ទីក្រុងហូជីមិញនិងឱកាសថ្មីក្នុងឆ្នាំ២០១៨

(VOVWORLD) - ឆ្នាំ២០១៨ ត្រូវបានអាជ្ញាធរទីក្រុងហូជីមិញចាត់ទុកជាឆ្នាំ លោតផ្លោះក្នុងការអភិវឌ្ឍ ពិសេសគឺនាពេលដែលត្រូវបានរដ្ឋសភាវៀតណាម ប្រគល់ភារកិច្ចឲ្យអនុវត្តន៍ពិសោធន៍នូវយន្តការ គោលនយោបាយពិសេសចំពោះការ អភិវឌ្ឍ។ 
ទីក្រុងហូជីមិញនិងឱកាសថ្មីក្នុងឆ្នាំ២០១៨ - ảnh 1 ទីក្រុងហូជីមិញនឹងអនុវត្តន៍គោលនយោបាយពិសេសដើម្បីអភិវឌ្ឍន៍ (រូបថត៖ VOV)


ទីក្រុងហូជីមិញក្នុងរយៈពេល២ខែដើមឆ្នាំ២០១៨ ទទួលបានព័ត៌មានគួរឲ្យសប្បាយចិត្តណាស់។ នាខែមករា ទំហំនាំចេញ សរុបរបស់ទីក្រុងទទួលបាន៣,៤ពាន់លានដុល្លាអាមេរិក កើន៣១,៨%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ទីក្រុងបានរួមវិភាគទានទឹកប្រាក់ជាង៣៦.៥០០ ពាន់លានដុងទៅក្នុងថវិការដ្ឋ កើនឡើង១០,៣% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញដែរ។ ពិសេសគឺ ផ្នែកតម្បាញកាត់ដេរទទួលបានកិច្ចសន្យាជាច្រើន ក្នុងនោះកិច្ចសន្យានាំចេញទៅកាន់ទីផ្សារអាមេរិកស្រូបយក៧០%។ ក្នុងខែមករាដែរ ទីក្រុងមានសហគ្រាសជាង២.៨០០ដែលត្រូវបានផ្ដល់លិខិតបង្កើតថ្មី ដោយទុនចុះបញ្ជីសរុបជាង១៩.៥០០ពាន់លានដុង។ លោក Tran Tuan Long  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនសំណង់ Thiet Thach បានចែករំលែកថា៖

        “ខ្ញុំមានគោលបំណងថា សេដ្ឋកិច្ចវៀតណាមនិងទីក្រុងហូជីមិញក្នុងឆ្នាំថ្មីនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដើម្បីដណ្ដើមបានសមិទ្ធិផលដ៏ខ្ពស់ជាងឆ្នាំ២០១៧ ដែលជាឆ្នាំមួយដ៏ល្អណាស់ហើយ។គោលបំណងមួយទៀតគឺចង់ឲ្យសហគមន៍សហគ្រាសបន្តរីកលូតលាស់ក្នុងឆ្នាំ២០១៨។”

        វិលត្រឡប់មកទីក្រុងហូជីមិញក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ លោក Le Ngoc Lam អាណិកជន វៀតណាមនៅជប៉ុនមួយរូប ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរថ្មីនៃទីក្រុងក្នុងរយៈពេលខ្លីៗ។ តាំងពីសំណង់ធំៗអំពីហេដ្ឋារចនាសម្ព័ន្ធ ដល់គោលនយោបាយចុះបញ្ជីធ្វើអាជីវកម្ម បង្កភាពងាយស្រួលសំរាប់សហគ្រាស។ ពិសេសគឺចលនាចាប់ផ្ដើមអាជីវកម្ម ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយទាក់ទាញការចូលរួមរបស់មនុស្សយ៉ាងច្រើនកុះករ។ លោក Le Ngoc Lam មានក្ដីសោមនស្សរីករាយក្រៃលែង ដោយឃើញថា ទីក្រុងកំពុងអនុវត្តន៍យន្តការគោលនយោបាយពិសេស ដែលរដ្ឋសភាប្រគល់ជូន សំដៅអភិវឌ្ឍន៍ទីក្រុងឡើងកំពស់ថ្មី ពិសេសគឺបញ្ហាទាក់ទាញមនុស្សមានទេពកោសល្យ។ លោករៀបរាប់ថា៖

        “ចង់កសាងទីក្រុងឆ្លាត មានជួរថ្នាក់ដឹកនាំ កម្មាភិបាលដ៏ឈ្លាសវៀងវៃនោះ គឺត្រូវការមានគោលនយោបាយអនុគ្រោះកម្មាភិបាលឲ្យបានសក្តិសមដែរ។ ដើម្បីទាក់ទាញមនុស្សមានទេពកោសល្យគឺត្រូវមានយន្តការប្រាក់បៀវត្តន៍ដ៏សមស្រប។ កម្មាភិបាលត្រូវមានការបណ្ដុះបណ្ដាលដ៏យូរអង្វែងនិងមានរបៀបរៀបរយ”។

        ក្នុងឆ្នាំ២០១៨ ទីក្រុងហូជីមិញ នឹងបន្តលាតត្រដាងអនុវត្តន៍កម្មវិធីលោតផ្លោះចំនួន៧ក្នុងការអភិវឌ្ឍនោះគឺ៖ អនុវត្តយន្តការ គោលនយោបាយពិសេសក្នុងការអភិវឌ្ឍទីក្រុង សំដៅលើកកំពស់គុណភាពកំណើន លទ្ធភាពប្រកួតប្រជែង ដោយផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចទីក្រុងឡើងវិញឲ្យមានគុណភាពនិងប្រសិទ្ធភាព។ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញឲ្យដឹងថា រួមជាមួយកម្មវិធីលោតផ្លោះទាំង៧ខាងលើ គឺទីក្រុងហូជីមិញបានបំពេញបន្ថែមដំណោះស្រាយថ្មីចំនួន៣ទៀត ដើម្បីបង្កើតសន្ទុះឲ្យទីក្រុងឈានឡើងក្នុងឆ្នាំ២០១៨។

        “ដំណោះស្រាយទីមួយគឺកែប្រែការប្រតិបត្តិ។ ដំណោះស្រាយទី២គឺកសាងនគរឆ្លាត។ ហើយដំណោះស្រាយទី៣គឺ ទីក្រុងនឹងចលនាអ្នកពិគ្រោះយោបល់ជាតិនិងអន្តរជាតិដើម្បីបង្កើតឡើងមណ្ឌលនគរច្នៃប្រឌិតមួយនៅទីក្រុងហូជីមិញ។ មណ្ឌលនេះរួមមានខណ្ឌទី៩ ដែលមានមណ្ឌលបច្ចេកវិទ្យាខ្ពស់ ខណ្ឌទី២ ដែលមានមណ្ឌលប្រជុំជនថ្មីនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងខណ្ឌ Thu Duc ដែលមានមហាវិទ្យាល័យចំនួន១២”។

        ឱកាសថ្មីកំពុងមកដល់ចំពោះទីក្រុងហូជីមិញ។ រាល់ភាពងាយស្រួលតាំងពីដើមឆ្នាំថ្មីនេះ កំពុងបង្កើតឡើងសន្ទុះដើម្បីទីក្រុងហូជីមិញអភិវឌ្ឍន៍ដោយលឿនជាង ហើយបន្តជាមុខព្រួញខាងសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ