សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២១ - ចំណុចភ្លឺនៃកំណើន GDP

(VOVWORLD) - ឆ្នាំ ២០២១គឺជាឆ្នាំដែលខឿនសេដ្ឋកិច្ចវៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើន ទោះបីជាជួបប្រទះនឹងការលំបាកដែលមិនធ្លាប់មានតាំងពីមុនមកដោយសារជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។ បន្តែដោយមានការចូលរួមពីប្រព័ន្ធនយោបាយ បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល សហគ្រាស និងប្រជាជនទាំងមូលនោះ ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមនៅតែភ្លឺស្វាង ដោយបានបង្កើតបុព្វបទសម្រាប់ការស្ដារ និងអភិវឌ្ឍន៍ឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។

 

 

សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២១ - ចំណុចភ្លឺនៃកំណើន GDP - ảnh 1លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ qdnd.vn)

ផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ(២០២០ - ២០២១) គិតជាទឹកប្រាក់ប្រមាណ ៨៤៧ លានលានដុង ស្មើនឹង ៣៧ ពាន់លានដុល្លារអាមេរិកដោយជះឥទ្ធិពលអវិជ្ជមានលើគ្រប់ទិដ្ឋភាពនៃខឿនសេដ្ឋកិច្ចវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែ សម្រេចលើសពីសន្ទស្សន៍សេដ្ឋកិច្ចមួយចំនួន ជាមួយនឹងកំណើន GDP ជាង ២% ហើយតម្លៃប្រាក់នាំចេញ នាំចូលសម្រេចបានជាង ៦៦០ ពាន់លានដុល្លារអាមេរិក ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសសម្រេចបានជាង ៣១ ពាន់លានដុល្លារអាមេរិក។

ដើម្បីសម្រេចបានសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២១ គឺដោយសារវៀតណាមបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីយុទ្ធសាស្ត្រ "សូន្យកូវីដ" ទៅជា "ការសម្របខ្លួនប្រកបដោយភាពបត់បែនទៅនឹងជំងឺកូវីដ ១៩" កាត់បន្ថយការរក្សាគម្លាតសង្គម និងបើកទ្វារខឿនសេដ្ឋកិច្ចឡើងវិញជាជំហានៗ។ ជាលទ្ធផល ខឿនសេដ្ឋកិច្ចបានផ្លាស់ប្តូរជាវិជ្ជមាន។ ក្នុងត្រីមាសទី ៣ និងទី ៤ នៃឆ្នាំ ២០២១ សេដ្ឋកិច្ចបានចាប់ផ្តើមស្ដារឡើងវិញ ហើយរីកចម្រើន ដោយក្លាយទៅជា "សសរស្តម្ភ" នៃខឿនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ ហើយបង្កើតសន្ទុះសម្រាប់ឆ្នាំ ២០២២។

ចំណុចភ្លឺនៃសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២១ គឺសកម្មភាពនាំចូល-នាំចេញជាមួយទំហំពាណិជ្ជកម្មសម្រេចបានជាង ៦៦០ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងលទ្ធផលនេះ វៀតណាមបានស្ថិតក្នុងចំណោមខឿនសេដ្ឋកិច្ចឈានមុខទាំង ២០ អំពីពាណិជ្ជកម្មអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំបាននាំសកម្មភាពនាំចេញ-នាំចូលរីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺវៀតណាមបានក្លាយទៅជាប្រទេសមានអតិរេកនាំចេញក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖ “ទីមួយ ទាក់ទងនឹងរចនាសម្ព័ន្ធមុខទំនិញ គឺត្រូវបានធ្វើពិពិធកម្ម ហើយក្រុមមុខទំនិញឧស្សាហកម្មកែច្នៃបានស្រូបយក ៨៦% នៃតម្លៃនាំចេញរបស់ប្រទេសទាំងមូល និងកាត់បន្ថយសមាមាត្រនៃការនាំចេញវត្ថុធាតុដើមពីរ៉ែឆៅព្រមទាំងបង្កើនសមាមាត្រនៃឧស្សាហកម្មកែច្នៃ។ ក្រុម បច្ចេកវិទ្យាកែច្នៃនេះក៏ កើនឡើង ១៨% ហើយនោះក៏ជាកម្លាំងចលករ ដែលជួយកំណើនរបស់យើងនៅតែរាក្សាបានល្អក្នុងរយៈពេលកន្លងទៅ។ ទាក់ទងនឹងទីផ្សារ យើងសង្កេតឃើញថាទីផ្សារនាំចេញត្រូវបានពង្រីកតាមទិសដៅធ្វើពិពិធកម្ម និងទាញយកទីផ្សារនៃបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ឧទាហរណ៍ថា ទីផ្សារក្នុងប្លុកសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងទីផ្សារថ្មីនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដូចជាម៉ិកស៊ិក កាណាដា និងប៉េរូ គឺសុទ្ធតែបង្ហាញពីតួរលេខកំណើនយ៉ាងល្អប្រសើរផងដែរ”។

សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២១ - ចំណុចភ្លឺនៃកំណើន GDP - ảnh 2លោក Vu Tien Loc សមាជិករដ្ឋសភានីតិកាលទី ១៥ ប្រធានអាជ្ញាកណ្ដាលនៃមជ្ឈមណ្ឌលអន្តរជាតិវៀតណាម (រូបថត៖ qdnd.vn)

ចំណុចលេចធ្លោលើវិស័យសេដ្ឋកិច្ច គឺការធ្វើកសិកម្មនៅតែរក្សាបានដំណើរការដដែល ដោយរួមចំណែកធានាសុខុមាលភាពសង្គម និងសន្តិសុខស្បៀងអាហារជាតិ រួមចំណែកទៅក្នុងកំណើនតម្លៃប្រាក់នាំចេញ ដោយអះអាងយ៉ាងច្បាស់លាស់ថាជាសសរស្តម្ភសេដ្ឋកិច្ចយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈ។ ក្នុងខែវិច្ឆិកាឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញកសិ- រុក្ខា- ជលផល ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានជិត ៤៣,៥ ពាន់លាន ដុល្លារអាមេរិកកើនឡើងជាង ១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ដោយមានតម្លៃប្រាក់នាំចេញសរុបយ៉ាងដូច្នេះ ផ្នែកកសិកម្មសម្រេចបានគោលដៅមុនកាលកំណត់ ១ ខែ ពោលគឺលើសពីគោលដៅរបស់រដ្ឋាភិបាល ដែលបានដាក់ចេញគឺ ១,៥ ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមដំណាច់ខែធ្នូ ការនាំចេញកសិផលសម្រេចបានទឹកប្រាក់ជាង ៤៥ ពាន់លានដុល្លារអាមេរិក។ លោក Vu Tien Loc ប្រធានអាជ្ញាកណ្ដាលនៃមជ្ឈមណ្ឌលអន្តរជាតិវៀតណាមបានឲ្យដឹងថា៖ “សមត្ថភាពប្រកួតប្រជែងមួយ ហើយជាគុណសម្បត្តិស្នូលរបស់យើងគឺ វិស័យកសិកម្ម។ ក្នុងឧប្បត្តិហេតុនានានៃខឿនសេដ្ឋកិច្ចគឺសុទ្ធតែមានសរសរស្តម្ភជាវិស័យកសិកម្ម។ ដោយមានតម្រូវការតភ្ជាប់ជាមួយកសិផលនោះ បានជាយើងតែងតែត្រូវការវិស័យកសិកម្មក្នុងគ្រប់បរិបទផងដែរ”។

យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ វៀតណាមនឹងសម្រេចកំណើន ៦,៥%។ ចំណែក HSBC បាន ព្យាករថា ៦,៨% ខណៈពេលដែលប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំនៅវៀតណាមលោក Jacquest Morisset បានវាយតម្លៃគោលដៅកំណើន GDP ពី ៦-៦,៥% ក្នុងឆ្នាំ ២០២២ របស់វៀតណាម គឺមានលក្ខណៈវិជ្ជមាន ហើយវៀតណាមនឹង"បន្តសរសេររឿងរ៉ាវ់អំពីកំណើន" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ