សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០- ទទួលបានជោគជ័យពីឬទ្ធានុភាពនិងបញ្ញា

(VOVWORLD) - យោងតាមធនាគារពិភពលោកបានឲ្យដឹងថាថា៖ នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់វៀតណាមនឹងមានកំណើន ២,៨% ហើយមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍នឹងមានកំណើន ២,៤% ។វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចចំនួន ៤នៅលើពិភពលោកដែលមានកំណើនខាងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ៗ។ ទោះបីជាកំណើន GDP នៅឆ្នាំ ២០២០ មិនសម្រេចបានល្អដូចការគ្រោងទុកក៏ដោយ ប៉ុន្តែវៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានកំណើនខ្ពស់បំផុតនៅលើពិភពលោកនិងជាការខិតខំប្រឹងប្រែងនិងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត      កូវីដ១៩ (Covid -19) យ៉ាងមឺងម៉ាត់។
សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០- ទទួលបានជោគជ័យពីឬទ្ធានុភាពនិងបញ្ញា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាល ១៤ (រូបថត៖ VNA)

ឆ្នាំ ២០២០ ការផ្ទុះឡើងជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់វៀតណាមប៉ុន្តែវៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២ នៅតំបន់អាស៊ី ដែលទទួលបានកំណើនវិជ្ជមាន ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែមានស្ថិរភាព។ ក្នុងសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាល ១៤ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ ដើម្បីសំរេចបានលទ្ធផលដូចពោលខាងលើនេះ មូលហេតុដ៏សំខាន់បំផុត គឺរដ្ឋាភិបាលវៀតណាមមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងរដ្ឋាភិបាលស្ថាបនាសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាមានតម្លាភាពនិងចាត់វិធានការណ៍យ៉ាងប្តូរផ្តាច់ដើម្បីបំរើប្រជាជនឲ្យបានល្អបំផុតផងដែរ។ ទន្ទឹមនឹងនេះដែរ ក្នុងបរិបទដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងទាន់ពេលវេលានូវ “គោលដៅពីរដើរទន្ទឹមគ្នា” ពោលគែចាត់វិធានការណ៍យ៉ាងម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងនិងស្តារនិង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញផង ដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរឡើង។ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

«ពិតណាស់ថាសេដ្ឋកិច្ចម៉ាក្រូមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងនៅក្នុងកម្រិតទាប គុណភាពកំណើនត្រូវបានលើកកំពស់ និងតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធ្វើឱ្យប្រសើរឡើងដែរ។ ឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែវៀតណាមនៅតែក្លាយជាប្រទេសមួយដែលមានកំណើនរីកលូតលាស់យ៉ាងខ្ពស់ បំផុតក្នុងតំបន់និងនៅលើពិភពលោកដោយអាស្រ័យទៅលើធនធានក្នុងស្រុកនិងទាញយកបានល្អនូវឱកាសនិងសមត្ថភាពធ្វើពិពិធកម្មនិងការឆ្លើយតបយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច។ គួរបញ្ជាក់ថាយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិនៅឆ្នាំ ២០២០ ប្រទេសវៀតណាមបានក្លាយជាខឿនសេដ្ឋកិច្ចធំលំដាប់ទី ៤ ក្នុងអាស៊ាន ហើយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗនៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណ ២.៧៥០ ដុល្លារ។ ទន្ទឹមនឹងនេះដែរ វៀតណាមបន្តរក្សានិងពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាពក្នុងបរិបទនៃការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពពិភពលោកនិងក្នុងតំបន់ផងដែរ»។

សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០- ទទួលបានជោគជ័យពីឬទ្ធានុភាពនិងបញ្ញា - ảnh 2 លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម (រូបថត៖ tapchicongthuong.vn)

ទោះបីរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែពាណិជ្ជកម្មរបស់វៀតណាមនៅតែទទួលបានលទ្ធផលវិជ្ជមាន។ ជាពិសេសការនាំចេញនៅតែមានកំណើនវិជ្ជមានហើយអតិរេកពាណិជ្ជកម្មសម្រេចបានកំរិតខ្ពស់បំផុតមិនធ្លាប់មានកាលពីមុនមក។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាមបានមានប្រសាសន៍ថា៖

«ក្នុងបរិបទដែលបណ្តាប្រទេសនៅលើពិភពលោកសុទ្ធសឹងតែមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន នោះជាអត្រាកំណើននាំចេញ ១% របស់វៀតណាម វាគួរតែកត់សម្គាល់និងត្រូវបានសហគមន៍សេដ្ឋកិច្ចអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ លទ្ធផលដូចពោលខាងលើនេះបានបញ្ជាក់ពីការចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការដឹកនាំនិងការគ្រប់គ្រងរបស់ប្រព័ន្ធនយោបាយ និងរដ្ឋាភិបាលទាំងមូល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ចនិងប្រជាជនផងដែរ ។ ក្នុងនោះក៏មានការចូលរួមចំណែកយ៉ាងសំខាន់របស់ស្ថាប័នជំរុញពាណិជ្ជកម្មនៅទូទាំងប្រទេស»។

ឆ្នាំ ២០២០ វៀតណាមនិងប្រទេសដទៃទៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។ RCEP មានការចូលរួមពីប្រទេសចំនួន ១៦ ក្នុងនោះមានសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចំនួន ៦ នៅអាស៊ី - ប៉ាស៊ីហ្វិក ដូចជាឥណ្ឌាជ ប៉ុន ចិន ព្រមទាំងជំរុញការអភិវឌ្ឍយ៉ាងខ្លាំងនូវខ្សែសង្វាក់តម្លៃក្នុងតំបន់និងពិភពលោកដើម្បីជួយជំរុញបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន ក្នុងនោះមានប្រទេសវៀតណាមនិងប្រទេសជាដៃគូផងដែរ។ ទន្ទឹមនឹងនេះដែរនៅឆ្នាំ ២០២០ វៀតណាមបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EVFTA) ។ ជោគជ័យក្នុងការអនុវត្តការសន្យានៃកិច្ចព្រមព្រៀងទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការធ្វើសមាហរណកម្មនិងការធ្វើកំណែទម្រង់ក្នុងស្រុករបស់រដ្ឋាភិ     បាលវៀតណាម។ សេដ្ឋវិទូ Vo Tri Thanh បានឲ្យដឹងថា៖

« កិច្ចព្រមព្រៀង RCEP ក៏បង្កើតលក្ខខណ្ឌសំខាន់ៗចំនួន ៣។ ទី១ គឺវិស័យសេវាកម្មបម្រើអតិថិជន - ជាមួយនឹងកម្លាំងទិញកំពុងកើនឡើងៗ វាច្បាស់ថាវិស័យជាច្រើននឹងនាំមកនូវឱកាសអាជីវកម្មដូចជាទេសចរណ៍ អប់រំ ការលេងកំសាន្ត ការថែរក្សាសុខភាព ការលក់រាយជាដដើម។ទី២ គឺតំបន់នេះមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការវិនិយោគហើយក៏បានបង្ហាញច្បាស់នៅក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើង។ ទី៣គឺ នៅពេលវិនិយោគិនចូលមកវៀតណាម រួមទាំងការចូលរួមក្នុងបណ្តាញផលិតកម្មខ្សែសង្វាក់តម្លៃ និងសេវាកម្ម Logistic ហើយនេះមិនត្រឹមតែជាឱកាសល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មជំនួយប៉ុណ្ណោះទេថែមទាំងក្លាយទៅជាសេវាកម្មជំនួយសម្រាប់បណ្តាញផលិតកម្មនិងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងនេះផងដែរ»។

ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិនិងក្នុងប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងមានកាលានុវត្តភាព ទាំងគុណសម្បត្តិនិងគុណវិបត្តិ ក៏ដូចជាមានបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ វៀតណាមនៅតែប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការពារសុខភាពប្រជាជននិងស្តារអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលឈរលើមូលដ្ឋានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអតិផរណា ឲ្យបានល្អផងដែរ។ ជោគជ័យដែលសម្រេចបានក្នុងឆ្នាំ ២០២០ នឹងជាបុព្វបទដើម្បីជួយឲ្យវៀតណាមទទួលបានអត្រាកំណើនដែលបានដាក់ចេញក្នុងឆ្នាំ២០២១ ក៏ដូចជាបណ្តាឆ្នាំជា ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ