ការផ្លាស់ប្តូរឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ

(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានកំណត់ថា ការបង្កើត រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល គឺជាអាទិភាពចម្បងមួយក្នុងដំណាក់កាលឆ្នាំ ២០១៦-២០២០ ដោយបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយនៅដំណាក់កាល ចាប់ពី២០២១- ២០៣០ ។ 
ការផ្លាស់ប្តូរឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ - ảnh 1រូបថត៖ baochinhphu.vn

លំហូរសាច់ប្រាក់ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃខឿនសេដ្ឋកិច្ចឌីជីថល។ ហេតុនេះហើយបានជា ផ្នែកហិរញ្ញវត្ថុ - ធនាគារបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ។ ការជំរុញដំណើរការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាពនិងនិរន្តរភាពលើវិស័យធនាគារគឺជាគោលដៅចម្បង ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនាពេលអនាគតផងដែរ។ យោងតាមការធ្វើស្ថិតិរបស់ធនាគាររដ្ឋវៀតណាម បានឲ្យដឹងថា មាន ធនាគាររហូតដល់ ៩៥% បាន និងកំពុងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលក្នុងនោះ មានធនាគារចំនួន ៣៩% បានអនុម័តលើយុទ្ធសាស្ត្រ ឬដាក់បញ្ចូលទៅក្នុងទិសដៅអភិវឌ្ឍន៍អាជីវកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ នាពេលថ្មីៗនេះ “ ផែនការ ផ្លាស់ប្តូរឌីជីថលសម្រាប់ផ្នែកធនាគារដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” របស់ធនាគាររដ្ឋវៀតណាមបានកំណត់គោលដៅឆ្ពោះទៅឆ្នាំ ២០២៥ ធានាថាអង្គការឥណទានចំនួន ៦០%  មានសមាមាត្រប្រាក់ចំណូលពីបណ្តាញឌីជីថលសម្រេចបានជាង ៣០%។ លោក Vo Tan Long អគ្គនាយករងក្រុមហ៊ុន PWC វៀតណាមបានចាត់ទុកថា៖ “ការចំណាយលើប្រតិបត្តិការរបស់ធនាគារ មកពីសាខានានាចាប់ពីការចំណាយលើការជួលការិយាល័យ និងបុគ្គលិកប្រតិបត្តិការបានស្រូបយក ៧០% នៃចំណាយប្រតិបត្តិការរបស់ធនាគារទាំងមូល។ ដើម្បីកាត់បន្ថយការចំណាយទាំងនេះ ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រតិបត្តិការរបស់សេវាកម្មផ្សេងទៀត ដូចជាឌីជីថល សេវាកម្មបម្រើដោយខ្លួនងង និងកាត់បន្ថយការពឹងផ្អែកលើសាខាជាក់ស្ដែងផងដែរ”។

ទោះយ៉ាងណាក៏ដោយ ដំណើរការផ្លាស់ប្តូរឌីជីថលនាពេលបច្ចុប្បន្ននេះនៅតែមានបញ្ហាប្រឈមមួយចំនួន៖ ដំបូងឡើយគឺក្របខ័ណ្ឌច្បាប់មិនទាន់ត្រូវបានសុក្រិតឡើយ ហើយក្លាយទៅជាឧបសគ្គដំបូងនៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ ជាក់ស្ដែងគឺឧបសគ្គក្នុងច្បាប់ប្រតិបត្តិការអេឡិចត្រូនិកការបញ្ជាក់ហត្ថលេខាអេឡិចត្រូនិក ហត្ថលេខាឌីជីថល កិច្ចសន្យាអេឡិចត្រូនិកក្នុងប្រតិបត្តិការធនាគារ ។ លើសពីនេះទៅទៀត មានកំហិតអំពីហេដ្ឋារចនាសម្ព័ន្ធ ដែលទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដោយព្រមៗគ្នា  តាមស្តង់ដារបច្ចេកទេសតភ្ជាប់ ស្តង់ដារទិន្នន័យមូលដ្ឋាន ទិន្នន័យរួម ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ។ លោក Tran Thai Binh នាយកផ្នែកបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ Sacombank បានចាត់ទុកថាធនាគារនានាចាំបាច់ត្រូវផ្ដោតសំខាន់លើរលកផ្លាស់ប្តូរឌីជីថលនាពេលខាងមុខនេះ៖ “ខ្ញុំគិតថា ធនាគានានាគឺអាចដាក់បញ្ជូលទិន្នន័យរបស់អតិថិជនចំនួន ៩០% ទៅក្នុងបណ្តាញឌីជីថល។ ជាពិសេស ក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ ១៩ នេះ អតិថិជននឹងមានបំណងចង់ធ្វើប្រតិបត្តិការតាមអនឡាញ ទូទាត់តាមអនឡាញ ដោយមិនចាំចាច់ទៅធនាគារទៀតឡើយ។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមធំបំផុតគឺការធ្វើឌីជីថលផ្ទៃក្នុងធនាគារ និងការធ្វើឌីជីថលរាល់ប្រតិបត្តិការរបស់ធនាគារផងដែរ”។

ការផ្លាស់ប្តូរឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ - ảnh 2លោក Tran Thai Binh នាយកផ្នែកបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ Sacombank

ក្រុមអ្នកជំនាញបានចាត់ទុកថា អនាគតធនាគារវៀតណាមនាឆ្នាំ ២០២៥ ខាងមុខគឺ៖ ចំនួនបុគ្គលិកនឹងថយចុះ ប៉ុន្តែ ចំនួនអតិថិជន និងប្រាក់ចំណូលនឹងកើនឡើង ហើយបណ្ដាធនាគារនឹងសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី ដោយបាន ផ្តល់សេវាកម្មជាច្រើនជូនអតិថិជនមិនត្រឹមតែជាសេវាកម្មបែបប្រពៃណីដូចសព្វថ្ងៃនេះប៉ុណ្ណោះទេ។ លោក Bui Dinh Giap ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Akabot បានវាយតម្លៃថា៖ “បណ្ដាធនាគារនឹងរួមសហការជាមួយ fintech ដើម្បីផ្តល់សេវាកម្មដូចជា៖ កាបូបប្រាក់ ប្រាក់កម្ចី និងមីក្រូហិរញ្ញវត្ថុ ... ប្រការនេះនឹងក្លាយជាទិសដៅអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។ ខ្ញុំមានជំនឿជាក់ថា ដោយមានការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា ជាមួយនឹងចក្ខុវិស័យរបស់ធនាគារនៅវៀតណាមនោះ យើងនឹងក្លាយទៅជាប្រទេសឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ និងអាស៊ី ដែលបានប្រើប្រាស់ឌីជីថលចំពោះវិស័យធនាគារនិងលើគ្រប់វិស័យផ្សេងទៀតផងដែរ”។

ការអនុវត្តធនាគារឌីជីថលនៅវៀតណាមកំពុងដើរស្របតាមនិន្នាការរបស់ពិភពលោកក៏ដូចជាគោលការទិញទំនិញដោយមិនប្រើប្រាស់សាច់ប្រាក់របស់ធនាគាររដ្ឋ។ប្រការនេះមិនត្រឹមតែជួយផ្នែកធនាគារអភិវឌ្ឍន៍ប៉ុណ្ណោះទេថែមទាំងអតិថិជនក៏ទទួលបានផលត្ថប្រយោជន៍ពីគុណយោជន៍ដែលធនាគារឌីជីថលនាំ
មកជូនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ