តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការផលិតផលកសិកម្មនៅតំបន់ព្រៃភ្នំក្នុងខេត្ត Thua Thien Hue
(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងទៅ ស្រុកព្រៃភ្នំចំនួនពីរគឺ Nam Dong និង A Luoi របស់ខេត្ត Thua Thien Hue បានរក្សាប្រជុំផ្សារនៅតំបន់ខ្ពង់រាប ជារៀងរាល់ថ្ងៃចុងសប្តាហ៍ និងចុងខែ។ ប្រជុំផ្សារទាំងនេះ បានជួយតភ្ជាប់ការប្រើប្រាស់ផលិតផលកសិកម្មនៅតំបន់ខ្ពង់រាប រួមចំណែកអភិរក្សម្ហូបអាហារពិសេសរបស់ជនជាតិភាគតិច និងជំរុញទេសចរណ៍វប្បធម៌ប្រពៃណីនៅក្នុងមូលដ្ឋាន។
ក្នុងមួយខែពីរដង អ្នកស្រី Ho Thi Huong នៅឃុំ Huong Phu ស្រុក Nam Dong ខេត្ត Thua Thien Hue បាននាំយកបន្លែ និងផ្លែក្រូចនៅក្នុងចំការរបស់គ្រួសារទៅកាន់ប្រជុំផ្សារ Nam Dong ដើម្បីលក់។ ផ្សារណាត់ Nam Dong ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ស្រុក ឥឡូវនេះបានក្លាយជាកន្លែងណាត់ជួបរបស់អ្នកស្រុកនិងភ្ញៀវទេសចរ។
ផ្សារណាត់នៃតំបន់ខ្ពង់រាបបានក្លាយជាកន្លែងណាត់ជួបរបស់បងប្អូនជនជាតិភាគតិច។ រូបថត៖ VOV |
អ្នកស្រី Huong មានកសិដ្ឋានផ្ទះកញ្ចក់មួយដែលមានឯកទេសដាំបន្លែលើទឹក និងបន្លែសរីរាង្គដូចជា ត្រសក់ស្រូវ ត្រសក់ផ្អែម និងផលិតផលកសិកម្មស្អាតផ្សេងទៀត។ ជាធម្មតា អ្នកស្រី Huong បានផ្សព្វផ្សាយផលិតផលកសិកម្មតាមរយៈបណ្តាញសង្គមដូចជា Zalo និង Facebook ប៉ុន្តែតាមរយៈប្រជុំផ្សារ អ្នកទស្សនាអាចស្វែងយល់ដោយផ្ទាល់អំពីផលិតផល ដោយបើកឱកាសដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនកាន់តែប្រសើរឡើង។ អ្នកស្រី Ho Thi Huong ចែករំលែកថា៖ “នាងខ្ញុំលក់ត្រសក់ស្រូវ បន្លែស្អាត និងចេក។ និយាយរួមគឺកសិផល។ នៅប្រជុំផ្សារមានអតិថិជនច្រើនជាង។ ចូលរួមប្រជុំផ្សារទទួលបានអត្ថប្រយោជន៍ច្រើនបំផុតគឺជាកសិផលរបស់ប្រជាជន ដែលជាកសិផលស្អាត បៃតង ប្រមូលផលតាំងពីព្រឹកព្រលឹម ដូច្នេះលក់ដាច់ខ្លាំងណាស់។ ភ្ញៀវមកទិញហើយសុទ្ធតែសរសើរថាឆ្ងាញ់។ មានប្រជុំផ្សារនេះ មានភ្ញៀវទេសចរច្រើន ហើយភ្ញៀវក៏មកវិញជាញឹកញាប់”។
នៅប្រជុំផ្សារ ទំនិញដែលបានដាក់លក់ និងឧទ្ទេសនាមគឺជាទំនិញពិសេសក្នុងតំបន់ ពីផលិតផលសិប្បកម្ម រហូតដល់មុខម្ហូបប្រពៃណី ដែលត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត។ លោកស្រី Tran Thi Ngo នៅស្រុក Quang Dien ខេត្ត Thua Thien Hue នឹងនរចិត្តនៅពេលទៅផ្សារនៅតំបន់ខ្ពង់រាប ស្រុក Nam Dong ពីព្រោះផលិតផលត្រូវបានផលិតដោយប្រជាជននៅទីនេះ នៅក្នុងគ្រួសាររបស់ពួកគេផ្ទាល់ ដូច្នេះមានសុវត្ថិភាពណាស់៖ “នៅពេលខ្ញុំមកផ្សារ Nam Dong ខ្ញុំឃើញថាមានភាពងាយស្រួលក្នុងការទិញទំនិញ ពីព្រោះនៅទីនេះមានអាជីវកម្មល្បីឈ្មោះជាច្រើន ជាពិសេសផលិតផលកសិកម្មដែលបំពេញតាមស្តង់ដារ VietGap ។ នៅពេលមកទីនេះ យើងមានអារម្មណ៍នឹងនរចិត្តក្នុងការជ្រើសរើសទិញទំនិញសម្រាប់ខ្លួននិងក្រុមគ្រួសារ"។
យោងតាមលោក Nguyen Thai Ha ប្រធានសមាគមកសិករស្រុក Nam Dong ដើម្បីលើកកំពស់គុណភាពនិងតម្លៃផលិតផល ព្រមទាំងបង្កើតជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាគមកសិករស្រុកបានធ្វើសកម្មភាពកៀងគរគ្រួសារកសិករក្នុងតំបន់ផលិតឡើងនូវផលិតផលសំខាន់ៗដូចជា ផ្លែក្រូច ផ្លែត្របែក និងចេក ដោយប្រើវិធីសាស្រ្តសរីរាង្គស្អាត។ ពីផលិតផលស្អាតទាំងនោះ ស្រុកបានរៀបចំប្រជុំផ្សារនៃតំបន់ខ្ពង់រាបជាប្រចាំ ដើម្បីតភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ កសាងម៉ាកយីហោផលិតផលកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន៖ “ដើម្បីរួមដំណើរជាមួយប្រជាជន សមាគមកសិករស្រុកធ្វើការសម្របសម្រួលយ៉ាងសកម្មជាមួយផ្នែកឧស្សាហកម្មនានា ដើម្បីជួយគាំទ្រនិងតភ្ជាប់ការប្រើប្រាស់ផលិតផលសម្រាប់ប្រជាជន។ នោះគឺតាមរយៈការចូលរួមប្រជុំផ្សារ ការតាំងពិព័រណ៍ឧទ្ទេសនាម បង្ហាញ និងផ្សព្វផ្សាយផលិតផលកសិកម្មនៅប្រជុំផ្សាររបស់ខេត្ត និងផ្សារ Nam Dong”។
ផ្សារណាត់ A Luoi ក៏មានការសម្តែងសិល្បៈរបស់ជនជាតិភាគតិចផងដែរ។ រូបថត៖ VOV |
ដូចនឹងផ្សារ Nam Dong ដែរ ផ្សារ A Luoi ត្រូវបានរៀបចំឡើងវិញដោយឈរលើមូលដ្ឋានផ្សាររាត្រីកាលពីមុន ដែលឥឡូវត្រូវបានរៀបចំឡើងនៅថ្ងៃចុងសប្តាហ៍ជារៀងរាល់ខែ។ ក្រៅពីផលិតផលកសិកម្ម ផ្សារ A Luoi ក៏មានរបស់របរដែលមានតម្លៃថ្លៃផងដែរ ដូចជា៖ ផ្សិតលីមបៃតង សូត្រ ទឹកឃ្មុំព្រៃ។ ទំនិញទាំងនេះ ត្រូវបានផលិតដោយប្រជាជនផ្ទាល់ ដោយបានធានាសុវត្ថិភាព និងអនាម័យម្ហូបអាហារ ត្រូវបានភ្ញៀវទេសចរណ៍និយមចូលចិត្ត។ យោងតាមលោក Nguyen Van Hai អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក A Luoi បានឲ្យដឹងថា បន្ទាប់ពីបានរៀបចំឡើងជាច្រើនដង ផ្សារមិនត្រឹមតែជួយផ្សព្វផ្សាយកសិផល និងមុខទំនិញពិសេសរបស់ជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងពង្រីកទីផ្សារប្រើប្រាស់ផលិតផលពិសេសរបស់ប្រជាជន រួមចំណែកអភិរក្ស និងថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិនៅតំបន់ខ្ពង់រាប ក៏ដូចជាជំរុញទេសចរណ៍ក្នុងស្រុកទៀតផង៖ “ស្រុក A Luoi បានប្រមូលផ្តុំនូវវប្បធម៌ទាំងមូលរបស់ជនជាតិដែលរស់នៅក្នុងតំបន់ ដើម្បីរៀបចំប្រជុំផ្សារលើតំបន់ខ្ពង់រាប។ នេះក៏ជាកន្លែងផ្សព្វផ្សាយកសិផល ទំនិញពិសេសរបស់សហគមន៍ជនជាតិភាគតិច និងមុខម្ហូបប្រពៃណីមួយចំនួន ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ តាមនោះបង្កើតលក្ខណៈវិសេសវិសាលបន្ថែមទៀតសម្រាប់បណ្តាជនជាតិនៅក្នុងតំបន់”។
យោងតាមលោក Le Xuan Hai អនុប្រធានគណៈកម្មាធិការជនជាតិនៃខេត្ត Thua Thien Hue ការរៀបចំសកម្មភាពប្រជុំផ្សារគឺជាខ្លឹមសារសំខាន់មួយនៃកម្មវិធីគោលដៅជាតិដែលខេត្តបាននិងកំពុងអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តាមរយៈនោះ លើកកម្ពស់អាជីវកម្ម ចាប់ផ្តើមអាជីវកម្ម និងទាក់ទាញការវិនិយោគនៅតំបន់ព្រៃភ្នំជនជាតិភាគតិច រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕