Ba Ria-Vung Tau អភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ
(VOVWORLD) - ជាមួយនឹងគុណប្រយោជន៍ ដែលមានមានឆ្នេរសមុទ្រអូសបន្លាយជាង ៣០០ គីឡូម៉ែត្រ ឆ្នេរខ្សាច់ល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ និង Con Dao ដែលមានកោះធំៗ កោះតូចជាច្រើននោះ Ba Ria - VungTau ទទួលបានអំណោយផលពីធម្មជាតិដោយមានលក្ខណៈងាយស្រួលជាច្រើន សម្រាប់ការអភិវឌ្ឍសេវាកម្មទេសចរណ៍សមុទ្រ។ ដោយកំណត់វិស័យទេសចរណ៍នៅតែជាវិស័យសេដ្ឋកិច្ចមុខព្រួញនាដំណាក់កាលបច្ចុប្បន្នក៏ដូចជានាពេលខាងមុខនេះ ហេតុដូច្នេះ ខេត្ត Ba Ria-Vung Tau កំពុងអនុវត្តវិធានការជាច្រើន ដើម្បីបន្តជំរុញសក្តានុពលពីកោះសមុទ្រផងដែរ។
ទិដ្ឋភាពទូទៅនៃទីក្រុង Vung Tau (រូបថតៈ baovungtau) |
Ba Ria-Vung Tau ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុតរបស់ វៀតណាម ដែលមានប្រព័ន្ធផ្លូវឆ្លងអន្តរទ្វីបអាស៊ី ផ្លូវហាយវ៉េ ផ្លូវជាតិ កំពង់ផែ អាកាសយានដ្ឋាន និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចយុទ្ធសាស្ត្រនៅភាគអាគ្នេយ៍និងជាខ្សែផ្លូវទេសចរណ៍សមុទ្រល្បីឈ្មោះទូទាំងប្រទេសនិងលើពិភពលោក។ Ba Ria-Vung Tau មានចម្ងាយតែ ៩០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ដែលមានភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវទឹក។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមក Ba Ria – Vung Tau បានក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារទីនេះជាគោលដៅគួរអោយទាក់ ទាញ មានមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ និងគុណភាពសេវាកម្មកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ឆ្នេរខ្សាច់ រមណីយដ្ឋានជាច្រើនត្រូវបានបង្កើតឡើងតាមបណ្តោយឆ្នេសមុទ្រ ដែលប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ។ តំបន់អភិរក្សធម្មជាតិ Binh Chau – Phuoc Buu និងជ្រោះទឹកក្តៅ សក្តិសមសម្រាប់តម្រូវការទេសចរណ៍សម្រាកលំហែកាយនិងការព្យាបាលជំងឺ។ ជាពិសេស Con Dao ដោយមានកោះតូច ធំ ជាច្រើន ដែលងាយស្រួលសម្រាប់ការអភិវឌ្ឍសក្តានុពលទេសចរណ៍សមុទ្រ។ ទន្ទឹមជាមួយគ្នានោះ ពិធីបុណ្យប្រជាប្រិយដែលពោរពេញទៅដោយសញ្ញាវប្បធម៌ប្រពៃណីរបស់ប្រជា ជនឆ្នេសមុទ្រ ដែលទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ។
ដោយបានកំណត់ថា ទេសចរណ៍ជាវិស័យសេដ្ឋកិច្ចមុខព្រួញ ហេតុដូច្នេះ បក្សភាគខេត្ត Ba Ria-Vung Tau បាននិងកំពុងផ្តោតសំខាន់ទៅលើវិធានការជាច្រើនដើម្បីអភិវឌ្ឍន៍។ លោក Nguyen Van Trinh អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានអោយដឹងថា៖ “ដោយមានឆ្នេរសមុទ្រប្រវែងជាង ៣០០ គីឡូម៉ែត្រ ហេតុដូច្នេះ ខេត្តបានផ្តោតសំខាន់ទៅលើឧត្តមភាពនេះ។ ម្យ៉ាងវិញទៀត គម្រោងការទេសចរណ៍នាពេលខាងមុខតែងតែបានយើងខ្ញុំអនុវត្តន៍យ៉ាងមត់ចត់ ពីជំហានៗ។ ពោលគឺដំបូងឡើយ យើងខ្ញុំបានពិនិត្យឡើងវិញ រាល់គម្រោងការទេសចរណ៍ ដើម្បីដឹងថា អ្វីនៅសមស្របហើយអ្វីនៅមិនទាន់សមស្រប។ លើសពីនេះទៅទៀត ការបោសសំអាតសមុទ្រ និងខាងមុខជាគម្រោងការរបស់ Paradise, Atlantic, តំបន់ Ho Tram, តំបន់ Xuyen Moc ក៏ត្រូវរៀបចំផែនការអោយបានល្អដែរ។ នៅតាមឆ្នេរសមុទ្រ នឹងមានកន្លែងកំសាន្ត DisneyLand ដូចនៅហុងកុង អញ្ជឹង។ ធ្វើបានដូច្នេះ យើងទើបទាក់ទាញភ្ញៀវទេសចរមកទស្សនាបាន”។
ខេត្តក៏បានកំណត់ដែរថា នាពេលខាងមុខ នឹងគៀងគរប្រភពកម្លាំង ដើម្បីអភិ វឌ្ឍន៍ Con Dao អោយក្លាយទៅជាតំបន់ទេសចរណ៍ជាតិ ដែលនៅរក្សាដដែលនូវលក្ខណៈរហោស្ថាន ប៉ុន្តែមានគុណភាពខ្ពស់ កម្រិតតំបន់និងអន្តរជាតិផងដែរ។ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងបង្កលក្ខណៈអោយភ្ញៀវទេសចរអាចធ្វើទេសចរណ៍នៅ Con Dao យ៉ាងងាយស្រួល ខេត្តបានដាក់អោយដំណើរការសាកល្បង កប៉ាល់ល្បឿនលឿនភ្ជាប់ Con Dao ទៅដីគោក ដែលដំបូងបង្អស់គឺខ្សែផ្លូវពីទីក្រុងហូជីមិញទៅកាន់ Con Dao តែម្តង។ កប៉ាល់មានល្បឿន ៣០ម៉ាយ/ម៉ោង ដែលដំណើរការពេញមួយឆ្នាំ លើកលែងតែខ្សល់ព្យុះនិងរញ្ជួលសមុទ្រតែប៉ុណ្ណោះ។
Ba Ria-Vung Tau មានឧត្តមភាពក្នុងការអភិវឌ្ឍកោះសមុទ្រ |
ក្រៅពីនោះ ខេត្តក៏បានពិនិត្យនិងជំរុញដល់គម្រោងទេសចរណ៍ដែលកំពុងអនុវត្តតាមកាលវិភាគនិងដោះស្រាយដកហូតគម្រោងណាដែលយឺតយ៉ាវនឹងត្រូវប្រគល់ជូន វិនិយោគិនដែលមានសមត្ថភាពវិញ។ បច្ចុប្បន្ននេះ ខេត្តកំពុងមានគោលនយោ បាយទាក់ទាញវិនិយោគិនធំៗលើវិស័យទេសចរណ៍ ជាពិសេស គឺស្រុក Xuyen Moc ជាកន្លែងមានផ្លូវឆ្នេរសមុទ្រ ដែលត្រូវបានចាត់ទុកជាផ្លូវគោលសម្រាប់ការអភិវឌ្ឍទេសចរសមុទ្រ។ លោកស្រី Tran Thi Thu Hien នាយិការរង នៃមន្ទីរទេសចរណ៍ Ba Ria-Vung Tau បានអះអាងថា៖ “ដើម្បីបង្កើតឡើងផលិតផលទេសចរណ៍មានគុណភាពខ្ពស់ ត្រូវទាមទារអោយខេត្ត ផ្តោតសំខាន់លើការទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគ លើបណ្តាគម្រោងការធំៗ ដូចជា មណ្ឌលទេសចរណ៍ Paradise ឬមណ្ឌលទេសចរណ៍ជាតិ Con Dao ជាដើម ដើម្បីបង្កើតឡើងផលិតផលទេសចរណ៍សមុទ្រលេចធ្លោនាពេលខាងមុខ”។
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ៦ របស់ខេត្ត Ba Ria - Vung Tau ក្នុងអាណត្តិ ២០១៥ - ២០២០ បានកំណត់ថា វិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចសំខាន់ជាពិសេសទេសចរណ៍កោះសមុទ្រ។ ឆ្នាំ ២០១៩ ខេត្តមានគោលបំណងទាក់ទាញភ្ញៀវទេសចរ ៣,៥៣ លាននាក់កើនឡើង ១៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ ខេត្ត Ba Ria-Vung Tau បាននិងកំពុងប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំ ដើម្បីអភិវឌ្ឍន៍ Con Dao អោយក្លាយទៅជាមណ្ឌលទេសចរណ៍កម្រិតតំបន់និងអន្តរជាតិ។ ជាមួយនឹងឧត្តមភាពដែលមានស្រាប់ ជាមួយនឹងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ក្នុងនោះ យកទេសចរណ៍ជាវិស័យមុខព្រួញ ខេត្ត Ba Ria-Vung Tau កំពុងក្លាយទៅជាតំបន់នាំមុខប្រទេសជាតិ ក្នុងការអភិវឌ្ឍទេសចរណ៍កោះសមុទ្រផងដែរ៕