កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង Hai Phong
(VOVWORLD) - នៅឆ្នាំ២០២៣ ទីក្រុង Hai Phong បានទាក់ទាញទុនវិនិយោគបរទេសរហូតដល់ ៣,៥ ពាន់លានដុល្លារអាមេរិក មណ្ឌលឧស្សាហកម្មចំនួន ១៤ នៅទីក្រុង Hai Phong នាបច្ចុប្បន្នបានទាក់ទាញការវិនិយោគជិត ៨០០ គម្រោង ក្នុងនោះ មានការវិនិយោគផ្ទាល់ពីបរទេស(FDI) ចំនួនជាង ៥០០គម្រោង។ ជាមួយនឹងការកសាងមណ្ឌលឧស្សាហកម្មថ្មី ទីក្រុង Hai Phong កំពុងជំរុញការបង្កើតតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រនៅភាគខាងត្បូងរបស់ទីក្រុង ដើម្បីបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងតភ្ជាប់បណ្តាមណ្ឌលឧស្សាហកម្មឆ្នេរសមុទ្រ បង្កើតកម្លាំងចលករថ្មីសម្រាប់ទីក្រុងនិងតំបន់ដីសណ្ដទន្លេក្រហមទាំងមូល។
ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ទុន FDI ហូរចូលទីក្រុង Hai Phong បានលើសពីកម្រិត ២,៥ ពាន់លានដុល្លារអាមេរិក។ ជាពិសេស នៅឆ្នាំ ២០២៣ ទីក្រុង Hai Phong បានទាក់ទាញទុនវិនិយោគចំនួន ៣,៥ ពាន់លានដុល្លារ អាជីវកម្មថ្មីៗជាច្រើនបានវិនិយោគ ហើយក្រុមហ៊ុនជាច្រើនបានពង្រីកទំហំវិនិយោគរបស់ខ្លួន។ លោក Woncheo Park នាយកប្រតិបត្តិនៃក្រុមហ៊ុន SKC Group បានឲ្យដឹងថា SKC Group បានសម្រេចចិត្តសាងសង់រោងចក្រផលិតសម្ភារៈរំលាយជីវសាស្ត្របច្ចេកវិទ្យាខ្ពស់នៅក្នុងមណ្ឌលឧស្សាហកម្ម DEEP C Hai Phong ១ ដែលមានទុនវិនិយោគចំនួន ៥០០ លានដុល្លារអាមេរិក៖ “យើងបានដឹងថា ទីក្រុង Hai Phong គឺជាតំបន់មួយដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ និងទំនើប ហើយក៏មានយន្តការទាក់ទាញការវិនិយោគដ៏ល្អផងដែរ។ ដូច្នេះហើយ យើងបានសម្រេចចិត្ត នាំយកបច្ចេកវិទ្យាទំនើបជាមួយនឹងខ្សែសង្វាក់ផលិតសម្ភារៈតំលាយជីវសាស្ត្រ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគដើមដំបូងនៅ Hai Phong។ យើងប្តេជ្ញានឹងបង្កើតបរិយាកាសអេកូឡូស៊ីល្អសម្រាប់ធុរកិច្ចកូរ៉េខាងត្បូង ហើយបន្តអំពាវនាវឱ្យមានធុរកិច្ចកូរ៉េខាងត្បូងបន្ថែមទៀតមកបណ្តាក់ទុននៅវៀតណាម ជាពិសេសទីក្រុង Hai Phong”។
សកម្មភាពកំពង់ផែសមុទ្រ និងឃ្លាំងស្ទុកទុកទំនិញនឹងអភិវឌ្ឍនិងក្លាយជាតំបន់សេដ្ឋកិច្ចសំខាន់ Dinh Vu - Cat Hai នៃទីក្រុង Hai Phong។ រូបថត៖ Huy Hung - VNA |
ក្រៅពី SKC Group ទីក្រុង Hai Phong បានក្លាយជាទីតាំងវិនិយោគជួរមុខ នៃសាជីវកម្មពហុជាតិធំៗជាច្រើនដូចជា៖ LG, Bridgestone, Vingroup, Pegatron។ បច្ចុប្បន្ន ទីក្រុងមានមណ្ឌលឧស្សាហកម្មចំនួន ១៤ ដោយមានផ្ទៃដី ជាង ៦ពាន់ហិកតា អត្រាគ្របដណ្តប់ឈានដល់ ៦១%។ បណ្តាមណ្ឌលឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចនៅទីក្រុង Hai Phong បានទាក់ទាញគម្រោងវិនិយោគជិត ៨០០ ដែលក្នុងនោះ មានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួនជាង ៥០០ ជាមួយនឹងដើមទុនរហូតដល់ ២៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា តំបន់សេដ្ឋកិច្ច Hai Phong គឺជាតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រដ៏ជោគជ័យបំផុតមួយនៅវៀតណាម៖ “ដើម្បីសម្រេចបាននូវគោលដៅក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិមានលំដាប់អន្តរជាតិឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ ទីក្រុង Hai Phong ត្រូវម្ចាស់ការ ដើរជួរមុខក្នុងការផ្លាស់ប្តូរទិសដៅអភិវឌ្ឍន៍នៃមណ្ឌលឧស្សាហកម្មថ្មី និងតំបន់សេដ្ឋកិច្ច។ តាមនោះ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍន៍គំរូមណ្ឌលឧស្សាហកម្មអេកូឡូស៊ី និងមណ្ឌលឧស្សាហកម្មបៃតង រួមទាំងការរៀបចំផែនការ និងការបង្កើតសួនបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត”។
ដើម្បីទាញយកឧត្តមភាពរបស់តំបន់សេដ្ឋកិច្ច Dinh Vu - Cat Hai និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ក្នុងឆ្នាំបន្តបន្ទាប់ ទីក្រុង Hai Phong កំពុងជំរុញការបង្កើតតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រនៅភាគខាងត្បូងរបស់ទីក្រុង។ តំបន់សេដ្ឋកិច្ចទីពីររបស់ Hai Phong ត្រូវបានរំពឹងថានឹងមានទំហំ ២០ ០០០ ហិកតា រួមទាំងតំបន់ភាគខាងត្បូងនៃមាត់ទន្លេ Van Uc តំបន់កំពង់ផែនិងឡូជីស្ទីក Nam Do Son និងតំបន់សេវាកម្ម ឧស្សាហកម្ម កំពង់ផែសមុទ្រ និងអាកាសយានដ្ឋានដែលនឹងសាងសងឡើងនាពេលអនាគត។ លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong លោក Le Tien Chau បានសង្កត់ធ្ងន់ថា តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រនឹងក្លាយជាកម្លាំងចលករថ្មី បើកឱកាសថ្មីដើម្បីអភិវឌ្ឍន៍ទីក្រុង Hai Phong៖ “យើងត្រូវពិគ្រោះដោយប្រុងប្រយ័ត្ន និងពេញលេញអំពីតំបន់សេដ្ឋកិច្ចដែលទទួលបានជោគជ័យនៅលើពិភពលោក ក្នុងនោះការធានាឱ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍បៃតងនិងនិរន្តរភាពគឺជាការចាំបាច់បំផុត នេះជានិន្នាការជៀសមិនរួច ប៉ុន្តែត្រូវធ្វើឲ្យសមស្របទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខ។ តំបន់សេដ្ឋកិច្ចមានការរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន ចាប់ពីតំបន់ទីក្រុង រហូតដល់ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ការថែទាំសុខភាព ការអប់រំ... ធានាជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់សេដ្ឋកិច្ច”។
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ។រូបថត៖ TTXVN |
តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រភាគខាងត្បូងរបស់ទីក្រុងនឹងតភ្ជាប់ជាមួយមណ្ឌលឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចរបស់បណ្តាខេត្តជិតខាងដូចជា៖ Quang Yen, Hai Ha, មណ្ឌលឧស្សាហកម្ម Mong Cai នៃខេត្ត Quang Ninh និងមណ្ឌលឧស្សាហកម្ម Thai Binh, Nam Dinh, Thanh Hoa ដោយបង្កើតខ្សែមណ្ឌលឧស្សាហកម្មឆ្នេរសមុទ្រ។ សាស្ត្រាចារ្យរង បណ្ឌិត Bui Tat Thang អតីតនាយកវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍បានមានប្រសាសន៍ថា៖ តំបន់សេដ្ឋកិច្ចនៅពេលបង្កើតឡើង នឹងរួមចំណែកធ្វើឱ្យទីក្រុង Hai Phong ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ដីសណ្តក្រមទាំងមូល៖ “ Hai Phong បានបង្កើតតំបន់សេដ្ឋកិច្ចនេះមិនត្រឹមតែដើម្បីតភ្ជាប់ខ្សែបណ្តាតំបន់សេដ្ឋកិច្ចតាមឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករនិងជាតំបន់ក្បាលរថភ្លើង មិនដូចតំបន់សេដ្ឋកិច្ចដែលមានស្រាប់នោះទេ។ ដូចនេះ ទើបសក្តិសមទៅនឹងឋានៈដែលទីក្រុង Hai Phongបានរង់ចាំតាំងពីយូរមកហើយ។ យើងរំពឹងថាតំបន់នេះនឹងក្លាយជាតំបន់ឈានមុខគេសម្រាប់តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រទាំងអស់នៅភាគខាងជើង”។
ទីក្រុង Hai Phong កំពុងទាញយកអត្ថប្រយោជន៍ទាំងអស់ក្នុងនាមជាទីក្រុងឆ្នេរសមុទ្រសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាមួយនឹងទិសដៅត្រឹមត្រូវទាក់ទាញការវិនិយោគសំខាន់ៗ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ទីក្រុងចំណុះមជ្ឈិមនេះ នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រថ្នាក់អន្តរជាតិនៅអាស៊ីអាគ្នេយ៍យ៉ាងពិតប្រាកដ៕