សក្តានុពលអចលនទ្រព្យនៅខេត្ត Binh Duong
(VOVWORLD) - ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ដោយមានអំណោយផលអំពីទីតាំង ប្រភពដីធ្លី ល្បឿនកំណើន ក៏ដូចជាតម្រូវការនោះ ខេត្ត Binh Duong កំពុងទាក់ទាញវិនិយោគិនអចលនទ្រព្យជាច្រើន។ ទន្ទឹមនឹងនេះ ខេត្តBinh Duong ក៏ជាតំបន់ជួបជុំមួយដែលមានទីផ្សារអចលនទ្រព្យធំបំផុតនៅតំបន់ភូមិភាគិខាងត្បូងនារយៈពេលខាងមុខផងដែរ។
Binh Duong គឺជាតំបន់ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យ (រូបថត៖ VNA) |
Binh Duong គឺជាខេត្តមួយ ដែលមានការរីកចម្រើនអំពីកំណើនអចលនទ្រព្យយ៉ាងខ្លាំងក្លាបំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ព្រោះខេត្ត Binh Duong បាននាំមុខគេអំពីការអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងការធ្វើដំណើរងាយស្រួលទៅកាន់ទីក្រុងហូជីមិញ ក៏ដូចជាខេត្ត ក្រុងភាគខាងកើត និងតំបន់ណាមបូខាងលិច។
មានកត្តាជាច្រើនដែលជួយឲ្យទីផ្សារអចលនទ្រព្យនៅខេត្ត Binh Duong ទាក់ទាញ វិនិយោគិនដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការទាក់ទាញទុនវិនិយោគជានិច្ចកាលស្ថិតក្នុងចំណោមខេត្តនាំមុខគេនៅទូទាំងប្រទេស ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធសង្គមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកបណ្ឌិត Nguyen Minh Hoa អនុប្រធានសមាគមរៀបចំផែនការ និងអភិវឌ្ឍន៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “ទីមួយ ខេត្ត Binh Duong ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ដែលជាតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងរស់រវើកបំផុតនៅទូទាំងប្រទេស រួមមានទីក្រុងហូជីមិញ និងខេត្ត ក្រុងចំនួន ៧ ទៀត។ លើកលែងតែទីក្រុងហូជីមិញនោះ ក្នុងចំណោមខេត្តក្រុងទាំង ៧ គឺ ខេត្ត Binh Duong មានល្បឿននរគរូបនីយកម្មលឿនបំផុត។ នាបច្ចុប្បន្ននេះ ខេត្ត Binh Duong បានសម្រេចរួចរាល់ប្រព័ន្ធនគរយ៉ាងពេញលេញ។ ទីពីរ នាបច្ចុប្បន្ននេះ ខេត្ត Binh Duong មានមណ្ឌលឧស្សាហកម្មចំនួន ៤៨ ក្នុងនោះមានមណ្ឌលឧស្សាហកម្មល្បីឈ្មោះជាច្រើន។ ជាពិសេស ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ខេត្ត Binh Duong ជានិច្ចកាលស្ថិតក្នុងចំណោមខេត្ត ក្រុងនៅទូទាំងប្រទេស អំពីការទាក់ទាញប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI)។ កត្តាមួយទៀតដែលត្រូវសង្កត់ធ្ងន់គឺ ខេត្ត Binh Duong បានផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសផងដែរ”។
យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា វៀតណាមកំពុងមានឱកាសដ៏ធំធេង ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មថ្មីរបស់ពិភពលោក និងនិន្នាការអភិវឌ្ឍន៍នរគរថ្មីនៅក្បែរបណ្ដាមណ្ឌលឧស្សាហកម្មនៅខេត្ត Binh Duong ក៏បានប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា។ លោក Phan Cong Chanh វិនិយោគិនមួយរួបបានឲ្យដឹងថា៖ “យើងបានសង្កេតឃើញរលកនៃការបម្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកពីចិនទៅកាន់ប្រទេសផ្សេងៗទៀត។ ព្រោះថា ផលិតកម្មធំៗនៅលើពិភពលោកបានជ្រើសរើសអចលនទ្រព្យឧស្សាហកម្មដើម្បីដាក់រោងចក្រក្នុងខ្សែសង្វាក់ផលិតកម្មរបស់ពួកគេ ហើយ ដំណើរការនេះបានអូសបន្លាយក្នុងរយៈពេលយូរ ប្រមាណ ពីរបីឆ្នាំ។ នារយៈពេលកន្លងទៅ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពីការបម្លាស់ទីជាសកលនេះ។ ម្យ៉ាងវិញទៀត នៅលើទីផ្សារមូលបត្រនោះ ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យឧស្សាហកម្មក្នុងរយៈពេល ២ ឆ្នាំកន្លងទៅគឺជាតារាភ្លឺចិញ្ចាចនៅលើទីផ្សារ ដោយទាក់ទាញប្រភពទុនទំនេរយ៉ាងច្រើនពីវិនិយោគិន ជាពិសេសគឺវិនិយោគឯកជនផងដែរ”។
គម្រោងទីក្រុងថ្មី Binh Duong (រូបថត៖ tuoitre.vn) |
ដោយមានគុណសម្បត្តិជាច្រើន ក្នុងរយៈពេលកន្លងទៅបណ្ដាគម្រោងអចលនទ្រព្យទាំងឧស្សាហកម្ម ពាណិជ្ជកម្ម និងលំនៅដ្ឋានបានរីកចម្រើនយ៉ាងខ្លាំងក្លានៅខេត្ត Binh Duong។ នាពេលថ្មីៗនេះ ខេត្តបានផ្តោតសំខាន់លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុង Binh Duong ថ្មី។ ដំណើរការសាងសង់នឹងត្រូវបានអនុវត្តន៍ជាដំណាក់កាល ហើយដំណាក់កាលទី ១ រួមមានផ្ទះល្វែងចំនួន ១ ៣០០ ហើយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីឆ្នាំ ២០២២-២០២៤ ។ គម្រោងទាំងមូលគ្រោងនឹងសម្រេចរួចរាល់នាឆ្នាំ២០២៧។ លោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា៖ គម្រោងសហប្រតិបត្តិការរវាង Becamex IDC និង CapitaLand នៅមជ្ឈមណ្ឌលទីក្រុង Binh Duong ថ្មី មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពខ្ពស់សម្រាប់វិនិយោគិនប៉ុណ្ណោះទេ ថែមទាំងនាំមកនូវមុខមាត់ថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្មរបស់មូលដ្ឋាន ដោយរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅខេត្ត Binh Duong ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីទៀតផង។
ទីក្រុងថ្មី Binh Duong ត្រូវបានកំណត់ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនយោបាយថ្មីរបស់ខេត្ត Binh Duong ហើយក្លាយទៅជាទីក្រុងវិទ្យាសាស្ត្រ អប់រំ ហិរញ្ញវត្ថុ និងសេវាកម្មគុណភាពខ្ពស់។ តំបន់នេះត្រូវបានរំពឹងជាគោលដៅមកដល់នៃបណ្ដាសកម្មភាពពាណិជ្ជកម្ម និងដោះដូរពាណិជ្ជកម្មអន្តរជាតិ បង្កើតកម្លាំងចលករជំរុញការទាក់ទាញ និងអភិវឌ្ឍន៍បណ្ដាមណ្ឌលឧស្សាហកម្មនៅជុំវិញ ព្រមទាំងជួយលើកកំពស់នគររបស់ខេត្ត Binh Duong ជាមួយគោលដៅនាំខេត្ត Binh Duong ឲ្យក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម។
ដោយមានអំណោយផលជាច្រើនអំពីទីតាំង ប្រភពដីធ្លី សក្ដានុពលបង្កើនតម្លៃនោះ ផ្នែកអចលនទ្រព្យនោខេត្ត Binh Duong កំពុងទទួលវដ្តកំណើនថ្មីមួយ។ ដោយមានគោលនយោបាយទាន់ពេលវេលា និងព្រមៗគ្នានោះ ផ្នែកអចលនទ្រព្យខេត្ត Binh Duong រំពឹងថានឹងក្លាយទៅជាគោលដៅវិនិយោគ ដោយទាក់ទាញលំហូរសាច់ប្រាក់វិនិយោគយ៉ាងខ្លាំងក្លាផងដែរ៕