សហគ្រាសវៀតណាមបង្កើនការធ្វើអាជីវកម្មទីផ្សារនិងជំរុញតម្រូវការប្រើ ប្រាស់ក្នុងស្រុកយ៉ាងសកម្ម

(VOVWORLD) - បន្ទាប់ពីគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺ Covid-19 ក្នុងស្រុកមកប្រទេសវៀតណាមកំពុងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងសកម្មផងដែរ។ យោងតាមអ្នកជំនាញនានាបានឱ្យដឹងថានេះគឺជាឱកាសមួយ សម្រាប់សហគ្រាសវៀតណាមក្នុងការជំរុញផលិតកម្មនិងធ្វើអាជីវកម្ម។
សហគ្រាសវៀតណាមបង្កើនការធ្វើអាជីវកម្មទីផ្សារនិងជំរុញតម្រូវការប្រើ ប្រាស់ក្នុងស្រុកយ៉ាងសកម្ម - ảnh 1 សហគ្រាសវាយនភ័ណ្ឌបានលើកកម្ពស់ទិសដៅថ្មីនៃការបង្កើនការប្រើប្រាស់ផលិតផលនៅលើទីផ្សារក្នុងស្រុក (រូបថត៖ VOV)

ជាពិសេសក្នុងបរិបទនៃការនាំចេញទំនិញដែលកំពុងជួបការលំបាកជាច្រើនដោយសារការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅលើពិភពលោក ហើយទីផ្សារក្នុងស្រុកដែលមានចំនួនប្រជាជនជិត ១០០ លាននាក់ក៏ត្រូវបានចាត់ទុកថាជាឱកាសពោរពេញទៅដោយសក្តានុពលសម្រាប់អង្គភាពអាជីវកម្ម ដើម្បីផ្តោតការយកចិត្តទុកដាក់លើការធ្វើអាជីវកម្មក្នុងការជំនះពុះពារលើរាល់ការលំបាកនិងស្តារឡើងវិញក្រោយពីជំងឺរាតត្បាតសកល Covid-19 ផងដែរ។

ជាវិស័យមួយក្នុងចំណោមវិស័យផលិតកម្មដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺ Covid-19 ក្នុងខែមេសាឆ្នាំ២០២០ ទំហំពាណិជ្ជកម្មនៃការនាំចេញវិស័យវាយនភ័ណ្ឌបានថយចុះ ២០% បើប្រៀបធៀបទៅនឹងខែមីនាឆ្នាំដដែល។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ទំហំនាំចេញនៃវិស័យនេះ សម្រេចបានត្រឹមតែជាង ១០ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ៦,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ប្រឈមមុខនឹងស្ថានភាពនេះ សហគ្រាសវាយនភ័ណ្ឌជាច្រើនក៏បានបង្កើនការអនុវត្តតាមទិសដៅថ្មីដូចជាការជម្រុញលក់ចេញផលិតផលសម្រាប់ទីផ្សារក្នុងស្រុក។ លោក Bui Duc Thang ប្រធានផ្នែកទីផ្សារ (Marketing) នៃអគ្គក្រុមហ៊ុន May ១០ បានមានប្រសាសន៍ថា៖

“នៅក្នុងដំណើរការនៃការបើកទ្វារនេះមានសញ្ញាដ៏ល្អមួយគឺអតិថិជនមានការសប្បាយចិត្តដោយបានត្រៀមខ្លួនជាស្រេចទៅទិញទំនិញ។ កាលពីមុននោះ យើងខ្ញុំបានរៀបចំការបញ្ជាទិញទំនិញដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃបើកទ្វារវិញនិងឆ្លើយតបនឹងតម្រូវការយ៉ាងពេញលេញអំពីផលិតផលម៉ូដសំលៀកបំពាក់ទាន់សម័យសម្រាប់កន្លែងធ្វើការរបស់ក្រុមហ៊ុន MAY ១០។ ប្រាក់ ចំណូលរបស់ក្រុមហ៊ុនក៏ចាប់ផ្តើមកើនឡើង ហើយនាំផលិតកម្មឲ្យវិលត្រឡប់មកដំណើរការដូចដើមជាបណ្តើរៗផងដែរ”។

ដើម្បីជម្រុញផលិតកម្មអាជីវកម្មនិងចាប់ផ្តើមប្រតិបត្តិការឡើងវិញក្រោយពីជំងឺរាតត្បាតសកល អង្គភាពអាជីវកម្មជាច្រើនបានកំណត់ឡើងវិញនូវប្រភេទផលិតផលនិងទីផ្សារយុទ្ធសាស្រ្ត ព្រមទាំងអភិវឌ្ឍន៍ការតភ្ជាប់ទំនាក់ទំនងរវាង សហគ្រាសផលិតកម្ម និងសហគ្រាសខាងចែកចាយផងដែរ។ ទន្ទឹមនឹងនេះ អង្គភាពអាជីវកម្មក៏ត្រូវផ្តោតការយកចិត្តទុកដាក់លើការកែលំអ លើកកំពស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ក៏ដូចជាមូលដ្ឋានសេវាកម្មនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផងដែរ។ លោក Nguyen Tien Vuong អគ្គនាយករងនៃអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ  Hapro បានឲ្យដឹងថា៖

“ក្នុងរយៈពេលនៃការផ្ទុះជំងឺឆ្លងនោះ ក្រោមការដឹកនាំរបស់សម្ព័នក្រុមហ៊ុន ប្រព័ន្ធហាងលក់ចំណីអាហារ និងផ្សារទំនើប Hapro ត្រូវបានជួសជុលនិងកែលម្អឡើងវិញ រួមមានទីតាំងចំនួន ១៩ កន្លែងនៅតាមដងផ្លូវក្នុងទីក្រុងហាណូយ។ នៅក្នុងផែនការនាពេលខាងមុខនេះ ដើម្បីបំរើប្រជាជនអោយកាន់តែល្អប្រសើរថែមទៀត សម្ព័ន្ធក្រុមហ៊ុននឹងធ្វើការជួសជុល លើកកំពស់ កែលម្អ និងបើកហាងលក់ទំនិញប្រមាណ ១០០ កន្លែងបន្ថែមទៀតក្នុងរយៈពេល ចាប់ពីឥឡូវនេះរហូតដល់ដំណាច់ឆ្នាំផងដែរ”។

សហគ្រាសវៀតណាមបង្កើនការធ្វើអាជីវកម្មទីផ្សារនិងជំរុញតម្រូវការប្រើ ប្រាស់ក្នុងស្រុកយ៉ាងសកម្ម - ảnh 2 ប្រព័ន្ធផ្សារទំនើប Hapro (រូបថត៖ congthuong.vn)

បើសិនគណនាជាទូទៅ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ អត្រាលក់រាយទំនិញនិងប្រាក់ចំណូលនៃសេវាកម្មប្រើប្រាស់របស់អតិថិជនសរុបមានការធ្លាក់ចុះ ៤,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ មុខទំនិញចំាំបាច់គ្រប់ប្រភេទ នៅតែមានភាពសម្បូរបែបដោយគ្មានបញ្ហាខ្វះខាតទំនិញ ឬក៏មានការដំឡើងថ្លៃ សូម្បីតែនៅតាមតំបន់ត្រូវបានដាក់នៅដាច់ដោយឡែក និងកន្លែងរងការដាក់កំហិតលើការធ្វើដំណើរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លងក៏ដោយ។ អ្នកជំនាញនិងថ្នាក់ដឹកនាំអង្គភាព អាជីវកម្មជាច្រើនបានឲ្យដឹងថាទីផ្សារក្នុងស្រុកកំពុងក្លាយទៅជាទីបង្អែកដ៏រឹងមាំសម្រាប់សហគ្រាសវៀតណាមតែម្តង។ លោកស្រី   Bach Kim Ngan  នាយិការក្រុមហ៊ុន Ngan Giang បានអះអាងថា៖

«បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយការរក្សាគម្លាតសង្គមហើយអង្គភាពអាជីវកម្មបានវិលត្រឡប់មករកប្រតិបត្តិការជាធម្មតាឡើងវិញនោះ អង្គភាព អាជីវកម្មរបស់យើងខ្ញុំបានរៀបចំផែនការសម្រាប់ធ្វើសមាហរណកម្មទីផ្សារឡើងវិញដោយបន្តផលិតនូវផលិតផលដែលមានគុណភាពល្អ ព្រមទាំងតភ្ជាប់ជាមួយនឹងប្រព័ន្ធចែកចាយ ផ្សារទំនើប និងប្រព័ន្ធលក់រាយ ដើម្បីនាំផលិត ផលចេញទៅដល់ទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរៀបចំកម្មវិធីប្រូម៉ូសិន រំញោចតម្រូវការរបស់អតិថិជន ក៏ដូចជាចូលរួមក្នុងកម្មវិធីជម្រុញនានាដើម្បីនាំផលិតផលទៅកាន់អតិថិជនផងដែរ។ លើសពីនេះទៀត យើងខ្ញុំក៏ផ្តោតសំខាន់លើការជំរុញទីផ្សារក្នុងស្រុក ពីព្រោះនេះគឺជាទីផ្សារដែលមានសក្តានុពលខ្លាំងណាស់ដែរ»។

ពិតណាស់ថាការវិវត្តន៍នៅលើទីផ្សារវៀតណាមក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលបច្ចុប្បន្នបានបញ្ជាក់សារជាថ្មីម្តង  ទៀតថា សក្តានុពលនៃទីផ្សារក្នុងស្រុក ពិតជាធំសម្បើមនិងមានយថាទស្សន៍ យ៉ាងខ្ពស់ផងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា គោលការណ៍នៃការផ្តោតសំខាន់លើការធ្វើអាជីវកម្មនៅលើទីផ្សារក្នុងស្រុក និងការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក គឺជាទិសដៅដ៏ត្រឹមត្រូវ មិនត្រឹមតែក្នុងរយៈពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងជួយឲ្យខឿនសេដ្ឋកិច្ចប្រទេសជាតិកាន់តែត្រូវបានពង្រីកក្នុងរយៈពេលវែងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ