ទីក្រុង Da Nang បង្កើនការបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈ
(VOVWORLD) - ក្នុងត្រីមាសទី១នៃឆ្នាំ២០២០ ទីក្រុង Da Nang បានចាប់ផ្តើមអនុវត្តគម្រោងរាប់សិបមកហើយដែរ ក្នុងនោះមានគម្រោងសំខាន់ៗនិងមានលក្ខណៈបង្កើតកម្លាំងចល ករសម្រាប់ទីក្រុងផងដែរ។ គិតត្រឹមពាក់កណ្តាលខែមេសាអង្គភាពនានាបានបើកចំណាយប្រាក់ទុន វិនិយោគជិត ៦៨០ លានដុល្លារអាមេរិក (ស្មើនឹង ១,៦០០ ពាន់លានដុង) ដែលសម្រេចបាន ១៣% នៃផែនការឆ្នាំ។
គម្រោងកែលម្អផ្លូវចរាចរណ៍មួយនៅខាងលិចស្ពាន Tran Thi Ly (រូបថត៖ VOV) |
លទ្ធផលនៃបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈក្នុងត្រីមាសទី ១ ឆ្នាំនេះបានកើនឡើងជាង ៣ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ និងច្រើនជាង ៤ ដងនៃឆ្នាំ ២០១៨។ ក្នុងបរិបទដែលសេដ្ឋកិច្ចជួបប្រទះការលំបាកដោយសាររងផលប៉ះពាល់នៃជំងឺ Covid-19 ទីក្រុង Da Nang បានកំណត់ថាត្រូវពន្លឿនដំណើរការវិនិយោគសាធារណៈដើម្បីបង្កើតកម្លាំងចលករក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាការងារធ្វើផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏សំខាន់ៗនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 កន្លងមក ទីក្រុង Da Nang បានបំពេញបែបបទស្តីពីការចាប់ផ្តើមអនុវត្តគម្រោងដ៏សំខាន់ដែលមានវិសាលភាពទឹកប្រាក់រាប់ពាន់លានដុង ដូចជាគម្រោងផ្លូវនិងស្ពានឆ្លងកាត់ទន្លេ Co Co និងផ្លូវភាគខាងលិច ២ ចំណុះគម្រោងកែលំអហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ទីក្រុង Da Nang និងគម្រោងកែលម្អបរិស្ថានទឹកភាគខាងកើតខ័ណ្ឌ Son Tra ជាដើម។ លោក Le Van Lam ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់ចរាចរណ៍ទីក្រុង Da Nang បានមានប្រសាសន៍ថាការបើកចំណាយប្រាក់ទុនវិនិយោគសម្រេចបានអត្រាខ្ពស់គឺដោយសារវិនិយោគិននិងអ្នកម៉ៅការ បានធានាដំណើរការសាងសង់។ លោកបានចែករំលែក៖
«យោងតាមផែនការដើមទុន ដែលទីក្រុងបានប្រគល់ជូននិងអនុវត្តផែនការសាងសង់សំណង់នីមួយៗជាភ្លាមៗ និងរៀបចំការវិនិយោគលើផែនការវិនិយោគ ព្រមទាំងត្រៀមខ្លួនអនុវត្តការងារវិនិយោគឱ្យបានឆាប់រហ័ស និងពន្លឿនការជ្រើសរើសអ្នកម៉ៅការ ដើម្បីរៀបចំការងារសាងសង់សំណង់យ៉ាងឆាប់ៗផងដែរ។ ចំពោះសំណង់ដែលកំពុងដំណើការ គឺបន្តការសាងសង់ស្របតាមដំណើរការដែលបានកំណត់ផងដែរ»។
លទ្ធផលនៃការបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈរបស់ទីក្រុងសម្រេចបានកំរិតខ្ពស់ដោយសារតែទីក្រុងបានប្រគល់ភារកិច្ចយ៉ាងជាក់ស្តែងដល់វិនិយោគិន អ្នកគ្រប់គ្រងគម្រោង មន្ទីរ ស្ថាប័ននិងមូលដ្ឋាននានា ពោលគឺចាប់ពីការត្រៀមខ្លួនរៀបចំវិនិយោគ ការជ្រើសរើសអ្នកម៉ៅការ និងដំណើរការសាងសង់សំណង់ រហូតដល់ការពិនិតឡើងវិញនៃការបញ្ចប់ការសាងសង់ និងការទូទាត់បរិមាណសំណង់ដែលបញ្ចប់រួចជាស្ថាពរជាដើម។ លោក Tran Phuoc Son ប្រធានមន្ទីរផែនការនិងវិនិយោគទីក្រុង Da Nang បានមានប្រសាសន៍ថា៖
« នាបច្ចុប្បន្ន បណ្តាគំរោងដែលបានជ្រើសរើសអ្នកម៉ៅការហើយ ប៉ុន្តែមិនទាន់បានបើកការដ្ឋានសាងសង់នៅឡើយ ដោយសារតែមិនទាន់មានការបោះសំអាតផ្ទៃដីសាងសង់នោះទេ ដូចជាគំរោងកែលំអផ្លូវ DT៦០១ ខ្សែផ្លូវអ័ក្ស១ ភាគពាយព្យ ឬក៏បណ្តាគម្រោងដែលបានអនុវត្តតាំងពីឆ្នាំមុនរហូតមកដល់ពេលនេះ នៅតែជាប់គាំងដោយសារការដោះស្រាយសំណងដីធ្លី។ នេះគឺជាឧបសគ្គដ៏ធំមួយក្នុងការអនុវត្តគម្រោងនានាតែម្តង»។
យោងតាមការគណនារបស់នាយកដ្ឋានស្ថិតិទីក្រុង Da Nang បានឲ្យដឹងថាក្នុង ដំណាក់កាលឆ្នាំ ២០១៦ - ២០២០ ប្រសិនបើបង្កើនដើមទុនវិនិយោគ ១ %នោះត្រូវរួមវិភាគទានប្រមាណ ០,០៨% ដល់អត្រាកំណើនផលិតផលសរុប (GRDP) របស់ទីក្រុង។ បច្ចុប្បន្ននេះ ទីក្រុងកំពុងពិចារណាលើការធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវបទប្បញ្ញត្តិនានាដោយផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយរាល់ការលំបាកនិងឧបសគ្គនានាដែលពាក់ព័ន្ធនឹងសំណង់ដីធ្លី ជម្រុញការធ្វើវិមជ្ឈការ និងកែទម្រង់នីតិវិធីរដ្ឋបាលផងដែរ។ លោក Truong Quang Nghia លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានឲ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំនេះទីក្រុងបានបញ្ចប់ការបំពេញបែបបទបើកការដ្ឋានសាងសង់គម្រោងសំខាន់ៗជាច្រើន ហើយនេះគឺការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់ទីក្រុងផងដែរ។ លោក Truong Quang Nghia បានបន្ថែមទៀតថា៖
« ការបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈរបស់យើងអាចនិយាយថាមានលទ្ធផលខ្ពស់បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ ប៉ុន្តែនាពេលអនាគត យើងនៅតែមានគម្រោងជាច្រើនដែលចាំបាច់ត្រូវតែធ្វើឲ្យបានជាក់ស្តែងផងដែរ។ មូលហេតុមួយដែលធ្វើឲ្យយើងអនុវត្តយ៉ាងយឺតយ៉ាវដូចបែបនេះ គឺដោយសារការរំដោះដីធ្លី។ ហេតុដូច្នេះ គណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់បំផុត។ ថ្នាក់ដឹកនាំខេត្តក៏គប្បីរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាននានាឲ្យត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចែករំលែកនិងឃ្លាំមើល ព្រមទាំងក្រើនរំលឹកនិងតភ្ជាប់ការទទួលខុសត្រូវក្នុងការអនុវត្តខ្លឹមសារនេះតែម្តង»។
ដើម្បីពន្លឿនដើមទុនវិនិយោគសាធារណៈបន្ថែមទៀត ទីក្រុង Da Nang បានចេញលិខិតផ្លូវការស្តីពីការស្នើឲ្យបន្តពន្លឿនដំណើរការអនុវត្ត និងបើកថវិកាចំពោះផែនការដើមទុនវិនិយោគសាធារណៈនាឆ្នាំ ២០២០ ដែលក្នុងនោះតម្រូវឱ្យ មន្ទីរ ស្ថាប័ន វិនិយោគិន និងអង្គភាពគ្រប់គ្រងគម្រោងនិងមូលដ្ឋាននានា ត្រូវ ពន្លឿនដំណើរការសងសំណង និងរំដោះដីធ្លីគម្រោងនានា ព្រមទាំងមមាញឹកធ្វើការសុក្រិត្យឯកសារនិងបែបបទស្តីពីការជ្រើសរើសអ្នកម៉ៅការ ដើម្បីចាប់ផ្តើមបើកការដ្ឋានសាងសង់នានា ជាពិសេសជាសំណង់សំខាន់ៗនិងមានលក្ខណៈបង្កើតកម្លាំងចលករផងដែរ៕