ខេត្ត Quang Tri នាំចេញអង្ករទៅកាន់អឺរ៉ុបជាលើកដំបូង
(VOVWORLD) - នាពេលថ្មីៗនេះ ជាលើកដំបូងដែលផលិតផលអង្ករសរីរាង្គចំនួន ១៥ តោនរបស់ប្រជាកសិករខេត្ត Quang Tri ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប រួមមាន៖ អាល្លឺម៉ង់ សាធារណរដ្ឋឆែក ស៊ុយអែត បារាំង។ នេះជារបត់មួយ ដែលបើកចេញយថាទស្សន៍នៃការកសាងតំបន់ឯកទេសដាំស្រូវនិងអង្ករសរីរាង្គសម្រាប់ការនាំចេញ ដើម្បីកសិកម្មខេត្ត Quang Tri អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រជាកសិករត្រូវបានជួយឧបត្ថម្ភពូជ ជីសរីរាង្គ សំណាប ម៉ាស៊ីនស្ទូងស្រូវ ។ (រូបថត៖ VOV) |
សហករណ៍សេវាកម្មផលិតកម្មកសិកម្ម Kim Long ឃុំ Hai Que ស្រុក Hai Lang គឺជាសហគ្រាសដំបូងគេមួយនៅខេត្ត Quang Tri ដាំស្រូវសរីរាង្គ។ មជ្ឈមណ្ឌលលើកទឹកចិត្តកសិកម្មខេត្ត បានសហការជាមួយសាជីវកម្មពាណិជ្ជកម្មខេត្ត Quang Tri អនុវត្តផលិតកម្មលើផ្ទៃដីប្រមាណ ២០ ហិកតា ដោយមានប្រជាជនចំនួន ៨០ គ្រួសារចូលរួម។ កសិករត្រូវបានជួយឧបត្ថម្ភពូជ ជីសរីរាង្គ សំណាប ម៉ាស៊ីនស្ទូងស្រូវ ដ្រូនបាញ់ថ្នាំ ម៉ាស៊ីនច្រូតកាត់ស្រូវ និងម៉ាស៊ីនប្រមូលចំបើង។ ដំណើរការទាំងមូលចាប់ពីការរៀបចំដីរហូតដល់ការប្រមូលផល ត្រូវបានត្រួតពិនិត្យនិងជួយឧបត្ថម្ភដោយអ្នកគ្រប់គ្រងនិងសហគ្រាស ហើយប្រជាជនត្រូវបានធានានូវការនាំចេញ។ អង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុបក្នុងតម្លៃ ១៨០០ ដុល្លារ/តោន។ ក្រោយពីផាត់ចំណាយរួច ប្រជាកសិករទទួលបានប្រាក់ចំណេញ ៣០ លានដុង/ហិកតា/រដូវ (ស្មើរនឹង១.២៧៦ ដុល្លារ) ដែលខ្ពស់ជាងច្រើនដងបើធៀបនឹងការដាំស្រូវប្រពៃណី។ លោក Nguyen Quoc កសិករ សហករណ៍សេវាកម្មផលិតកម្មកសិកម្ម Kim Long បានឲ្យដឹងថា៖ “ស្រូវសរីរាង្គមិនប្រើប្រាស់ថ្នាំការពារដំណាំឬជីគីមី បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះបរិស្ថាន សុខភាព និងប្រាក់ចំណូល បើប្រៀបធៀបនឹងផលិតកម្មប្រពៃណី។ បរិស្ថានមិនត្រូវបានបំពុល ខ្យង ក្តាម ត្រីមិនរងការបំផ្លិចបំផ្លាញទេ ហើយក្នុងដីក៏មិនមានសារធាតុគីមីដែលបង្កការខូចខាតយូរអង្វែងដែរ”។
នាបច្ចុប្បន្ន ខេត្ត Quang Tri បានប្រគល់ឱ្យក្រុមហ៊ុនភាគហ៊ុន អគ្គក្រុមហ៊ុនពាណិជ្ជកម្ម Quang Tri ជាអ្នកវិនិយោគគម្រោងអភិវឌ្ឍន៍ស្រូវសរីរាង្គ។ ក្រុមហ៊ុនភាគហ៊ុនអគ្គក្រុមហ៊ុនពាណិជ្ជកម្ម Quang Tri បានធ្វើការជាមួយស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមដើម្បីតភ្ជាប់ផលិតកម្មអង្ករសរីរាង្គសម្រាប់ការនាំចេញ។ អង្គភាពនេះក៏បានសហការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត Quang Tri សាកលវិទ្យាល័យវិទ្យាសាស្ត្រ Hue មជ្ឈមណ្ឌលលើកទឹកចិត្តកសិកម្មខេត្ត Quang Tri បានបង្កើតរោងចក្រផលិតជីសរីរាង្គសម្រាប់ដំណាំស្រូវសរីរាង្គ នាំចូលម៉ាស៊ីនស្ទូងស្រូវ ដ្រូនបាញ់ផលិតផលសរីរាង្គសម្រាប់ថែទាំស្រូវ តម្លើងខ្សែសង្វាក់ផលិតកម្ម ពីផលិតផលកសិកម្មដែលប្រើដើម្បីការពារដំណាំស្រូវ។ លោក Ho Xuan Hieu ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនអគ្គក្រុមហ៊ុនពាណិជ្ជកម្ម Quang Tri បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ខេត្ត Quang Tri មានផ្ទៃដីដាំដំណាំស្រូវប្រមាណ ២៨.០០០ ហិកតា។ តាមរយៈការស្ទង់មតិរបស់អង្គភាពពិគ្រោះយោបល់ នាបច្ចុប្បន្ន ខេត្តទាំងមូលមានផ្ទៃដីប្រមាណ ៣០០០ហិកតា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការផលិតស្រូវសរីរាង្គ ស្មើនឹង១០%នៃផ្ទៃដីសរុប ព្រោះថាដំណើរការដាំស្រូវសរីរាង្គទាមទារយ៉ាងតឹងរឹងណាស់។ យើងបានសហការជាមួយប្រជាជនពីព្រោះប្រជាជនមានដីធ្លី ពួកគេគ្រាន់តែរៀបចំដីប៉ុណ្ណោះ ហើយដំណាក់កាលផ្សេងទៀត ក្រុមហ៊ុនធ្វើទាំងអស់។ ស្រូវសរីរាង្គនៅពេលប្រមូលផលហើយដាក់ចូលកិនស្រូវ ក៏ត្រូវធានាលក្ខខណ្ឌ ដំណើរការ និងដំណាក់កាលដ៏តឹងរឹងជាច្រើន ទើបត្រូវបានទទួលស្គាល់ជាអង្ករសរីរាង្គ”។
ការប្រើប្រាសដ្រូនបាញ់ថ្នាំនិងជីសរីរាង្គសម្រាប់ថែទាំដំណាំស្រូវសរីរាង្គ ។ (រូបថត៖ VOV) |
អង្ករសរីរាង្គនៅខេត្ត Quang Tri បានរួមបញ្ចូលសារធាតុដ៏មានតម្លៃចំនួនពីរគឺ Momilactone A និង Momilactone B ដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែមនិងជាតិខ្លាញ់។ នេះគឺជាគុណសម្បត្តិលេចធ្លោ និងឧត្តមភាពប្រកួតប្រជែងរបស់អង្ករសរីរាង្គខេត្ត Quang Tri ។លោក Nguyen Phu Quoc អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Quang Tri បានឲ្យដឹងថា៖ “ស្រូវសរីរាង្គ Quang Tri បាននិងកំពុងមានឋានៈដ៏ធំធេងនៅលើទីផ្សារ។ ប្រជាជនក្នុងតំបន់ក៏បានផ្លាស់ប្តូរការគិតគូរផលិតកម្មកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្មជាបណ្តើរៗផងដែរ។ វិស័យកសិកម្មខេត្ត Quang Tri បន្តជួយឧបត្ថម្ភជាអតិបរមាដល់សហគ្រាស សហករណ៍ និងក្រុមគ្រួសារនានាដើម្បីពង្រីកតំបន់វត្ថុធាតុដើម វិញ្ញាបនបត្រផលិតផល សំណង់ និងផ្សព្វផ្សាយពាណិជ្ជសញ្ញាដើម្បីអភិវឌ្ឍន៍ផលិតកម្មកសិកម្ម និងស្រូវសរីរាង្គ”។
បច្ចុប្បន្ននេះ ខេត្ត Quang Tri មានផ្ទៃដីដាំដំណាំស្រូវចំនួន ២០០ ហិកតា ដែលទទួលបានវិញ្ញាបនប័ត្របំពេញតាមស្តង់ដារសរីរាង្គ។ ខេត្តកំពុងខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ ២០២៥ មានផ្ទៃដីដាំដំណាំស្រូវជាង ១០០០ ហិកតាដែលបំពេញតាមស្តង់ដារសរីរាង្គ។ ជារៀងរាល់ខែ ខេត្ត Quang Tri នាំចេញអង្ករសរីរាង្គពី ៣០ - ៥០តោនទៅកាន់ទីផ្សារអឺរ៉ុប។ វិស័យកសិកម្មខេត្ត Quang Tri បន្តកៀរគរនិងរួមបញ្ចូលប្រភពធនធានឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញសហគ្រាសតភ្ជាប់ផលិតកម្ម ដោយផ្សាភ្ជាប់នឹងការកែច្នៃស៊ីជម្រៅនូវផលិតផលពីស្រូវដើម្បីនាំចេញ។ ខេត្តក៏កំពុងឆ្ពោះទៅរកការបង្កើតតំបន់ឯកទេសដាំដុះស្រូវសរីរាង្គ ពង្រីកផលិតកម្មស្រូវនិងអង្ករសរីរាង្គនាំចេញ សំដៅនាំឲ្យវិស័យកសិកម្មអភិវឌ្ឍន៍ប្រកបដោយចីរភាព៕