កសាងទីក្រុងហាយហ្វុងឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេវាកម្ម logistics អន្តរជាតិនិងតំបន់

(VOVWORLD) -  យោងតាមគម្រោងកែសម្រួលផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទីក្រុងហាយហ្វុងដល់ឆ្នាំ ២០៣០ បានចែងថា ល្បឿនកំណើនជាមធ្យមនៃសេវាកម្ម logistics ដំណាក់កាល ២០២១-២០២៥ គឺ ១៦-១៨% /ឆ្នាំ និងនៅដំណាក់កាល ២០២៦-២០៣០ គឺ ១៧% /ឆ្នាំ។ 
 
 
កសាងទីក្រុងហាយហ្វុងឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេវាកម្ម logistics អន្តរជាតិនិងតំបន់ - ảnh 1កំពុងផែ Sai Gon ថ្មី (រូបថត៖ VNA)

ការតំរង់ទិសដៅរួមនៃការអភិវឌ្ឍសេវាកម្ម logistics គឺកសាងទីក្រុងហាយហ្វុងឲ្យក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេវាកម្ម logistics របស់ប្រទេសជាតិ និងតំបន់ ហើយបង្កើតសម្ព័ន្ធក្រុមហ៊ុន សហគ្រាសធំៗលើវិស័យផ្ដល់សេវាកម្មកំពង់ផែសមុទ្រប្រកបដោយគុណភាពខ្ពស់ ហើយមានសមត្ថភាពប្រកួតប្រជែងជាមួយសហគ្រាសសេវាកម្មបរទេសជាជំហានៗផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងហាយហ្វុងតែងតែផ្ដោតសំខាន់លើការវិនិយោគនិងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ logistics ដោយមានគោលដៅកសាងទីក្រុង ហាយហ្វុងឲ្យ ក្លាយទៅជាមជ្ឈមណ្ឌល logistics ទំនើបរបស់ប្រទេសជាតិ។ សក្តានុពល និងគុណសម្បត្តិអំពីសេវាកម្ម logistics កាន់តែអភិវឌ្ឍន៍ ខណៈពេលដែលគម្រោង ដ៏សំខាន់ៗជាច្រើនត្រូវបានវិនិយោគសាងសង់ ហើយបានដាក់ឲ្យដំណើរការ ជាពិសេស គឺការបង្កើតកំពង់ផែច្រកអន្តរជាតិ Lach Huyen ដែលមានសមត្ថភាពទទួលនាវាធំៗ។ លោក Bui Van Quy អគ្គនាយករងក្រុមហ៊ុនកំពុងផែ Sai Gon ថ្មី ដែលជាមជ្ឈមណ្ឌល logistics មួយក្នុងចំណោម មជ្ឈមណ្ឌល logistics ធំៗរបស់ទីក្រុងហាយហ្វុងបានឲ្យដឹងថា៖ “ការអភិវឌ្ឍកំពង់ផែសមុទ្រមានឥទ្ធិពលយ៉ាងធំធេង ដោយបានបង្កើតបុព្វបទដ៏សំខាន់សម្រាប់ការអភិវឌ្ឍ logistics។ ចាប់តាំងពីរឆ្នាំ ២០១៨ នៅពេលដែលកំពង់ផែ Lach Huyen របស់ ក្រុមហ៊ុនកំពង់ផែ Sai Gon ត្រូវបានដាក់ឱ្យដំណើរការមក គឺបានបង្កើតនិន្នាការថ្មីមួយ នោះគឺកំពង់ផែទឹកជ្រៅ ដោយទទួលបាននាវាខ្នាតធំ។ នាបច្ចុប្បន្ននេះ យើងខ្ញុំអាចទទួលបាននាវា ដែលមានចំណុះរហូតដល់ ១៣៣ ពាន់តោន ហើយមានខ្សែផ្លូវឆ្ងាយ ដែលតភ្ជាប់ជាមួយអឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែរ”។

កសាងទីក្រុងហាយហ្វុងឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេវាកម្ម logistics អន្តរជាតិនិងតំបន់ - ảnh 2 លោក Nguyen Duc Tho អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាយហ្វុង (រូបថត៖ haiphong.gov.vn)

នាបច្ចុប្បន្ននេះ នៅភូមិសាស្ត្រទីក្រុងហាយហ្វុងមានសហគ្រាសជាង ៥០០ អង្គភាព ដែលកំពុងប្រតិបត្តិការលើវិស័យ logistics។ ក្នុងបរិបទដែលវៀតណាមបាន និងកំពុងជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិ ដោយបានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើននោះ បរិមាណទំនិញនាំចូល និងនាំចេញតាមរយៈកំពង់ផែសមុទ្រហាយហ្វុងគ្រោងនឹងកើនឡើង។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍កាន់តែទំនើប និងព្រមៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃបានជួយសេវាកម្ម logistics នៅទីក្រុងហាយហ្វុងមានឱកាសអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគតដ៏ខ្លីខាងមុខ។ លោកTran Tien Dung ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគ Sao A បានវាយតម្លៃថា៖ “តាមផែនការ នារយៈពេលខាងមុខ ទីក្រុងហាយហ្វុងនឹងសាងសង់ស្ពានរាប់រយ ដើម្បីតភ្ជាប់តំបន់ជនបទ ទីក្រុង និងខ័ណ្ឌ ស្រុកនៅទីក្រុងហាយហ្វុង ក៏ដូចជាតភ្ជាប់ទីក្រុងហាយហ្វុងជាមួយខេត្ត ក្រុងជិតខាងក្នុងតំបន់ និងជាមួយប្រទេសចិនភាគខាងលិច។ ប្រការនេះនឹងជួយទីក្រុងហាយហ្វុងរក្សា និងបង្កើនបរិមាណ logistics ដោយបានអះអាងនូវឋានៈដ៏សំខាន់របស់ខ្លួន ពោលគឺក្លាយទៅជាមជ្ឈមណ្ឌល logistics ខ្នាតអន្តរជាតិផងដែរ”។

ក្រៅពីការអនុវត្តការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ logistics ដោយព្រមៗគ្នា តាមទិសដៅទំនើបនោះ ទីក្រុងក៏មានគោលការណ៍បន្តជំរុញខ្លាំងការធ្វើកំណែរទម្រង់រដ្ឋបាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស បន្តត្រួតពិនិត្យ កសាងយន្តការនិងគោលការណ៍ដ៏ពិសេសសម្រាប់មជ្ឈមណ្ឌល logistics អភិវឌ្ឍន៍ជាមួយគោលការណ៍លើកទឹកចិត្ត និងជួយឧបត្ថម្ភ សកម្មភាព logistics។ ទន្ទឹមនឹងនេះ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍បណ្ដាមជ្ឈមណ្ឌល logistics នៅភូមិសាស្ត្រទីក្រុង ដោយផ្សារភ្ជាប់ជាមួយការសាងសង់មណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ចឲ្យសមស្របនឹងស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងហាយហ្វុង។ លោក Nguyen Duc Tho អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាយហ្វុងបានអះអាងថា “តាមស្មារតីនៃសេចក្ដីសម្រេចចិត្តលេខ ៤៥ នោះ ទីក្រុងហាយហ្វុងបានកសាងផែនការអភិវឌ្ឍន៍ logistics។ ដោយផ្អែកលើការអនុម័តរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង និងសេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍ logistics នោះ ទីក្រុងបានចេញផែនការ កម្មវិធីធ្វើសកម្មភាព ដោយមានគោលដៅថាដល់ឆ្នាំ ២០២៥ អត្រាកំណើនរបស់ logistics សម្រេចបានពី ៣០-៣៥% ដោយស្រូបយកសមមាត្រពី ២០ - ២៥ % នៃ GDP ហើយដល់ឆ្នាំ ២០៣០ ល្បឿនកំណើន logistics សម្រេចបានពី ៣០-៣៥% ដោយរួមចំណែកជាង ៣០% នៃ GDP របស់ទីក្រុង។ នាពេលខាងមុខ វិស័យ logistics នៅទីក្រុងហាយហ្វុងនឹងមានការបោះជំហានអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវផងដែរ”។

ដោយមានការតម្រង់ទិសដៅផែនការជាក់លាក់នោះ ទីក្រុងហាយហ្វុងកំពុងប្តេជ្ញាចិត្តអភិវឌ្ឍន៍បណ្តាញមជ្ឈមណ្ឌល logistics ដោយឆ្លើយតបយ៉ាងល្អនូវតម្រូវការផលិតកម្ម និងការធ្វើចរាចរទំនិញក្នុងប្រទេស ក៏ដូចជាទំនិញនាំចេញ នាំចូលជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដោយឆ្ពោះទៅរកសេវាកម្ម logistics ជំនាញថ្នាក់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ