ផលិតផលវៀតណាមកំពុងជ្រៀត​ចូលទីផ្សារពិភពលោកយ៉ាង​ខ្លាំង​

(VOVWORLD) - ផលិតផលវៀតណាមកំពុងមានវត្តមានកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារប្រពៃណីសំខាន់ៗ ហើយទន្ទឹមនឹងនោះ បានចាប់ផ្តើមស្វែងរកទីផ្សារដ៏មានសក្តានុពលថ្មីៗនៅអាស៊ីខាងត្បូង មជ្ឈិមបូព៌ា ឬអាមេរិកខាងត្បូង។
 
ផលិតផលជាច្រើនរបស់វៀតណាម មានកន្លែងឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ពិភពលោក។ នៅក្នុងការតាំងពិព័រណ៍ចិន-អាស៊ាន (CAEXPO) នាប៉ុន្មានឆ្នាំថ្មីៗនេះ ស្តង់ទំនិញវៀតណាមតែងតែមានទ្រង់ទ្រាយធំបំផុតទីពីរនៅក្នុងពិព័រណ៍ បន្ទាប់ពីម្ចាស់ផ្ទះចិន ហើយផលិតផលវៀតណាមជាច្រើនដូចជា ៖ ទឹកដោះគោ កសិផល អាហារកែច្នៃ គ្រឿងសង្ហារិម សម្លៀកបំពាក់... បានកំណត់ម៉ាក់យីហោរបស់ខ្លួនជាមួយអ្នកប្រើប្រាស់ចិន។ ឧទាហរណ៍ ម៉ាកយីហោទឹកដោះគោ TH True Milk របស់សារជីវកម្ម TH បច្ចុប្បន្ននេះបានជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទីផ្សារចិន ហើយត្រូវបានចាត់ទុកជាម៉ាកយីហោដ៏ល្បីមួយនៅក្នុងប្រទេសនេះ។ លោកស្រី Duan Xiaoyu អគ្គនាយិការក្រុមហ៊ុនពាណិជ្ជកម្មមួយនៅទីក្រុងប៉េកាំងបានវាយតម្លៃខ្ពស់ ចំពោះសក្តានុពលនៃផលិតផលទឹកដោះគោ TH ដែលលោកស្រីបានចាត់ទុកថា មានគុណភាពខ្ពស់និងគុណសម្បត្តិលេចធ្លោក្នុងផ្នែកភូមិសាស្ត្រ៖ “ខ្ញុំគិតថា ផលិតផលទឹកដោះគោរបស់វៀតណាមមានឧត្តមភាពជាងផលិតផលអឺរ៉ុបនិងអាមេរិកក្នុងការដឹកជញ្ជូន។ យើងបានដឹងថា បើដឹកជញ្ជូនតាមផ្លូវសមុទ្រ ឬផ្លូវគោក ត្រូវចំណាយពេលតែ១សប្តាហ៍ប៉ុណ្ណោះ ទើបផលិតផលមកដល់ប្រទេសចិន។ តាមទស្សនៈពាណិជ្ជកម្ម ប្រការនេះនឹងជួយធានាសម្រស់ល្អជាងមុន ធ្វើឱ្យអ្នកប្រើប្រាស់ចិនអាចទទួលបានផលិតផលទឹកដោះគោរបស់វៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ផលិតផលវៀតណាមកំពុងជ្រៀត​ចូលទីផ្សារពិភពលោកយ៉ាង​ខ្លាំង​ - ảnh 1ស្តង់ទំនិញវៀតណាមនៅការតាំងពិព័រណ៍ចិន-អាស៊ានលើកទី២០។ រូបថត៖ moit.gov.vn

ក្រៅពីប្រទេសចិន ផលិតផលវៀតណាមក៏បន្តជ្រៀតចូលយ៉ាងខ្លាំងទៅក្នុងទីផ្សារនៃសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកគឺសហរដ្ឋអាមេរិក។ យោតាមការស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ប្រាក់ចំណូលពីការនាំចេញទំនិញវៀតណាមទៅកាន់សហរដ្ឋអាមេរិកសម្រេចបានប្រមាណ ៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងអតិរេកពាណិជ្ជកម្មជាមួយអាមេរិកត្រូវបានប៉ាន់ប្រមាណឈានដល់ ៦៨,១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨,៦%។ នៅក្នុងទីផ្សារសហភាពអឺរ៉ុប (EU) ផលិតផលនាំចេញរបស់វៀតណាមក៏ជ្រៀតចូលក្នុងប្រព័ន្ធលក់រាយសំខាន់ៗរបស់ប្រទេសសមាជិក EU ជាច្រើន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) បានលុបបំបាត់របាំងពន្ធគយភាគច្រើន។ ការជ្រៀតចូលនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសបារាំង តាមរយៈព្រឹត្តិការណ៍ "សប្តាហ៍ទំនិញវៀតណាម" ជាបន្តបន្ទាប់ដែលបានរៀបចំឡើងអស់រយៈពេល ៤ ឆ្នាំកន្លងទៅ ក្នុងឱកាសពិធីបុណ្យសំខាន់ៗដូចជា៖ ឆ្នាំថ្មី បុណ្យសែនព្រះខែ បុណ្យណូអែល... នៅតាមប្រព័ន្ធលក់រាយធំៗរបស់បារាំង រួមមាន៖ Carrefour, Leclerc, Système-U។ លោក Vu Anh Son ប្រធានសភាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងបានឲ្យដឹងថា នេះគឺជាលទ្ធផលនៃគំរូកិច្ចសហប្រតិបត្តិការត្រីភាគី រវាងទីភ្នាក់ងារតំណាងពាណិជ្ជកម្ម អ្នកនាំចូល និងអ្នកលក់ ក៏ដូចជាវិធីសាស្រ្តជាក់ស្តែង។ “នៅក្នុងគំរូនេះ អត្ថប្រយោជន៍ដំបូងសម្រាប់វៀតណាមគឺការកសាងរូបភាពក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់អន្តរជាតិ។ អត្ថប្រយោជន៍ទីពីរសម្រាប់សហគ្រាសវៀតណាមគឺជាឱកាសដើម្បីឈានដល់អ្នកប្រើប្រាស់មួយចំនួនធំនៅក្នុងប្រព័ន្ធផ្សារទំនើបធំៗក្នុងប្រទេសបារាំងដែលមានស្តង់ដារតឹងរ៉ឹងបំផុត”។

ផលិតផលវៀតណាមកំពុងជ្រៀត​ចូលទីផ្សារពិភពលោកយ៉ាង​ខ្លាំង​ - ảnh 2លោក Vu Anh Son ប្រធានសភាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំង។ រូបថត៖ VOV

គំរូនេះក៏កំពុងមានប្រសិទ្ធភាពនៅក្នុងទីផ្សារទើបលេចចេញជាច្រើនផ្សេងទៀតសម្រាប់ទំនិញនាំចេញរបស់វៀតណាម ដូចជារុស្ស៊ី ឥណ្ឌា មជ្ឈិមបូព៌ា...។ នៅក្នុងពិព័រណ៍អាហារនិងភេសជ្ជៈអន្តរជាតិ Worldfood Moscow ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានកិត្យានុភាពនិងធំបំផុតនៅរុស្ស៊ី កាលពីខែកញ្ញាឆ្នាំ ២០២៣  ផលិតផលវៀតណាមបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Dmitry Zavgorodny អគ្គនាយកសារជិវកម្មតាំងពិព័រណ៍និងព្រឹត្តិការណ៍  ITE បានឲ្យដឹងថា រុស្ស៊ីទទួលស្គាល់ការរីកចម្រើនយ៉ាងខ្លាំងនៃទំនិញវៀតណាមចូលទៅក្នុងទីផ្សាររបស់ប្រទេសខ្លួន ហើយប្រការនេះជាកត្តាជួយឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនិងវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ កើនឡើង ៥១,៤%។ នៅប្រទេសឥណ្ឌា វៀតណាមត្រូវបានជ្រើសរើសជាប្រទេសមួយក្នុងចំណោមប្រទេស "Focus Country" ទាំងបី នៅឯការតាំងពិព័រណ៍ ពិភពអាហារឥណ្ឌា (WFI) កាលពីចុងឆ្នាំមុន។

វិស័យមួយទៀតដែលបានកត់ត្រាការរីកចម្រើននៃផលិតផលវៀតណាមគឺវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។ យោងតាមទិន្នន័យពី Amazon Global Selling Vietnam ក្នុងដំណាក់កាល ២០១៩-២០២៣ ចំនួនផលិតផលវៀតណាមដែលបានលក់នៅលើ Amazon ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោក បានកើនឡើង ៣ ដង។ ទន្ទឹមនឹងនោះ ចំនួនអាជីវកម្មវៀតណាមដែលសម្រេចបានការលក់ ១ លានដុល្លារក្នុងមួយឆ្នាំនៅលើ Amazon បានកើនឡើង ១០ ដង ហើយចំនួនដៃគូលក់ផលិតផលវៀតណាមដែលប្រើប្រាស់សេវាបំពេញការបញ្ជាទិញ (FBA) របស់ Amazon បានកើនឡើង ៣ ដងផងដែរ។ យោងតាមលោក Tran Minh Tuan ប្រធាននាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានចាត់ទុកថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនបានបង្កើតសន្ទុះដ៏អស្ចារ្យសម្រាប់ផលិតផលវៀតណាមឈានចូលទីផ្សារសកល។  “ កត្តាស្នូលនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនគឺការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ នេះគឺជានិន្នាការដ៏ធំមួយនាពេលថ្មីៗនេះ ហើយយើងបានវាយតម្លៃយ៉ាងត្រឹមត្រូវអំពីការអភិវឌ្ឍរបស់វា។ ខ្ញុំយល់ព្រមទាំងស្រុងជាមួយនឹងផែនការពាណិជ្ជកម្មអេឡិចត្រូនិករបស់រដ្ឋាភិបាលនាពេលខាងមុខ ដោយចាត់ទុកពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនជាឱកាសដ៏ល្អសម្រាប់ការនាំចេញទំនិញទៅកាន់ពិភពលោក”។

វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ការដែលផលិតផលវៀតណាមជាច្រើនមានវត្តមាននៅលើទីផ្សារប្រពៃណី និងចាប់ផ្តើមមានវត្តមានក្នុងទីផ្សារថ្មី បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃផលិតផលវៀតណាមលើទីផ្សារសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ