ទីក្រុង Hai Phong ធ្វើទំនើបកម្មប្រព័ន្ធកំពង់ផែសមុទ្រ

(VOVWORLD) - ទីក្រុង Hai Phong មានទិសដៅក្លាយទៅជាទីក្រុងឧស្សាហកម្ម ដោយផ្សារភ្ជាប់ជាមួយកំពង់ផែសមុទ្រទំនើប ឆ្លាតវៃ និងប្រកបដោយនិរន្តរភាព។ ពីទិសដៅនោះ ទីក្រុង Hai Phong កំពុងអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ ដោយ ផ្សារភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាកម្ម Logistics  ដោយអះអាងពីតួនាទីជាមជ្ឈមណ្ឌលធ្វើចរាចរណ៍ស្នូល និងជាច្រកទ្វារទៅកាន់សមុទ្រដ៏សំខាន់នៃបណ្ដាខេត្តភាគខាងជើង ដោយតភ្ជាប់តំបន់ជាមួយ តំបន់ និងអន្តរជាតិ។

 

 

ទីក្រុង Hai Phong ធ្វើទំនើបកម្មប្រព័ន្ធកំពង់ផែសមុទ្រ - ảnh 1កំពង់ផែអន្តរជាតិ Lach Huyen នៅ Hai Phong (រូបថត៖ Duc Nghia/VNA)

ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងប្លុកកំពង់ផែសមុទ្រភាគខាងជើងនោះ  កំពង់ផែសមុទ្រ Hai Phong កំពុងបង្កើតគុណសម្បត្តិដ៏ធំធេង ដោយបានទទួលយកនិន្នាការផ្លាស់ប្ដូរថ្មីលើផ្នែកដឹកជញ្ជូនសមុទ្រនៅលើពិភពលោក។ ខ្សែផ្លូវសេវាកម្មដឹកជញ្ជូនជាបន្តបន្ទាប់ត្រូវបានបណ្ដាកំពង់ផែសម្របសម្រួលជាមួយក្រុមហ៊ុននាវារៀបចំទៅជាខ្សែផ្លូវដឹកជញ្ជូន បិទជិតពីទីក្រុង Hai Phong ទៅកាន់អឺរ៉ុប ទ្វីបអាមេរិក ឥណ្ឌា និងក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រដ៏ល្បីឈ្មោះជាច្រើននៅលើពិភពលោក ដូចជា Maersk Line, Wanhai បានជ្រើសរើសយកទីក្រុង Hai Phong ដើម្បីសហប្រតិបត្តិការ។ លោក  Nguyen Dinh Tuan តំណាងក្រុមហ៊ុននាវាដឹកជញ្ជូន Wanhai (តៃប៉ិ - ចិន) នៅវៀតណាម មានអារម្មណ៍ ពេញចិត្តចំពោះ សេវាកម្មនៅកំពង់ផែ Hai Phong។ លោកបានឲ្យដឹងថា៖ “កំពង់ផែ Hai Phong បានផ្ដោតសំខាន់លើការបម្រើអតិថិជន។ ប្រការនេះបានកំណត់តម្លៃពាណិជសញ្ញាផលិតកម្ម និងធ្វើការអជីវកម្មរបស់ខ្លួនផងដែរ”។

កំពង់ផែ Hai Phong ត្រូវបានដាក់ចូលក្នុងក្រុមកំពង់ផែសមុទ្រដ៏សំខាន់បំផុតទាំង ៥០០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាបច្ចុប្បន្ននេះ កំពង់ផែ Tan Vu មានស្ពានផែចំនួន ៥ ដែលត្រូវបានដាក់ឲ្យដំណើរការ ដើម្បីធ្វើអាជីវកម្មដឹកទំនិញកុងតឺន័រ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទំនើបបំផុតនៅតំបន់ឧបទ្វីប Dinh Vu - Hai Phong ។ លោក Ngo Trung Hieu អគ្គនាយករងកំពង់ផែ Hai Phong បានឲ្យដឹងថា កំពង់ផែ Tan Vu បានបន្តវិនិយោគយ៉ាងស៊ីជម្រៅ លើកកម្ពស់គុណភាពសេវាកម្ម ដោយដើរតួនាទីដ៏សំខាន់ក្នុងផលិតកម្ម និងធ្វើអាជីវកម្មរបស់ កំពង់ផែ Hai Phong៖ “កំពង់ផែ Tan Vu គឺជាកំពង់ផែធំបំផុតនៅទីក្រុង Hai Phong ជាមួយនឹងទ្រង់ទ្រាយអំពីប្រព័ន្ធឧបករណ៍សំភារៈ  ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយព្រមៗគ្នា។ នេះគឺជាគុណប្រយោជន៍ដែលយើងខ្ញុំបានពង្រីកក្នុងរយៈពេលកន្លងទៅ ក៏ដូចជានាពេលខាងមុខផងដែរ។ លើសពីនេះទៅទៀត ដោយមានការប្ដេជ្ញាចិត្ត និងការស្រុះចិត្តគំនិតរបស់ស្ថាប័ន និងថ្នាក់ដឹកនាំកំពង់ផែ Hai Phong ទាំងមូលនោះ យើងខ្ញុំនឹងបន្តស្វែងរកទីផ្សារថ្មីថែមទៀត ដើម្បីរួមចំណែកបង្កើនទិន្នផល និងប្រាក់ចំណូលជូនក្រុមហ៊ុនផងដែរ”។

ទីក្រុង Hai Phong ធ្វើទំនើបកម្មប្រព័ន្ធកំពង់ផែសមុទ្រ - ảnh 2ទំនិញនៅកំពង់ផែ Tan Vu ខេត្ត Hai Phong  (រូបថត៖ haiquanonline.com.vn)

ដើរតួនាទីឈានមុខគេក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធកំពង់ផែទឹកជ្រៅ គឺត្រូវរំលឹកដល់ស្ថានីយកុងតឺន័រចំនួនពីរនៅ Lach Huyen ដែលត្រូវបានកំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong ធ្វើការគ្រប់គ្រង និងដំណើរការ ។ កំពង់ផែនេះមានសមត្ថភាពទទួលនាវាកុងតឺន័រដែល ដែលមានចំណុះ១៤ ០០០ teus និងនាវាទូទៅដែលមានចំណុះរហូតដល់ ១៦ ម៉ឺន DWT (ស្មើនឹង ១៦ ម៉ឺន តោន)។ កំពង់ផែនេះត្រូវបានទទួលស្គាល់ ជាកំពង់ផែសមុទ្រមួយក្នុងចំណោមកំពង់ផែទាំង ២០  ដែលអាចទទួលនាវាដែលមានទម្ងន់ធ្ងន់។

នារយៈពេលកន្លងទៅ រដ្ឋាភិបាលបានអនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រវៀតណាម ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០  ។ លោក Nguyen Tuong Anh អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong បានឲ្យដឹងថា៖ “រដ្ឋាភិបាល និងថ្នាក់ដឹកនាំទីក្រុង Hai Phong បានដាក់ចេញគោលនយោបាយវិជ្ជមាន សំដៅទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មអំណោយផល កែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺគោលនយោបាយ និងបែបបទងាយស្រួល ដើម្បីជួយសម្រួលសហគ្រាស និងស្ថាប័នគ្រប់គ្រងរដ្ឋ។ យើងខ្ញុំជឿជាក់ថា សេដ្ឋកិច្ចវៀតណាម ក៏ដូចជាទំនិញនាំចេញ នាំចូលរបស់វៀតណាម នឹងបន្តទទួលបានកំណើននាពេលខាងមុខ។ នេះគឺជាមូលដ្ឋានសម្រាប់យើងខ្ញុំធ្វើការព្យាករណ៍ថា បរិមាណទំនិញឆ្លងកាត់កំពង់ផែនានានៅទីក្រុង Hai Phong នឹងមានកំណើនយ៉ាងខ្លាំងពី ៥-១០ % នាប៉ុន្មានឆ្នាំខាងមុខផងដែរ”។

ប្រព័ន្ធកំពង់ផែសមុទ្រ Hai Phong កាន់តែអះអាងពីតួនាទី ឋានៈរបស់ខ្លួនគឺជាតំណតភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញតាមសមុទ្រនៅទូទាំងពិភពលោក។ នាពេលអនាគត ទីក្រុង Hai Phong បានតម្រង់ទិសដៅឲ្យក្លាយទៅជាទីក្រុងមួយ ដែលមានខឿនឧស្សាហកម្មដោយផ្សារភ្ជាប់ជាមួយកំពង់ផែសមុទ្រទំនើបឆ្លាតវៃ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ព្រោះថាទីក្រុងកំពង់ផែកំពុងប្រមូលផ្តុំរាល់លក្ខខ័ណ្ឌ ដើម្បីអភិវឌ្ឍន៍កំពង់ផែឆ្លាតវៃតាមនិន្នាការអភិវឌ្ឍន៍នៃប្រទេស ដែលមានសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ