ពាណិជ្ជសញ្ញាជាតិវៀតណាម - លើកឋានៈឡើងកម្ពស់ថ្មី
(VOVWORLD) - នៅឆ្នាំ ២០២០ តម្លៃពាណិជ្ជសញ្ញាជាតិវៀតណាមបានកើនឡើង ២៩% ពោលគឺកើនឡើង ៩ កាំ ជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមពាណិជ្ជសញ្ញាជាតិទាំង ១០ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក ហើយនៅតែរក្សាបានចំណាត់ថ្នាក់នេះនៅឆ្នាំ ២០២១ បើទោះបីជាជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។
លោក Than Duc Viet អគ្គនាយកក្រុមហ៊ុន May 10 (រូបថត៖ baodautu.vn) |
នៅឆ្នាំ ២០២១ តម្លៃពាណិជ្ជសញ្ញាជាតិវៀតណាមបន្តកើនឡើង ២១,៦% បើប្រៀបធៀបនឹងឆ្នាំ ២០២០ ពោលគឺចាប់ពី ៣១៩ពាន់លានដុល្លារអាមេរិកឡើងដល់ ៣៨៨ ពាន់លានដុល្លារអាមេរិក។ ប្រការនេះបន្តបញ្ជាក់ពីតួនាទី និងប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍន៍កម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមចាប់ពីអ្នកគ្រប់គ្រង រហូតដល់សហគមន៍ធុរកិច្ចផងដែរ។
ក្រោយរយៈពេលអនុវត្តន៍ជាង ១៨ ឆ្នាំ មក កម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមបានបំផុសបំផុលការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់សហគមន៍ធុរកិច្ចក្នុងបុព្វហេតុកសាងពាណិជ្ជសញ្ញាសហគ្រាសនិយាយដោយឡែក និងពាណិជ្ជសញ្ញាជាតិវៀតណាមនិយាយរួមផងដែរ។ នៅឆ្នាំ ២០២២ សហគ្រាសពាណិជ្ជសញ្ញាជាតិចំនួន ១២៤ អង្គភាពនៅតែអះអាងពីឋានៈរបស់ខ្លួន ក្នុងគ្រាដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលក្នុងនោះមានសហគ្រាសគំរូជាច្រើនដូចជា៖ ក្រុមហ៊ុន May ១០ ក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើង Dien Quang Hapro Habeco កំពុងផែ Saigon ជាដើម។ លោក Than Duc Viet អគ្គនាយកក្រុមហ៊ុន May 10 បានឲ្យដឹងថា៖ “ដើម្បីបង្កើតពាណិជ្ជសញ្ញា May 10 នោះ កត្តាដំបូងគឺគុណភាពផលិតផល ហើយទីពីរគឺការរចនាផលិតផល។ ក្រុមអ្នកបច្ចេកទេស និងកម្មករជំនាញរបស់យើងខ្ញុំបានផលិតចេញនូវផលិតផលប្រកបដោយគុណភាពផង និងធានាម៉ូដឲ្យទាន់សម័យបំផុតទៀតផង។ ទស្សនវិជ្ជាពាណិជ្ជសញ្ញា May 10 របស់យើងខ្ញុំបានផ្ដោតសំខាន់លើការរចនាបែបអឺរ៉ុប បច្ចេកវិទ្យា និងគុណភាពផលិតកម្មរបស់ជប៉ុន ភាពងាយស្រួលក្នុងការប្រើប្រាស់របស់អាមេរិក ប៉ុន្តែតម្លៃរបស់វៀតណាម”។
អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនភាគហ៊ុនឱសថ Da Nang - Danapha មានផលិតផលចំនួន ២ ជាប់ពាណិជ្ជសញ្ញាជាតិវៀតណាមគឺ Botidana និង Cholestin ដែលត្រូវបានអភិវឌ្ឍន៍ពីឱសថ។ គុណភាព - នវានុវត្តន៍ - សមត្ថភាពត្រួសត្រាយគឺជាមូលដ្ឋានគ្រឹះ ដែលបង្កើតជោគជ័យ និងកិត្យានុភាពសម្រប់ពាណិជ្ជសញ្ញា។ លោក Le Thang Binh អគ្គនាយកក្រុមហ៊ុនភាគហ៊ុនឱសថ Danapha បានឲ្យដឹងថា៖ “ក្រុមហ៊ុនបានដាក់លក់ផលិតផលរាប់រយមុខ ដែលមានប្រភពមកពីរុក្ខជាតិឱសថ និងរបៀបផ្សំថ្នាំបែបបុរាណដ៏មានតម្លៃបំផុតដែលបន្តមរតកពីដូនតា។ រដ្ឋាភិបាលមិនត្រឹមតែទទួលស្គាល់ផលិតផលទាំងពីរមុខគឺ Botidana និង Cholestin ជាពាណិជ្ជសញ្ញាជាតិប៉ុណ្ណោះទេ ថែមទាំងទទួលស្គាល់ផលិតផលជាច្រើនមុខទៀតផង។ លើសពីនេះទៅទៀត យើងខ្ញុំតែងតែពង្រីកគោលដៅសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីផ្តល់ជូននូវផលិតផលឲ្យកាន់តែមានគុណភាពល្អៗ ក្នុងបុព្វហេតុបម្រើសុខាភាពជូនសហគមន៍ផងដែរ”។
លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ VNA) |
សហគ្រាសវៀតណាមបានយល់ដឹងអំពីតួនាទីដ៏សំខាន់របស់ពាណិជ្ជសញ្ញាដែលជាកូនសោរជួយបង្កើនតម្លៃសម្រាប់ផលិតផលក៏ដូចជាតម្លៃសហគ្រាស ដោយរួមចំណែកលើកកំពស់សមត្ថភាពប្រកួតប្រជែង និងអះអាងពីឋានៈ ទាំងនៅទីផ្សារជាតិ និងអន្តរជាតិ។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា៖ “ស្ថាប័នគ្រប់គ្រងអ្នកជំនាញ អង្គការ និងសហគ្រាសពាក់ព័ន្ធជាមួយការអភិវឌ្ឍពាណិជ្ជសញ្ញា និងការនាំចេញ នាំចូលបានផ្ដោតសំខាន់លើបញ្ហាដែលត្រូវបានសហគ្រាសវៀតណាមយកចិត្តទុកដាក់ដូចជាបញ្ហាទាញយកឋានៈថ្មី តម្លៃថ្មីរបស់ពាណិជ្ជសញ្ញាជាតិវៀតណាម។ ទន្ទឹមនឹងនេះដាក់ចេញដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសជំនះពុះពារលើបញ្ហាប្រឈម ដើម្បីបន្តកសាង អភិវឌ្ឍន៍ និងផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផលវៀតណាមប្រកបដោយវិជ្ជាជីវៈ ព្រមទាំងអះអាងពីពាណិជ្ជសញ្ញាជាតិវៀតណាមនៅទាំងទីផ្សារជាតិ និងអន្តរជាតិផងដែរ”។
ខឿនសេដ្ឋកិច្ចរបស់វៀតណាមកាន់តែបើកចំហ ដោយមានសមត្ថភាពផលិតកម្ម និងចូលរួមក្នុងទីផ្សារអន្តរជាតិកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង តម្លៃប្រាក់នាំចេញត្រូវបានប៉ាន់ស្មានថាសម្រេចបានជាង ៣៣៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ កើនឡើង ១៩% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ នារយៈពេលខាងមុខ ជាមួយការដែលពាណិជ្ជសញ្ញាជាតិបានផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹង ចំណេះដឹងអំពីកសារកសាង ការគ្រប់គ្រងពាណិជ្ជសញ្ញា និងការប្រកួតប្រជែងសម្រាប់សហគ្រាស នឹងជួយសម្រួលផលិតផលពាណិជ្ជសញ្ញាវៀតណាមឲ្យកាន់តែមានកន្លែងឈរជើងយ៉ាងរឹងមាំ និងអភិវឌ្ឍន៍នៅទូទាំងពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕