រូបសណ្ឋានដាំបន្លែបច្ចេកវិទ្យាខ្ពស់នៅខេត្ត Quang Nam
(VOVWORLD) -នាពេលថ្មីៗនេះ នៅស្រុក Duy Xuyen ខេត្ត Quang Nam មជ្ឈដ្ឋានយុវវ័យ បានវិនិយោគទុនកសាងរូបសណ្ឋានផលិតបន្លែបច្ចេកវិទ្យាខ្ពស់។ រូបសណ្ឋានជាច្រើនបាននាំមកនូវប្រាក់ចំណូលគួរឲ្យកត់សម្គាល់ជំហានដំបូង។ យុវវ័យទាំងនេះមិនត្រឹមតែធ្វើអ្នកមានប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់ពលករជាច្រើននៅស្រុកទៀតផង។
រូបសណ្ឋានដាំបន្លែបច្ចេកវិទ្យាខ្ពស់នៅខេត្ត Quang Nam (រូបថត៖ vnanet.vn) |
នាឆ្នាំ ២០១៨ លោក Nguyen Van Hoang នៅទីរួមស្រុក Nam Phuoc ស្រុក Duy Xuyen ខេត្ត Quang Nam បានជួលដីទំហំ ៦ ពាន់ម៉ែត្រក្រឡានៅភូមិ Chiem Son ឃុំ Duy Son ដើម្បីដាំបន្លែលើទឹកតាមបច្ចេកវិទ្យាខ្ពស់។ នេះគឺជារូបសណ្ឋានដាំបន្លែគ្មានប្រើជាតិគីមី ហើយមានប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ស្របតាម សីតុណ្ហភាពនៅខាងក្រៅ។ ក្រោយរយៈពេលខ្លី រូបសណ្ឋាននេះ បាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងច្បាស់លាស់។ នាបច្ចុប្បន្ននេះ សួនបន្លែលើទឹករបស់ លោក Hoang មានបន្លែគ្រប់ប្រភេទដូចជា៖ សាឡាត់ ស្ពៃ ល្ពៅ និងម្រះជាដើម។ លោក Nguyen Van Hoang បានឲ្យដឹងថា៖ បន្លែភាគច្រើន ត្រូវបានលក់ តាមបណ្តាញអ៊ីនធឺណិត និងលក់ឲ្យ ភោជនីយដ្ឋាន នានា។ រដូវប្រមូលផលកន្លងទៅ លោកទទួលបានប្រាក់ចំណូលជាង ១០០ លានដុង។ លោកបានសំណេះសំណាលថា៖
“រូបសណ្ឋានដាំបន្លែសរីរាង្គរបស់ខ្ញុំមិនត្រឹមតែទទួលបានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់យុវជននៅស្រុកទៀតផង។ នាបច្ចុប្បន្ននេះ តម្រូវការបន្លែរបស់ទីផ្សារខ្ពស់ណាស់។ ហេតុដូច្នេះហើយ នាពេលខាងមុខ ខ្ញុំនឹងពង្រីករូបសណ្ឋាននេះ។ ម៉្យាងវិញទៀត ខ្ញុំសង្ឃឹមថាស្ថាប័នមានសមត្ថកិច្ចនានានឹងជួយឧបត្ថម្ភទុន និងទីផ្សារប្រមូលទិញដើម្បីអភិវឌ្ឍន៍រូបសណ្ឋាននេះផងដែ“។
ចំណែកឯ រូបសណ្ឋានដាំបន្លែតាមបច្ចេកវិទ្យាខ្ពស់របស់លោកស្រី Nguyen Thi Y នៅឃុំ Duy Hai ស្រុក Duy Xuyen ខេត្ត Quan Nam ក៏នាំមូកនូវប្រាក់ចំណូលគួរឲ្យកត់សម្គាល់ផងដែរ។ កាលពី ២ ឆ្នាំមុន រយៈការសិក្សាសៀវភៅ កាសែត និងទស្សនារូបសណ្ឋានដាំបន្លែមួយចំនួននៅ Da Lat នោះ លោកស្រី Y បានសម្រេចចិត្តវិនិយោគទុនដាំបន្លែលើទឹក។ នាបច្ចុប្បន្ននេះ សួនបន្លែបច្ចេកវិទ្យាខ្ពស់ ដែលមានទំហំ ១ ពាន់ម៉ែត្រក្រឡារបស់លោកស្រី Y មានបន្លែចំនួន ២០ ប្រភេទ។ អតិថិជនភាគច្រើនរបស់លោកស្រី គឺភោជនីយដ្ឋាននិងផ្សារទំនើបកសិផលគ្មានជាតិគីមីនៅទីក្រុង Da Nang និង Hoi An។ លោកស្រី Nguyen Thi Y បានសំណេះសំណាលថា៖
“នាបច្ចុប្បន្ននេះ សួនបន្លែរបស់នាងខ្ញុំមានទីផ្សារប្រមូលទិញស្ថិរភាព។ នាគ្រាដំបូង នាងខ្ញុំបានវិនិយោគទុនចំនួន ៩ រយលានដុង ហើយទទួលបានប្រាក់ចំណូលមានស្ថិរភាព។ ជារៀងរាល់ថ្ងៃ នាងខ្ញុំទទួលបានប្រាក់ចំណូលពី ១,៥ ទៅ ២ លានដុង។“
នាបច្ចុប្បន្ននេះខេត្ត Quang Nam មានយុវជនធ្វើសេដ្ឋកិច្ចពូកែរាប់រយនាក់។ មានយុវជនប្រមាណ ១៦ ពាន់នាក់ត្រូវបានខ្ចីប្រាក់កម្ចីជាង ៥០០ ពាន់លានដុង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាប់ផ្ដើមអាជីវកម្ម តាមរយៈដើមទុនរបស់ធនាគារគោលនយោបាយសង្គម និងមជ្ឈឹមសម្ព័ន្ធយុវជន។ ចាប់តាំងពីពេលនោះមក យុវជនបានបង្កើតរូបសណ្ឋានចាប់ផ្ដើមអាជីវកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ជាច្រើន។ លោក Nguyen Van Nam លេខារងសម្ព័ន្ធយុវជនស្រុក Duy Duyen ខេត្ត Quang Nam បានឲ្យដឹងថា៖ រូបសណ្ឋានដាំបន្លែតាមបច្ចេកវិទ្យាខ្ពស់បាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ច ហើយថែមទាំងបង្កើតការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រជាជននៅស្រុកទៀតផង។ លោកបានសំណេះសំណាលថា៖
“យុវជននៅស្រុក Duy Tien បានបង្កើតរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើន ដែលទទួលបានប្រាក់ចំណូលខ្ពស់។ ថ្នាក់ដឹកនាំខេត្តបានរួមកម្លាំងកាយចិត្តជាមួយុវជនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ គណៈកម្មាធិការប្រជាជនស្រុកបានបញ្ជាណែនាំឲ្យសម្ព័ន្ធយុវជនជំរុញខ្លាំងការចាប់ផ្ដើមអាជីវកម្ម ច្នៃប្រឌិត លើរូបសណ្ឋានអភិវឌ្ឍន៍សម្រាប់យុវជន“។
នាបច្ចុប្បន្ននេះ មានយុវជនជាច្រើនរូបនៅខេត្ត Quang Nam បានជ្រើសរើសយករួបសណ្ឋានចាប់ផ្ដើមអាជីវកម្មតាមរយៈកសិកម្មសរីរាង្គ។ ទោះបីជា ការចាប់ផ្ដើមអាជីវកម្មគឺមិនងាយស្រួលសម្រាប់យុជនជនបទឡើយ ប៉ុន្តែ ប្រសិទ្ធភាពនៃរូបសណ្ឋានផលិតកសិកម្មសរីរាង្គជាជំហានដំបូង កំពុងក្លាយទៅជាកម្លាំងចលករសម្រាប់មជ្ឈដ្ឋានយុវជននៅខេត្ត Quang Nam ធ្វើអ្នកមាននៅលើស្រុកកំណើតរបស់ខ្លួនផងដែរ៕