សហគ្រាសវៀតណាមរក្សាស្ថិរភាពផលិតកម្ម និងការនាំចេញយ៉ាងឆាប់រហ័ស
(VOVWORLD) - គិតត្រឹមខែតុលា ឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញទំនិញរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណសម្រេចបានជិត ២៦៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ VOV |
នៅក្នុងខែតុលា ឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញបានប៉ាន់ប្រមាណថាសម្រេចបានជាង ២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១% បើប្រៀបធៀបនឹងខែមុន ហើយកើនឡើង ០,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តូរលេខទាំងនេះគឺជាសញ្ញាគួរឲ្យសប្បាយរីយរាយនៃខឿនសេដ្ឋកិច្ច និងជាការស្ដារឡើងវិញយ៉ាងឆាប់រហ័សរបស់សហគមន៍ធុរជនវៀតណាមក្នុងការផលិត និងការនាំចេញផងដែរ។
ក្នុងរយៈពេល ១០ ខែកន្លងទៅ សកម្មភាពនាំចេញ និងនាំចូលរបស់វៀតណាមនៅតែមានកំណើនក្នុងរយៈពេលខ្លី ក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានការស្ដារឡើងវិញយ៉ាងសកម្មជាមួយនឹងលទ្ធផលគួរឱ្យកត់សម្គាល់ពីសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងទីផ្សារ៖ សកម្មភាពផលិតកម្មឧស្សាហកម្មមានកំណើន ២ ខ្ទង់ (កម្លាំងចលករកំណើននៃខឿនសេដ្ឋកិច្ចគឺឧស្សាហកម្មកែច្នៃ បានកើនឡើង ១២,៧%); តម្លៃប្រាក់នាំចេញ នាំចូលសម្រេចបានអត្រាកំណើនខ្ពស់បំផុត បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី ១០ ឆ្នាំកន្លងទៅដោយមានតម្លៃប្រាក់នាំចេញទំនិញកើនឡើង ២៨,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅខែឧសភា រលកទី ៤ នៃជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងនៅតាមសហគ្រាសមួយចំនួនក្នុងមណ្ឌលឧស្សាហកម្មរបស់ខេត្ត Bac Giang និង Bac Ninh។ នាគ្រានោះ លោក Le Anh Duong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang ដោយមានបានសង្កត់ធ្ងន់លើផែនការ “រៀនរស់ប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត” ដោយគោរពវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងពន្លឿនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនពលករ។ លោកបានឲ្យដឹងថា៖ “ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនោះ ខេត្ត Bac Giang បានបិទទ្វារមណ្ឌលឧស្សាហកម្មចំនួន ៤ ដោយបានបញ្ឈប់ផលិតកម្មរបស់សហគ្រាសចំនួន ៣៤០ ដែលមានពលករជាង ១៤ ម៉ឺននាក់។ មុនពេលបិទទ្វារនោះយើងខ្ញុំបានបើកកិច្ចប្រជុំតាមអនឡាញជាមួយសហគ្រាសទាំងអស់ក្នុងមណ្ឌលឧស្សាហកម្មទាំង ៤ ដើម្បីធ្វើការពិភាក្សាអំពីផែនការរៀបចំផលិតកម្មក្នុងបរិបទជំងឺរាតត្បាត និងដាក់ចេញគោលដៅរៀនរស់ប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត។ បាវចនារបស់ខេត្ត Bac Giang គឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីផលិតកម្ម ហើយផលិតកម្មដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ”។
រលកទី៤ នៃជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលផ្ទាល់លើវិស័យសេដ្ឋកិច្ច និងសហគមន៍ធុរកិច្ច។ ទោះបីជានៅតែជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែសកម្មភាពនាំចូល និងនាំចេញក្នុងរយៈពេល ៩ ខែដើមឆ្នាំកន្លងទៅនៅតែសម្រេចបានកំណើន ២ ខ្ទង់ ពោលគឺខ្ពស់ជាងតួលេខកំណើន ៤ - ៥% តាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋសភា។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា៖ “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីរក្សាផលិតកម្ម និងការនាំចេញ។ជាពិសេស យើងបានរក្សាបានល្បឿនផលិតកម្មនិងការនាំចេញនៅតំបន់ភូមិភាគខាងជើង និងតំបន់ភូមិភាគកណ្តាល ក្នុងនោះមានមជ្ឈមណ្ឌលនាំចេញធំៗដូចជា Bac Ninh Bac Giang និង Thai Nguyen។ ទីពីរ យើងបានប្រមូលផ្ដុំកម្លាំង ដើម្បីធានាការធ្វើចរាចរណ៍ទំនិញ ក្នុងបរិបទអនុវត្តន៍វិធានការរក្សាគម្លាតសង្គម។ ទីបីគឺ យើងរក្សាបានច្រកទ្វារនាំចេញសំខាន់ៗទាំងអស់ប្រកបដោយសុវត្ថិភាព។ ក្នុងគ្រាដ៏លំបាកបំផុត ដោយមានការយកចិត្តទុកដាក់ទាំងនេះ បណ្ដាកំពង់ផែសមុទ្រនៅតំបន់ភូមិសាស្ត្រទីក្រុងហូជីមិញនៅតែដំណើរការប្រកបដោយសុវត្ថិភាពផងដែរ”។
នាថ្ងៃទី ១១ ខែតុលាកន្លងទៅ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១២៨ ស្ដីពីបទប្បញ្ញត្តិបណ្តោះអាសន្ន "ដោយសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាព"។ លក្ខខ័ណ្ឌអំណោយផលទាំងអស់នេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ ២០២១ នោះ ក្រុមសេដ្ឋកិច្ចវិទូបានវាយតម្លៃអំពីលទ្ធភាពរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្ម ហើយថែមទាំងអាចនាំចេញហួសកម្រិតពេញមួយឆ្នាំទៀតផង។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលបានឲ្យដឹងថា៖ “ក្នុងរយៈពេល ៩ ខែដើមឆ្នាំ យើងបាននាំចូលហួសកម្រិត ២,១៣ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ០.៨% នៃតម្លៃប្រាក់នាំចូល ហើយតួរលេខនេះមិនមែនជាគម្លាតធំពេកឡើយ។ ដូច្នេះ ប្រសិនបើ មិនមានការផ្លាស់ប្តូរធំៗ ក្នុងបញ្ហាគ្រប់គ្រងជំងឺរាតត្បាតនោះទេ យើងមានក្ដីសង្ឈឹមថា រយៈពេល ៣ ខែចុងឆ្នាំគឺជាពេលវេលាសម្រាប់សហគ្រាស ជាពិសេសគឺសហគ្រាសភាគខាងត្បូងស្ដារកំណើនឡើងវិញ។ អាស្រ័យហេតុនេះ យើងអាចមានជំនឿជាក់ថា នៅដំណាច់ឆ្នាំ ២០២១ជញ្ជីងពាណិជ្ជកម្មអាចមានតុល្យភាពផងដែរ”។
ជីវភាពរស់នៅតាម "គន្លងប្រក្រតីភាពថ្មី" បានបើកឱកាសសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាសហគ្រាសនាំចេញផងដែរ។ ក្រៅពីនោះ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីក៏នាំមកនូវកត្តាអំណោយផលដើម្បីបង្កើនការនាំចេញទាំងបរិមាណ និងគុណភាព ក៏ដូចជាជួយសហគ្រាសអភិវឌ្ឍន៍ឡើងវិញផងដែរ៕