ទីក្រុង Da Nang ស្វែងរកទិសដៅកែលម្អសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI)
(VOVWORLD) - យោងតាមតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០២២ ដែលសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI)ទើបបានប្រកាសនោះ ទីក្រុង Da Nang ជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមខេត្ត ក្រុងទាំង ៦៣ ដែលថ្នាក់ធ្លាក់ចុះ៥ថ្នាក់បើធៀបនឹងឆ្នាំ ២០២១។ ប្រឈមមុខនឹងតថភាពនេះ Da Nang កំពុងស្វែងរកដំណោះស្រាយជាច្រើនដើម្បីកែលម្អសន្ទស្សន៍ PCI សំដៅនាំទីក្រុង Da Nang ជាប់ទៅចំណាត់ថ្នាក់កំពូលនៅទូទាំងប្រទេសឡើងវិញ។
យោងតាមការវិភាគរបស់សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម(VCCI) តាមរយៈការវាយតម្លៃរបស់សហគ្រាសអំពីសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចរបស់ទីក្រុង Da Nang សន្ទស្សន៍ចំនួន ៦/១០ មានការថយចុះ។ នេះគឺជាសន្ទស្សន៍ចូលរួមទីផ្សារ សន្ទស្សន៍នៃការប្រើប្រាស់ដីធ្លី សន្ទស្សន៍នៃការចំណាយក្រៅផ្លូវការ ថាមវន្ត គោលនយោបាយឧបត្ថម្ភអាជីវកម្ម និងការបណ្តុះបណ្តាលពលកម្ម។ តថភាពជាក់ស្តែងនេះ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងកែទម្រង់កាន់តែខ្លាំងពីរដ្ឋាភិបាល។
សន្ទស្សន៍នៃការប្រើប្រាស់ដីធ្លីរបស់ទីក្រុង Da Nang មានការធ្លាក់ចុះ។ រូបថត៖ VOV |
ដើម្បីកែលម្អសន្ទស្សន៍ PCI លោក Le Minh Tuong អនុប្រធានមន្ទីរផែនការ និងវិនិយោគទីក្រុង Da Nang បានឲ្យដឹងថា បច្ចុប្បន្នទីក្រុងកំពុងផ្តោតលើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នមជ្ឈិម ដើម្បីដោះស្រាយជាបន្ទាន់នូវការលំបាកនិងឧបសគ្គទាក់ទងនឹងសេចក្តីសន្និដ្ឋាន ផែនការមេ និងបែបបទវិនិយោគ ៖ “ចំពោះដីធ្លី មន្ទីរធនធានធម្មជាតិនិងបរិស្ថាន ក៏កំពុងអនុវត្តខ្លឹមសារកែលម្អយ៉ាងសកម្ម។ មន្ទីរផែនការនិងវិនិយោគបានជួយសម្រួលបែបបទសម្រាប់វិនិយោគិន និងប្រឹក្សាគោលនយោបាយឧបត្ថម្ភអាជីវកម្ម។ នាពេលខាងមុខដោយផ្អែកលើការដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុង យើងនឹងត្រួតពិនិត្យសន្ទស្សន៍សមាសធាតុនីមួយៗ។ តាមនោះ គ្រាប់ផ្នែកត្រូវដកបទពិសោធន៍ និងពន្លឿនការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់ Da Nang”។
ទាក់ទិននឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម ទីក្រុង Da Nang ក៏កំពុងបំពេញបែបបទវិនិយោគជាបន្ទាន់ ដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានដើម្បីជំរុញការវិនិយោគ សម្របសម្រួលដោះស្រាយការលំបាក់ដែលកើតឡើងនៅពេលដាក់ឱ្យដំណើរការកម្មវិធី សួនឧទ្យានសូហ្វវែលេខ២។ ទន្ទឹមនឹងនោះ បន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភសហគ្រាស ជាពិសេសគឺសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយឧបត្ថម្ភអត្រាការប្រាក់សម្រាប់អង្គភាពដែលខ្ចីដើមទុន ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “បច្ចុប្បន្ន យើងកំពុងណែនាំយ៉ាងសកម្មដល់មន្ទីរផែនការនិងវិនិយោគ ត្រួតពិនិត្យ តាមដាន និងរាយការណ៍ទាន់ពេលវេលា ដើម្បីដោះស្រាយការលំបាករបស់សហគ្រាស។ ក្រុមការងារជំរុញវិនិយោគតែងតែដោះស្រាយបញ្ហាពីគម្រោងនានា។ ជារៀងរាល់ខែ យើងបានប្រជុំក្រុមការងារដើម្បីដោះស្រាយការលំបាកបានទាន់ពេលវេលា។ រាល់បញ្ហាទាក់ទងនឹងដីធ្លី និងសំណង់ យើងមានឯកសារណែនាំនិងដំណើរការជាក់ស្តែង”។
លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang។ រូបថត៖ TTXVN |
ជាមួយនឹងការប្តេជ្ញាចិត្តកែលម្អសន្ទស្សន៍ PCI ឡើងវិញ ទីក្រុង Da Nang កំពុងផ្តោតការយកចិត្តទុកដាក់លើគ្រប់វិធានការដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង។ ទាក់ទងនឹងសន្ទស្សន៍នៃការប្រើប្រាស់ដី មន្ទីរធនធានធម្មជាតិនិងបរិស្ថានទីក្រុងបានកសាងច្រកទ្វារអេឡិចត្រូនិកដីធ្លីរបស់ទីក្រុង ដើម្បីផ្តល់ព័ត៌មានអំពីដីធ្លីដល់សហគ្រាសប្រកបដោយតម្លាភាព។ ទាក់ទងនឹងសន្ទស្សន៍ចូលរួមទីផ្សារ មន្ទីរផែនការនិងវិនិយោគផ្លាស់ប្តូរថ្មីវិធីសាស្ត្រស្ទង់មតិលើបែបបទរដ្ឋបាល របៀបផ្គត់ផ្គង់សេវារបស់កម្មាភិបាលក្នុងការដោះស្រាយឯកសារ កាត់បន្ថយពេលវេលាដោះស្រាយបែបបទវិនិយោគ។
នាបច្ចុប្បន្ន ដោយមានប្រៀបខ្លាំងជាមជ្ឈមណ្ឌលនៃតំបន់ភាគកណ្តាល - Tay Nguyen ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ជាតិចំនួន ៣ ទីក្រុងបានកំណត់ថា ការកសាងនិងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៍ភាពរបស់ទីក្រុងនឹងក្លាយជាគន្លឹះដើម្បីទាក់ទាញការវិនិយោគ រួមចំណែកដល់កំណើន។ ទីក្រុង Da Nang បានចេញផ្សាយយន្តការគោលនយោបាយ កម្មវិធី និងផែនការជាច្រើនដើម្បីបង្កើតមូលដ្ឋានគតិយុត្ត ដើម្បីជំរុញសកម្មភាពចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងវិនិយោគលើការកសាងមូលដ្ឋានបច្ចេកទេសសម្រាប់អភិវឌ្ឍន៍ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ។ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖ “សហគមន៍ធុរកិច្ចចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៍ បានបង្កើនដោយឥតឈប់ឈរទាំងបរិមាណនិងគុណភាព ក្នុងនោះមានធុរកិច្ចចាប់ផ្តើមអាជីវកម្មមួយចំនួនដែលមានមូលដ្ឋានបច្ចេកវិទ្យាខ្ពស់ ទាន់នឹងនិន្នាការអភិវឌ្ឍន៍ ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន ការអនុវត្តបញ្ញាសិប្បនិម្មិត បានទាក់ទាញទុនវិនិយោគពីមូលនិធិវិនិយោគក្នុងស្រុកនិងអន្តរជាតិជាច្រើន។ ជាមួយនឹងលទ្ធផលដែលទទួលបាន ទីក្រុង Da Nang ទទួលបានពានរង្វាន់ “ទីក្រុងទាក់ទាញការចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៍”ចំនួនពីរលើក”។
ចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ទីក្រុង Da Nang មាន ១១/១២ ដងស្ថិតក្នុងចំណោមខេត្តក្រុងដែលមានពិន្ទុ PCI ខ្ពស់បំផុតទាំង៥នៅទូទាំងប្រទេស ក្នុងនោះដណ្តើមបាន“ជើងឯក”ចំនួន៥លើក។ ទោះជាយ៉ាងណាក៏ដោយ នាពេលកន្លងទៅ ការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ បានធ្វើឱ្យទីក្រុង Da Nang ជួបការលំបាកជាច្រើន កំណើនសេដ្ឋកិច្ចមិនដូចការរំពឹងទុក សន្ទស្សន៍PCI បានធ្លាក់ចុះ ប៉ុន្តែជាទូទៅសហគមន៍ធុរកិច្ចនៅតែវាយតម្លៃយ៉ាងល្អអំពីទីក្រុង Da Nang ។ ដូច្នេះ ការកែលំអរបរិយាកាសធ្វើអាជីវកម្មយ៉ាងខ្លាំងក្លា លើកកម្ពស់ឋានៈរបស់ទីក្រុងអំពីបរិយាកាសធ្វើអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងគឺជាភារកិច្ចស្នូលជាអាទិភាពរបស់ទីក្រុង Da Nang៕