ហាណូយឆ្លៀតយកឧត្តមភាព ដើម្បី​អភិវឌ្ឍផលិតផលទេសចរណ៍ពេលរាត្រី​

(VOVWORLD) - គិតត្រឹមដំណាច់ខែវិច្ឆិកា រដ្ឋធានីហាណូយបានស្វាគមន៍ភ្ញៀវទេសចរចំនួន ២២,៦ លាននាក់ កើនឡើង ៣២,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណមានចំនួន ៨៤.២៥០ ពាន់លានដុង (ជាង ៣,៤៦ ពាន់លានដុល្លារ) កើនឡើង ៥៨,៤% បើធៀបនឹងឆ្នាំមុន។ 
ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទីក្រុងហាណូយ នាពេលខាងមុខ ទេសចរណ៍ទីក្រុងបាននិងកំពុងអនុវត្តន៍ផលិតផលទេសចរណ៍ជាច្រើននាពេលរាត្រី។ ក្រៅពីនាំមកនូវបទពិសោធន៍ចម្រុះ ប្លែក និងមានគុណភាពជូនភ្ញៀវទេសចរនោះ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រីក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានីផងដែរ។
ហាណូយឆ្លៀតយកឧត្តមភាព ដើម្បី​អភិវឌ្ឍផលិតផលទេសចរណ៍ពេលរាត្រី​ - ảnh 1កម្មវិធី “Quintessence of Tonkin Show” បានទាក់ទាញទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាច្រើនមកទស្សនា។ រូបថត៖ qdnd.vn

នៅខែកក្កដាឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ១១២៩/QD-TTg ដោយអនុម័តលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចពេលរាត្រីនៅវៀតណាម ដែលក្នុងនោះ ដំណាក់កាលខាងមុខគឺផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍។ ហាណូយត្រូវបានជ្រើសរើសជាទីតាំងសាកល្បងមួយ។ បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត ទីក្រុងហាណូយមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ទេសចរណ៍ពេលរាត្រី ដូចជា៖ ប្រព័ន្ធកេរ្តិ៍ដំណែលបេតិកភណ្ឌដ៏ធំសម្បើម រួមជាមួយនឹងប្រព័ន្ធតម្លៃវប្បធម៌និងសិល្បៈដ៏វិសេសវិសាល។ នេះជាកត្តាចម្បងមួយដែលជួយឱ្យទីក្រុងក្លាយជាគោលដៅគួរឲ្យទាក់ទាញមួយនៅលើផែនទីទេសចរណ៍។ សាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌និងអប់រំ របស់រដ្ឋសភាបានមានប្រសាសន៍ថា៖ “សេដ្ឋកិច្ចពេលរាត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍។ ដូច្នេះ ប្រសិនបើយើងអាចដោះស្រាយបាននូវបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចនាពេលរាត្រី វានឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក  ជាពិសេសសម្រាប់ទីក្រុងហាណូយ នៅពេលដែលបានចូលរួមក្នុងបណ្តាញទីក្រុងនវានុវត្តន៍របស់អង្គការ UNESCO។ នោះហើយជាមូលហេតុដែលនាពេលថ្មីៗនេះ ទីក្រុងហាណូយបានខិតខំប្រឹងប្រែងជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលរាត្រី តាមនោះបង្កើតគុណសម្បត្តិសម្រាប់ការអភិវឌ្ឍរដ្ឋធានី ដោយសក្ដានុពលនៃសេដ្ឋកិច្ចនាពេលរាត្រី”។

ការអនុវត្តទេសចរណ៍នាពេលរាត្រីនៅទីក្រុងហាណូយនាកន្លងទៅ ជាជំហានដំបូងបានទទួលប្រសិទ្ធភាព។ នៅវិថីរាត្រីដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ ដូចជា៖ Ta Hien – Luong Ngoc Quyen ; វិថីដើរថ្មើជើងបឹង Hoan Kiem ; វិថីដើរថ្មើជើងនិងភោជនាហារ Dao Ngoc – Ngu Xa; វិថីដើរថ្មើជើងជុំវិញកំពែងបុរាណ Son Tay (ក្រុង Son Tay ) បរិយាកាសភោជនាហារ និងវប្បធម៌នៅវិថី Trinh Cong Son... បាននិងកំពុងទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលបទពិសោធន៍ជីវភាពនាពេលរាត្រីដ៏រស់រវើក។ បន្ទាប់ពីជោគជ័យទាំងនោះ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem រៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ហាណូយនាពេលរាត្រី ចំនួន ១៥។ ក្នុងនោះ មានផលិតផលជាច្រើនត្រូវបានវិនិយោគលើខ្លឹមសារនិងទម្រង់ ដូចជា៖ ដំណើរកម្សាន្ត “បេតិកភណ្ឌពន្ធនាគារ Hoa Lo ” (ខ័ណ្ឌ Hoan Kiem);  ដំណើរកំសាន្តនាពេលរាត្រី "ឌីកូដបរមរាជវាំង Thang Long" (ខ័ណ្ឌ Ba Dinh); ដំណើជិះឡានក្រុង២ជាន់ - city tour នាពេលរាត្រី។ល។ ផលិតផលទេសចរណ៍ពេលរាត្រីទាំងនេះ ផ្តោតលើការធ្វើអាជីវកម្មបេតិកភណ្ឌវប្បធម៌រាប់ពាន់ឆ្នាំរបស់ Thang Long -ហាណូយ។ លោកស្រី Dang Huong Giang ប្រធានមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖   “យើងចង់ឲ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ថា ពេលរាត្រីនៅទីក្រុងហាណូយស្រស់ស្អាតយ៉ាងណា ហើយចង់ឲ្យភ្ញៀវទេសចរនៅគ្រប់ទិសទីរបស់មាតុភូមិ ក៏ដូចជាភ្ញៀវអន្តរជាតិមកដល់ទីក្រុងហាណូយដើម្បីស្រឡាញ់ទីក្រុងហាណូយកាន់តែច្រើន ហើយរីករាយជាមួយបរិយាកាសរបស់ទីក្រុងហាណូយប្លែកៗ បើធៀបនឹងពេលថ្ងៃ។ នៅពេលរាត្រីយើងនឹងឃើញ បរិយាកាសមួយផ្សេងទៀត មានភាពស្ងប់ស្ងាត់ ប៉ុន្តែក៏មានកន្លែងរស់រវីកដែរ។ ភ្ញៀវទេសចរអាចទទួលបទពិសោធន៍និងស្វែងយល់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។ នោះគឺជាអ្វីដែលយើងចង់ឲ្យភ្ញៀវទេសចរនៅពេលមកដល់ទីក្រុងហាណូយ នឹងទទួលបានអារម្មណ៍បែបនេះ”។

ហាណូយឆ្លៀតយកឧត្តមភាព ដើម្បី​អភិវឌ្ឍផលិតផលទេសចរណ៍ពេលរាត្រី​ - ảnh 2តំបន់វិថីបុរាណ និងជុំវិញបឹង Hoan Kiem ត្រូវបានចាត់ទុកថា ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ នាពេលថ្មីៗនេះ។ រូបថត៖ hanoimoi.vn

យោងតាមការវាយតម្លៃរបស់មន្ទីរទេសចរណ៍ទីក្រុងហាណូយ តំបន់វិថីបុរាណ និងជុំវិញបឹង Hoan Kiem ត្រូវបានចាត់ទុកថា ជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ នាពេលថ្មីៗនេះ។ តំបន់នេះបានប្រមូលផ្តុំភោជនីយដ្ឋាន សណ្ឋាគារ សេវាកម្មទិញទំនិញ និងការលេងកម្សាន្តជាច្រើននៅពេលរាត្រីនិងចុងសប្តាហ៍ រួមចំណែកបង្កើនភាពទាក់ទាញនៃបទពិសោធន៍ទេសចរណ៍ក្នុងរដ្ឋធានី។ លោក Pham Tuan Long ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “ភ្ញៀវទេសចរណ៍អន្តរជាតិតែងតែរៀបចំការស្នាក់នៅខ័ណ្ឌ Hoan Kiem ក្នុងអំឡុងពេលប្រព្រឹត្តិទៅសកម្មភាពនានានៅលើវិថីដើរថ្មើរជើង។ នេះក៏ជាសកម្មភាពមួយក្នុងការជំរុញតម្រូវការទេសចរណ៍ផងដែរ។ តួនាទីនិងការរួមចំណែកនៃគំរូផ្លូវដើរថ្មើជើងនៅខ័ណ្ឌ Hoan Kiem ដល់វិស័យទេសចរណ៍រដ្ឋធានីគឺធំធេងណាស់។ មានគំរូវប្បធម៌ ការផ្លាស់ប្តូរវប្បធម៌ និងព្រឹត្តិការណ៍ជាច្រើនដែលបានធ្វើឡើងនៅក្នុងចន្លោះទាំងនេះ”។

ទីក្រុងហាណូយមានបំណងស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ ២៥,៥ លាននាក់នៅឆ្នាំខាងមុខ បង្កើន ១៣,៣% បើធៀបនឹងឆ្នាំនេះ។ ដើម្បីសម្រេចបានគោលដៅនេះ ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលរាត្រីគឺជាដំណោះស្រាយដ៏សំខាន់មួយ។ ការបង្កើតបរិយាកាសវប្បធម៌ និងរៀបចំដំណើរទេសចរណ៍ថ្មីពីផលិតផលទេសចរណ៍នាពេលរាត្រីនាពេលថ្មីៗនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ ដោយបង្កើតវាយោថ្មីប្លែកពីដំណើរទេសចរណ៍ប្រពៃណី។ តាមនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពក្នុងយុទ្ធនាការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលរាត្រីរបស់ទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ