Dong Nai អភិវឌ្ឍវិស័យទេសចរណ៍បៃតងនិងប្រកបដោយនិរន្តរភាព

(VOVWORLD) -  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍របស់ខេត្ត Dong Nai មានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈផលិតផល គោលដៅទេសចរណ៍ថ្មីនិងគួរអោយទាក់ទាញជាច្រើន រួមទាំងចំនួនភ្ញៀវទេសចរនិងប្រាក់ចំណូលពីទេសចរណ៍កំពុងកើនឡើងជាលំដាប់។ ផ្នែកទេសចរណ៍ Dong Nai មានគោលបំណង ក្លាយទៅជាផ្នែកសេដ្ឋកិច្ចសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តផងដែរ។

ទោះបីជាមានលក្ខណៈងាយស្រួលក៏ដោយ ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ហេតុដូច្នេះ ផ្នែកទេសចរណ៍ Dong Nai កំពុងព្យាយាមដើម្បីស្វែងរកឈ្មោះលើផែនទីទេសចរណ៍ ដែលក្នុងនោះ ខេត្តបានផ្តោតលើទិសដៅទេសចរណ៍ដែលមានការរីកចម្រើន ស្របតាមទិសដៅប្រកបដោយនិរន្តរភាព ធានាសុវត្ថិភាពសម្រាប់បរិស្ថានអេកូឡូស៊ី។

Dong Nai ត្រូវបានគេស្គាល់ជាយូរមកហើយថាជាខេត្តមួយដែលមានឧស្សាហកម្មខ្លាំងក្លា ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកសិកម្មដែលជាខេត្តឈានមុខគេក្នុងការកសាងជនបទថ្មី។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងវិស័យទេសចរណ៍ អាចនិយាយបានថា  ការអភិវឌ្ឍរបស់ខេត្តមិនទាន់សក្តិសមជាមួយនឹងសក្តានុពលបើប្រៀបធៀបទៅនឹងតំបន់ជិតខាងមួយចំនួន ដូចជា Vung Tau, Binh Thuan  ដែលមានទេសចរណ៍សមុទ្រ ឬ Da Lat  (នៅខេត្ត Lam Dong) មានទេសចរណ៍សម្រាកលំហែកាយជាដើម។ ហេតុដូច្នេះ Dong Nai ត្រូវមានជម្រើសដាច់ដោយឡែករបស់ខ្លួន ដើម្បីរកមានឈ្មោះនៅលើផែនទីទេសចរណ៍។ នោះគឺជាអេកូទេសចរណ៍តែម្តង។

ក្រឡេកមើលលើតំបន់ទេសចរណ៍និងទិសដៅទេសចរណ៍ ដែលបាននិងកំពុងដំណើរការសាងសង់នៅខេត្ត Dong Nai គេអាចឃើញថា ភាគច្រើនជាតំបន់ទេសចរណ៍សម្រាកលំហែកាយនិងរមណីយដ្ឋានជាច្រើនប្រភេទ។ តំបន់ទេសចរណ៍ទាំងនោះ រួមមានទិសដៅអេកូរទេសចរណ៍ល្បីៗ ដូចជា Buu Long, ល្បះទឹក Giang Dien, ជ្រោះទឹក Mo, សួនឧទ្យានជាតិ Cat Tien, តំបន់អភិរក្សធម្មជាតិវប្បធម៌ Dong Nai ជាដើម។ លោកស្រី Nguyen Ngoc Thien Ly ភ្ញៀវទេសចរមួយរូបមកពីធី ទីក្រុងហូជីមិញបានសំណេះសំណាលថា  លោកស្រីបានជ្រើសរើស Dong Nai ជាគោលដៅចុងសប្តាហ៍ពីព្រោះគោលដៅទេសចរណ៍នៅ Dong Nai គឺមិនឆ្ងាយប៉ុន្មានទេ ហើយទេសចរណ៍អេកូនៅទីនេះគួរឱ្យចាប់អារម្មណ៍ណាស់៖ “នៅទីទីក្រុងហូជីមិញមិនសូវមានតំបន់ទេសចរណ៍ទេ ជាពិសេសគឺអេកូទេសចរណ៍តែម្តង។ នៅទីនេះ ខ្ញុំបានទៅលេង គយគន់ទេសភាពនិងភ្លក់ម្ហូបប្រជាប្រិយ។ ខ្ញុំក៏អាចដើរលេងតាមដងទន្លេ ដោយរួមបញ្ចូលដំណើរកំសាន្តនៅតាមដងទន្លេ ទៀតផង”។

Dong Nai អភិវឌ្ឍវិស័យទេសចរណ៍បៃតងនិងប្រកបដោយនិរន្តរភាព - ảnh 1 ទេសភាពដ៏ស្រស់ស្អាតនៅសួនឧទ្យាន Cat Tien (រូបថតៈ tuyengiao.vn)

ទេសចរណ៍ Dong Nai មានធនធានជាច្រើនដែលត្រូវបានគេវាយតម្លៃថា មានលក្ខណៈចម្រុះ ដូចជាព្រៃឈើ ភ្នំ ទន្លេ បឹងបួកនិងទឹកជ្រោះ។ វិស័យទេសចរណ៍នៅ Dong Nai មានឧត្តមភាព ជាមួយនឹងបណ្តាញដឹកជញ្ជូនងាយស្រួល និងមានផ្លូវដឹកជញ្ជូនជាច្រើនមានលក្ខណៈសរសៃឈាម ឆ្លងកាត់តាមខេត្ត ដូចជាផ្លូវហាយវេ លេខ ១, ផ្លូវហាយវ៉េលេខ ២០, ផ្លូវហាយវេលេខ ៥១, ផ្លូវហាយវេពីទីក្រុងហូជីមិញ- Long Thanh-Dau Giay ជាដើម។ នាពេលឆាប់ៗខាងមុខនេះ នឹងមានអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងផ្លូវហាយវ៉េជាច្រើនទៀត ដែលត្រូវបានរំពឹងទុកថា ជួយអោយ Dong Nai ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាក់ជាពុំខាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អត្រាកំណើនដែលខេត្ត Dong Nai ទទួលបានពីវិស័យទេសចរណ៍ តែងតែទទួលបានតួលេខគួរឱ្យចាប់អារម្មណ៍ អត្រាកំណើនភ្ញៀវទេសចរជាមធ្យមក្នុងឆ្នាំ ២០១៥ - ២០១៩ ឈានដល់ ១០.៥%  ក្នុងមួយឆ្នាំ ហើយកំណើនចំណូលជាមធ្យមទទួលបាន ១៤,៦% ក្នុងមួយឆ្នាំ។ ថ្មីៗនេះ នៅក្នុងឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរដែលបានមកទស្សនានៅខេត្ត Dong Nai បានកើនឡើងដល់ប្រមាណ ៤ លាននាក់ ដោយមានចំណូលជាង ២០០០ កោដិដុង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ នេះ មានអ្នកទេសចរទៅទស្សនានៅខេត្ត Dong Nai ប្រមាណ ២ លាន ២ សែននាក់ ដោយរំពឹងទុកថា ក្នុងឆ្នាំទាំងមូលនឹងកើនលើសពី ៤ លាននាក់នៃឆ្នាំ ២០១៨។

ជាមួយនឹងឧត្តមភាពរបស់ខ្លួន ខេត្ត Dong Nai  បច្ចុប្បន្នមានតំបន់ទេសចរណ៍ចំនួន ២១ ដោយមានប្រភេទទេសចរណ៍សម្បូរបែប ដូចជាអេកូទេសចរណ៍, ការកម្សាន្ត ទេសចរណ៍ព្រលឹងជាដើម។ ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យវិស័យទេសចរណ៍នៅខេត្ត Dong Bai កាន់តែរីកលូតលាស់ ខេត្តនឹងមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហានិងការលំបាកផងដែរ។

យោងតាមប្រសាសន៍របស់លោក Nguyen Dang Ninh ប្រធានក្រុមប្រឹក្សាភិបាលសមាជិកក្រុមហ៊ុនចំកាត់ វិនិយោគនិងអភិវឌ្ឍន៍ Buu Long ថា វិស័យទេសចរណ៍នៅខេត្ត Dong Nai នៅមានសក្កានុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត ជាពិសេសត្រូវគោលនយោបាយកាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិនិយោគិន ជាពិសេសគឺតម្លៃជួលដីនិងគោលនយោបាយលើកទឹកចិត្តក៏ដូចជាការគាំទ្រសម្រាប់ទីភ្នាក់ងារទេសចរណ៍ផងដែរ។  លោក Nguyen Dang Ninh អញ្ជើញវិភាគថា៖ “ទន្ទឹមនឹងបញ្ហាជួលដីនេះ ការយកចិត្តទុកដាក់របស់អាជីវកម្មតែងតែផ្តោតទៅលើគោលនយោបាយពន្ធនិងគោលនយោបាយជួលដី ហេតុដូច្នេះ ត្រូវមានគោលនយោបាយគាំទ្រទើបប្រសើរ។ ក្នុងរយៈពេលខ្លី គឺមិនអាចទៅរួចទេក្នុងការដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែត្រូវមានគោលនយោបាយនិងការតំរង់ទិសរយៈពេលវែង។ ខ្ញុំបានកំណត់ថា ធ្វើទេសចរណ៍ ដំបូងឡើយចំណាយអស់ ១ កោដិដុល្លារ  វាត្រូវការពេលវេលាយ៉ាងតិច ២ ដល់៣ ឆ្នាំ ឬ ៥ ដល់៧ ឆ្នាំទើបប្រមូលដើមទុនវិញ តាមពិត វិស័យនេះ មិនដូចឧស្សាហកម្មដទៃទៀតឡើយ”។

ចាប់តាំងពីឆ្នាំ ២០១៧ មក ខេត្តបានផ្សព្វផ្សាយគោលនយោបាយ ដើម្បីខិតខំប្រឹងប្រែង សម្រេចបានគោលដៅនាំវិស័យទេសចរណ៍ទៅជាសេដ្ឋកិច្ចសេវាកម្មសំខាន់ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាងទេសចរណ៍ Dong Nai ទៅជាទេសចរណ៍អេកូ។ ទន្ទឹមនឹងនោះ ខេត្ត Dong Nai ក៏បានផ្តោតការអភិវឌ្ឍទៅលើវិស័យទេសចរណ៍ជាច្រើនប្រភេទទៀត។  ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញយកផលប្រយោជន៍និងសក្តានុពលទាំងអស់ឱ្យបានពេញលេញ ដើម្បីធ្វើឱ្យទេសចរណ៍ Dong Nai  មានការអភិវឌ្ឍ និងមានឈ្មោះក្នុងផែនទីទេសចរណ៍របស់វៀតណាមក៏ដូចជានៅក្នុងតំបន់នោះ Dong Nai ប្រាកដជាមានការងារជាច្រើនដែលត្រូវធ្វើនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ