ជំរុញការវិនិយោគលើការសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្មនៅវៀតណាម
(VOVWORLD) - សក្ដានុពលនៃការសន្សំសំចៃថាមពលនៅវៀតណាមគឺមានធំធេងណាស់ ជាពិសេសគឺសក្ដានុពលសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្មនៅវៀតណាម។
កម្មករនៃសាជីវកម្មអគ្គិសនីហាណូយផ្សព្វផ្សាយការសន្សំសំចៃអគ្គិសនី ការប្រើប្រាស់អគ្គិសនីប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដល់គ្រួសារនៅស្រុក Thanh Oai (រូបថត៖ Ngoc Ha/VNA) |
ការវិភាគជាច្រើនក៏បានចង្អុលបង្ហាញពីផលប្រយោជន៍ដ៏ធំធេងទាំងខាងសេដ្ឋកិច្ច និងបរិស្ថាននៃការសន្សំថាមពលលើវិស័យឧស្សាហកម្ម។ ដោយបានទទួលស្គាល់ពីសារៈសំខាន់នៃបញ្ហានេះ នារយៈពេលកន្លងទៅ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានចាត់វិធានការដ៏សំខាន់ៗជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនានា ដើម្បីជំរុញទិសដៅនេះផងដែរ។
ដើម្បីជំរុញការវិនិយោគលើទីផ្សារសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្មនៅវៀតណាម នាពេលថ្មីៗនេះក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងធនាគារពិភពលោក (WB) បានចាប់ផ្ដើម “គម្រោងជំរុញការសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្ម វៀតណាម - គម្រោង VSUEE" ។ នេះគឺជាគម្រោងដំបូងគេ ដែលបានអនុវត្តន៍នៅវៀតណាមអំពីការសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្ម។ គម្រោងនេះត្រូវបាន WB ផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១១,៣ លាន
ដុល្លារអាមេរិក តាមរយៈការអនុវត្ត "មូលនិធិចែករំលែកហានិភ័យ"។ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ដែលជាស្ថាប័នគ្រប់គ្រងគម្រោង VSUEE មានជំនឿជាក់ថាគម្រោងនេះនឹងជួយជំរុញការវិនិយោគនៅទីផ្សារសន្សំសំចៃថាមពលនិយាយរួម និងក្នុងការសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្មនិយាយដោយឡែក តាមរយៈឧបករណ៍ធានាឥណទាន។ លោក Trinh Quoc Vu - អនុប្រធាននាយកដ្ឋានសន្សំសំចៃថាមពល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញការសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ “ដើម្បីធានាសន្តិសុខថាមពល និងកាត់បន្ថយការពឹងផ្អែកលើសលុបលើប្រភពឥន្ធនៈនាំចូលនោះ ដំណោះស្រាយជាអាទិភាពចម្បងគឺអនុវត្តន៍ការប្រើប្រាស់ថាមពលប្រកបដោយសន្សំសំចៃ និងប្រសិទ្ធភាព។ ក្រៅពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអង្គការ បុគ្គលក្នុងប្រទេស ការជួយឧបត្ថម្ភពីប្រភពធនធានអន្តរជាតិ ដូចជាអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ជំនួយបរទេស ដែលដើរតួនាទីដ៏សំខាន់ដើម្បីជំរុញសកម្មភាពវិនិយោគលើទីផ្សារសន្សំសំចៃថាមពលនៅវៀតណាម”។
ចំណែកឯ លោក Chu Ba Thi - អ្នកជំនាញថាមពលជាន់ខ្ពស់របស់ WB ប្រចាំនៅវៀតណាមបានអះអាងថា ការជំរុញការផ្ទេរប្ដូរថាមពល រួមទាំងការអភិវឌ្ឍថាមពល
កកើតឡើងវិញ ការប្រើប្រាស់ថាមពលប្រកបដោយការសន្សំសំចៃ និងប្រសិទ្ធភាព គឺជាអាទិភាពចម្បងមួយរបស់ WB នៅវៀតណាម។ នេះក៏ជាមូលហេតុដែល WB បានជួយឧបត្ថម្ភគម្រោង VSUEE ។ អ្នកជំនាញរបស់ WB មានជំនឿជាក់ថា ការអនុវត្តន៍គម្រោងនឹងបង្កើតកម្លាំងចលករដ៏ល្អក្នុងការជំរុញឥណទានសម្រាប់ទីផ្សារសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្មដ៏មានសក្តានុពលជាច្រើននៅវៀតណាម។ “គោលដៅនៃគម្រោងនេះគឺសំដៅផ្តល់ការធានាដល់ធនាគារ ហើយជួយពួកគេមានទំនុកចិត្តជាងក្នុងការសម្រេចចិត្តផ្តល់ប្រាក់កម្ចី សម្រាប់គម្រោងវិនិយោគសន្សំសំចៃថាមពល។ បច្ចុប្បន្ននេះ ធនាគារនានាបានចាត់ទុកថាហានិភ័យសម្រាប់ការវិនិយោគសន្សំសំចៃថាមពលគឺធំធេងណាស់ ដូច្នេះហើយ ពួកគេមិនមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីផ្តល់ប្រាក់កម្ចី ក៏ដូចជាមិនមានសមត្ថភាពពេញលេញ ដើម្បីវាយតម្លៃលើលក្ខណៈវិជ្ជមានអំពីបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគ។ គម្រោងនេះរួមបញ្ចូលទាំងមូលនិធិធានា និងផ្នែកជំនួយបច្ចេកទេស។ ប្រការទាំងនេះនឹងជួយធនាគារបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព រួមទាំងសហគ្រាសឧស្សាហកម្ម ក៏ដូជាផ្នែកគ្រប់គ្រងរដ្ឋជាដើម ហើយតាមនោះលើកកម្ពស់ប្រសិទ្ធភាពវិនិយោគផងដែរ”។
ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងធនាគារពិភពលោក បានចាប់ផ្តើម “គម្រោងជំរុញការសន្សំសំចៃថាមពលលើវិស័យឧស្សាហកម្ម វៀតណាម - គម្រោង VSUEE" (រូបថត៖ moit.gov.vn) |
ស្របតាមទស្សនៈនេះ លោក Tran Quang Tien តំណាងធនាគាររដ្ឋវៀតណាមដែលបានចូលរួម "គម្រោងជំរុញការសន្សំសំចៃថាមពលលើផ្នែកឧស្សាហកម្មវៀតណាម - គម្រោង VSUEE" បានចាត់ទុកថា៖ "នៅក្នុងទម្រង់នេះ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដូចផ្ដើមអនុវត្តន៍ "មូលនិធិចែករំលែកហានិភ័យ" ដែលជាទម្រង់ធានាមួយ ក្នុងនោះអង្គភាពចូលរួមគ្រប់គ្រងមូលនិធិគឺជាធនាគារពាណិជ្ជកម្មភាគហ៊ុន Saigon (SHB) ។ ក្នុងទម្រង់នេះ មូលនិធិចែករំលែកហានិភ័យនឹងរួមដំណើរជាមួយធនាគារពាណិជ្ជ និងសហគ្រាស ដើម្បីលើកទឹកចិត្តធនាគារពាណិជ្ជកម្មផ្តល់លំហូរទុនបន្ថែមទៀតសម្រាប់សហគ្រាស ព្រមទាំងលើកទឹកចិត្តដល់សហគ្រាស ជាពិសេសគឺលើវិស័យឧស្សាហកម្ម ដើម្បីធ្វើការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងដំណើរការផលិតកម្ម ដោយបង្កើតផលិតផល ប៉ុន្តែត្រូវសន្សំសំចៃថាមពល កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយសម្រេចឲ្យបានតម្លៃសេដ្ឋកិច្ចខ្ពស់។ នេះក៏ជាការអនុវត្តន៍គោលការណ៍ និងគោលដៅដ៏ធំធេងរបស់រដ្ឋាភិបាលផងដែរ”។
ក្នុងនាមជាអង្គភាពគ្រប់គ្រង "មូលនិធិចែករំលែកហានិភ័យ" នៃគម្រោង VSUEE ថ្នាក់ដឹកនាំធនាគារ SHB បានសន្យាថា នឹងជួយឧបត្ថម្ភជាអតិបរមាដល់ធនាគារពាណិជ្ជកម្មដែលចូលរួមអនុវត្តន៍គម្រោង ព្រមទាំងសន្យារួមដំណើរជាមួយសហគ្រាសលើវិស័យឧស្សាហកម្មក្នុងការជំរុញការវិនិយោគលើបច្ចេកវិទ្យា បរិក្ខារ និងដំណោះស្រាយដើម្បីសន្សំសំចៃថាមពលក្នុងសកម្មភាពផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពធ្វើអាជីវកម្ម ក៏ដូចជារួមចំណែកជាក់ស្តែងទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ៕