វិស័យកសិកម្មផ្តល់ព័ត៌មានទាន់ពេលវេលានិងច្បាមជាប់ទីផ្សារនាំចេញ កសិផល
(VOVWORLD) - ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនដោយសារតែទីផ្សារមួយចំនួនបានផ្អាកការឆ្លងព្រំដែនជាបណ្តោះអាសន្នឬការបង្កើនធ្វើចត្តាឡីស័កក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ដើម្បីដោះស្រាយរាល់ការលំបាកក្នុងការលក់ចេញកសិផលឲ្យបានទាន់ពេលវេលា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការជាមួយបណ្តាអង្គភាពក្រោមឱវាទ និងធុរកិច្ចបានចាប់យកការ វិវត្តន៍ទីផ្សារយ៉ាងសកម្ម និងផ្តល់ ព័ត៌មានទាន់ពេលវេលាដល់មូលដ្ឋាននិងសមាគមទំនិញដើម្បីស្វែងរកទីផ្សារលក់ចេញផលិតផលកសិកម្មផងដែរ។
ជួររថយន្តកុងតឺន័រដ៏វែងដឹកផលិតផលកសិកម្មដែលបានកកស្ទះនៅច្រកព្រំដែន (រូបថត៖ VOV) |
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាន ឲ្យដឹងថាតម្លៃប្រាក់នៃការនាំចេញ - នាំចូលទំនិញកសិ-រុក្ខ-ជលផល និងសម្ភារៈកសិកម្មក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ សម្រេចបានជិត ១៥,៣ ពាន់លានដុល្លារអាមរិក ក្នុងនោះ ការនាំចេញសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក។ ក្នុងបរិបទដ៏លំបាក ដោយសារអាកាសធាតុមិនអំណោយផលនិងការរីករាលដាលជំងឺរាតត្បាត Covid-19 វិស័យកសិកម្មនៅតែមានអតិរេកនាំចេញសម្រេចបាន ២,៨៦ ពាន់ លានដុល្លារអាមេរិកផងដែរ។ នៅចំពោះមុខជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានឡើយ។ ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាមបានដាក់ចេញនូវភារកិច្ចនាពេលខាងមុខដូចជាការដោះស្រាយឧបសគ្គផ្នែកច្ចេកទេស និងការចរចាពង្រីកទីផ្សារ (ដូចជាការពង្រីក ទទួលស្គាល់តំបន់ផលិតកម្ម ប្រភេទផលិតផល សហគ្រាសផលិតកម្ម) ទៅកាន់ បណ្តាប្រទេសសហភាពអឺរ៉ុប សម្ព័នភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហរដ្ឋអាមេរិក ប្រេស៊ីលជាដើម។ ជាពិសេសគឺជាការអនុវត្តវិធានការនិងសេណារីយ៉ូនៃការ នាំចេញកសិផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់ឡើងនៅពេលដែលប្រទេសចិនបញ្ចប់ការឆ្លងរីករាល ដាលជំងឺ Covid-19 ផងដែរ។ លោក Duong Thanh Tung នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Bac Giang បានឲ្យដឹងថាសហគ្រាសចាំបាច់ត្រូវកាត់បន្ថយ ឬ កែតម្រូវផែនការ នាំចេញដើម្បីចៀសវាងការកកស្ទះកសិផលនៅតាមច្រកព្រំដែន ពីព្រោះ ផលិតផលកសិកម្មមានដូចជាផ្លែស្រកានាគ ផ្លែខ្នុរ ឪឡឹក ចេក ស្វាយ ផ្លែមាន ជាដើមគឺមានរយៈពេលរក្សាទុកដ៏ខ្លីប្រសិនបើត្រូវបានឆ្លងព្រំដែនបានឬត្រូវឲ្យវិល ត្រឡប់មកវិញនឹងរងផលអន្តរាយយ៉ាងធំសម្បើមតែម្តង។ លោកបានចែក រំលែកថា៖
«ក្នុងរយៈពេលខាងមុខនេះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Bac Giang បន្តតាមដានយ៉ាងដិតដល់ពីស្ថានភាពជំងឺរាតត្បាតក៏ដូចជាផ្អែកទៅលើការបញ្ជាដឹកនាំរបស់ក្រសួងដើម្បីបន្តផ្តល់ការណែនាំនិងកែសម្រួលផលិតកម្មនិងផ្តល់ អនុសាសន៍ដល់សហគ្រាសក្នុងលក្ខខណ្ឌសមស្រប និងធ្វើយ៉ាងមេចធ្វើឲ្យការនាំ ចេញកសិផលទៅកាន់ទីផ្សារចិនយ៉ាងរលូន និងជួយដល់ការធ្វើចរាចរ កសិផលរបស់ខេត្ត Bac Giang ទទួលអំណោយផលច្រើនថែមទៀតនាពេលខាងមុខនេះ»។
វិស័យបន្លែផ្លែឈើនិងផលិតផលជលផលត្រូវបានបង្កបន្កើនក្នុងស្រុក (រូបថត៖ VOV) |
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានលើកឡើងនូវដំណោះស្រាយជាច្រើនដើម្បីតភ្ជាប់ការជួយគាំទ្រប្រមូលទិញនិងលក់ចេញកសិផល ព្រមទាំង ណែនាំមូលដ្ឋានមួយចំនួនក្នុងការផ្លាស់ប្តូរដំណាំដើមឈើ។ទន្ទឹមនឹងនេះត្រូវទាក់ទងយ៉ាងជិតស្និទ្ធជាមួយស្ថានប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅ ចិនដើម្បីអភិវឌ្ឍទីផ្សារនៅតាមមូលដ្ឋាននានានៅប្រទេសនេះក្នុងពេលវេលាសមស្របមួយ ខណៈដែលជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រង ដែលព្យាករណ៍ ថានឹងបញ្ចប់ដំណាច់ត្រីមាសទី ២ ដើមត្រីមាសទី ៣ នៃឆ្នាំនេះផងដែរ។ លោក Nguyen Quoc Toan ប្រធាននាយកដ្ឋានកែច្នៃនិង អភិវឌ្ឍន៍ទីផ្សារកសិផលនៃ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានមានប្រសាសន៍ថា៖
«យើងខ្ញុំមានបំណងចង់សហគមន៍ធុរជនត្រូវច្បាមជាប់តាមស្ថានភាពជំងឺឆ្លងនិងរៀបចំផែនការអភិវឌ្ឍន៍ផលិតកម្មនិងអាជីវកម្មក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីជ្រើសរើសពេលវេលាសមស្របនៅពេលដែលយើងផ្គត់ផ្គង់ឬក៏អភិវឌ្ឍន៍ ទីផ្សារលក់ចេញកសិផល។ ជាពិសេសគឺសម្រាប់ទីផ្សារនាំចេញ។ទន្ទឹមនឹងនេះ ត្រូវពង្រីកការប្រមូលទិញក៏ដូចជាការកែច្នៃដើម្បីឆ្លើយតបនឹងតម្រូវការលក់ចេញក្នុងស្រុក នោះគឺជាការបង្កើនការប្រមូលទិញក្រុមទំនិញដូចជាបន្លែ ផ្លែឈើ ជលផលនិងលើកទឹកចិត្តអង្គភាពអាជីវកម្មក្នុងការជម្រុញការប្រមូលទិញនិងផ្គត់ផ្គង់ផលិតផលចំពោះទីផ្សារក្នុងស្រុក»។
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអះអាង ថានៅពេលដែលប្រទេសជាច្រើន កំពុងប្រឈមមុខនឹងការ លំបាកដោយសារជំងឺ Covid-19 វៀតណាមមានភាពម្ចាស់ការក្នុងការគ្រប់គ្រង វិស័យស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគ ដែលក្នុងនោះការខិតខំប្រឹង ប្រែងដើម្បីបំពេញគោលដៅរបស់វិស័យកសិកម្មវៀតណាមនៅឆ្នាំ ២០២០ គឺធានាសន្តិសុខស្បៀងអាហារនិង គ្រឿងឧបភោគបរិភោគ ហើយថែមទាំង ធានាគោលដៅនៃកំណើនផងដែរ។ លោក Nguyen Xuan Cuong បានឲ្យដឹងថា៖
«បើធ្វើបានល្អ យើងនឹងសម្រេចបាននូវ“ គោលដៅទ្វេដង”ផង និង ទទួលបានផលិតផលចាំបាច់ផង ដើម្បីបម្រើមនុស្ស ១០០ លាននាក់ភ្លាមៗ ព្រមទាំងរៀបចំទំនិញយ៉ាងសកម្មដោយតភ្ជាប់វត្ថុធាតុដើមជាមួយនឹងការកែច្នៃ និងទីផ្សារ ដើម្បីត្រៀមខ្លួនជាស្រេចប្រសិន បើមានកត្តាវិជ្ជមាននៃទីផ្សារ យើងនឹងបង្កើនការនាំចេញឲ្យបានទាន់ពេលវេលាផងដែរ។ ទន្ទឹមនឹងនេះការជំរុញ ផលិតកម្ម ការជំនះពុះពារលើការលំបាក ទោះបីជាគ្មានអំណោយផលពីការ ប្រែប្រួលអាកាសធាតុក៏ដោយ ដើម្បីឱ្យមានស្បៀងអាហារនិងគ្រឿងឧបភោគ បរិភោគគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដ៏រឹងមាំនៅគ្រប់កាលៈទេសៈចំពោះតម្រូវ ការក្នុងស្រុកផងដែរ»។
ជំងឺរាតត្បាត Covid-19 ជាបញ្ហាប្រឈមផងនិងជាឱកាសផងដែរ សម្រាប់វិស័យ កសិកម្មដើម្បីរកឃើញបាននូវគុណវិបត្តិដើម្បីជំនះពុះពារនិងមានទិសដៅថ្មី ក្នុងការអភិវឌ្ឍនាបច្ចុប្បន្ននិងក្នុងរយៈពេលវែង។ បញ្ហាប្រឈមនៅតែ បន្តនៅ ខាងមុខ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមទាំងរបស់មូលដ្ឋាន នានាក៏ដូចជាសហគ្រាសនិងសមាគមវិស័យទំនិញដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសវិញផងដែរ៕