ប្រសិទ្ធភាពក្នុងកម្មវិធីសហប្រតិបត្តិការរដ្ឋ-ឯកជនសម្រាប់ការផលិតកាហ្វេប្រកបដោយចីរភាពនៅខេត្ត Dak Lak

(VOVWORLD) - ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះ កម្មវិធីសហប្រតិបត្តិការរដ្ឋ - ឯកជនក្រោមប្រធានបទ «អ្នកជម្រុញកសិកម្មដែលផ្សារភ្ជាប់នឹងចំការកាហ្វេគំរូ” បានជួយគ្រួសារកសិកររាប់ពាន់គ្រួនៅខេត្ត Dak Lak លើកកំពស់នូវផលិតភាពនិងគុណភាពនៃចំការកាហ្វេរបស់ខ្លួន។ កិច្ចសហ ប្រតិបត្តិការរដ្ឋ-ឯកជន បាន បើកចេញទិសដៅថ្មីសម្រាប់ការផលិតកាហ្វេ ហើយត្រូវបានគេរំពឹង ថានឹងពង្រីកទៅផ្នែកមុខទំនិញជាច្រើនមុខថែមទៀតក្នុងវិស័យកសិកម្មផង ដែរ។
ប្រសិទ្ធភាពក្នុងកម្មវិធីសហប្រតិបត្តិការរដ្ឋ-ឯកជនសម្រាប់ការផលិតកាហ្វេប្រកបដោយចីរភាពនៅខេត្ត Dak Lak - ảnh 1ប្រជាជនដែលចូលរួមក្នុងកម្មវិធីនេះត្រូវបានហ្វឹកហាត់អំពីបច្ចេកទេសដាំដុះនិងថែទាំកាហ្វេប្រកបដោយប្រសិទ្ធភាព (រូបថត៖ Vov.vn) 

ក្រោយរយៈពេលជាង ៧ ឆ្នាំនៃការចូលរួមក្នុងកម្មវិធីដាំដើមកាហ្វេឡើងវិញ និងផលិតកាហ្វេប្រកបដោយចីរភាព លោក Tran Trong Khanh នៅឃុំ Cu Ebur  ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានឃើញពីអត្ថប្រយោជន៍ច្បាស់លាស់ដែលកម្មវិធីនេះនាំមកជូនលោកផងដែរ។ ជាក់ស្តែងការផលិតកាហ្វេបានកើនឡើងមួយដងកន្លះ រីឯចំណាយលើការផលិតកម្មបានថយចុះជិត ១/ ៣ ហើយតម្លៃលក់ មានស្ថិរភាពនិងខ្ពស់ជាងនៅលើទីផ្សារពី ១០០០ ទៅ ៣០០០ ដុង / គីឡូក្រាម។ លោក Khanh បានមានប្រសាសន៍ថានៅពេលដែលដឹងព័ត៌មានអំពីកម្មវិធីផលិតកាហ្វេប្រកបដោយចីរភាពដែលត្រូវបានអនុវត្តនៅ Dak Lak នោះលោកបានចុះឈ្មោះចូលរួមនិងទទួលពូជដើមកាហ្វេ ដើម្បីធ្វើវប្បកម្មឡើងវិញលើទំហំផ្ទៃដីកាហ្វេចាស់ចំនួន ២ ហិកតា។ ទន្ទឹមនឹងនេះ លោកក៏បានទទួល ការជួយឧបត្ថម្ភផ្នែកបច្ចេកទេសការណែនាំអំពីវិធីថែទាំចំការកាហ្វេតាមស្តង់ដារ 4C (រួមមាន៖ Common (ទូទៅ) Code (ក្រម) Coffee (កាហ្វេ) និង Community (សហគមន៍)។ យោងតាមស្តង់ដារនេះ អ្នកដាំកាហ្វេបានសន្យាកាត់បន្ថយការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត ដើម្បីការពារបរិស្ថាន ព្រមទាំងធានាបាននូវបរិយាកាសធ្វើការងារល្អបំផុតសម្រាប់អ្នកដាំដុះនិងអ្នកថែទាំចំការកាហ្វេផងដែរ។ លោក Tran Trong Khanh បានចែករំលែក៖    «មុនពេលធ្វើវប្បកម្មឡើងវិញ ផលិតកម្មកាហ្វេត្រឹមតែសម្រេចបាន ១,៥ តោន/ហិកតាប៉ុណ្ណោះ យើងខ្ញុំមានអារម្មណ៍ថាមិនសូវមានប្រសិទ្ធិភាពទេ។ នៅពេលដែលដឹងព័ត៌មានកម្មវិធីធ្វើវប្បកម្មដើមកាហ្វេឡើងវិញរបស់រដ្ឋាភិបាល យើងខ្ញុំក៏អនុវត្តតាមកម្មវិធីនេះវិញ។ រហូតមកទល់ពេលនេះ ដើមកាហ្វេរបស់យើងខ្ញុំក៏ដាំបានរយៈ ៧ ឆ្នាំហើយ   នាបច្ចុប្បន្នផលិតភាពកាហ្វេ ក៏ទទួលបាន ពី ២ ទៅ ២,៥ តោន/ហិកតា »។

ក៏ដូចលោក Khanh ដែរ មានប្រជាកសិករផលិតកាហ្វេជាច្រើននាក់ទៀតនៅខេត្ត  Dak Lak ក៏បានចូលរួមយ៉ាងសកម្មក្នុងការធ្វើវប្បកម្មដើមកាហ្វេឡើងវិញ និងការផលិតកាហ្វេប្រកបដោយនិរន្តរភាពផងដែរ។ ចាប់តាំងពីឆ្នាំ ២០១២ មក កម្មវិធីសហប្រតិបត្តិការរដ្ឋ- ឯកជនក្រោមប្រធានបទ «អ្នកជំរុញកសិកម្មផ្សារភ្ជាប់នឹងចំកាកាហ្វេគំរូ» ត្រូវបានអនុវត្តនៅស្រុកសំខាន់ៗចំនួន ៧ របស់ខេត្ត Dak Lak ផងដែរ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីប្រមូលប្រជាកសិករផលិតកាហ្វេមកបង្កើតជាក្រុមកសិករ ដើម្បីជួយហ្វឹកហាត់ប្រគល់ផ្ទេរផ្នែកបច្ចេកទេសជឿនលឿនខាងដាំដុះដើមកាហ្វេ និងផ្តល់ព័ត៌មានច្បាស់លាស់អំពីទីផ្សារ ព្រមទាំងកសាងចំការកាហ្វេគំរូ និងអនុវត្តការណែនាំដល់កសិករក្នុងក្រុមតាមរូបសណ្ឋានសំដែងតាមវិធីសាស្ត្រ "កសិករហ្វឹកហាត់កសិករ" ជាដើម។ លោក Pham Phu Ngoc ប្រធានតំណាងការិយាល័យ Nestlé វៀតណាមប្រចាំនៅ Tay Nguyen បានមានប្រសាសន៍ថា៖ Nestlé វៀតណាម គឺជាអង្គភាពឈានមុខគេដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការរដ្ឋ - ឯកជនចាប់តាំងពីឆ្នាំ ២០១០ មក ។ ដោយយល់ឃើញនូវអត្ថប្រយោជន៍ជាច្រើននៃកម្មវិធីនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក Nestlé បានអនុវត្តសកម្មភាពដៃគូរនៅក្នុងផ្នែកមុខទំនិញផ្សេងៗទៀតជាច្រើន ដូចជាកាហ្វេ កាកាវ តែ និងទឹកភេសជ្ជៈ ដបជាដើម។ ជាពិសេស សម្រាប់ផ្នែកកាហ្វេដែលត្រូវបានដំណើរការយ៉ាងយកចិត្តទុកដាក់នៅខេត្ត Dak Lak  និងតំបន់ Tay Nguyen ហើយកម្មវិធីសហប្រតិបត្តិការរដ្ឋ - ឯកជន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងផងដែរ។ លោក Pham Phu Ngoc បានចែករំលេកថា៖

«ជាក់ស្តែងក្នុងកម្មវិធីសហប្រតិបត្តិការរដ្ឋ - ឯកជននោះ យើងខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើន។ នៅពេលយើងចូលរួមក្នុងកម្មវិធី យើងខ្ញុំ បានបង្កើតបណ្តាញមួយតាមខ្សែសង្វាក់តម្លៃកាហ្វេ។ យើងខ្ញុំបាននាំសហគ្រាស វៀតណាមទាំងអស់ក្នុងខ្សែសង្វាក់តម្លៃកាហ្វេចូលទៅក្នុងកម្មវិធីរបស់យើងខ្ញុំដែលយើងខ្ញុំហៅថា Nestcafe Plan  ដែលជាកម្មវិធីបង្កើតតម្លៃរួម។ប្រការនេះមានន័យថានៅពេលដែលគេចូលរួម គេក៏នឹងទទួលបានអត្ថប្រយោជន៍ដូចគ្នាផងដែរ ។ អត្ថប្រយោជន៍ល្អបំផុតដែល Nestlé ទទួលបានគឺបន្ទាប់ពីកសិករបានចូលរួមក្នុងកម្មវិធីនេះ គេត្រូវធ្វើតាមដំណើរការនៃការផលិតកាហ្វេប្រកបដោយចីរភាពក្នុងវិស័យចំនួន ៣ រួមមាន សេដ្ឋកិច្ច - សង្គម - បរិស្ថាន ហើយចុងក្រោយគឺ Nestle ទទួលបានកាហ្វេ មានគុណភាពល្អដើម្បីនាំយកមកផលិតក្នុងរោងចក្រ ក៏ដូចជានាំចេញទៅកាន់ប្រទេសដទៃទៀតដោយគ្មានការលំបាកណាមួយ ដូចកាលពីមុនឡើយ »។

រីឯលោក Ngo Nhan នាយកមជ្ឈមណ្ឌលជម្រុញកសិកម្ម ខេត្ត Dak Lak បានឲ្យដឹងថែមទៀតថា៖

«ក្នុងរយៈពេលកន្លងមកនេះ ជាមួយនឹងឧត្តមភាពខាងដើមកាហ្វេជាមុខព្រួញ យើងខ្ញុំបានសហការតាមបែបរដ្ឋ - ឯកជន។ ខ្ញុំសង្ឃឹមថា សម្រាប់ ផលិតផលដូចជាម្រេច ដើមឈើហូបផ្លែក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសក្នុង វិស័យជលផល វិស័យចិញ្ចឹមត្រីទឹកសាប ក៏រំពឹងថានឹងមានប្រភពធនធានពីដៃគូ ខាងក្រៅ មកជួយឧបត្ថម្ភ ដើម្បីរួមដំណើរជាមួយអង្គភាពនានាក្នុងការជួយបងប្អូនកសិករទទួលបាននូវគំរូសហប្រតិបត្តិការក្នុងការផលិតផលិតចេញឲ្យផលដែលមានតម្លៃសម្រាប់បម្រើជីវភាពរស់នៅសង្គម »។

នាពេលខាងមុខ ខេត្ត Dak  Lak នឹងបន្តរក្សាសកម្មភាព ដើម្បីពង្រីកកម្មវិធីសហ ប្រតិបត្តិការរដ្ឋ - ឯកជន ជាក់ស្តែង គឺកម្មវិធីកម្មាភិបាលជំរុញកសិកម្មផ្សារភ្ជាប់ជាមួយចំការកាហ្វេគំរូ ក្នុងតំបន់ដាំដុះកាហ្វេសំខាន់ៗនៅខេត្ត Dak Lak  ក៏ដូចជាបន្តរក្សានិងពង្រឹងសកម្មភាពរបស់ក្រុមកសិករ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវស្វែងរកធនធាននានាដើម្បីគាំទ្រដល់កសិករក្នុងការផលិតមុខទំនិញផ្សេងៗទៀត ដូចជាដើម ឈើហូបផ្លែ ចិញ្ចឹមសត្វ និងជលផលយោងតាមកម្មវិធីសហប្រតិបត្តិការសាធារណៈ- ឯកជនផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ