វៀតណាមអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទៅជាសេដ្ឋកិច្ចឌីជីថល
(VOVWORLD) - នាថ្ងៃទី ១៥ ខែឧសភា រដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការមេស្តីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ ដោយមានគោលដៅនាំវិស័យនេះឲ្យក្លាយទៅជាវិស័យឈានមុខគេក្នុងខឿនសេដ្ឋកិច្ចឌីជីថល ជាកន្លែងដែលមានបច្ចេកវិទ្យាទំនើបៗនៃបដិវត្តឧស្សាហកម្មលើកទី៤ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ បង្កើនផលិតកម្មនិងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងរួមចំណែកលើកកំពស់សមត្ថភាពក្នុងការប្រកួតប្រជែងរបស់សហគ្រាសនិងជំរុញការអភិវឌ្ឍទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់បរទេសផងដែរ។
វៀតណាមអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទៅជាសេដ្ឋកិច្ចឌីជីថល (រូបថត៖ VOV) |
ផែនការមេស្តីពីការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជាតិសំរាប់ដំណាក់កាលឆ្នាំ២០២១-២០២៥ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីចូលរួមដោយមានភាពម្ចាស់ការក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ព្រមទាំងតំរង់ទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងផ្ទេរប្តូរឌីជីថលជាតិ ដែលបានចែងនៅក្នុងសេចក្តីសម្រេចចិត្តលេខ៥២ផងដែរ។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតគឺក្រៅពីគោលដៅទូទៅដែលរួមមានការគាំទ្រនិងជម្រុញអនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូយ៉ាងទូលំទូលាយក្នុងសហគ្រាសនិងសហគមន៍ រួមទាំងការបង្រួមគម្លាតរវាងទីក្រុងធំៗនិងតំបន់នានាក្នុងការទិញនិងលក់តាមអនឡាញជាដើម ផែនការនេះក៏សង្កត់ធ្ងន់លើគោលដៅជាក់ស្តែងដូចជារហូតមកដល់ឆ្នាំ ២០២៥ ចំនួនប្រជាជន ៥៥% នឹងចូលរួមក្នុងការទិញទំនិញតាមអនឡាញដោយមានតម្លៃប្រតិបត្តិការជាមធ្យម ៦០០ ដុល្លារអាមេរិកសម្រាប់ម្នាក់ក្នុងមួយឆ្នាំផងដែរ។ ម្យ៉ាងវិញទៀត ប្រាក់ចំណូលសរុបពីវិស័យនេះនឹងសម្រេចបាន ៣៥ ពាន់លានដុល្លារអាមេរិក ដែលស្រូបយក ១០% នៃការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់ទំនិញសរុបនៅទូទាំងប្រទេស។ លោក Nguyen Binh Minh សមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមបានអោយដឹងថា៖
«ជំងឺរាតត្បាតសកល Covid-19 ក៏ជាការសាកល្បងមួយសម្រាប់ពិភពលោកទាំងមូលត្រូវតែក្រឡែកមើលឡើងវិញនូវរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់ខ្លួន។ គេបានកត់ត្រាថាពាណិជ្ជកម្មអេឡិចត្រូនិកមានសមត្ថភាពស្ថិរភាពខ្ពស់ណាស់ក្នុងអំឡុងពេលមានវិបត្តិ។ ជាមួយស្ថានភាពនៃជំងឺ Covid-19 គ្មាននរណាម្នាក់បានព្យាករណ៍ថាវាបញ្ចប់នៅពេលនេះទេ ហេតុដូច្នេះវិស័យពាណិជ្ជកម្មអេឡិចត្រូនិចគឺជាដំណោះស្រាយសម្រាប់រយៈពេលខ្លីខាងមុខនេះ។ ហេតុនេះហើយ ការជ្រើសរើសពាណិជ្ជកម្មអេឡិចត្រូនិកជាធ្វើជាវិស័យស្នូលសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច មិនត្រឹមតែជាការតំរង់ទិសដៅទៀតទេ ប៉ុន្តែវាជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចហើយខ្ញុំគិតថានេះជាជំរើសមួយដ៏ត្រឹមត្រូវ»។
ផែនការនេះត្រូវបានស្នើដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ហើយក៏បានដាក់ជូនទៅរដ្ឋាភិបាលដោយលើកច្បាស់អំពីដំណោះស្រាយចំនួន ៦ ក្រុមដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវៀតណាមដូចជា ការសុក្រិត្យនូវយន្តការ និងគោលនយោបាយដើម្បីឆ្លើយតបតនឹងម្រូវការ អភិវឌ្ឍន៍ វិស័យនានាក្នុងបរិបទនៃសេដ្ឋកិច្ចថ្មី និងបង្កើនសមត្ថភាពគ្រប់គ្រង ព្រមទាំងប្រយុទ្ធប្រឆាំងនឹងអំពើក្លែងបន្លំពាណិជ្ជកម្ម និងការរំលោភបំពានលើកម្មសិទ្ធិបញ្ញា ក៏ដូចជាការប្រកួតប្រជែងអយុត្តិធម៌នៅក្នុងបរិស្ថាននេះជាដើមផងដែរ។លោក Dang Hoang Hai ប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិង សេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖
«យើងត្រូវអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកដោយមានកន្លែងធំទូលាយទៀត ជាជាងការផ្តោតសំខាន់ត្រឹមតែលើទីក្រុងធំៗ។ ទីពីរគឺត្រូវនាំ បច្ចេកវិទ្យាថ្មី និងគ្រប់គ្រងគុណភាពឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការកាត់បន្ថយចំណាយសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក។ ទីបីគឺអភិវឌ្ឍន៍ទំនិញវៀតណាម។ នេះគឺជាមូលដ្ឋានសម្រាប់ទាញយកផលប្រយោជន៍ពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៅតំបន់ដាច់ស្រយ៉ាលនិងនាំមកនូវការប្រកួតប្រជែងសមភាពសម្រាប់ក្រុមហ៊ុនផលិតទំនិញវៀតណាមនានា ដែលបានចាត់ទុកជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងប្រទេសផងដែរ»។
ផែនការមេនៃអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ គឺជាឯកសារគោលនយោបាយដ៏សំខាន់និងជាមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនរបស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នៅពេលដែលផែនការនេះត្រូវបានអនុវត្តយ៉ាងជាក់ស្តែងនោះ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមទំនងជានឹងកើនឡើងដល់លំដាប់ទី២នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនេះក៏ជាទីផ្សារដែលមានសក្តានុពលបំផុតនៅក្នុងតំបន់នៅឆ្នាំ២០២៥ ផងដែរ។សេដ្ឋវិទូ Nguyen Tri Hieu បានឲ្យដឹងថា៖
«ដំបូងឡើយខ្ញុំយល់ព្រមទាំងស្រុងចំពោះផែនការនេះពីព្រោះការពិតជាក់ស្តែងបានបញ្ជាក់រួចមកហើយ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជានិន្នាការដែលមិនអាចដើរបញ្ច្រាសមកវិញបានឡើយ។ ខ្ញុំគិតថាអ្វីដែលត្រូវធ្វើដើម្បីសំរេចបាននូវគោលដៅនេះគឺស្ថាប័នមានសមត្ថកិច្ចនិងរដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនអនុវត្តន៍ ប្រព័ន្ធទូទាត់ដោយគ្មានប្រើសាច់ប្រាក់។ ហេតុដូច្នេះដើម្បីលើកកម្ពស់ការទិញទំនិញតាមអនឡាញ ឬក៏ហៅថាធ្វើពាណិជ្ជកម្មអេឡិចត្រូនិក យើងត្រូវផ្តោត ការយកចិត្តទុកដាក់លើការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ទំនិញរបស់អតិថិជនដោយបង្កើនសកម្មភាពក្នុងផ្តល់ជំនឿទុកចិត្តសម្រាប់គេផដងដែរ»។
ក្នុងបរិបទដែលរងផលប៉ះពាល់នៃជំងឺ Covid-19 ទម្លាប់ប្រើប្រាស់ទំនិញ បានបម្រែបម្រួលយ៉ាងខ្លាំង។ អតិថិជនប្រើប្រាស់កម្មវិធីទិញទំនិញតាមអនឡាញ ដោយកាត់បន្ថយការប៉ះពាល់គ្នាជំនួសឱ្យការទិញទំនិញតាមបែបប្រពៃណី កាន់តែច្រើនឡើងៗ។ បុគ្គលនិងអង្គភាពអាជីវកម្មគ្រប់វិស័យកំពុងស្វែងរក បណ្តាញទិញនិងលក់បែបនេះ ដើម្បីផ្សព្វផ្សាយផលិតផលនិងជម្រុញផលិតកម្មនិងអាជីវកម្មផងដែរ។ ដើម្បីទាញយកកាលានុវត្តភាពនេះ ក៏ដូចជាជម្រុញការអនុវត្តរាល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបានចែងនៅក្នុងផែនការមេ ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជាតិនោះ ការទិញនិងលក់តាមអនឡាញប្រាកដជានឹងសម្រេចបាននូវប្រសិទ្ធភាពនិងសក្តានុពលបំផុតក្នុងដំណើរការនាំវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិប្រែក្លាយទៅជាខឿនសេដ្ឋកិច្ចឌីជីថល ផងដែរ៕