ផ្នែគតែ Thai Nguyen ខិតខំទទួលបានប្រាក់ចំណូល ១ ពាន់លានដុល្លារ
(VOVWORLD) - ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលពីផលិតផលតែនៅខេត្ត Thai Nguyen ត្រូវបានប៉ាន់ស្មានទទួលបានជាង ១០ ពាន់ពាន់លានដុង ស្មើនឹងជិត ៥០០លានដុល្លារអាមេរិក។ ការធានាគុណភាពផលិតផលតែតាមស្តង់ដារ OCOP ជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក គឺជាគោលមាគ៌ាសម្រាប់ផ្នែគតែ Thai Nguyen សម្រេចបានគោលដៅទទួលប្រាក់ចំណូល ១ ពាន់លានដុល្លារនាពេលខាងមុខ។
ផ្នែគតែ Thai Nguyen ខិតខំទទួលបានប្រាក់ចំណូល ១ ពាន់លានដុល្លារអាមេរិក។(រូបថត៖ VOV) |
ប្រៀបខ្លាំងរបស់ខេត្ត Thai Nguyen គឺជាផលិតផលតែដែលទទួលបានវិញ្ញាបនបត្រ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។ ចាប់តាំងពីពេលដែលតែ Thai Nguyen ត្រូវបានអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកទេសក្នុងការផលិត និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃពីពូជតែដែលមានទិន្នផលខ្ពស់ ដំណើរការថែទាំប្រើប្រាស់ថ្នាំការពារដំណាំជីវសាស្រ្តនិងជីសរីរាង្គ ស្របតាមស្តង់ដារ VietGAP មក តម្លៃលក់បានកើនឡើង ២-៣ដងបើប្រៀបធៀបនឹងដំណាក់កាលមុនៗ ដែលនាំមកនូវប្រាក់ចំណូលស្ថេរភាពសម្រាប់គ្រួសារធ្វើតែ។
ផលិតផលតែទទួលបានវិញ្ញាបនបត្រ OCOP គឺជាការបញ្ជាក់ពីផលិតផលស្អាតនិងត្រូវបានគ្រប់គ្រងគុណភាពតាមស្តង់ដារសុវត្ថិភាព ពោលគឺទទួលបានលិខិតបើកផ្លូវដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ ហេតុដូច្នេះ ខេត្ត Thai Nguyen កំពុងរឹតបន្តឹងការត្រួតពិនិត្យ ឃ្លាំមើល និងប្តេជ្ញាចិត្តដកចេញផលិតផលដែលមិនបំពេញតាមស្តង់ដារ។ លោក Vu Van Phan ប្រធានសាខានាយកដ្ឋានគុណភាព កសិកម្ម រុក្ខាប្រមាញ់និងជលផលខេត្ត Thai Nguyen បានឲ្យដឹងថា៖ “ការរក្សាគុណភាពផលិតផល OCOP គឺជាបញ្ហាប្រឈមសម្រាប់ការគ្រប់គ្រង។ សហករណ៍ និងសហគ្រាសបានលើកកម្ពស់ស្មារតីភ្ញាក់រលឹក និងទំនួលខុសត្រូវក្នុងការអនុវត្តបទប្បញ្ញត្តិធានាគុណភាពនឹងជួយផលិតផល OCOP បង្កើនតម្លៃនិងទន្ទ្រានកាន់កាប់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេស៖ “ចំពោះផលិតផលដែលទទួលបានវិញ្ញាបនបត្រនោះ យើងខ្ញុំតែងតែបង្កើនការត្រួតពិនិត្យនិងឃ្លាំមើលដើម្បីធានាគុណភាពផលិតផល។ បច្ចុប្បន្ននេះ អង្គភាពនានាក៏មើលឃើញថា ផលិតផលដែលទទួលបានវិញ្ញាបនបត្រគួរតែត្រូវបានការពារ និងផលិតស្របតាមបទប្បញ្ញត្តិ។ អង្គភាពក៏បានឃើញថា ផលិតផលដែលទទួលបានវិញ្ញាបនប័ត្រនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើន ដូច្នេះពួកគេក៏ចង់ការពារមិនឲ្យប៉ះពាល់ដល់ផលិតផលរបស់ខ្លួននោះទេ”។
លោកស្រី Nguyen Thi Nga ប្រធានសមាគមតែ Thai Nguyen ។ (រូបថត៖ thainguyen.gov.vn) |
ខេត្ត Thai Nguyen ជាខេត្តដែលមានផ្ទៃដីដាំតែដ៏ធំបំផុតនៅវៀតណាម ជាមួយនឹងផ្ទៃដីជិត ២៣ ពាន់ហិកតា ទិន្នផលសម្រេចបានជាង ២៤៤ ពាន់តោន។ ផលិតផលតែ Thai Nguyen មានវត្តមាននៅលើទីផ្សារនៃខេត្ត ក្រុងទាំង ៦៣ និងប្រទេសមួយចំនួននៅលើពិភពលោក។ ផលិតផលតែបំពេញស្តង់ដារ OCOP ទោះបីមានតម្លៃខ្ពស់ជាងតែធម្មតាក៏ដោយ (១២.០០០ ដុល្លារ/ហិកតា) ក៏ប៉ុន្តែផ្ទៃដីដាំដុះតែតាមស្តង់ដារ OCOP ទើបតែឈានដល់ជិត ១០% នៃផ្ទៃដីដាំតែរបស់ខេត្តតែប៉ុណ្ណោះ។ ដូច្នេះហើយ តម្លៃសរុបនៃឧស្សាហកម្មតែ Thai Nguyen នៅតែទាបណាស់។ ទន្ទឹមនឹងនោះ ការតភ្ជាប់រវាងខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់តម្លៃនៃផ្នែកតែមិនទាន់ហ្មត់ចត់នោះទេ ភាគច្រើនគឺអ្នកដាំតែត្រឹមតែធ្វើការកែច្នៃនិងចែកចាយដោយខ្លួនឯង។ បើទោះបីជាត្រូវបាននាំចេញទៅប្រទេសជាច្រើននៅជុំវិញពិភពលោកក៏ដោយ ប៉ុន្តែផលិតផលតែ Thai Nguyen ភាគច្រើននៅតែជាវត្ថុធាតុដើម ដែលមានតម្លៃជាមធ្យមស្មើនឹង ៦០% នៃតម្លៃលក់នៅលើទីផ្សារពិភពលោកតែប៉ុណ្ណោះ។ យោងតាមលោកស្រី Nguyen Thi Nga ប្រធានសមាគមតែ Thai Nguyen បានឲ្យដឹងថា ដើម្បីនាំចេញផលិតផលតែទៅកាន់ទីផ្សារនៃបណ្តាប្រទេស ត្រូវតែគ្រប់គ្រងបានតំបន់វត្ថុធាតុដើម គ្រប់គ្រងដំណើរការដាំដុះនិងប្រមូលផលរបស់សហគ្រាស៖ “ចំពោះផលិតផលតែ OCOP គោលបំណងដ៏ធំបំផុតនោះគឺត្រូវបានផ្សព្វផ្សាយផលិតផលនៅលើទីផ្សារធំជាង។ ព្រោះថាទាំងនេះគឺជាផលិតផលដែលពួកគេបានខិតខំប្រឹងប្រែងដើម្បីឈានដល់ស្តង់ដារ OCOP។ មានបំណងចង់ផ្សព្វផ្សាយនិងចែកចាយផលិតផល ទន្ទឹមនឹងនោះក៏មានបំណងចង់ពង្រីកតំបន់វត្ថុធាតុដើម ដើម្បីរក្សានិងលើកកម្ពស់គុណភាពផលិតផលឲ្យកាន់តែប្រសើរថែមទៀតដែរ”។
ដើម្បីផ្នែកតែសម្រេចបានគោលដៅទទួលប្រាក់ចំណូល ១ ពាន់លានដុល្លារនាពេលខាងមុខនោះ ខេត្ត Thai Nguyen បានបង្កើនការជួយឧបត្ថម្ភសហករណ៍និងសហគ្រាសដើម្បីអនុវត្តន៍សកម្មភាពផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្ម ជួយឧបត្ថម្ភការរចនាគំរូ និងវេចខ្ចប់សម្រាប់ផលិតផលតែ។ រហូតមកដល់ពេលនេះ ផលិតផលតែត្រូវបានធ្វើឲ្យប្រសើរឡើងជាមួយការរចនាវេចខ្ចប់ដ៏សម្បូរបែប រួមចំណែកលើកកម្ពស់ការប្រើប្រាស់នៅក្នុងទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ខេត្ត Thai Nguyen បានរៀបចំកម្មវិធីបណ្តុះបណ្តាលយ៉ាងច្រើន ណែនាំដល់អង្គភាពតែ OCOP ដើម្បីបង្កើតពាណិជ្ជកម្មអេឡិចត្រូនិកនៅលើវេទិកាឌីជីថល អនុវត្តន៍គំរូសេដ្ឋកិច្ចឌីជីថលគួបផ្សំនឹងការ Livestream ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផល ។ លោក Nguyen Minh Tien នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម-កសិកម្មនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ “យើងកំពុងជំរុញពាណិជ្ជកម្មអេឡិចត្រូនិកជាជំហានៗ ជាពិសេសគឺបណ្តាញសង្គម។ ក្នុងខែកុម្ភៈឆ្នាំ២០២៣នេះ យើងខ្ញុំនឹងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Tik tok រួមជាមួយ Viettel Post និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីជំរុញពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ផលិតផល OCOP”។
បង្កើតខ្សែសង្វាក់តភ្ជាប់តម្លៃដែលផ្សារភ្ជាប់ជាមួយការចែកចាយផលិតផលពីដំណាក់កាលដាំដុះ ថែទាំ ប្រមូលផល រក្សាទុក កែច្នៃ វេចខ្ចប់ ផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្មនិងចែកចាយផលិតផល; ទន្ទឹមនឹងនោះ ពង្រីកតំបន់វត្ថុធាតុដើម និងស្តង់ដារនីយកម្មអំពីដំណើរការថែទាំ បំពេញតាមស្តង់ដារជាតិ ឆ្ពោះទៅរកការនាំចេញ កំពុងជាទិសដៅនៃឧស្សាហកម្មតែ Thai Nguyen ជាមួយនឹងការប្តេជ្ញាចិត្តទទួលបានប្រាក់ចំណូល ១ ពាន់លានដុល្លារក្នុងរយៈពេលឆាប់ៗបំផុត៕