Hung Yen ខិតខំប្រឹងប្រែងក្លាយទៅជាខេត្តផ្លាស់ប្តូរឌីជីថល
(VOVWORLD) - ខេត្ត Hung Yen បានកំណត់ថា ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចស្នូល ព្រោះថានេះគឺជានិន្នាការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ។ ខេត្ត Hung Yen កំពុងសិក្សាស្រាវជ្រាវកសាងកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងកសាងគម្រោងផ្លាស់ប្តូរឌីជីថល។
ខេត្ត Hung Yen កំពុងកសាងគម្រោងផ្លាស់ប្តូរឌីជីថលដំណាក់កាល ឆ្នាំ ២០២១-២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដោយមានគោលដៅក្លាយទៅជាខេត្តផ្លាស់ប្តូរឌីជីថលគំរូ។ គណៈ កម្មាធិការប្រជាជនខេត្ត Hung Yen បានប្រគល់ការងារជូនមន្ទីរព័ត៌មាននិងផ្សព្វ ផ្សាយទទួលបន្ទុកអនុវត្តន៍ការផ្លាស់ប្ដូរឌីជីថលសម្រាប់ខេត្ត។ យោងតាមលោក Bui Van Sy ប្រធានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Hung Yen បានឲ្យដឹងថា កម្មវិធីផ្លាស់ប្តូរឌីជីថលរបស់ខេត្តត្រូវបានបែងចែកទៅតាមដំណាក់កាលនីមួយៗ៖ ដល់ឆ្នាំ ២០២៥ និងដល់ឆ្នាំ ២០៣០ ដោយផ្អែកលើយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ។ ក្នុងនោះ ខេត្ត Hung Yen បានដាក់ចេញគោលដៅស្នូល ដើម្បីអនុវត្តន៍ការធ្វើឌីជីថលទិន្នន័យស្តីពីធនធានបរិស្ថាន។ លើសពីនេះទៅទៀត ខេត្តក៏ផ្តោតសំខាន់លើការសុក្រិតមូលដ្ឋានទិន្នន័យស្តីពីចំនួនប្រជាជន។ ទាំងនេះគឺជាវិស័យសំខាន់ៗដែលចាំបាច់ត្រូវធ្វើឌីជីថលឱ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនេះ ខេត្តក៏បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីអភិវឌ្ឍន៍ផលិតផលសំខាន់ៗ យោងតាមកម្មវិធីជាតិ ក្នុងនោះឃុំមួយនឹងមានផលិតផលដ៏វិសេសវិសាលមួយ។
លើវិស័យសហគ្រាសបច្ចេកវិទ្យាឌីជីថលនោះ ខេត្ត Hung Yen បានផ្ដោតសំខាន់លើការអភិវឌ្ឍក្រុមសហគ្រាសចាប់ផ្ដើមអាជីវកម្មផ្ដល់ប្រឹក្សា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីនាំមកនូវបច្ចេកវិទ្យាបម្រើក្នុងជីវភាពរស់នៅ។ ប្រសិនបើចាប់យកឱកាស ផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់ៗនោះ ខេត្ត Hung Yen នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង។ លោក Nguyen Xuan Duong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាត់ដេរ Hung Yen បានវាយតម្លៃថា៖ “នេះគឺជាឱកាសសម្រាប់សហគ្រាសកាត់បន្ថយជំហាន ឆ្ពោះទៅធ្វើសមាហរណកម្មជាមួយពិភពលោក ក៏ដូចជាការតភ្ជាប់ជាមួយគ្នាផងដែរ។ យើងខ្ញុំនឹងធ្វើការជាមួយសហគ្រាស ក្រុមហ៊ុនផ្ដល់ប្រឹក្សានានា ដើម្បីជួយសហគ្រាសឲ្យទទួលបានចំណេះដឹង ជំនាញ ហើយឆ្ពោះទៅរកពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម និងសហគ្រាសក្នុងការធ្វើសមាហរណកម្មផងដែរ”។
ខេត្តបានកំណត់សសរស្តម្ភចំនួនបី ក្នុងកម្មវិធីផ្លាស់ប្តូរឌីជីថលគឺការអភិវឌ្ឍន៍អជ្ញាធរឌីជីថល ដោយផ្សារភ្ជាប់ជាមួយទីក្រុងឆ្លាតវៃ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដោយផ្សារភ្ជាប់ជាមួយសហគ្រាសឌីជីថល និងការអភិវឌ្ឍសង្គម ឌីជីថល ដោយផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាលជំនាញ ឌីជីថលជូនប្រជាជន។ ដើម្បីសម្រេចបាននូវគោលដៅ ផ្លាស់ប្តូរឌីជីថលនោះ យុទ្ធសាស្រ្តផ្លាស់ប្តូរឌីជីថលរបស់ខេត្តត្រូវច្បាមជាប់កម្មវិធី ផ្លាស់ប្តូរឌីជីថលជាតិដែលត្រូវបានរដ្ឋាភិបាល អនុម័ត។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណើរការនេះ នឹងរួមចំណែកដ៏សំខាន់ទៅក្នុងគោលដៅអភិវឌ្ឍន៍ខេត្ត Hung Yen ដូចទៅនឹងការអះអាងរបស់លេខារងគណៈកម្មា ធិការ បក្សខេត្ត លោក Nguyen Duy Hung៖ “គោលដៅរបស់ខេត្ត Hung Yen ជាមួយចក្ខុវិស័យរយៈពេល ១០ ឆ្នាំ គឺកសាង ខេត្ត Hung Yen សម្បូរធូធារ អរិយធម៌ ហើយមាន ឧស្សាហកម្មស្ថិតនៅក្នុងក្រុមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់ប្រទេសជាតិទាំងមូល ហើយប្រាក់ចំណូលលើមនុស្សម្នាក់ស្ថិតនៅក្រុមអភិវឌ្ឍន៍បំផុតរបស់ប្រទេសទាំងមូល។ យើងខ្ញុំប្តេជ្ញាចិត្តកសាងជនបទគំរូថ្មី ដោយខិតខំប្រឹងប្រែងនាំខេត្ត Hung Yen សម្រេចឲ្យបានបទដ្ឋានរបស់ទីក្រុងចំណុះមជ្ឈឹមផងដែរ”។
ដោយមានគោលដៅយុទ្ធសាស្ត្រស្ដីពីការផ្លាស់ប្តូរឌីជីថលដំណាក់កាល ២០២១ - ២០២៥ នោះ នាខែកក្កដាឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត និងសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel បានព្រមព្រៀងគ្នាសហប្រតិបត្តិការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ; កសាងមូលដ្ឋានទីក្រុងឆ្លាតវៃ; កសាងគម្រោងផ្លាស់ប្តូរឌីជីថល; សហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស; សហប្រតិបត្តិការលើគ្រប់វិស័យ ជួយឧបត្ថម្ភខេត្ត Hung Yen ក្នុងការធានាសុវត្ថិភាពព័ត៌មានអ៊ីនធឺណែតនិងសន្តិសុខអ៊ីនធឺណិត។ ទន្ទឹមនឹងនេះមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Hung Yen ធ្វើជាសេនាធិការដោយម្ចាស់ការជូនគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីបង្កើតគណៈកម្មការដឹកនាំការកសាងអជ្ញាធរអេឡិចត្រូនិក ខេត្ត Hung Yen ចេញផ្សាយសេចក្តីសម្រេចចិត្ត ផែនការ បទបញ្ញត្តិនិងឯកសារណែនាំស្តីពីការអភិឌ្ឍន៍ និងប្រើប្រាស់ក្នុងស្ថាប័នរដ្ឋ បម្រើគោលដៅអភិវឌ្ឍន៍អាជ្ញាធរអេឡិចត្រូនិករបស់ខេត្ត តាមដំណាក់កាល ជារៀងរាល់ឆ្នាំ និងផែនការអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល។
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត Hung Yen អាណត្តិ ២០២០-២០២៥ បានដាក់ចេញនូវវិធានការណ៍និងគោលការណ៍ធំៗ ការវិនិយោគលើមនុស្ស មូលដ្ឋានសំភារៈសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាមួយសសរស្តម្ភចំនួន ៣ ។ ដោយមានផែនការនិងការបោះជំហានជាក់លាក់នោះ ការផ្លាស់ប្តូរឌីជីថលនឹង ជួយខេត្ត Hung Yen ចាប់យកឱកាសថ្មី ទាញយកបរិយាកាសឌីជីថល និងបើកទ្វារសម្រាប់ខេត្ត Hung Yen ធ្វើសមាហរណកម្មជាមួយពិភពលោកផងដែរ៕