ថែទាំបុណ្យតេតប្រពៃណីសម្រាប់ប្រជាជនក្រីក្រនិងតំបន់ជួបការលំបាក
(VOVWORLD) - ពិធីបុណ្យតេតប្រពៃណីមានសារៈសំខាន់ដ៏ពិសេសក្នុងជីវភាពរស់នៅ ខាងស្មារតីរបស់ប្រជាជនវៀតណាម។ ប៉ុន្តែមិនមែនថាមាន មនុស្សគ្រប់ គ្នាអាចទទួលបានពិធីបុណ្យតេតពេញលេញនោះទេ។ ដើម្បីជួយ ឲ្យជនក្រីក្រមានលក្ខខណ្ឌអំណោយផលក្នុងការទទួលអំណរបុណ្យតេតដ៏ សប្បាយរីករាយ មានស្ថាប័ននិងមូលដ្ឋានជាច្រើនបានកៀរគរយ៉ាងសកម្មនូវ រាល់ប្រភពធនធានក្នុងសង្គម ដើម្បីរៀបចំឡើងពិធីបុណ្យតេតឲ្យបានពេញ លេញបំផុតសម្រាប់ជនក្រីក្រនិងប្រជាជនមានស្ថានភាពលំបាកលំបិនផងដែរ។
សេចក្តីត្រេតអរសប្បាយនៅពេលដែលមានអាវរងាដ៏កកក្តៅរបស់កូនសិស្សនៃសាលាបឋមសិក្សានៅឃុំ Dak Nen (រូបថត៖ VOV ប្រចាំនៅតំបន់ Tay Nguyen) |
ក្នុងរយៈពេលប៉ុន្មានថ្ងៃជិតដល់ពិធីបុណ្យតេតប្រពៃណី នៅតាមដងផ្លូវនានា នៃខេត្ត Kon Tum មានរថយន្តជាច្រើនគ្រឿងបានដឹកជញ្ជូន “ អំណោយតេត” ទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ព្រំដែនដែលជួបការលំបាកក្នុងខេត្តនេះ ក្នុងនោះរួមមានឃុំ Dak Nen ស្រុក Kon Plong ដែលមានចម្ងាយប្រមាណ ១៤០ គីឡូម៉ែត្រពីទីក្រុង Kon Tum។ ក្នុងនាមជាសិស្សម្នាក់ក្នុងចំណោមសិស្ស ចំនួន ២០០ នាក់នៅសាលាបឋមសិក្សាជនជាតិភាគតិច Dak Nen ឃុំ Dak Nen ដែលទទួលបានអំណោយតេតពីកម្មវិធី « បុណ្យតេតដ៏កក់ក្តៅសម្រាប់ សិស្សក្រីក្រនៅតំបន់ព្រៃភ្នំ» ប្អូន Y Lan ជនជាតិភាគតិច Xo Dang បានអោយ ដឹងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ពីព្រោះលោកពូនិងអ្នកមីងបានប្រគល់ជូនសម្លៀកបំពាក់ដ៏កក់ក្តៅដល់ក្មួយ។ ក្មួយសូមអរគុណលោក ពូអ្នកមីង ជាច្រើន។ រូបខ្ញុំផ្ទាល់មានអារម្មណ៍ថាបានទទួលអាវរងារដ៏កក់ក្តៅ ហើយក្មួយ នឹងសិក្សារៀនសូត្របានល្អល្អបំផុត ដើម្បីធ្វើជាសិស្សសុភារាប សាររៀនពូកែ និងចេះស្តាប់បង្គាប់ពីឪពុកម្តាយក៏ដូចជាបងប្អូនប្រុសស្រីរបស់ ខ្ញុំផងដែរ»។
ដូចជានៅឃុំ Dak Nen មានឃុំជាប់ព្រំដែនចំនួន ១៣ នៃស្រុកទាំង ៤ រួមមានស្រុក Dak Glei - Ngoc Hoi – Sa Thay – La H’Drai នៃខេត្ត Kon Tum បានប្រព្រឹត្តទៅសកម្មភាពជាច្រើន ដើម្បីរៀបចំពិធីបុណ្យតេតសម្រាប់ ប្រជាជន។ នៅស្រុក Ia H'Drai គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម បានប្រគល់ «ផ្ទះមហាសាមគ្គីភាព» ចំនួន ៧ ខ្នង ដោយមានទឹក ប្រាក់សរុប ៣៩០ លានដុង ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន ៧ គ្រួសារផងដែរ ។ លោក Nguyen Tien Dung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ia H'Drai បានមានប្រសាសន៍ថា៖
«ការថែទាំនិងរៀបចំពិធីបុណ្យតេតសម្រាប់ប្រជាជននៅក្នុងតំបន់ ត្រូវបានយើងខ្ញុំយកចិត្តទុកដាក់ជាពិសេសនិងអនុវត្តយ៉ាងសកម្មផងដែរ។ ពិធីបុណ្យវេចនំអន្សមក៏ត្រូវបានរួមបញ្ចូលគ្នាដើម្បីធ្វើឲ្យកម្មវិធីនេះក្លាយទៅជាពិធីបុណ្យ វេចនំអន្សមពណ៌បៃតងរបស់តំបន់ប្រជុំជនយ៉ាងពិតប្រាកដ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរួមបញ្ចូលគ្នាជាមួយនឹងការសម្តែងសិល្បៈ «រាត្រី និទាឃរដូវនៅតាមតំបន់ព្រំដែន» ហើយក៏រៀបចំពិធីបុណ្យអបអរសាទរបក្ស អំណរនិទាឃរដូវ និងអំណរប្រទេសជាតិក្នុងការផ្លាស់ប្តូរថ្មី»ទៀតផងដែរ»។
ក្តីសម្បាយរីករាយរបស់ប្រជាជននៅតំបន់ព្រំដែននៅពេលបុណ្យតេតកំពុងរំកិលមកដល់ (រូបថត៖ VOV ប្រចាំនៅតំបន់ Tay Nguyen) |
ដើម្បីពង្រីកស្មារតីនៃការចែករំលែកសេចក្តីស្រឡាញ់និងរួមដៃគ្នារៀបចំឡើងពិធីបុណ្យតេតសម្រាប់ប្រជាជននៅតាមព្រំដែន សម្ព័ន្ធសមាគមនារី ខេត្ត Kon Tum សហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និង សម្ព័ន្ធសមាគមនារីទីក្រុងហាណូយ បានរៀបចំសកម្មភាពជាច្រើននៅតាម ខ្សែបន្ទាត់ព្រំដែនដែលមានចម្ងាយជាង ២៩២ គីឡូម៉ែត្រជាប់នឹង ប្រទេសឡាវ និងកម្ពុជាផងដែរ។ កម្មវិធី "បុណ្យតេតដ៏កក់ក្តៅនៃសេចក្ដី ស្រឡាញ់» «ពិធីប្រគល់ផ្ទះមេត្តាធម៍» ពិធីប្រកួតការវេចនំអន្សម និងធ្វើម្ហូបតាម បែប ប្រពៃណីជាដើម ដោយមានទឹកប្រាក់សរុបប្រមាណ ៥០០ លានដុង បាននាំមកនូវសេចក្តីត្រេតអរសប្បាយក្នុងពិធីបុណ្យតេតដល់ប្រជាជននៅ តំបន់ព្រំដែនផងដែរ។
ទន្ទឹមនឹងនេះនៅទីក្រុងហូជីមិញមានមន្ទីរពេទ្យជាច្រើនដូចជាមន្ទីរពេទ្យ កុមារទី ២, មន្ទីរពេទ្យTu Du, មន្ទីរពេទ្យផ្នែកដុំគីសទីក្រុងហូជីមិញ, មន្ទីពេទ្យ Gia Dinh ជាដើម ក៏មានកម្មវិធីជាក់ស្តែងជាច្រើន ដើម្បីលើកទឹកចិត្ត ដល់អ្នកមានអាការៈជំងឺធ្ងន់ធ្ងរដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញដើម្បីអបអរបុណ្យតេត។ លោកអនុបណ្ឌិត Le Minh Hien ប្រធានមន្ទីរសង្គមកិច្ចនៃ មន្ទីរពេទ្យ Cho Ray បានឲ្យដឹងថា “ផ្ទះបាយនៃក្តីស្រឡាញ់” ដែលជាកន្លែង មួយចែកចាយកញ្ចប់ម្ហូបអាហារដល់អ្នកជំងឺនិងសាច់ញាតិរបស់ពួកគេរាប់ពាន់កញ្ចប់ដោយឥតគិតថ្លៃ និងមិនបិទទ្វារក្នុងអំឡុងពេលពិធីបុណ្យតេតទេ។ លោកបានចែករំលែកថា៖
«ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីលើកនេះ យើងខ្ញុំក៏បានធានានូវ កញ្ចប់ម្ហូបអាហារសម្រាប់អ្នកជំងឺ។ «ផ្ទះបាយ» បានប្តេជ្ញាចិត្តថាមិនឈប់ សម្រាកសូម្បីតែមួយថ្ងៃក៏ដោយ ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយ និងជាការរួមដៃគ្នាជួយឧបត្ថម្ភដល់ប្រជាជនរបស់សប្បុរសជនផងដែរ»។
យោងតាមវេជ្ជបណ្ឌិត Nguyen Thanh Hai ប្រធានការិយាល័យផ្នែក សង្គមកិច្ចនៃមន្ទីរពេទ្យកុមារ ២ បានឲ្យដឹងថា សម្រាប់កុមារ ដែលមានអាការៈ ជំងឺធ្ងន់ធ្ងរ ដែលមិនអាចវិលត្រឡប់ទៅស្រុកកំណើតវិញ ក្រុមថ្នាក់ដឹក នាំមន្ទីរ ពេទ្យ នឹងមកកាន់នៅហ្នឹងគ្រែអ្នកជំងឺ ដើម្បីប្រគល់អំណោយ និងអាំងប៉ាវលាភ សំណាងនៅក្នុងថ្ងៃចូលឆ្នាំថ្មី សំដៅជូនពរឲ្យទាន់ពេលវេលា និងលើកទឹកចិត្ត កុមារទាំងនេះឆាប់ជាសះស្បើយនិង មានសុខភាពល្អប្រសើរឡើងវិញផងដែរ ។ដោយមារការយកចិត្តទុកដាក់និងការចែករំលែករបស់សហគមន៍សម្រាប់ជនក្រីក្រនិងប្រជាជនមានស្ថានភាពលំបាកនោះ រាល់ពិធីបុណ្យតេតមកដល់ ម្តងៗគឺជាឱកាសលើកទឹកចិត្តអ្នកជំងឺមុនពេលចូលឆ្នាំថ្មី។ នេះគឺជាស្មារតី និងគុណធម៍ដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាមផងដែរ៕