OCOP Son La ឆ្ពោះទៅកាន់ពិភពលោក
(VOVWORLD) - នាបច្ចុប្បន្ន ខេត្ត Son La មានផលិតផល OCOP ចំនួន ៨៣ មុខ ក្នុងនោះមានផលិតផលផ្កាយ ៥ ចំនួន ១ មុខ និងផលិតផលផ្កាយ ៣ និង ផ្កាយ ៤ ដទៃទៀត។ ផលិតផល OCOP ជាច្រើនរបស់ Son La បានបញ្ជាក់ពីពាណិជ្ជសញ្ញា គុណភាព ដោយមានកន្លែងឈរជើងនៅទីផ្សារជាតិ ហើយឆ្ពោះទៅកាន់ពិភពលោកជាជំហានៗផងដែរ។
OCOP Son La ឆ្ពោះទៅកាន់ពិភពលោក |
នាបច្ចុប្បន្នកាហ្វេម្សៅសុទ្ធរបស់សហករណ៍កាហ្វេ Bich Thao នៅទីក្រុង Son La គឺជាផលិតផលតែមួយគត់របស់ខេត្ត Son La ស្ថិតក្នុងចំណោមផលិតផល OCOP លំដាប់ផ្កាយ ៥ ថ្នាក់ជាតិទាំង ២០ ក្នុងឆ្នាំ ២០២១។ មុននេះ ផលិតផលចំនួន ២ គឺកាហ្វេម្សៅសុទ្ធ និងតែសំបកកាហ្វេរបស់សហករណ៍ ក៏ទទួលបានផ្កាយ ៤ ថ្នាក់ខេត្ត ឆ្នាំ ២០១៩។
លោក Nguyen Xuan Thao នាយកសហករណ៍កាហ្វេ Bich Thao Son La បានឲ្យដឹងថា ប្រជាជនខេត្ត Son La បានដាំដើមកាហ្វេតាំងពីច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ តំបន់វត្ថុធាតុដើមកាហ្វេ ដែលដាំដុះតាំងពីឆ្នាំ ១៩៩៤ មានភាពចាស់ជរា ដែលប៉ះពាល់ដល់គុណភាព ផលិតផលនាំចេញ។ ដើម្បីបង្កើនតម្លៃផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ចាប់តាំងពីការបង្កើតឡើងនាឆ្នាំ ២០១៧ មក សហករណ៍កាហ្វេ Bich Thao បានដាំដុះពូជកាហ្វេថ្មី ហើយផ្តោតសំខាន់លើការអភិវឌ្ឍប្រភេទកាហ្វេគុណភាពខ្ពស់ និងកាហ្វេប្រចាំតំបន់។ ទិសដៅដ៏ត្រឹមត្រូវនេះជាគម្នាស់ជួយសហករណ៍មានផលិតផល OCOP ប្រកបដោយគុណភាពខ្ពស់៖ “ពូជកាហ្វេថ្មីត្រូវបានសិក្សាស្រាវជ្រាវថាធន់នឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ ហើយហ្សែនរបស់វាគឺជាកាហ្វេ aramica ១០០ % (កាហ្វេតែ)។ ដោយបានសង្កេតឃើញថា តម្រូវការទាំងក្នុងប្រទេស រហូតដល់ទីផ្សារអឺរ៉ុបគឺសុទ្ធតែនិយមចូលចិត្តកាហ្វេប្រចាំតំបន់ ហើយចាប់ពីឆ្នាំ ២០១៨ មក សហករណ៍បានអញ្ជើញអ្នកជំនាញបរទេសមកបណ្តុះបណ្តាលដល់សមាជិក សហករណ៍ ព្រមទាំងអនុវត្តន៍របៀបកែច្នៃកាហ្វេទឹកឃ្មុំដោយមិនប្រើទឹក យកសំបកហាហ្វេធ្វើតែ cascara សម្រាប់នាំចេញ ក៏ដូចជានាំមកនូវរសជាតិដ៏វិសេសវិសាលរបស់កាហ្វេ Son La និងតម្លៃខ្ពស់ជាង ហើយស្និទ្ធស្នាលជាមយយបរិស្ថាន”។
លោក Nguyen Xuan Thao បានឲ្យដឹងថែមទៀតថា៖ តាមផែនការក្នុងឆ្នាំ ២០២២ទិន្នផលគ្រោងនឹងសម្រេចបានប្រមាណពី ២ ០០០ ទៅ ៤ ០០០ តោន ព្រោះថាពូជកាហ្វេថ្មីៗមានទិន្នផលខ្ពស់។ បរិមាណកាហ្វេនាំចេញតែងតែសម្រេចបានពី ៩០ ទៅ ៩៥% ក្នុងបរិមាណផលសរុប ដោយមានតម្លៃពី ១៥ ទៅ ២០ ពាន់លានដុង។ នាបច្ចុប្បន្ននេះ ផលិតផល OCOP ផ្កាយ ៥ របស់សហករណ៍ត្រូវបានតាំងបង្ហាញនៅពិពណ៌នៅអ៊ីតាលី និងជប៉ុន ហើយត្រូវបានអ្នកជំនាញបរទេសវាយតម្លៃខ្ពស់។ នាពេលថ្មីៗនេះ សហករណ៍ក៏បាននាំចេញផលិតផលទៅកាន់ទីផ្សារអង់គ្លេស និងអាល្លឺម៉ង់ផងដែរ។
ឈុតផលិតផលចំនួន ៣ មុខគឺ កែវឬស្សី ទូយោបឺតឬស្ស៊ី និងកាំបិត ស្លាបព្រា សមឬស្សី Gia Phat ដែលជាប់ OCOP ផ្កាយ ៤ របស់ក្រុមហ៊ុនភាគហ៊ុនឬស្ស៊ី Son La ក៏ត្រូវបានអតិថិជនវាយតម្លៃខ្ពស់ចំពោះគុណភាព តម្លៃ និងភាពស្និទ្ធស្នាលជាមួយបរិស្ថាន។ នាបច្ចុប្បន្ន ក្រុមហ៊ុនមានភ្នាក់ងារចំនួន ៧០ នៅតាមខេត្ត ក្រុងជាច្រើន ហើយស្រូបយកចំណែកទីផ្សារប្រមាណ ៦០% នៃចំណែកទីផ្សារក្នុងស្រុក ព្រមទាំងបាននាំចេញទៅកាន់ឥណ្ឌា បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោក Le Tien Dung អគ្គនាយកក្រុមហ៊ុនភាគហ៊ុនឬស្ស៊ី Son La បានចែករំលែក៖ “ក្រុមហ៊ុនបានតម្រង់ទិសដៅអភិវឌ្ឍន៍ផលិតផលប្រើប្រាស់ក្នុងគ្រួសារ ដោយបានរក្សាលក្ខណៈដដែលរបស់ឬស្សី មិនប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់មនុស្សឡើយ។ ដើម្បីឆ្លើយតបតាមតម្រូវការនាំចេញ យើងខ្ញុំបានផ្ដោតសំខាន់លើការលើកកម្ពស់តម្លៃរបស់ផលិតផល ចាប់ពីតំបន់វត្ថុធាតុដើម ការស្ដារតំបន់វត្ថុធាតុដើម ក្រោយពេលធ្វើអាជីវកម្ម រហូតដល់ទំហំរោងចក្រ ទំហំផលិតផល និងផលប៉ះពាល់ដល់បរិស្ថាន។ ដូច្នេះហើយ ក្រុមហ៊ុនកំពុងផ្តោតសំខាន់លើការអភិវឌ្ឍរោងចក្រ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មផងដែរ”។
OCOP Son La ឆ្ពោះទៅកាន់ពិភពលោក |
ដើម្បីនាំផលិតផល OCOP ឆ្ពោះទៅមុខនោះ ខេត្ត Son La កំពុងមានគោលដៅ និងផែនការជាក់ស្ដែងក្នុងការកសាងផលិតផលដ៏វិសេសវិសាល មានគុណភាព និងលើកកម្ពស់តម្លៃផលិតផល OCOP។ លោកស្រី Hoang Thi Thu Hien អនុប្រធានការិយាល័យអចិន្ត្រៃយ៍នៃការិយាល័យសម្របសម្រួលកសាងជនបទថ្មីខេត្តSon La បានឲ្យដឹងថា៖“ដើម្បីនាំផលិតផល OCOP ឆ្ពោះទៅមុខ បណ្ដាសហករណ៍ និងអង្គភាពចូលរួម OCOP ត្រូវអនុវត្តន៍យ៉ាងតឹងរ៉ឹងនូវដំណើរការផលិតសម្រាប់ផលិតផលនីមួយៗ។ យើងនឹងផ្ដល់ប្រឹក្សាដល់ខេត្តលើកកម្ពស់គុណភាពផលិតផល OCOP ដែលមានស្រាប់ឱ្យទទួលបានស្តង់ដារកាន់តែខ្ពស់ ធានាលក្ខខ័ណ្ឌនាំចេញទៅកាន់ទីផ្សារស្ដង់ដារខ្ពស់ ។ ការនាំចេញផលិតផល OCOP ក៏រួមចំណែកផ្សព្វផ្សាយលក្ខណៈវិសេសវិសាលរបស់ខេត្ត Son La ទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ”។
នាបច្ចុប្បន្ន ស្ថាប័នមានសមត្ថកិច្ច និងមូលដ្ឋាននានារបស់ខេត្ត Son La នៅតែកំពុងបន្តទាញយកសក្តានុពល និងគុណសម្បត្តិ ព្រមទាំងអនុវត្តន៍យន្តការ និងគោលនយោបាយដើម្បីជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់អង្គភាព សហករណ៍ និងសហគ្រាសក្នុងការវិនិយោគបង្កើតផលិតផល ហើយខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ បង្កើតផលិតផល OCOP ចំនួន ៤០ ទៀត ដែលពោរពេញទៅដោយអត្ថសញ្ញាណដ៏វិសេសវិសាល ក៏ដូចជា រួមចំណែកបង្កើតកម្លាំងចលករសម្រាប់ការកសាងជនបទថ្មី កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕