ទីក្រុងហាណូយ៖ ចំណុចភ្លឺទាក់ទាញការវិនិយោគបរទេស
(VOVWORLD) - ទីក្រុងហាណូយតែងតែស្ថិតក្នុងក្រុមជួរមុខនៅទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយសារបរិយាកាសវិនិយោគជ្រះស្រឡះ នយោបាយស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធអំណោយផល និងប្រភពធនធានមនុស្សដ៏សម្បូរហូរហៀរ ប្រកបដោយគុណភាពខ្ពស់។ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកទីក្រុងហាណូយបន្តកើនឡើង បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង ព្រមទាំងធានាសុខុមាលភាពសង្គមផងដែរ។
ភាពស្រស់ស្អាតរបស់ទីក្រុងហាណូយដ៏ទំនើប និងរស់រវើក។ រូបថត៖ កាសែត Dan Tri |
ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ទីក្រុងហាណូយទាក់ទាញបានទុនវិនិយោគពីបរទេស (FDI) ចំនួន ១,២៨ ពាន់លានដុល្លារអាមេរិក កើន ២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ក្នុងនោះ មានគម្រោងចុះបញ្ជី ថ្មីចំនួន ២៨៣ ជាមួយនឹងទុនជាង ១៨៥ លានដុល្លារអាមេរិក; មានគម្រោងបំពេញបន្ថែមទុនវិនិយោគចំនួន ១៦៣ ជាមួយទឹកប្រាក់ចំនួន ៥៧៣ លានដុល្លារអាមេរិក; វិនិយោគិនបរទេសចំនួន ៣២៤ នាក់បានបណ្ដាក់ទុន ទិញភាគហ៊ុនជាមួយទឹកប្រាក់ប្រមាណ ៥២២ លានដុល្លារអាមេរិក។ ជាមួយនឹងលទ្ធផលនេះ ទីក្រុងហាណូយស្ថិតក្នុងចំណោមខេត្ត ក្រុងជួរមុខទាំង ១០ ដែលបានទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតរបស់ប្រទេសជាតិទាំងមូល។
ប្រទេសដែលមានគម្រោងវិនិយោគធំនៅទីក្រុងហាណូយ ភាគច្រើននៅអាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ ផ្តោតលើវិស័យនាំចេញ នាំចូល ចែកចាយទំនិញ សំណង់ បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ លោក Hung Sun អនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានចែករំលែកថា៖ “ចំពោះទីក្រុងហាណូយ វិនិយោគិនជាច្រើនបានចាត់ទុកថា ថ្នាក់ដឹកនាំទីក្រុងបានផ្ដោតសំខាន់លើការដឹកនាំ សម្របសម្រួល ក៏ដូចជាយកចិត្តទុកដាក់ដល់វិនិយោគិនជាច្រើនផងដែរ។ ដូច្នេះហើយ វិនិយោគិនបរទេសនឹងនរចិត្ត ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូងផងដែរ”។
យោងតាមលោក Nguyen Quoc Viet អនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយបានឲ្យដឹងថា ការបង្កើនប្រភពទុន FDI ចូលមកទីក្រុងហាណូយ គឺជាសញ្ញាវិជ្ជមានក្នុងបរិបទដែលផលវិបាកនៃជំងឺរាតត្បាតកូវីដ ១៩ នៅតែជះឥទ្ធិពលដល់ទីកន្លែងជាច្រើន រួមទាំងតំបន់ និងប្រទេស ដែលមានសក្តានុពលសេដ្ឋកិច្ច និងលទ្ធភាពវិនិយោគជួរមុខនៅលើពិភពលោកទៀតផង។ “លទ្ធផលនេះបានសរឲ្យឃើញពីការស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្នុងឆ្នាំ ២០២២។ ប្រការនេះនឹងជួយបង្កើតយថាទស្សន៍ដ៏សកម្មក្នុងការទាក់ទាញលំហូរទុនវិនិយោគពីបរទេសផងដែរ”។
ដើម្បីបន្តរក្សាឋានៈក្នុងក្រុមខេត្ត ក្រុងជួរមុខនៅទូទាំងប្រទេសអំពីការទាក់ទាញទុន FDI ក្នុងឆ្នាំ ២០២១ ថ្នាក់ដឹកនាំទីក្រុងហាណូយក៏បានសម្រេចចិត្តអនុម័តលើ “គម្រោងបង្កើតមណ្ឌលឧស្សាហកម្មចំនួនពី ២ ទៅ ៥ ក្នុងភូមិសាស្ត្រទីក្រុងដំណាក់កាល ២០២១ - ២០២៥” ។ លើសពីនេះទៅទៀត ទីក្រុងហាណូយកំពុងជំរុញការអនុវត្តគម្រោងផ្លូវក្រវ៉ាត់លេខ ៤ - តំបន់រដ្ឋធានីហាណូយមានរតួនាទីបង្កើនការតភ្ជាប់តំបន់ ជំរុញការអភិវឌ្ឍនគរ ដែលមានអត្ថន័យដ៏ធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការទាក់ទាញការវិនិយោគ។ លោកសាស្ត្រាចារ្យរង - បណ្ឌិត Tran Dinh Thien អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានចាត់ទុកថា៖ “ដើម្បីទាក់ទាញការវិនិយោគ យើងត្រូវផ្ដោតសំខាន់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនគរ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម។ ប្រសិនបើធ្វើកំណែទម្រង់ទីផ្សារក្នុងស្រុកបានល្អ គឺសមត្ថភាពទាក់ទាញការវិនិយោគពីបរទេសកាន់តែខ្ពស់។ វិនិយោគិនបរទេសមកបណ្ដាក់ទុនកាន់តែច្រើន ហើយគម្រោងគុណភាពខ្ពស់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ គឺបានបង្កើតកម្លាំងចលករសម្រាប់ទីក្រុងហាណូយធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លាថែមទៀតផងដែរ”។
លោក Hung Sun អនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។ រូបថត៖ Viet Linh/zingnews.vn |
ទីក្រុងហាណូយក៏ផ្តោតសំខាន់លើការទាក់ទាញការវិនិយោគពីបរទេសយ៉ាងស៊ីជម្រៅ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព; ផ្តល់អាទិភាពដល់គម្រោងគុណភាព ផលិតផលមានតម្លៃបន្ថែម និងការប្រកួតប្រជែងខ្ពស់ ដោយផ្តោតលើវិស័យដូចជា៖ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនគរ កសាងទីក្រុងឆ្លាតវៃ; ឧស្សាហកម្មឧបត្ថម្ភ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្និទ្ធស្នាលជាមួយបរិស្ថាន; គម្រោងលើវិស័យបច្ចេកវិទ្យាព័ត៌មាន; សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍; ទេសចរណ៍ សេវាហិរញ្ញវត្ថុ ធនាគារ; ការបណ្តុះបណ្តាលធនធានមនុស្ស; កសិកម្មបច្ចេកវិទ្យាខ្ពស់ អាហារសុវត្ថិភាព។ លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឲ្យដឹងថា៖ “ទីក្រុងនឹងសុក្រិតផែនការ ដោយឈរលើមូលដ្ឋាននោះ យើងខ្ញុំនឹងរៀបចំបញ្ជី ទាក់ទាញការវិនិយោគសម្រាប់ភូមិសាស្ត្រនីមួយៗ វិស័យនីមួយៗ និងផលិតផលនានា ដើម្បីជ្រើសរើសគម្រោងដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ឈលើមូលដ្ឋាននោះ ផ្សព្វផ្សាយផែនការ កម្មវិធី យន្តការ និងគោលនយោបាយ ដើម្បីទាក់ទាញគម្រោងនានាផងដែរ”។
ការទាក់ទាញទុនវិនិយោគពីបរទេសមកទីក្រុងហាណូយក្នុងរយៈពេល១០ខែកន្លង
មក ទទួលបានលទ្ធផលវិជ្ជមាន បានអះអាងពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះបរិយាកាសវិនិយោគរបស់វៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក។ ប្រសិនបើ ទាញយឧត្តមភាព ដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព រួមទាំងទិសដៅដិតដល់របស់អាជ្ញាធរទីក្រុងនោះ ហាណូយនឹងបន្តជាគោលដៅវិនិយោគដ៏ទាក់ទាញនាពេលខាងមុខផងដែរ៕