បង្កើនការកែច្នៃស៊ីជម្រៅដោយភាពម្ចាស់ការដើម្បីលក់ចេញកសិផល
(VOVWORLD) - ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរវាងវៀតណាមជាមួយទីផ្សារនាំចូលកសិផល ជាពិសេសគឺទីផ្សារចិន ដែលបង្កឲ្យមាន ការលំបាកជាច្រើនសម្រាប់សហគ្រាសនាំចេញកសិផលរបស់វៀតណាម។ ប៉ុន្តែដោយមានការច្នៃប្រឌិតរបស់ខ្លួននោះ អង្គភាពអាជីវកម្មវៀតណាមជាច្រើន បានរកឃើញទិសដៅថ្មីនិងវិធីធ្វើថ្មីសម្រាប់ផលិតផលរបស់ខ្លួន តាមនោះបានស្វែងរកទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់សហគ្រាសផងដែរ។
“ ស្តេចនំប៉័ង” Kao Sieu Luc (នៅកណ្តាល) ជាមួយនឹងផលិតផលកែច្នៃពីផ្លែស្រការនាគនិងធូរេន (រូបថត៖ vov.vn) |
ដើមឡើយនៃការផ្ទុះជម្ងឺរាតត្បាតនេះ ខណៈដែលព្រំដែនរវាងវៀតណាមនិងចិនត្រូវបានបិទជាបណ្តោះអាសន្ន ផ្លែឈើចំនួន ២ មុខ រួមមានផ្លែស្រការនាគនិងឪឡឹក សុទ្ធសឹងតែមិនបាននាំចេញទៅកាន់ទីផ្សារប្រទេសចិននោះបានទេ។ ពេលនោះ “ ស្តេចនំប៉័ង” Kao Sieu Luc សហការជាមួយក្រុមហ៊ុនចំណីអាហារ Duy Anh (ស្ថិតនៅឃុំ Phu Hoa Dong ស្រុក Cu Chi ទីក្រុងហូជីមិញ) បានធ្វើការស្រាវជ្រាវ និងកែច្នៃនំប៉័ងដោយផ្សំពីផ្លែស្រការនាគ ឬនំបញ្ចុកនិងនំ Banh Trang ដែលកែច្នៃពីផ្លែស្រការនាគ និងឪឡឹកផងដែរ។ មិនយូរប៉ុន្មានផង ផលិតផលដ៏ពិសេសនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ហើយនេះក៏ជាឧទាហរណ៍ជាក់ស្តែងមួយ នៃការច្នៃប្រឌិតក្នុងការផលិតកសិផលរបស់សហគ្រាសវៀតណាមផងដែរ។ លោក Le Duy Toan នាយកផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនចំណីអាហារ Duy Anh បានឲ្យដឹងថា៖
« តាំងពីមុនរហូតមកដល់ពេលនេះ ប្រៀបខ្លាំងរបស់ក្រុមហ៊ុនគឺផលិតផលអង្ករ និងការនាំចេញទៅកាន់ទីផ្សារ។ ប៉ុន្តែឥឡូវនេះ មានការកែច្នៃដោយគួបផ្សំជាមួយផ្លែឈើទៅក្នុងផលិតផលប្រពៃណីនោះ ដើម្បីបង្កើតឡើងផលិតផលថ្មីពិសេស និងខុសប្លែកពីគេ ប៉ុន្តែនៅតែរក្សាបានរសជាតិផ្លែឈើ និងអង្ករបែបប្រពៃណីទៀតផង។ អតិថិជនមានជម្រើសច្រើនសម្រាប់ការទទួលទានរបស់ខ្លួន។ ផលិតផលរបស់ក្រុមហ៊ុនគឺជាផលិតផលសម្ងួត ហេតុដូច្នេះនាបច្ចុប្បន្ននេះ ការបញ្ជាទិញនាំចេញមានច្រើនជាងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញផងដែរ។ »
លោកស្រី Dang Thi Thuy Nga នាយិការសហករណ៍ពាណិជ្ជកម្ម និងសេវាកម្មកសិកម្ម Xuan Dinh នៅស្រុក Xuan Loc ខេត្ត Dong Nai ដែលជាអង្គភាពនាំចេញកសិផលដូចជាផ្លែធូរេន និងផ្លែសាវម៉ាវ បានឲ្យដឹងថា ក្នុងពេលដែលទំនិញ នាំចេញត្រូវបានផ្អាកជាបណ្តោះអាសន្ននោះ សហករណ៍បានជម្រុញការលក់ចេញនៅទីផ្សារក្នុងស្រុក ដោយមានការកែច្នៃការ៉ែមធូរេន ហើយផ្លែសាវម៉ាវក៏ត្រូវបានវេចខ្ចប់ក្នុងកំប៉ុង ហើយរក្សាទុកក្នុងឃ្លាំងត្រជាក់ ដើម្បីលក់ចេញទៅទីផ្សារជាបណ្តើរៗផងដែរ។ លោកស្រី Dang Thi Thuy Nga បានចែករំលែកថា៖
«សម្រាប់ការប្រមូលផល ប្រសិនបើមានទិន្នផលល្អ គឺតម្លៃនឹងធ្លាក់ចុះ - នោះជាក្រិត្យក្រមមួយ។ មនុស្សគ្រប់គ្នា មានបំណងចង់ឲ្យអង្គភាព ឬក្រុមហ៊ុនណាមួយ មកវិនិយោគ ឬតភ្ជាប់ជាមួយកសិករ ដើម្បីធ្វើឃ្លាំងស្តុកទុក ឬប្រមូលទិញ កែច្នៃ រក្សាទុកផ្លែឈើ ដើម្បីនាំចេញឲ្យអស់ពីឃ្លាំងតែម្តង។ ការកែច្នៃជាក្លែបនិងជាការ៉ែម ដើម្បីទុកឲ្យបានរយៈពេលយូរ ដែលធ្វើឲ្យកសិករនឹងនរចិត្តក្នុងការផលិត ពីព្រោះបរិមាណផលិតផលកសិកម្មកាន់តែកើនឡើងជារៀងរាល់ថ្ងៃផងដែរ»។
ផលិតនំបញ្ចុកកែច្នៃពីឪឡឹករបស់ក្រុមហ៊ុន Duy Anh (រូបថត៖ vov.vn) |
សម្រាប់បន្លែនិងផ្លែឈើគ្រប់ប្រភេទវិញ ការកែច្នៃស៊ីជម្រៅ គឺជាវិធានការទាន់ពេលវេលា និងត្រូវបានអង្គភាពអាជីវកម្មជាច្រើនអនុវត្ត ដោយសារតែមិនអាចពន្យាពេលសម្រាប់ការប្រមូលផលបានឡើយ ហើយការថែរក្សាឲ្យបានស្រស់ៗក៏ជួបការពិបាកផងដែរ។ ទន្ទឹមនឹងនេះ ការកែច្នៃបន្លែនិងផ្លែឈើ មិនត្រឹមតែអូសបន្លាយរយៈពេលលក់ចេញទំនិញប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យបានសម្បូរនូវផលិតផល ដើម្បីលក់ចេញទៅកាន់ទីផ្សារឲ្យបានច្រើននិងបង្កបង្កើនតម្លៃនៃកសិផលទៀតផង។ ក្នុងរយៈពេលវែង រដ្ឋសភាវៀតណាម បានមានច្បាប់ស្តីពី ដំណាំដាំដុះ ហើយវិស័យកសិកម្មរបស់វៀតណាមក៏មានគោលការណ៍ និងគោលនយោបាយជាក់ស្តែង ដើម្បីអភិវឌ្ឍន៍តំបន់វត្ថុធាតុដើម និងបង្កើតតំបន់កសិផល ទំនិញធំៗជាដើម ដើម្បីជម្រុញការបង្កើតសហករណ៍ដែលតភ្ជាប់ជាមួយប្រជាកសិករផងដែរ ។ ហេតុដូច្នេះ វត្ថុធាតុដើមសម្រាប់ការកែច្នៃ នឹងមានស្ថិរភាពបន្តិចម្តងៗ រីឯផ្នែកនៅសេសសល់ គឺធ្វើយ៉ាងដូចម្តេច ដើម្បីសហគ្រាសហ៊ានវិនិយោគក្នុងការកែច្នៃកសិផល។ លោក Nguyen Hong Son នាយកវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាមបានមានប្រសាសន៍ថា៖
« រដ្ឋមានគោលនយោបាយ ហើយសហគ្រាស ត្រូវមានយុទ្ធសាស្ត្រវិនិយោគចាប់ពីខ្សែសង្វាក់ឧបករណ៍ទំនើបៗ រហូតមកដល់ការសាងសង់ឃ្លាំងស្តុក ដើម្បីអាចរក្សាទុកបាននៅក្នុងរដូវប្រមូលផលផងដែរ។ នាពេលបច្ចុប្បន្ននេះ តម្រូវការទឹកភេសជ្ជៈដែលផលិតពីផ្លែឈើ គឺមានច្រើនណាស់ ក៏ប៉ុន្តែមានត្រឹមតែសហគ្រាសមួយចំនួន បានវិនិយោគក្នុងការកែច្នៃស៊ីជម្រៅ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ។»
ក្នុងបរិបទ ដែលកសិផលរបស់វៀតណាម កំពុងជួបការលំបាកជាច្រើនដូចនាបច្ចុប្បន្ន នោះការកែច្នៃស៊ីជម្រៅ គឺជាដំណោះស្រាយប្រកបដោយចីរភាព ។ ពិតណាស់ថាគោលដៅរបស់វៀតណាម គឺផ្តោតលើការបង្កើនផលិតភាពកែច្នៃឡើងដល់ ២៥% ដែលស្មើនឹងបរិមាណបន្លែនិងផ្លែឈើជាង ៦ លានតោនក្នុងមួយឆ្នាំផងដែរ។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ សហគ្រាសផលិតកម្មនិងកែច្នៃ ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្លាស់ប្តូរថ្មីនូវវិស័យផលិតកម្ម ហើយរដ្ឋាភិបាល នឹងធ្វើឲ្យបានល្អនូវតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការនិងមានគោលនយោបាយស្តីពីការឧបត្ថម្ភខាងដើមទុនវិនិយោគ ដើម្បីនាំវិស័យកែច្នៃនិងនាំចេញកសិផលអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕