តភ្ជាប់ទីក្រុងហាណូយជាមួយបណ្តាញទីក្រុងឆ្លាតវៃជាជំហានៗ

(VOVWORLD) - ទីក្រុងហាណូយបានកំណត់គោលដៅខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ នឹងស្ថិតក្នុងក្រុមខេត្ត ក្រុងជួរមុខនៅទូទាំងប្រទេសអំពីការផ្លាស់ប្តូរឌីជីថល។ 
 
 
តភ្ជាប់ទីក្រុងហាណូយជាមួយបណ្តាញទីក្រុងឆ្លាតវៃជាជំហានៗ - ảnh 1ធានាសុវត្ថិភាពបណ្តាញសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលនៅទីក្រុងហាណូយ។ រូបថត៖ Cao Hung/tuoitrethudo.com.vn

ដល់ឆ្នាំ២០៣០ ទីក្រុងហាណូយនឹងក្លាយទៅជាទីក្រុងឆ្លាតវៃ ទំនើប ហើយតភ្ជាប់ជាមួយបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់ និងនៅលើពិភពលោកជាបណ្ដើរៗ។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ ទីក្រុងបានអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលជាជំហានៗ។ ហើយប្រជាជនទីក្រុងកំពុងទទួលបានសមិទ្ធិផលនានាពីដំណើរការនេះផងដែរ។ ក្នុងការអនុវត្តបែបបទរដ្ឋបាលនាបច្ចុប្បន្ននេះ ប្រជាជនទីក្រុងហាណូយមានទំលាប់ប្រតិបត្តិការតាមអនឡាញ ជំនួសឲ្យផ្ទាល់ជាបណ្ដើរៗ។ កម្មវិធី VneID របស់ក្រសួងនគរបាល ដោយផ្អែកលើទិន្នន័យប្រជាជន និងអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ។ ដោយប្រើប្រាស់កម្មវិធីនេះនៅលើច្រកទ្វារសេវាកម្មសាធារណៈជាតិ ប្រជាពលរដ្ឋអាចដាក់ពាក្យសុំផ្ដល់លិខិតឆ្លងដែនតាមអ៊ីនធឺណិត។ អ្នកស្រី Mai Dang Thanh Thanh ពលរដ្ឋម្នាក់នៅខ័ណ្ឌ Cau Giay បានសម្តែងថា៖ “នាងខ្ញុំឃើញថាកម្មវិធី Vneid ពិតជាពេញនិយម ងាយស្រួលប្រើប្រាស់ ហើយល្បឿនលឿនណាស់។ ទន្ទឹមនឹងនេះ ចំណេញពេលវេលាច្រើនផងដែរ”។

ចំពោះនៅមន្ទីរពេទ្យពហុព្យាបាល Quoc Oai នៅស្រុក Quoc Oai ជាយទីក្រុងហាណូយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មិនមានមនុស្សម្នាយ៉ាងច្រើនកុះករនៅកន្លែងចុះឈ្មោះបំពេញបែបបទព្យាបាលជំងឺទៀតឡើយ។ ម៉ាស៊ីនអានលេខកូដ QR បានជួយដោះស្រាយបញ្ហាទាំងអស់។ អ្នកជំងឺត្រឹមតែកាន់តាមខ្លួននូវអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបប៉ុណ្ណោះ។ លោក Nguyen Van Lam ពលរដ្ឋម្នាក់នៅស្រុក Quoc Oai បានឲ្យដឹងថា៖ “ខ្ញុំទៅពិនិត្តជំងឺនៅតាមន្ទីរពេទ្យច្រើនដងហើយ ប៉ុន្តែលើកនេះពិតជាងាយស្រួលជាង។ ខ្ញុំមិនចាំបាច់កាន់ប័ណ្ណច្រើនប្រភេទទៀតឡើយ”។

ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបក្នុងការពិនិត្យ និងព្យាលបាលជំងឺតាមការធានារ៉ាប់រងសុខាភិបាលជូនប្រជាពលរដ្ឋក៏បានជួយភ្នាក់ងារគ្រប់គ្រងសន្សំសម្ចៃការចំណាយលើការចេញប័ណ្ណ និងការគ្រប់គ្រងប័ណ្ណធានារ៉ាប់រងសុខាភិបាលផងដែរ។ គ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺចំនួន ៥៧៣/៧៣៦ នៅទូទាំងទីក្រុងបានអនុវត្តន៍បែបផែននេះហើយ។ លោកស្រី Nguyen Thi Tam នាយិការងផ្នែកធានារ៉ាប់រងសង្គមទីក្រុងហាណូយបានឲ្យដឹងថា៖ “នាពេលបច្ចុប្បន្ននេះ មានគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺចំនួន ៥៧៣ នៅភូមិសាស្ត្រទីក្រុងបានដាក់ឲ្យប្រើប្រាស់អត្តសញ្ញាណពលរដ្ឋភ្ជាប់បន្ទះឈីបហើយ។ ហើយបានអនុវត្តន៍ប្រកបដោយជោគជ័យជូនពលរដ្ឋប្រមាណ ១៩៤ ពាន់លើកនាក់ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប មកពិនិត្យនិងព្យាបាលជំងឺផងដែរ”។

យោងតាមលោកស្រី Nguyen Thi Mai Huong អនុប្រធានមន្ទីរព័ត៌មាន និងផ្សព្វផ្សាយទីក្រុងហាណូយ ដែលជាស្ថាប័នអចិន្ត្រៃយ៍អនុវត្តន៍ភារកិច្ចកសាងទីក្រុងឆ្លាតវៃរបស់រដ្ឋធានីដំណាក់កាលទី ១ (២០១៨ - ២០២០) បានឲ្យដឹងថា ទីក្រុងហាណូយ បានបង្កើតជាមូលដ្ឋាននូវសមាសធាតុស្នូលនៃទីក្រុងឆ្លាតវៃ។ ជាក់ស្ដែង ទីក្រុងបានផ្ដោតលើការកសាង និងអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនៃរដ្ឋអំណាចអេឡិចត្រូនិក ឆ្ពោះទៅរដ្ឋាអំណាចឌីជីថល។ ទីក្រុងហាណូយមានជំហានអភិវឌ្ឍន៍ជាមូលដ្ឋានអំពីការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មានតាមទិសដៅព្រមៗគ្នា និងប្រើប្រាស់លើប្រព័ន្ធរួមតែមួយ ដោយភ្ជាប់ជាមួយគំរូរដ្ឋាអំណាចទីក្រុង។ បច្ចុប្បន្ននេះ ទីក្រុងបានដាក់ឲ្យប្រើប្រាស់កម្មវិធីច្រកចេញចូលតែមួយ ៣ ថ្នាក់ (ថ្នាក់ឃុំ/សង្កាត់ ខ័ណ្ឌ/ស្រុក និងទីក្រុង) សេវាសាធារណៈតាមអនឡាញកម្រិតទី ៣ និងទី ៤ (កម្រិតទី ៤ គឺជាកម្រិតខ្ពស់បំផុត) ចំពោះបែបបទរដ្ឋបាលប្រមាន ១ ៧០០ ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ (សម្រេចបានអត្រា ១០០%); ដាក់បញ្ជូលសេវាសាធារណៈតាមអនឡាញចំនួន ៤៤ ទៅក្នុងច្រកទ្វារសេវា កម្មសាធារណៈជាតិ ដើម្បីបម្រើប្រជាជន និងសហគ្រាស។

តភ្ជាប់ទីក្រុងហាណូយជាមួយបណ្តាញទីក្រុងឆ្លាតវៃជាជំហានៗ - ảnh 2ក្រុមការងារផ្ដល់រសេវាសាធារណៈតាមអ៊ីនធឺណិតសម្រាប់ប្រជាជននៅសង្កាត់ Truc Bach ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ។ រូបថត៖ VGP

អាស្រ័យហេតុនេះ លទ្ធផលនៃការដោះស្រាយសំណុំឯកសារសម្រេចបានទាន់ពេលវេលា និងមុនពេលកំណត់នៅភូមិសាស្ត្រទីក្រុងហាណូយគឺជាង ៩៩%។ លោក Tran Sy Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឲ្យដឹងថា៖ “ការធ្វើកំណែទម្រង់គឺជាតម្រូវការរួមរបស់ប្រជាជន និងសហគ្រាស។ ផ្ដើមចេញពីជំហាន អភិវឌ្ឍន៍ និងការត្រិះរិះចង់ខ្លាំងមាំមួនរបស់យើង បានជាទីក្រុងហាណូយ កំពុងធ្វើការយ៉ាងប្ដូរផ្ដាច់ចាប់ពីដើមអាណត្តិមក។ ចាប់ពីគណៈកម្មាធិការបក្សទីក្រុង រហូតដល់គណៈកម្មាធិការប្រជាជនបានអនុវត្តន៍ដោយព្រមៗគ្នានូវគោលការណ៍របស់រដ្ឋាភិបាល និងមជ្ឈឹមផងដែរ”។

ក្លាយជាទីក្រុងឆ្លាតវៃនៅឆ្នាំ ២០៣០ គឺជាទិសដៅដ៏ត្រឹមរបស់ទីក្រុងហាណូយ ឲ្យសក្តិសមនឹងឋានៈជារដ្ឋធានីរបស់ប្រទេសជាតិ។ ការសម្របខ្លួនដោយម្ចាស់ការទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ គឺជាតម្រូវការចំបាច់របស់ទីក្រុងហាណូយ ប្រសិនចង់ដាស់ប្រភពធនធានថ្មី សម្រាប់ដំណើរការអភិវឌ្ឍន៍នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ