កសាងពាណិជ្ជសញ្ញាដើម្បីលើកកម្ពស់តម្លៃកាហ្វេវៀតណាម
(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមឈរលំដាប់ថ្នាក់លេខ ២ នៅលើពិភពលោកទាក់ទងនឹងការនាំចេញកាហ្វេ ដោយមានបរិមាណផលនាំចេញក្នុងឆ្នាំ ២០២២ សម្រេចបាន ១,៧ លានតោនដែលមានតម្លៃជាង ៤ ពាន់លានដុល្លារអាមេរិក ខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។ កាហ្វេវៀតណាមក៏មានវត្តមាននៅក្នុងទីផ្សារសំខាន់ៗរាប់សិបនៅទូទាំងពិភពលោក ហើយក្លាយជាផលិតផលដែលត្រូវបាននិយមចូលចិត្តនៅក្នុងប្រទេសជាច្រើនផងដែរ។
ទោះយ៉ាងណាក៏ដោយ កាហ្វេវៀតណាមមិនទាន់មានម៉ាកយីហោណាមួយដែលស្ថិតក្នុងបញ្ជីម៉ាកកាហ្វេថ្លៃបំផុតទាំង១០របស់ពិភពលោកនៅឡើយទេ។ នៅចំពោះមុខស្ថានភាពនេះ នាថ្ងៃទី៤មិនា កាសែតពលករបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “តើត្រូវលើកកម្ពស់តម្លៃកាហ្វេវៀតណាមតាមរបៀបណា?” នៅទីក្រុងហូជីមិញ ដោយមានការចូលរួមរបស់សហគ្រាសដាំដុះនិងធ្វើអាជីវកម្មកាហ្វេជាច្រើន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងសំដៅស្វែងរកដំណោះស្រាយកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា ជួយលើកកម្ពស់តម្លៃកាហ្វេវៀតណាម។
លោក Dinh Vinh Cuong ប្រធានក្លឹបតភ្ជាប់សហគ្រិនវៀតណាម - អន្តរជាតិ។ (រូបថត៖ TTXVN) |
ក្នុងសិក្ខាសាលានេះ ប្រតិភូចូលរួមបានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីកសាងនិងអភិវឌ្ឍពាណិជ្ជសញ្ញាកាហ្វេវៀតណាម។ លោក Dinh Vinh Cuong ប្រធានក្លឹបតភ្ជាប់សហគ្រិនវៀតណាម - អន្តរជាតិបានចាត់ទុកថា៖ សហគ្រាសត្រូវរួមដៃជាមួយកសិករ ក្នុងការតភ្ជាប់ខ្សែសង្វាក់តម្លៃពីអ្នកផលិតរហូតដល់ដំណាក់កាលចុងក្រោយ។ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់តម្លៃកាហ្វេវៀតណាម ត្រូវផ្តោតការវិនិយោគលើផលិតកម្ម បំពេញតម្រូវការនៃទីផ្សារប្រើប្រាស់ ជាពិសេសទីផ្សារដែលមានស្តង់ដាតឹងរឹង។ ទន្ទឹមនឹងនោះ ត្រូវវិនិយោគលើការកសាងពាណិជ្ជសញ្ញាកាហ្វេវៀតណាម ពីព្រោះនាបច្ចុប្បន្នមានក្រុមហ៊ុនតិចតួចណាស់ដែលមានម៉ាកយីហោសម្រាប់នាំចេញកាហ្វេទៅកាន់ពិភពលោក។ លោក Dinh Vinh Cuong បានវិភាគថា៖ “យើងត្រូវមានអង្គភាពមួយចំនួនធ្វើម៉ាកយីហោសម្រាប់ផលិតផលកាហ្វេវៀតណាម។ នៅពេលដែលម៉ាកយីហោរបស់យើងត្រូវបានកើនឡើង គឺតម្លៃកាហ្វេក៏ត្រូវបានលើកកម្ពស់ផងដែរ។ យើងមានតំបន់ដាំកាហ្វេជាច្រើន ដូច្នេះយើងត្រូវមានម៉ាក់យីហោក្នុងតំបន់ដែលមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ការបង្កើតម៉ាក់យីហោដែលមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងការនាំចេញ នឹងបង្កើតតម្លៃបន្ថែមជាច្រើន” ។
យោងតាមសមាគមកាហ្វេ - កាកាវវៀតណាម ផ្ទៃដីដាំកាហ្វេសរុបរបស់វៀតណាមបច្ចុប្បន្នមានប្រមាណ ៧១០.០០០ហិកតា ក្នុងនោះផ្ទៃដំណាំកាង្វេដែលប្រមូលផលមានចំនួន ៦៥០.០០០ ហិកតា។ ទោះជាយ៉ាងណាក៏ដោយ ផ្ទៃដីដាំកាហ្វេនៅតែមានភាពតូចតាច មិនបានរៀបចំផែនការតំបន់សម្រាប់ដំណាំកាហ្វេ Tay Nguyen ដើម្បីមានតំបន់វត្ថុធាតុដើមដ៏ធំធេង ដែលអាចបំពេញតាមស្តង់ដារនាំចេញ។ ដោយហេតុនេះ មតិយោបល់ជាច្រើនបានចាត់ទុកថា វិស័យមុខងារនិងមូលដ្ឋាននានាគប្បីរៀបចំផែនការតំបន់វត្ថុធាតុដើមដាំកាហ្វេធំទូលាយឲ្យបានឆាប់ៗ ទន្ទឹមនឹងនោះ បង្កើតការតភ្ជាប់យ៉ាងជិតស្និទ្ធក្នុងការជ្រើសរើស ប្រើប្រាស់ពូជកាហ្វេល្អៗ ការចែកចាយផលិតផលនិងកសាងពាណិជ្ជសញ្ញា។ លោក Doan Ngoc Co អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Gia Lai បានចាត់ទុកថា៖ “ដើម្បីបង្កើនតម្លៃសម្រាប់គ្រាប់កាហ្វេ ត្រូវអនុវត្តឲ្យបានពេញលេញពីតម្លៃនាំចូលនិងនាំចេញ។ ដំបូងបង្អស់ ត្រូវកាត់បន្ថយការចំណាយដូចជា៖ ដំណាំពូជ សម្ភារៈកសិកម្ម ជី និងបង្កើនផលិតភាព គុណភាពផលិតផល។ ទន្ទឹមនឹងនោះ កាត់បន្ថយការប្រើប្រាស់ថ្នាំការពារដាំណាំ បង្វែរទៅរកការប្រើប្រាស់ជីសរីរាង្គ ជៀសវាងដំណក់សារធាតុគីមី និងលើកកម្ពស់យន្តូបនីកម្មក្នុងការដាំកាហ្វេ៖ “យើងត្រូវផ្តោតលើការអភិវឌ្ឍផលិតកម្ម ដោយបំពេញស្តង់ដារកាហ្វេស្អាតនៃតម្រូវការទីផ្សារ។ ប្រសិនបើយើងធ្វើតាមបែបបទតាំងពីយូរមក មិនស្របតាមបែបបទថ្មីនោះ ផលិតផលរបស់យើងនឹងមិនអាចចែកចាយបានទេ។ ចំពោះបញ្ហានេះ យើងត្រូវផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។
លោក Doan Ngoc Co អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Gia Lai។ (រូបថត៖ baodantoc.vn) |
តាមទស្សនៈគ្រប់គ្រងរដ្ឋ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានចាត់ទុកថា៖ “ការលើកកម្ពស់តម្លៃកាហ្វេ មិនត្រឹមតែពីការកែច្នៃគ្រាប់កាហ្វេប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃបន្ថែមពីដើមកាហ្វេទៀតផង ដូចជាផ្កាកាហ្វេ សំបកគ្រាប់កាហ្វេ សំណល់កាហ្វេជាដើម។ ប្រមុខក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសង្កត់ធ្ងន់ថា៖ “ដើម្បីបង្កើនតម្លៃកាហ្វេវៀតណាម ត្រូវកំណត់ឡើងវិញនូវលំហូរផលិតផល និន្នាការ ក៏ដូចជាតម្រូវការរបស់ទីផ្សារ៖ “យើងត្រូវកំណត់ឡើងវិញនូវឋាៈនៃផលិតផលកាហ្វេរបស់យើងទៅកាន់ទីផ្សារពិភពលោក។ គេបានបង្កើតផលិតផលជាច្រើនពីដើមកាហ្វេដែលយើងមិនទាន់ធ្វើ។ យើងមានសក្តានុពលដ៏ធំធេងណាស់ដើម្បីបង្កើតរូបភាពនិងតម្លៃដើមកាហ្វេវៀតណាម សក្តានុពលនេះនៅតែទុកទំនេរ ឬយើងទើបនឹងចាប់ផ្តើមតែប៉ុណ្ណោះ”។
បច្ចុប្បន្ន ផ្នែកកាហ្វេបានរួមចំណែក៣%នៃ GDP ហើយបានបង្កើតការងារធ្វើនិងប្រាក់ចំណូលស្ថេរភាពសម្រាប់កសិករជាង ៦០០.០០០ គ្រួសារនៅវៀតណាម។ អ្នកជំនាញនិងសហគមន៍ធូរកិច្ចកាហ្វេជឿជាក់ថា ការកសាងនិងអភិវឌ្ឍម៉ាកយីហោកាហ្វេឲ្យបានល្អ នឹងជួយឲ្យផ្នែកកាហ្វេរួមចំណែកកាន់តែធំធេងនិងមានប្រសិទ្ធភាព ក្នុងវិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ៕