ជំរុញការចរចារ FTA ជំនាន់​​ថ្មី ដើម្បីពង្រីកនិងធ្វើពិពិធកម្មទីផ្សារនាំចេញ

(VOVWORLD) - ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងសកម្មភាពផលិតកម្ម អាជីវកម្មនិងការនាំចេញមុខទំនិញសំខាន់ៗជាច្រើន ដោយសារតែសម្ពាធពីអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ចាប់ពីដើមឆ្នាំ២០២៣នេះ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មបានកសាងវិធានការជាច្រើន ដើម្បីសម្រេចបាននូវគោលដៅកំណើនការនាំចេញប្រហែល ៦% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយបន្តរក្សា អតិរេកពាណិជ្ជកម្ម។ ទន្ទឹមនឹងការរក្សាទីផ្សារប្រពៃណី ទីភ្នាក់ងារគ្រប់គ្រងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបានល្អនូវការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមជាសមាជិក ផ្សារផ្ជាប់នឹងការជំរុញកិច្ចចរចា FTA សំដៅធ្វើពិពិធកម្មទីផ្សារនាំចេញ។
ជំរុញការចរចារ FTA ជំនាន់​​ថ្មី ដើម្បីពង្រីកនិងធ្វើពិពិធកម្មទីផ្សារនាំចេញ - ảnh 1លោក Ta Hoang Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក ចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ (រូបថត៖ hanoimoi.com.vn)

ក្នុងឆ្នាំ ២០២២ បណ្តា FTA ដែលមានស្រាប់ជាមួយដៃគូនៅទីផ្សារអឺរ៉ុប-អាមេរិក ដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប -វៀតណាម (EVFTA); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស (UKVFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - ឈីលី; កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (VN-EAEU FTA)... បន្តជះឥទ្ធិពលជាវិជ្ជមានលើពាណិជ្ជកម្មនិងការវិនិយោគរបស់វៀតណាម ជាពិសេសការនាំចេញ។ លោក Ta Hoang Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិកបានអះអាងថា ការលើកកម្ពស់គុណសម្បត្តិរបស់ FTA ដែលមានស្រាប់ទាំងនេះ នឹងបន្តជាអាទិភាពរបស់វៀតណាមក្នុងឆ្នាំ២០២៣៖ “អាទិភាពនាពេលខាងមុខគឺតាមដានយ៉ាងដិតដល់នូវស្ថានភាពទីផ្សារ ផ្តល់យោបល់និងស្នើរឡើងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដំណោះស្រាយ ដើម្បីអភិវឌ្ឍទីផ្សារប្រពៃណី និងទន្ទឹមនឹងនោះ ធ្វើពិពិធកម្មទីផ្សារនាំចេញទៅកាន់ទីផ្សារមានសក្តានុពលថ្មី។ តាមនោះ តម្រូវការចាប់យកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានសម្រាប់អាជីវកម្មគឺជាអាទិភាព។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏នឹងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាទូទៅ ជាពិសេស FTA ជំនាន់ថ្មីដូចជា CPTPP, EVFTA, UKVFTA ជាដើម។ គោលដៅគឺមិនត្រឹមតែជួយដល់សហគ្រាសឱ្យយល់ដឹងអំពីខ្លឹមសារនៃកិច្ចសន្យាក្នុង CPTPP, EVFTA, និង UKVFTA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តន៍ និងពង្រីកប្រកបដោយប្រសិទ្ធភាពនូវការអនុគ្រោះពីកិច្ចព្រមព្រៀង តាមនោះទាញយកឱកាសជាអតិបរមា និងកាត់បន្ថយបញ្ហាប្រឈមនានាដែលបង្កឡើងពីកិច្ចព្រមព្រៀងទាំងនេះទៀតផង។ ទន្ទឹមនឹងនោះ ជំរុញការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ជាមួយបណ្តាប្រទេស Mercosur ។

ជំរុញការចរចារ FTA ជំនាន់​​ថ្មី ដើម្បីពង្រីកនិងធ្វើពិពិធកម្មទីផ្សារនាំចេញ - ảnh 2លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី។ (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)

យោងតាមលោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី ចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារប្រទេសដៃគូ FTA មានកំណើនខ្ពស់។ ជាឧទាហរណ៍ ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលនៃការនាំចេញរវាងវៀតណាម និងប្រទេសជាសមាជិក CPTPP បានកើនឡើងជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប និងអង់គ្លេសបានកើនឡើងជាង ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានវាយតម្លៃថានឹងមកដល់ក្នុងរយៈពេលវែង តាមរយៈការបង្កើតទីផ្សារនាំចេញយូរអង្វែងប្រកបដោយស្ថិរភាពសម្រាប់ទំនិញវៀតណាម។ លោក Luong Hoang Thai បានឲ្យដឹងថា៖ “នាពេលកន្លងមក យើងបានធ្វើយ៉ាងល្អក្នុងការចរចាកិច្ចព្រមព្រៀង ដូច្នេះយើងគួរតែពិចារណាអនុវត្តយ៉ាងសកម្មតាំងពីដើមឆ្នាំ ជាពិសេសផ្តោតលើទីផ្សារមួយចំនួនដែលរហូតមកដល់ពេលនេះ យើងមិនទាន់ជ្រៀតចូលយ៉ាងស៊ីជម្រៅ និងខ្លាំងក្លា។ ផ្សារភ្ជាប់ជាមួយនឹងការជំរុញផលិតកម្មក្នុងស្រុក ទាញយកអត្ថប្រយោជន៍ពីទីផ្សារដែលមានសក្តានុពលខាងបច្ចេកវិទ្យា ភស្តុភារ និងវិស័យជាច្រើនទៀត។ ជាពិសេស យើងខ្ញុំក៏បានជំរុញឱ្យខិតទៅជិតដំណើរការសុក្រឹត្យការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល ក៏ដូចជាបង្កើតជំហានមួយដើម្បីអាចជ្រៀតចូលទីផ្សារមជ្ឈិមបូព៌ា។ នាពេលខាងមុខ យើងទន្ទឹងរង់ចាំការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាការសម្របសម្រួលរបស់ក្រសួង និងសាខានានាដើម្បីអាចបំពេញការងារនេះ”។

ជាក់ស្តែងនាពេលបច្ចុប្បន្ន ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារដែលមាន FTA មានត្រឹមតែប្រហែល ២% ប៉ុណ្ណោះ ហើយក្នុងនោះសមាមាត្រដែលយើងបានទាញយកតាមរយៈការអនុគ្រោះពន្ធ និងប្រភពដើមទំនិញមានត្រឹមតែប្រហែល ៣៣,៦១% ប៉ុណ្ណោះ ។ នេះបានបង្ហាញថា សមត្ថភាពទីផ្សារដែលវៀតណាមមាន FTA នៅតែមានសក្ដានុពលច្រើនណាស់។ លោក Phan Van Chinh ប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា ដើម្បីទាញយកផលប្រយោជន៍ពី FTA អង្គភាពអាជីវកម្មត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម និងលើកកម្ពស់តម្លៃវៀតណាមក្នុងផលិតផលទំនិញ កាត់បន្ថយការចំណាយលើភស្តុភារកម្ម ៖ “យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ការចំណាយលើភស្តុភាររបស់វៀតណាមមានចំនួន ២០-២៥% ក្នុងសកម្មភាពនាំចូលនិងនាំចេញ ក៏ដូចជាសកម្មភាពពាណិជ្ជកម្មផងដែរ។ ជាមួយនឹងកម្រិតបែបនេះ យើងគ្រាន់តែត្រូវកាត់បន្ថយវាមកត្រឹម ៥% ប៉ុណ្ណោះ ដើម្បីសន្សំសំចៃថ្លៃដើមក្នុងអាជីវកម្ម ដែលជាប្រាក់ចំណេញនិងជួយបញ្ជាក់ពីគុណសម្បត្តិប្រកួតប្រជែងរបស់ខ្លួន។ ខ្ញុំឃើញថាមានចំណុចពីរ គឺទាញយកអត្ថប្រយោជន៍ពីពន្ធ និងទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយភស្តុភារកម្ម។ យោងតាមអនុក្រឹត្យថ្មី រដ្ឋាភិបាលបានប្រគល់ឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលើបញ្ហាភស្តុភារក្នុងសកម្មភាពពាណិជ្ជកម្មនាំចូល និងនាំចេញ។ យើងក៏កំពុងស្នើសុំ និងបង្កើតយុទ្ធសាស្ត្រអំពីរបៀបអភិវឌ្ឍវិស័យភស្តុភារនេះ បម្រើដល់សកម្មភាពនាំចូល និងនាំចេញ ក៏ដូចជាសកម្មភាពក្នុងស្រុកផ្សេងទៀតសម្រាប់សេដ្ឋកិច្ច។

បច្ចុប្បន្ន ការចរចា ការចុះហត្ថលេខា និងការអនុវត្ត FTA ត្រូវបានក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ទាញយកផលប្រយោជន៍ពីទំនាក់ទំនងជាមួយសមាជិកក្នុង FTA ដើម្បីអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មជាមូលដ្ឋាន ផ្នែកឧស្សាហកម្មឈានមុខគេមួយចំនួន ស្របតាមនិន្នាការអន្តរជាតិ ដូចជា៖ បច្ចេកវិទ្យាបៃតង ឧស្សាហកម្មអេឡិចត្រូនិកដែលមានបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មជីវគីមីនិងឱសថ; ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ