់រហូតដល់ ៨០ គីឡូម៉ែត្រដល់អ៊ុយក្រែន។
ប្រព័ន្ធកាំភ្លើងធំបាញ់រុក្កែតចល័ត M142 របស់អាមេរិក។ (រូបថត៖ Gagadget) |
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃដដែល ក៏បានប្រកាសកញ្ចប់ជំនួយអាវុធថ្មីក្នុងតម្លៃ ៧០០លានដុល្លារសម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយរួមមានប្រព័ន្ធកាំភ្លើងធំចល័ត M142 ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយ ៨០ គីឡូម៉ែត្រ ជាមួយនឹងគ្រាប់ រ៉ាដាប្រឆាំងកាំភ្លើង រ៉ាដាឃ្លាំមើលអាកាស កាំជ្រួចប្រឆាំងរថក្រោះ Javelin ជាច្រើនផងដែរ។
យោងតាមក្រុមអ្នកវិភាគ ការដែលលោកខាងលេចបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់ និងទំនើប ដល់កងកម្លាំងអ៊ុយក្រែន នឹងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នូវជញ្ជីងកងកម្លាំងនៅលើសមរភូមិអ៊ុយក្រែន ដែលធ្វើឲ្យស្ថានភាពជម្លោះកាន់តែស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមានថា ជំនួយសព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែនមិនអាចដោះស្រាយជម្លោះបានទេ ផ្ទុយទៅវិញវាអាចបង្កើនហានិភ័យនៃការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី ជាមួយប្រទេសលោកខាងលិច។
ខិតខំព្យាយាមធ្វើការសន្ទនាដើម្បីបញ្ចប់ជម្លោះ
ក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្តវិវឌ្ឍយ៉ាងស្មុគស្មាញ ហើយភាគីទាំងពីរមិនទាន់រកឃើញសំឡេងរួមនៅឡើយ បើទោះបីជាការចរចាជាច្រើនជុំ ត្រូវបានធ្វើឡើងក្រោមការគាំពារអន្តរជាតិក៏ដោយ មេដឹកនាំពិភពលោកបន្តអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តរក្សាកិច្ចខិតខំប្រឹងប្រែងការទូតនិងកិច្ចសន្ទនា ដើម្បីបញ្ចប់ជម្លោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានស្នើឲ្យរុស្ស៊ី និងអ៊ុយក្រែនរៀបចំកិច្ចចរចាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល ហើយបានបញ្ជាក់ថា ទីក្រុងអង់ការ៉ាត្រៀមខ្លួនជាស្រេចទទួលតួនាទីជាអ្នកសង្កេតការណ៍ ហើយនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនាដោយមានការគាំទ្រ របស់អង្គការសហប្រជាជាតិ។ ប៉ុន្មានថ្ងៃមុននោះ ថ្លែងនៅក្នុងសន្និសីទមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger ក៏បានសង្កត់ធ្ងន់ថា លោកខាងលិចចាំបាច់ត្រូវសន្ទនាជាមួយរុស្ស៊ីដើម្បីដោះស្រាយវិបត្តិ។ យោងតាមលោកអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកខាងលិចត្រូវចងចាំ ហើយវាយតម្លៃឲ្យបានត្រឹមត្រូវពីសារៈសំខាន់របស់រុស្ស៊ីចំពោះអឺរ៉ុប។
រីឯខ្លួនវិញ មន្ត្រីរុស្ស៊ីបន្តបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចជួបចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះ។ ប្រធានគណៈកម្មាធិការការពារជាតិនៃឌូម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរបស់រុស្ស៊ី) លោក Andrey Kartapolov បានប្រកាសកាលពីថ្ងៃទី ១ ខែមិថុនាថា ប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនអាចបញ្ចប់ប្រសិនបើក្រុងកៀវយល់ព្រមចរចា។ មួយថ្ងៃមុននោះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភារបស់រុស្ស៊ី) លោកស្រី Valentina Matviyenko ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្ពោះទៅរកសន្តិភាពជាមួយអ៊ុយក្រែនផងដែរ៕