ជំរុញការនាំចេញកសិផលជាផ្លូវការទៅកាន់ទីផ្សារចិន
(VOVWORLD) - នាបច្ចុប្បន្ន បរិមាណកសិផលរហូតដល់ ៧០% ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនតាមរយៈច្រកទ្វារព្រំដែនខេត្ត Lang Son តាមទម្រង់ក្រៅផ្លូវការ (ហៅម្យ៉ាងទៀតថា ការផ្លាស់ប្តូរទំនិញរវាងប្រជាជននៅតំបន់ព្រំដែន)។
ទំនិញនាំចេញតាមច្រកព្រំដែន Tan Thanh ខេត្ត Lang Son (រូបថត៖ Vietnam+) |
ទោះបីជាមិនតម្រូវឲ្យមានបែបបទស្មុគស្មាញជាច្រើនក៏ដោយ ប៉ុន្តែទម្រង់ នាំចេញបែបនេះបង្កប់ហានិភ័យជាច្រើនសម្រាប់សហគ្រាសវៀតណាម។ ដូច្នេះហើយចាំបាច់ត្រូវមានដំណោះស្រាយជំរុញការនាំចេញជាផ្លូវការ សំដៅស្រាយការកកស្ទះកសិផលនាំចេញផងដែរ។
ការនាំចេញកសិផលទទួលបានអត្រាពន្ធ ០% ប៉ុន្តែ សហគ្រាសវៀតណាមប្រឈមនឹងការលំបាកនៅពេលសម្រេចពីទម្រង់នាំចេញ ដោយសារបញ្ហានេះអាស្រ័យជាច្រើនទៅលើដៃគូចិន។ យោងតាមបទប្បញ្ញត្តិរបស់ភាគីមិត្ត សហគ្រាសចិនត្រូវតែបង់ពន្ធ ប្រសិនបើពួកគេនាំចូលកសិផលក្នុងទម្រង់ផ្លូវការ ដូច្នេះហើយទម្រង់ដោះដូរទំនិញរវាងប្រជាជននៅតំបន់ព្រំដែននៅតែជាអាទិភាពរបស់ភាគីទាំងពីរ។ លោក Dinh Van Thai ម្ចាស់សិប្បកម្មកសិផលនាំចេញពីភូមិសាស្ត្រខេត្ត Lang Son បានឲ្យដឹងថា៖ ចំពោះយើងខ្ញុំ មុខទំនិញកសិផលនាំចេញត្រូវបង់ពន្ធ ០% ប៉ុន្តែសម្រាប់ដៃគូចិនវិញ នៅ ពេលទិញទំនិញរបស់យើងខ្ញុំគឺត្រូវបង់ពន្ធនាំចូលនៅចិន ហើយពន្ធនាំចូលអាចកើន ទ្វេដង។ បើទោះជាការនាំចេញក្រៅផ្លូវការអាចជួបប្រទះហានិភ័យដូចជាការកកស្ទះនៅតាមព្រំដែន និងគុណភាពទំនិញថយចុះក៏ដោយ ប៉ុន្តែដរាបណាព្រំដែននៅតែបើកដដែល ហើយដកការចំណាយចេញ គឺការធ្វើអាជីវកម្មដោះដូរទំនិញផ្លូវការនៅតែនាំមកនូវប្រាក់ចំណេញផងដែរ។
សហគ្រាសនៃភាគីទាំងពីរតែងតែជ្រើសរើសការនាំចេញក្រៅផ្លូវការ ព្រោះថាវាមិនតម្រូវឲ្យមានការវេចខ្ចង់យ៉ាងតឹងរឹង ហើយប្រភពដើម និងប្រភេទជលផលក៏សម្បូរបែបជាងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យសម្រាប់សហគ្រាសវៀតណាម នៅពេលដែលអាជ្ញាធរនៃប្រទេសមិត្តកំពុងរឹតបន្តឹងបទប្បញ្ញត្តិចំពោះកសិផលនាំចូលនោះ សហគ្រាសវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរទស្សនៈថា " ចិនជាទីផ្សារងាយស្រួល"។ លោក Nguyen Dinh Dai ប្រធានមន្ទីរឧស្សាហ ពាណិជ្ជកម្មខេត្ត Lang Son បានចាត់ទុកថា៖ ប្រការដ៏សំខាន់គឺម្ចាស់ទំនិញ និងសហគ្រាសនាំចេញទំនិញចាំបាច់ត្រូវរៀបចំផលិតកម្មឡើងវិញឲ្យបានឆាប់ៗ លើកកម្ពស់គុណភាពទំនិញ ក៏ដូចជាស្តង់ដារវេចខ្ចប់ ឆ្ពោះទៅរកការនាំចេញជាផ្លូវការ៖ ការនាំចេញផ្លូវការអាស្រ័យជាច្រើនលើស្តង់ដារផលិតកម្ម និងការរៀបចំផលិតកម្មកសិកម្មឡើងវិញ។ យើងចាំបាច់ត្រូវរៀបចំអង្គភាពផលិតកម្មឡើងវិញ ដើម្បីធានាដំណើរការ និងគុណភាពផលិតផលទំនិញ ទើបយើងអាចនាំចេញតាមច្រកទ្វារព្រំដែនជាផ្លូវការប្រកបដោយចីរភាព តាមដំណើរការ និងស្តង់ដាររបស់ប្រទេសនាំចូលផងដែរ។ លោក Mai Xuan Thanh អនុប្រធានអគ្គនាយកដ្ឋានគយបានវាយតម្លៃថា៖ សក្ដានុពលនៃកសិផល (ទីផ្សារ សមត្ថភាពប្រើប្រាស់) នៅវៀតណាមនៅតែធំធេងណាស់ ប៉ុន្តែនាបច្ចុប្បន្ននេះនៅតែប្រមូលផ្តុំ នៅតាមមូលដ្ឋានជាប់ព្រំដែន។ ដូច្នេះហើយ ដើម្បីរក្សាទំហំពាណិជ្ជកម្មឲ្យកាន់តែធំជាង វិស័យគយមានគោលបំណងថា ស្ថាប័ននិងសម្ព័ន្ធសមាគមធុរកិច្ចនានាចាំបាច់ត្រូវមានដំណោះស្រាយបន្ថែម ដើម្បីជួយឧបត្ថម្ភ ដើម្បីផ្លាស់ប្ដូរទៅជាការនាំចេញកសិផលតាមច្រកទ្វារព្រំដែនផ្លូវការយ៉ាងឆាប់រហ័ស និងខ្លាំងក្លា៖នារយៈពេលកន្លងទៅការដោះដូរទំនិញមិនផ្លូវការក៏បានរួមចំណែកជំរុញវិស័យ
អ្នកដឹកជញ្ជូន និងអ្នកនាំចេញកសិផលត្រូវរៀបចំផលិតកម្មឡើងវិញយ៉ាងឆាប់រហ័ស និងកែលម្អគុណភាពផលិតផល (រូបថត៖ nhadan.vn) |
កសិកម្ម។ ទោះយ៉ាងណាក៏ដោយទម្រង់នេះអាជជួបប្រទះនឹងហានិភ័យជាច្រើន។ ក្នុងរយៈពេលយូរ សហគ្រាសចាំបាច់ត្រូវធានាគុណភាពថែមទៀត ហើយភាគីដៃគូ ក៏ត្រូវធ្វើដូច្នេះផងដែរ។ ដូច្នេះហើយ យើងទើបអាចចុះកិច្ចសន្យាផ្គត់ផ្គង់ជាប្រចាំ ឆ្ពោះទៅការរកស៊ីដោយទ្រង់ទ្រាយធំជាង។ ប្រសិនបើយើងចង់រក្សាទំហំពាណិជ្ជកម្មឲ្យច្រើនជាងមុន គឺក្រៅពីការដោះដូរទំនិញក្រៅផ្លូវការនោះ យើងចាំបាច់ត្រូវជំរុញខ្លាំង លើកទឹកចិត្តដល់ការដោះដូរទំនិញជាផ្លូវការ ព្រោះថាសក្តានុពលកសិផលរបស់វៀតណាមនៅតែធំធេងណាស់។
ក្នុងសន្និសីទបូកសរុបវិស័យកសិកម្មឆ្នាំ២០២១ និងអនុវត្តន៍ផែនការឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានណែនាំឲ្យមានផែនការ ដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងការនាំចេញកសិផល ដោយមានការចូលរួមពីភាគីជាច្រើន ពីក្រសួង ស្ថាប័ន សហគ្រាស ឈ្មួញ និងប្រជាកសិករ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រួមទាំង ក្រសួងការបរទេស និងក្រសួងឧស្សាហពាណិជ្ជកម្ម ជំរុញការបើកទីផ្សារ និងពង្រីកបញ្ជីកសិផលវៀតណាមដែលបានអនុញ្ញាតនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។ ទន្ទឹមនឹងនេះ មូលដ្ឋាននានាពង្រឹងការត្រួតពិនិត្យ ការគ្រប់គ្រង និងការប្រើប្រាស់លេខកូដតំបន់ដាំដុះ ចាត់ការយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពានក្នុងដំណាក់កាលវេចខ្ចប់ ហើយធានាថាទំនិញកសិផលឆ្លើយតបតាមស្តង់ដារនាំចេញជាផ្លូវការទៅកាន់ចិន ក៏ដូចជាពង្រីកទៅទីផ្សារធំៗនៅលើពិភពលោកដូចជាអឺរ៉ុប កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនផងដែរ៕