ផលិតកម្មអាជីវកម្មមានសញ្ញាវិជ្ជមានជាច្រើនក្នុងរយៈពេល ៦ ខែដើមឆ្នាំ
(VOVWORLD) - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤នេះ ស្ថានភាពសេដ្ឋកិច្ចវៀតណាមបានរក្សានិន្នាការវិជ្ជមាន ដោយកំណើន GDP ឈានដល់ ៦,៤២% ។ ក្នុងនោះ ផលិតកម្មអាជីវកម្មបានកត់ត្រាការស្តារឡើងវិញយ៉ាងខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល ដែលសន្យាថានឹងបង្កើតសន្ទុះសម្រាប់កំណើនក្នុងឆមាសទីពីរនៃឆ្នាំនេះ និងឆ្នាំបន្ទាប់ទៀត។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា សេដ្ឋកិច្ចបានកត់ត្រាលទ្ធផលវិជ្ជមានជាមួយនឹងសន្ទស្សន៍កំណើនលើផ្នែកនិងវិស័យជាច្រើន ដែលក្នុងនោះផលិតកម្មអាជីវកម្ម និងផលិតកម្មឧស្សាហកម្មបានកើនឡើងក្នុងទ្រង់ទ្រាយធំជាមួយនឹងខេត្ត ក្រុងចំនួន ៥៦/៦៣ មានសន្ទស្សន៍កើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឧស្សាហកម្មកែច្នៃ និងផលិត គឺជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចទាំងមូល ជាមួយនឹងអត្រាកើនឡើង ៨,៦៧% ។
ការផលិតគ្រឿងអេឡិចត្រូនិកនៅរោងចក្រ Canon ដែលវិនិយោគដោយជប៉ុន នៅមណ្ឌលឧស្សាហកម្ម Pho Noi A ខេត្ត Hung Yen។ រូបភាព៖ Pham Kien/TTXVN |
ដោយពន្យល់ពីកំណើនវិជ្ជមាននេះ លោក Pham Tuan Anh អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានអះអាងថា សម្រេចបានលទ្ធផលនេះគឺដោយសារមានការដឹកនាំយ៉ាងប្តូរផ្តាច់ពីរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្នុងការបញ្ចេញទុនវិនិយោគសាធារណៈ ការដាក់ពង្រាយគម្រោងឧស្សាហកម្មសំខាន់ៗ ក៏ដូចជាលទ្ធផលនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជួយបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក៖ “រដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្នែក និងមូលដ្ឋានបានរួមដំណើរជាមួយសមាគមធុរកិច្ច ដើម្បីឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចុះហត្ថលេខាក្នុងបរិបទដែលទីផ្សារពិភពលោកកំពុងស្តារឡើងវិញ ការនាំចេញបានកើនឡើងយ៉ាងវិជ្ជមានក្នុងផ្នែកទំនិញនាំចេញសំខាន់ៗរបស់វៀតណាមដូចជា វាយនភណ្ឌ ស្បែកជើង គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ...។ លើសពីនេះ សមត្ថភាពរបស់ធុរកិច្ច ជាពិសេសធុរកិច្ចក្នុងស្រុកត្រូវបានកែលម្អ ដោយមានគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល។ ទាំងនេះគឺជាសញ្ញាវិជ្ជមានថ្មី ខណៈដែលធុរកិច្ចក្នុងស្រុកបានបង្កើនការនាំចេញជិតពីរដងបើធៀបនឹងធុរកិច្ច FDI “។
ដើម្បីបន្តជួយធុរកិច្ចរក្សាសកម្មភាពផលិតកម្មអាជីវកម្ម នាពេលថ្មីៗនេះ រដ្ឋាភិបាលបានស្នើឱ្យបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន២% រហូតដល់ដំណាច់ឆ្នាំនេះ ពោលគឺពន្យាពេល៦ខែបន្ថែមទៀត បើធៀបនឹងការសម្រេចរបស់រដ្ឋសភាកាលពីចុងឆ្នាំមុន។ ព័ត៌មាននេះត្រូវបានសហគមន៍ធុរកិច្ចទទួលស្វាគមន៌ជាវិជ្ជមាន។ ដោយសារតែការកាត់បន្ថយពន្ធលើតម្លៃបន្ថែមជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងតម្លៃផលិតផលទាប ដូច្នេះវាជួយឱ្យធុរកិច្ចបង្កើនសមត្ថភាពងើបឡើងវិញ និងពង្រីកផលិតកម្មអាជីវកម្ម។ លោកស្រី Nguyen Thi Diem Hang អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vinapharma Group បានចាត់ទុកថា៖ "ជាមួយនឹងការកាត់បន្ថយពន្ធ និងជាពិសេសពន្ធលើតម្លៃបន្ថែមនាពេលកន្លងមក ក៏ដូចជាក្នុងពេលខាងមុខ ធុរកិច្ចទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍។ ប្រការនេះ ជួយធុរកិច្ចកាត់បន្ថយថ្លៃដើមផលិតកម្មអាជីវកម្មយ៉ាងច្រើន។ តាមនោះ ជះឥទ្ធិពលដោយផ្ទាល់ដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ ដែលនឹងជំរុញតម្រូវការដើម្បីបង្កើនសមត្ថភាពទិញទំនិញ”។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកនៅមានការប្រែប្រួលជាច្រើន បើទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងប៉ុន្មានខែដើមឆ្នាំបានបង្ហាញសញ្ញាវិជ្ជមានក៏ដោយ ក៏ដំណើរការងើបឡើងវិញនៅតែមិនដូចការរំពឹងទុក។ ទន្ទឹមនឹងនោះ ទីផ្សារពិភពលោកនៅតែជួបការលំបាក ជាមួយនឹងហានិភ័យនៃអស្ថិរភាពនាពេលអនាគត សម្ពាធអតិផរណាខ្ពស់ ហានិភ័យនៃការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ ជម្លោះភូមិសាស្ត្រនយោបាយ និងតម្លៃថាមពលកើនឡើងខ្ពស់។ ការលំបាកទាំងនេះបន្តដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ចវៀតណាម។ ដូច្នេះហើយ បើទោះបីមានសញ្ញាណនៃការរីកចម្រើនក៏ដោយ ក៏អាជីវកម្មនៅតែជួបការលំបាកជាច្រើន។
លោក Pham Tuan Anh អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម។ រូបថត៖ TTXVN |
ដើម្បីបន្តរក្សាសន្ទុះកំណើនផលិតកម្មអាជីវកម្មក្នុងរយៈពេលមធ្យម និងរយៈពេលវែង លោក Pham Tuan Anh អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានស្នើដំណោះស្រាយថា៖ “បន្តអនុវត្តយ៉ាងសកម្មនិងមានប្រសិទ្ធភាពនូវគោលនយោបាយគាំទ្រធុរកិច្ចដែលរដ្ឋាភិបាលបានអនុម័ត ដើម្បីលុបបំបាត់រាល់ការលំបាក និងឧបសគ្គក្នុងសកម្មភាពផលិតកម្មអាជីវកម្មរបស់ធុរកិច្ច ជាពិសេសការនាំចេញសំខាន់ៗ។ ទន្ទឹមនឹងនោះ ជំរុញ និងដាក់ឱ្យដំណើរការគម្រោងផលិតកម្មថ្មី ដើម្បីបម្រើដល់ការនាំចេញនិងការប្រើប្រាស់ក្នុងស្រុក បង្កើតសមត្ថភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍផលិតកម្ម និងប្រភពទំនិញសម្រាប់ការនាំចេញ”។
ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផល ធុរកិច្ចជាច្រើនបានជំរុញខ្លាំងទាំងសកម្មភាពនាំចេញនិងការពង្រីកទីផ្សារក្នុងស្រុក ផ្លាស់ប្តូររចនាសម្ព័ន្ធទំនិញដោយភាពបត់បែនតាមតម្រូវការរបស់ទីផ្សារ។ ធុរកិច្ចជាច្រើនបានធ្វើ បរិវត្តកម្មឌីជីថលទៅក្នុងសកម្មភាពផលិតកម្ម ដើម្បីកាត់បន្ថយការចំណាយ បង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវសកម្មភាពផលិតកម្ម។ លើសពីនេះ ធុរកិច្ចជាច្រើនបានផ្តោតលើការច្នៃប្រឌិតឧបករណ៍ និងបច្ចេកវិទ្យា ទន្ទឹមនឹងនោះ ជំរុញការតភ្ជាប់បណ្តាញផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើបរទេស កែលម្អគុណភាព និងកាត់បន្ថយតម្លៃសេវាកម្ម ទាញយកឱកាសដើម្បីគ្រប់គ្រង និងពង្រឹងចំណែកទីផ្សារ។
បើទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏កំណើនផលិតកម្មអាជីវកម្មនៅតែជាសញ្ញាល្អ បង្កើតកម្លាំងចលករយ៉ាងខ្លាំង សម្រាប់ប៉ុន្មានខែដែលនៅសេសសល់នៃឆ្នាំ ២០២៤ និងឆ្នាំបន្ទាប់ទៀត៕