ជំរុញលំហូរវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតនៅទីក្រុងហាណូយ
(VOVWORLD) - ពិធីបុណ្យការរចនាប្រកបដោយភាពច្នៃប្រឌិតហាណូយឆ្នាំ ២០២៤ ក្រោមប្រធានបទ “ចំណុចប្រសព្វគ្នានៃភាពច្នៃប្រឌិត” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះគឺសំដៅបើកសាកល្បងគំរូពិសោធន៍សេដ្ឋកិច្ចច្នៃប្រឌិតសម្រាប់ទីក្រុងនាពេលអនាគត បង្ហាញពីសក្តានុពលនវានុវត្តន៍របស់ហាណូយ។ ពីនោះ រួមចំណែកដល់ការពង្រីក តភ្ជាប់ ពញ្ញាក់ស្មារតីច្នៃប្រឌិត និងទាក់ទាញធនធាន នានា។
ផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយឆ្នាំ២០២៤។
រូបថត៖ គណៈកម្មាធិការរៀបចំ |
បន្តភាពជោគជ័យនៃពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ និងឆ្នាំ ២០២៣ នោះ ពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៤ បន្តពញ្ញាក់ស្មារតីច្នៃប្រឌិតក្នុងមនុស្សម្នាក់ៗ ជាពិសេសជំនាន់វ័យក្មេងអំពីគំនិតផ្តួចផ្តើមនិងគំនិតច្នៃប្រឌិតថ្មីៗ។
តំបន់ស្នូលដែលពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងគឺនៅទីលានបដិវត្តន៍ខែសីហា។ តំបន់នេះមានសំណង់ស្ថាបត្យកម្មលេចធ្លោនានាដូចជា៖ វិមានកុមារហាណូយ ផ្ទះសំណាក់រដ្ឋាភិបាល (វិមាន Bac Bo) រោងមហោស្រព សារមន្ទីរប្រវត្តិសាស្ត្រជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រហាណូយ... ពិធីបុណ្យគឺជាឱកាសដើម្បីនាំសំណង់ស្ថាបត្យកម្មលេចធ្លោ ដែលផ្សារភ្ជាប់ជាមួយនឹង ប្រវត្តិសាស្ត្រហាណូយ កាន់តែខិតមកជិតជាមួយប្រជាជន។ តាមនោះ ផ្ទះសំណាក់រដ្ឋាភិបាលបានបើកស្វាគមន៍ភ្ញៀវទេសចរជាលើកដំបូង; ដំណើរកម្សាន្តតាមរោងមហោស្រព សាកលវិទ្យាល័យវិទ្យាសាស្ត្រ... ត្រូវបានបើកឲ្យដំណើរការ។ លោក Pham Tuan Long ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ បានឲ្យដឹងថា៖
“ខ័ណ្ឌ Hoan Kiem គឺជាខ័ណ្ឌស្នូលនៃតំបន់នៅកណ្ដាលរដ្ឋធានី ហើយមានតំបន់បេតិកភណ្ឌដ៏វិសេសវិសាល ដូចជាតំបន់បឹង Hoan Kiem តំបន់វិថីបុរាណ ជាមួយនឹងសំណង់ស្ថាបត្យកម្មជាច្រើន ដែលត្រូវបានជនជាតិបារាំងសាងសង់ឡើងនៅដើមសតវត្សទី ២០។ ក្នុងនោះ មានសំណងជាច្រើនដែលមានតម្លៃខាងប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម និងសិល្បៈជាមួយនឹងបណ្ដុំបេតិកភណ្ឌមួយ ដែលក្នុងនោះមានសំណង់ខ្លះ ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍លើកនេះជាលើកដំបូង ដូចជាសំណង់ទីស្នាក់ការធនាគាររដ្ឋ សំណង់ផ្ទះសំណាក់រដ្ឋាភិបាល សំណង់សាកលវិទ្យាល័យឥណ្ឌូចិនពីមុន ដែលឥឡូវជាសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ និងសាកលវិទ្យាល័យឱសថសាស្រ្ត”។
លោក Pham Tuan Long ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ (រូបថត៖ VOV5) |
សកម្មភាពច្នៃប្រឌិតជាច្រើនដែលបានធ្វើឡើងនៅក្នុងតំបន់នេះ បានក្លាយជា “ការសន្ទនា” រវាងសំណង់ប្រវត្តិសាស្ត្រ ជាមួយគំនិតច្នៃប្រឌិតតាមបែបទំនើប។ ពីនោះ ស្វែងរកតួនាទីនៃជំនាន់យុវជន ក្នុងការទទួលមរតកនិងផ្សព្វផ្សាយតម្លៃរបស់ប្រជាជាតិ ក្នុងដំណើរការកសាងឧស្សាហកម្មច្នៃប្រឌិត។ នេះជាបុព្វបទដើម្បីជំរុញរដ្ឋធានីអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតរបស់ប្រទេសទាំងមូល។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ សកម្មភាពច្នៃប្រឌិតជិត ១០០ ត្រូវបានរៀបចំឡើង។ ចំណុចលេចធ្លោនោះ គឺសំណង់និមិត្តរូប ការដំឡើងគំរូក្នុងបរិយាកាសច្នៃប្រឌិត សកម្មភាពតាំងពិពណ៌ ការសម្តែងសិល្បៈ និងការពិសោធន៍។ ទន្ទឹមនឹងនោះ កិច្ចសន្ទនា និងសិក្ខាសាលាដោយមានការចូលរួមពីអ្នកជំនាញក្នុងស្រុកនិងបរទេសក្នុងវិស័យច្នៃប្រឌិត ក៏ត្រូវបានរៀបចំផងដែរ។ យោងតាមលោកស្រី Nguyen Thi Le Quyen នាយិកាមជ្ឈមណ្ឌលជំរុញនិងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីវៀតណាមបានឲ្យដឹងថា នេះគឺជាឆ្នាំទី ៣ ហើយដែលមជ្ឈមណ្ឌលរបស់លោកស្រីចូលរួមពិធីបុណ្យនៃការរចនាច្នៃប្រឌិត៖
“យើងខ្ញុំនាំមកពិធីបុណ្យឆ្នាំនេះ នូវស្នាដៃនិពន្ធថ្មីទាំងស្រុងចំនួនពីរ។ មួយគឺរឿងល្ខោន "នាង Thi Mau ធ្វើដំណើរតាមពេលវេលា" ដែលយើងខ្ញុំកែសម្រួលពីរឿងល្ខោន Cheo បុរាណ Quan Am Thi Kinh។ នេះគឺជាផលិតផលអំពីការអប់រំវប្បធម៌ អប់រំបេតិកភណ្ឌ និងអប់រំសិល្បៈប្រពៃណីសម្រាប់តែកុមារប៉ុណ្ណោះ។ ផលិតផលទីពីរ គឺកម្មវិធីអន្តរកម្មសហគមន៍ ដែលក្នុងនោះយើងខ្ញុំប្រើប្រាស់សម្ភារៈជាបទចម្រៀងប្រជាប្រិយ និងល្បែងប្រជាប្រិយ”។
តាមរយៈពិធីបុណ្យលើកនេះ សាធារណជនកាន់តែគោរពចំពោះប្រវត្តិសាស្ត្រ អតីតកាល ហើយនឹងបំផុសគំនិតច្នៃប្រឌិត ដើម្បីទទួលមរតក និងពង្រីកតម្លៃវប្បធម៌ដែលមនុស្សជំនាន់មុនបានកសាងឡើង។
“ពិធីបុណ្យនេះមានកម្មវិធីរាប់សិប។ ខ្ញុំនិងមិត្តភក្តិ មានបំណងចង់ចូលរួម ដើម្បីស្វែងយល់បន្ថែមអំពីអារម្មណ៍របស់បណ្ដាសិល្បៈករចំពោះវប្បធម៌ និងបេតិកភណ្ឌហាណូយ”។
“ពិធីបុណ្យនេះបានលើកកំពស់ប្រៀបខ្លាំងរបស់រដ្ឋធានីក្នុងការរចនាច្នៃប្រឌិត។ ព្រឹត្តិការណ៍នេះបានដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនរដ្ឋធានីម្នាក់ៗ”។
តាមមួយឆ្នាំៗ ប្រធានបទនិងមាត្រដ្ឋាននៃពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយកាន់តែត្រូវបានពង្រីក ហើយបានក្លាយជាពិធីបុណ្យសម្រាប់អ្នកដែលចូលចិត្តការច្នៃប្រឌិត។ ការរៀបចំពិធីបុណ្យ បានរួមចំណែកក្នុងការបង្កើត និងពង្រឹងម៉ាកយីហោទីក្រុងច្នៃប្រឌិតរបស់រដ្ឋធានី៕