ឆ្លើយតបនឹងតម្រូវការអតិថិជន ដើម្បីកំណើនពាណិជ្ជកម្មអេឡិចត្រូនិក
(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ មាន ការវិវឌ្ឍយ៉ាងស្មុគស្មាញបានផ្លាស់ប្តូរទំលាប់របស់អតិថិជន នៅ ពេល ដែលការទិញទំនិញដោយផ្ទាល់បានថយចុះគួរឱ្យ កត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដែលមិនទាន់ផ្ទុះជំងឺរាតត្បាត។ អង្គភាពផលិតកម្ម និងអាជីវកម្មជាច្រើនក៏បានក្ដាប់ជាប់និន្នាការនេះ ដោយបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាកំណើនរបស់សហគ្រាសផងដែរ។
រូបថត៖ VOV |
ក្រុមហ៊ុនភាគហ៊ុនសកល Eviet Global ដែលមានទីស្នាក់ការនៅសង្កាត់ Phuong Liet ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ គឺជាសហគ្រាសខ្នាតមីក្រូតូច ដោយត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២០ ហើយបានប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។ លោក Tran Minh Tu តំណាងក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា៖ ដោយយល់ដឹងថាការជួញដូរពាណិជ្ជកម្មតាមអនឡាញមានសក្កានុពលដ៏ធំធេង ដូច្នេះជាក្រុមហ៊ុនបានផ្ដោតសំខាន់លើប្រការនេះ ដើម្បីអភិវឌ្ឍន៍។ លោកបានសំណេះសំណាលថា៖ “ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកពិតជាធំទូលំទូលាយណាស់ ហើយមានសក្តានុពលជាច្រើន ដោយមិនសូវមានការប្រកួតប្រជែងឡើយ។ ពោលគឺឱកាសតែងតែច្រើនជាងបញ្ហាសាកល្បង បើយើងខិតខំប្រេងប្រែងនឹងទទួលបានជោគជ័យជាក់ជាពុំខាន”។
បច្ចុប្បន្ននេះ សហគ្រាសរបស់វៀតណាមជាច្រើនមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីផលប្រយោជន៍របស់ពាណិជ្ជកម្មអេឡិចត្រូនិក ហើយផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព។ មិនត្រឹមតែបណ្តុះបណ្តាលជ្រើសរើសនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សប៉ុណ្ណោះទេ សហគ្រាសថែមទាំងស្វែងយល់អំពីគតិយុត្តិរបស់ទីផ្សារនីមួយៗ ដើម្បីចៀសវាងជម្លោះពាណិជ្ជកម្ម។ ដោយយល់ដឹងអំពីការពិតជាក់ស្ដែងនេះ រួមទាំងសក្តានុពលនៃប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលជាស្ថាប័នគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្ម អេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលបាននិងកំពុងអនុវត្តន៍កម្មវិធីសកម្មភាពជាច្រើនដើម្បីជួយគាំទ្រដល់អង្គការ បុគ្គល និងសហគ្រាស។ លោកស្រី Nguyen Thi Minh Huyen អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក
និង សេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានប្រាប់ឲ្យដឹងថា៖ “គោលការណ៍តម្រង់ទិសដៅរួមរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថលសម្រាប់ដំណាក់កាល ២០២១-២០២៥ និងក្នុងក្របខ័ណ្ឌនៃចលនាជនវៀតណាមផ្តល់អាទិភាព ប្រើប្រាស់ទំនិញ វៀតណាម នឹងដាក់ចេញផែនការជារៀងរាល់ឆ្នាំ ដើម្បីសម្រេចឲ្យបានគោលដៅ។ ការងារបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពគ្រប់គ្រងរបស់បណ្ដាសហគ្រាស គឺជាចំណុចគន្លឹះមួយ ព្រោះថាបើសហគ្រាសមានការផ្លាស់ប្ដូរការត្រេះរិះក្នុងការគ្រប់គ្រងនោះ ទើបអាចជំរុញខ្លាំងការអនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូនិកតែប៉ុណ្ណោះ”។
ក្នុងរយៈពេលកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ដោយមានគោលការណ៍“ បើកផ្លូវ” សម្រាប់ទម្រង់ជូញដូរពាណិជ្ជកម្មតាមអនឡាញ ដើម្បីជ្រៀតចូលជីវភាពរស់នៅខាងសេដ្ឋកិច្ច សង្គម ហើយជួយមនុស្សគ្រប់រូបអាចទាក់ទងជាមួយទម្រង់ជួញដូរពាណិជ្ជកម្មនេះយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ នៅពេលដែលប្រជាជនភាគច្រើនមានការយល់ដឹងជាមូលដ្ឋានអំពីការជួញដូរពាណិជ្ជកម្មអនឡាញ រួមទាំងកំហិត ដែលទើបកើតមានឡើង ហើយការងារនេះនឹងត្រូវបានរឹតបន្តឹងជាបណ្ដើរៗ។ លោក Bui Quang Tuan នាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានមានប្រសាសន៍ថា៖ “សេចក្តីសម្រេចលេខ ៦៤៥ របស់រដ្ឋាភិបាលបានបញ្ជាក់ថា ពាណិជ្ជកម្ម អេឡិចត្រូនិក ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជំរុញខ្លាំងការនាំចេញ ហើយសហគ្រាសគឺជាកម្លាំងស្នូល ដើម្បីដំណើរការ អនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូនិក។ រដ្ឋបានដើរតួនាទីគ្រប់គ្រងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតបរិយាកាស។ គោលដៅដល់ឆ្នាំ ២០២៥ គឺមានចំនួនប្រជាជន ៥៥ % បានទិញទំនិញតាមអនឡាញ ក្នុងតម្លៃមធ្យមគឺ ៦០០ ដុល្លារអាមេរិកលើមនុស្សម្នាក់ក្នុងមួយឆ្នាំ ហើយបរិមាណពាណិជ្ជកម្មអេឡិចត្រូនិកកើនឡើង ២៥% ក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម អេឡិចត្រូនិចនឹងស្រូបយក ១០% នៃការលក់រាយទំនិញនិងសេវាកម្មសរុបទូទាំងប្រទេស”។
យុទ្ធសាស្រ្តយ៉ាងហ្មត់ចត់ចាប់ពីថ្នាក់សហគ្រាសរហូតដល់ថ្នាក់ជាតិ និងដំណើរការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងបត់បែន ឲ្យសមស្របនឹងស្ថានភាពគឺជាតម្រូវការដែលបានដាក់ចេញ ដោយទាមទារអោយមានការខិតខំប្រឹងប្រែងរបស់សហគ្រិនគ្រប់រូប រហូតដល់ស្ថាប័នគ្រប់គ្រង។ ប្រការនេះនឹងជួយសម្រួលសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងថែមទៀត ក៏ដូចជាខិតទៅជិតគោលដៅ យថាទស្សន៍របស់រដ្ឋាភិបាលសម្រាប់ខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមផងដែរ៕