សេដ្ឋកិច្ចឯកជនរួមចំណែកយ៉ាងសកម្មទៅក្នុងកំណើនសេដ្ឋកិច្ចឆ្នាំ២០១៩
(VOVWORLD) -ក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មទំនិញសកលបានធ្លាក់ចុះនោះ ផ្ទាំងគំនូរសេដ្ឋកិច្ច សង្គមវៀតណាមក្នុងត្រីមាសទី ១ បន្តមានការវិវឌ្ឍជាវិជ្ជមាន។
សេដ្ឋកិច្ចឯកជនរួមចំណែកយ៉ាងសកម្មទៅក្នុងកំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ ̣(រូបថត៖ thoibaotaichinhvietnam.vn) |
ក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មទំនិញសកលបានធ្លាក់ចុះនោះ ផ្ទាំងគំនូរសេដ្ឋកិច្ច សង្គមវៀតណាមក្នុងត្រីមាសទី ១ បន្តមានការវិវឌ្ឍជាវិជ្ជមាន។ កំណើន GDP កើនឡើង អតិផរណានៅតែមានស្ថិរភាព និងការគ្រប់គ្រងតម្លៃត្រូវបានធានា។ ដើម្បីទទួលបានរាល់គោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ រដ្ឋាភិបាលវៀតណាមបានបន្តកែលម្អបរិយាកាសធ្វើអាជីវកម្ម បែបបទរដ្ឋបាល ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សេដ្ឋកិច្ចឯកជនរួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៩។
នាប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យសេដ្ឋកិច្ចឯកជនបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម។ នាឆ្នាំ ២០១៨ ការវិនិយោគទុនលើវិស័យឯកជនកើន ១៨,៥% បើប្រៀបធៀបនឹងឆ្នាំទៅមិញ ដោយស្រូបយក ៤៣ % នៃការវិនិយោគទុនសង្គមសរុប។ ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ស្ថានភាពសេដ្ឋកិច្ច សង្គមនៃប្រទេសជាតិមានការអភិវឌ្ឍន៍គួឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ ដោយសារមានការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មនោះ បានជាមានសហគ្រាសថ្មីចំនួន ២៨ ៥០០ អង្គភាពត្រូវបានបង្កើតឡើង ពោលគឺខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ។ តាមលោក Nguyen Bich Lam អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិថា៖ ដើម្បីទទួលបានលទ្ធផលទាំងនេះ រដ្ឋាភិបាលបានអនុវត្តន៍ជាក់ស្ដែងនូវគោលការណ៍ " វិន័យ សុចរិត ធ្វើសកម្មភាព ច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាព" ព្រមទាំងតាក់តែងយន្តការ គោលនយោបាយជួយឧបត្ថម្ភវិស័យសេដ្ឋកិច្ចឯកជន។
“ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ វិស័យទាំង ៣ គឺ កសិ - រុក្ខ - ជលផល ឧស្សាហកម្មសំណង់ និងសេវាកម្ម គឺសុទ្ធតែទទួលបានកំណើនខ្ពស់ជាង បើធៀបនឹងរយៈពេលដូចគ្នាពីបណ្ដាឆ្នាំមុន។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក តំបន់ និងពាណិជ្ជកម្មសុទ្ធតែធ្លាក់ចុះ វៀតណាមនៅតែទទួលបានកំណើន សេដ្ឋកិច្ច ៦,៧៩ % ។ ទន្ទឹមនឹងនេះអតិផរណារក៏ស្ថិតក្នុងការគ្រប់គ្រងរបស់វៀតណាមផងដែរ។ ប្រការទាំងនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់”។
ចាប់តាំងពីពេលនេះរហូតដល់ដំណាច់ឆ្នាំ រាល់កម្លាំងចលករសំខាន់ៗក្នុងកំណើនសេដ្ឋកិច្ចគឺនៅតែជាប្លុកសហគ្រាសឯកជនលើវិស័យផលិកម្ម ផ្នែកកែច្នៃនានា និងវិស័យសហគ្រាសដែលមានទុនវិនិយោគពីបរទេស (FDI)។ លោក Dinh Tuan Minh អ្នកជំនាញមួយរូបបានអះអាងថា៖
"យើងត្រូវជំរុញតម្រូវការតាមរយៈការវិនិយោគទុន និងកញ្ចប់ ឥណទានរបស់រដ្ឋាភិបាល ដើម្បីទទួលកំណើនខ្ពស់ ប៉ុន្តែត្រូវប្រឈមនឹងអតិផរណា។ ទន្ទឹមនឹងនេះ យើងក៏ត្រូវផ្តោតលើការកែលម្អបរិយាកាសធ្វើអាជីវកម្ម កែលម្អវិស័យសហគ្រាសរដ្ឋ ក៏ដូចជាពន្លឿនភាគហុនភាវូបនីយកម្ម និងការទាក់ទាញទុនវិនិយោគផងដែរ"។
តាមសេចក្ដីសម្រេចិត្តមជ្ឈឹម លេខ ៥ នីតិកាលទី ១២ បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម។ នាពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្តីពីការកែលម្អបរិយាកាសវិនិយោគ និងការកាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្ម។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាត្រូវកាត់បន្ថយបែបបទ ប្រាក់ចំណាយ ដើម្បីជួយសម្រួលដល់សហគ្រាស លើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់សហគ្រាស និងខឿនសេដ្ឋកិច្ច។ សាស្ត្រាចរ្យរង បណ្ឌិត To Trung Thanh មកពីមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានចាត់ទុកថា៖
"យើងចាំបាច់ត្រូវមានដំណោះស្រាយជាគ្រឹះ ហើយផ្ដោតលើគោលនយោបាយបង្កើនបរិមាណផល។ យើងត្រូវកែលម្អបរិយាកាសធ្វើអាជីវកម្មយ៉ាងប្ដូរផ្ដាច់ និងជាក់ស្ដែងថែមទៀត ជាពិសេសគឺលើវិស័យឯកជន។ ទន្ទឹមនឹងនេះ យើងក៏គប្បីកែលម្អវិស័យហិរញ្ញវត្ថុធនាគារ និងត្រួតពិនិត្យឡើងវិញនូវការផ្ដល់អាទិភាពដល់សហគ្រាស FDI ជាពិសេសគឺ សហគ្រាស FDI មានគុណភាពអន់ខ្សោយ ហើយផ្ដល់អាទិភាពដល់សហគ្រាស FDI មានគុណភាព។ លើសពីនេះទៅទៀត យើងគប្បីធានាតុល្យភាពនៃខឿនសេដ្ឋកិច្ច ជាពិសេសបំណុលសាធារណៈ និងថវិកា ហើយធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដោយឥតងាករេ និងមានតម្លាភាព"។
នាឆ្នាំ ២០១៩ ខឿនសេដ្ឋកិច្ចអន្តរជាតិអាចមិនរក្សាបាននូវសន្ទុះកំណើនដូចឆ្នាំទៅមិញឡើយ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីទាក់ទាញវិនិយោគិន។ នៅពេលដែលវិនិយោគិនមានជំនឿទុកចិត្តទៅលើគោលនយោបាយ ក៏ដូចជាបរិយាកាសធ្វើអាជីវកម្មនោះ វានឹងក្លាយទៅជាកម្លាំងចលករកំណើនរបស់វៀតណាមទាំងរយៈពេលខ្លី ក៏ដូចជាមធ្យម និងវែងផងដែរ៕