Hung Yen បង្កើតម៉ាកយីហោផលិតផល OCOP របស់ខ្លួន​

(VOVWORLD) - អនុវត្តកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) នាពេលថ្មីៗនេះ ឃុំ-ស្រុកនានាក្នុងខេត្ត Hung Yen បានផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ មានលក្ខណៈពិសេស គុណសម្បត្តិ និងម៉ាកយីហោនៃមូលដ្ឋាននីមួយៗ ដោយរួមចំណែកបើកឱកាសចងសម្ព័ន្ធក្នុងការកសាងខ្សែសង្វាក់ផលិតកម្ម ដើម្បីអភិវឌ្ឍកសិកម្មនិងសេដ្ឋកិច្ចជនបទតាមទិសដៅនិរន្តរភាព។
 
រហូតមកដល់ពេលនេះ ខេត្តទាំងមូលបានវាយតម្លៃ និងរៀបចំណាត់ថ្នាក់ផលិតផលចំនួន ២២៨មុខ ដែលជាប់ចំនាត់ថ្នាក់ផ្កាយ៣ ឡើងទៅ។ ផលិតផល OCOP ដែលត្រូវបានរៀបចំណាត់ថ្នាក់នោះ មានការវិវឌ្ឍទាំងគុណភាព ការរចនា ការវេចខ្ចប់ ធានាលក្ខខណ្ឌអំពីតែម ស្លាកសញ្ញានិងការតាមដានប្រភពដើម។  
Hung Yen បង្កើតម៉ាកយីហោផលិតផល OCOP របស់ខ្លួន​ - ảnh 1ផ្លែមៀនគឺជាផលិតផល OCOP ពិសេសប្រចាំខេត្ត Hung Yen ។ រូបថត៖ congthuong.vn

អាចនិយាយដល់ផលិតផលប្រចាំខេត្ត Hung Yen ដូចជាផ្លែមៀន មាន់ Dong Tao ចេកអំបូង រមៀត Chi Tan ជាថើម។ ជាក់ស្តែង ផលិតផលពិសេសប្រចាំខេត្ត Hung Yen ជាច្រើនដែលកាលពីមុនត្រូវបានផលិតដោយវិធីសាស្រ្តប្រពៃណី ប៉ុន្តែឥឡូវនេះ នៅពេលចូលរួមកម្មវិធី OCOP ត្រូវបានផលិតតាមស្តង់ដារគុណភាពស្របតាមបទប្បញ្ញត្តិ។ ផលិតផលទាំងនេះ បន្ទាប់ពីត្រូវបានទទួលស្គាល់ជា OCOP និងត្រូវបានរៀបចំណាត់ថ្នាក់ផ្កាយ បានបង្កើតការជឿទុកចិត្តសម្រាប់អ្នកប្រើប្រាស់៖

“OCOP គឺជាកម្មវិធីដ៏មានអត្ថន័យណាស់ សម្រាប់ធុរកិច្ចធុនតូចនិងមធ្យមដូចជាយើងខ្ញុំ។ នៅពេលដែលយើងនាំយកផលិតផលទៅទីផ្សារ យើងទទួលបានការជឿទុកចិត្ត និងការកោតសរសើរ”។

“ដើម្បីថែរក្សាផលិតផល OCOP យើងយកចិត្តទុកដាក់ជាពិសេសលើគុណភាពផលិតផល ក៏ដូចជាការរចនា និងការវេចខ្ចប់ មុននឹងនាំយកទៅកាន់ទីផ្សារដល់ដៃអ្នកប្រើប្រាស់”។

“ចាប់តាំងពីផលិតផលរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជា OCOP ផលិតផលបានលក់ដាច់ខ្លាំងណាស់ ជាពិសេសចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុមហ៊ុនតែងតែធ្វើការទាំងយប់ទាំងថ្ងៃ នេះជាឥទ្ធិពលបានមកពីផលិតផល OCOP ដែលត្រូវបានទទួលស្គាល់។ នាពេលខាងមុខ ក្រុមហ៊ុនយើងនឹងបន្តអភិវឌ្ឍន៍ បង្កើនចំនួនកម្មករ លើកកំពស់គុណភាពផលិតផល ហើយក្រុមហ៊ុននឹងមានគេហទំព័រផ្សព្វផ្សាយផលិតផលរបស់ខ្លួន”។

កម្មវិធី OCOP បានផ្តល់ជំនោខ្យល់ថ្មីមួយទៅក្នុងការត្រេះរិះនិងប្រតិបត្តិការផលិតកម្មរបស់ធុរកិច្ច និងអ្នកផលិតនៅទូទាំងខេត្ត Hung Yen ។ មិនត្រឹមតែផ្តោតលើគុណភាពផលិតផលប៉ុណ្ណោះទេ ធុរកិច្ចក៏ចង់នាំយកផលិតផលមានម៉ាកយីហោរបស់ខេត្តទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ លោកស្រី Tran Thi Thu Hien អគ្គនាយិការងនៃក្រុមហ៊ុនភាគហ៊ុនវិនិយោគ Tan Viet Hung ដែលមានឯកទេសពាណិជ្ជកម្មកសិផលប្រចាំខេត្ត Hung Yen បានចែករំលែកថា៖ “យើងសង្ឃឹមថា នៅពេលដែលអតិថិជនម្នាក់ៗប្រើប្រាស់ផលិតផល ពួកគេនឹងចងចាំពីវប្បធម៌ Phố Hiến និងវប្បធម៌ Hung Yen។ ដោយសារតែផលិតផលទាំងអស់មានគ្រឿងផ្សំ និងជាផ្នែកមួយនៃផលិតផលប្រចាំខេត្តHung Yen។ យើងមានបំណងចង់បង្ហាញពីមនោសញ្ចេតនានិងវប្បធម៌ពិសេសរបស់ Hung Yen ទៅកាន់អតិថិជន មិនត្រឹមតែជាប្រជាជនមកពី Hung Yen នៅឆ្ងាយពីស្រុកកំណើតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅដល់អតិថិជនគ្រប់ទីកន្លែងក្នុងប្រទេសនិងក្រៅប្រទេសទៀតផង” ។

Hung Yen បង្កើតម៉ាកយីហោផលិតផល OCOP របស់ខ្លួន​ - ảnh 2រហូតមកដល់ពេលនេះ ខេត្តទាំងមូលបានវាយតម្លៃ និងរៀបចំណាត់ថ្នាក់ផលិតផលចំនួន ២២៨មុខ ដែលជាប់ចំនាត់ថ្នាក់ផ្កាយ ៣ ឡើងទៅ។ រូបថត៖ ocophungyen.vn

លក្ខណៈវិនិច្ឆ័យកំពូលមួយសម្រាប់ផលិតផល OCOP គឺត្រូវមានចរិតលក្ខណៈពិសេសក្នុងស្រុកដែលទាក់ទងជាមួយអង្គភាពផលិតកម្ម បង្កើតជាតំបន់ផលិតកម្មទំនិញប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំ ដែលផ្សារភ្ជាប់ជាមួយនឹងការកសាងតំបន់វត្ថុធាតុដើមប្រកបដោយស្ថេរភាព។ ការកសាងតំបន់វត្ថុធាតុដើមតាមស្តង់ដារសរីរាង្គដែលផ្សារភ្ជាប់ជាមួយ OCOP បានទទួលការយកចិត្តទុកដាក់ពី Hung Yen ក្នុងរយៈពេលថ្មីៗនេះ។ លោក Hoang Quang Dong ក្រុមហ៊ុនចំកាត់ Hoang Minh Chau  ដែលជាក្រុមហ៊ុនផលិតម្សៅរមៀត និងផលិតផលពីម្សៅរមៀត បានឲ្យដឹងថា៖

“យើងកំពុងរៀបចំផ្ទៃដីដោយបំពេញតាមស្តង់ដារឱសថ ដើម្បីប្រើប្រាស់ជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតចេញផលិតផលសំខាន់ៗ ដូចជាថ្នាំគ្រាប់រមៀត Cucumin សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន អាមេរិក និងអឺរ៉ុប”។

ភាពជោគជ័យនៃកម្មវិធី OCOP គឺដោយសារតែមានការយកចិត្តទុកដាក់ និងការណែនាំរបស់ខេត្ត។ ខេត្តមានគោលនយោបាយជាច្រើនដើម្បីអមដំណើរជាមួយអង្គភាពអភិវឌ្ឍន៍ផលិតផល OCOP ។ ចាប់តាំងពីឆ្នាំ២០១៨មក ខេត្តបានចំណាយថវិកាយ៉ាងច្រើនដើម្បីគាំទ្រអង្គភាពផលិតកម្មក្នុងការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងចក្រ បរិក្ខារ និងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបម្រើផលិតកម្មនិងការកែច្នៃផលិតផលឱ្យស្របតាមស្តង់ដារ OCOP ។ លោក Nguyen Van Tho ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Hung Yen បានអះអាងថា៖

“យើងតភ្ជាប់អ្នកផលិតជាមួយនឹងផលិតផល OCOP ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធលក់រាយ និងផ្សារទំនើប។ លើសពីនេះ យើងក៏គាំទ្រទីតាំងឧទ្ទេសនាមផលិតផលនិងត្រួតពិនិត្យគុណភាពផលិតផលដែរ ដើម្បីឱ្យអ្នកប្រើប្រាស់និងអ្នកផលិតបានជួបប្រជុំគ្នា ធានាថាអ្នកប្រើប្រាស់ទទួលបានផលិតផលប្រកបដោយគុណភាពសមស្របនឹងតម្លៃដែលពួកគេបានចំណាយ”។

ទន្ទឹមនឹងការផ្សាភ្ជាប់និងផ្សព្វផ្សាយផលិតផល ខេត្ត Hung Yen ក៏មានគោលនយោបាយជំរុញការអភិវឌ្ឍន៍កសិកម្ម គាំទ្រការបង្កើត និងអភិវឌ្ឍន៍តំបន់ផលិតកម្មទំនិញប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងការអភិរក្ស កែច្នៃ និងការប្រើប្រាស់ផលិតផល; គាំទ្រដំណាំដាំដុះ និងសត្វចិញ្ចឹមសំខាន់ៗ ដើម្បីបម្រើដល់ការផលិតទំនិញប្រមូលផ្តុំ; ជំរុញការអភិវឌ្ឍន៍ផលិតផលពិសេស និងមានគុណសម្បត្តិក្នុងស្រុក។ នាពេលខាងមុខ កម្មវិធី OCOP នឹងបន្តអនុវត្តយ៉ាងខ្លាំងក្លាដោយខេត្ត Hung Yen បើកឱកាសសម្រាប់ទំនាក់ទំនងក្នុងការកសាងសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ដើម្បីអភិវឌ្ឍកសិកម្មអេកូឡូស៊ី-ជនបទទំនើប -កសិករស៊ីវិល័យ ដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ