អង្គភាពអាជីវកម្មបន្សាំខ្លួនដើម្បីអភិវឌ្ឍន៍ក្នុងដំណាក់កាល «ក្រោយជំងឺរាតត្បាត Covid-19»
(VOVWORLD) - ជំងឺរាតត្បាតសកល Covid-19 បានជះឥទ្ធិពលអវិជ្ជមានទៅលើគ្រប់វិស័យ នៃជីវភាពរស់នៅនិងសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ ទោះបីជាផលិតកម្មនិង អាជីវកម្មជួបប្រទះនឹងការលំបាកច្រើនក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ច នៅតែមានកំរិតខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាស្ថិតនៅក្រោមការ គ្រប់គ្រង ការធ្វើសមតុល្យធំៗក៏ត្រូវបានធានាជាដើម។រួមគ្នាជាមួយនឹងភាព ជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 ហើយលទ្ធផលសេដ្ឋកិច្ចវិជ្ជមានបានជួយពង្រឹងនូវទំនុកចិត្តរបស់អង្គភាពអាជីវកម្ម ព្រមទាំងបង្កើតមូលដ្ឋាននិង បុព្វបទដ៏រឹងមាំសម្រាប់ការស្តារផលិតកម្មអាជីវកម្មឡើងវិញផងដែរ។
អង្គភាពអាជីវកម្មបន្សាំខ្លួនដើម្បីអភិវឌ្ឍន៍ក្នុងដំណាក់កាល «ក្រោយជំងឺរាតត្បាត Covid-19» (រូបថតឧទារហរណ៍៖ tapchitaichinh.vn) |
គេបានវាយតម្លៃថាជំងឺរាតត្បាត Covid-19 គឺប៉ះពាល់ដ៏ធ្ងន់ធ្ងរមកលើប្រទេសវៀតណាម ដោយសារខឿនសេដ្ឋកិច្ចសមាហរណកម្មស៊ីជម្រៅ ការបើក ចំហរធំ លក្ខណៈម្ចាសការ និងភាពធន់នៅតែមានកំហិត ដោយសារសកម្មភាព ផលិតកម្មអាជីវកម្មតត្រូវបានធ្វើឲ្យរអាក់រអួលនិងរំខានដល់ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងបរិបទនេះវៀតណាមបាន ផ្តោត សំខាន់លើការអនុវត្ត “គោលដៅពីរទន្ទឹមគ្នា” ពោលគឺទាំងបង្ការទប់ស្កាត់ជំងឺរាត ត្បាតយ៉ាងប្តូរផ្តាច់ផង ទាំងរក្សានិងអភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ចសង្គមផងដែរ។ របាយការណ៍ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 បណ្តាភារកិច្ចនិងដំណោះស្រាយដ៏សំខាន់ៗសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញនៅក្នុងពិធីបើកសម័យប្រជុំលើកទី៩នៃរដ្ឋសភានីតិកាលទី១៤ កាលពីថ្ងៃទី ១៩ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
«ទោះបីមានការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយប៉ុន្តែដោយសារ ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ប្រព័ន្ធនយោបាយគ្រប់ជាន់ថ្នាក់និង សហគមន៍អាជីវកម្មក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់បក្ស យើងនៅតែមានចំណុចភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺការថែរក្សា មូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពនិងតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច ដើម្បី បង្កលក្ខណៈអំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ផងដែរ។ ជាក់ស្តែង ការនាំចេញក្នុង រយៈពេល ៤ ខែត្រូវបានរក្សានូវសន្ទុះកើនឡើងដោយមានមុខទំនិញចំនួន ១៥ មុខដែលសម្រេចបានទំហំពាណិជ្ជកម្មនាំចេញជាង ១ ពាន់លានដុល្លារអាមេរិក។ ទោះបីជាមានការថយចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក៏ដោយ ប៉ុន្តែកំណើន GDP នៅត្រីមាសទី ១ ឆ្នាំ២០២០ នៅតែសម្រេចបាន ៣,៨២% ដែលជាអត្រាខ្ពស់ក្នុងតំបន់និងនៅលើពិភពលោកផងដែរ»។
ការគ្រប់គ្រងនិងទប់ស្កាត់នឹងជំងឺរាតត្បាតយ៉ាងឆាប់រហ័ស និងការបង្កើតសភាពធម្មតាតាមបែបគន្លងថ្មីរបស់ វៀតណាមមិនត្រឹមតែបង្កើតនូវការជឿទុកចិត្តដ៏ធំធេងក្នុងសំណាក់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱ្យប្រទេសនូវភាពម្ចាស់ការនៅចំពោះមុខកាលានុវត្តភាពថ្មីនិងឱកាសថ្មី បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតសកល Covid-19 ទៀតផង។ ក្នុងបរិបទដែលអង្គភាពអាជីវកម្មវៀត ណាម បានផ្លាស់ប្តូរផ្នត់គំនិតនៃអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រមទាំងលើកកំពស់សមត្ថភាព ឆ្លៀតយកឱកាស បំលាស់ ទិសដៅនិងរៀបចំសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។ យោងតាមលោក សេដ្ឋវិទូ Vo Tri Thanh បានអោយដឹងថាសមត្ថភាពបន្សាំរបស់អង្គភាពអាជីវកម្ម វៀតណាមក្នុងរយៈពេល ៥ ខែកន្លងមកមានភាពបត់បែននិងល្អប្រសើរ។
«ដំបូងឡើយយើងបានឃើញយ៉ាងច្បាស់អំពីការបំលាស់ប្តូរផលិតផលតាមន័យពីរ។ទី១គឺបន្ថែមតម្លៃដល់ផលិតផល បន្ថែមដំណោះស្រាយដែលភ្ជាប់ជាមួយផលិតផល និងធ្វើអន្តរកម្មជាមួយទីផ្សារនិងដៃគូ។ទី២គឺខិតខំប្រឹងប្រែង ក្នុងការផ្លាស់ប្តូរ ពោលគឺផ្លាស់ប្តូរទម្រង់ធ្វើអាជីវកម្ម។ ក្នុងនោះអនុវត្តបច្ចេកវិទ្យា ឌីជីថលយ៉ាងខ្លាំងក្លាដូចជាការលក់តាមប្រព័ន្ធអនឡាញ ផ្លាស់ប្តូរវិធីគ្រប់គ្រង់ និងធ្វើអន្តរកម្មផ្ទៃក្នុង; សូមលើកឧទាហរណ៍មួយដូចជាការបង្កើតក្រុមប្រតិកម្ម រហ័ស វាដូចជារបៀបធ្វើយ៉ាងឆាប់រហ័សដូចគ្រាសង្គ្រាម ដែលគណៈកម្មការ ដឹកនាំរបស់រដ្ឋាភិបាលធ្លាប់អនុវត្តកាលពីមុនមក។ ប្រឈមមុខនឹងស្ថានភាព លំបាក វាច្បាស់ណាស់ថាគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពផងដែរ»។
រួមជាមួយការរួមដំណើររបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងយ៉ាងសកម្មនិងមានគោលនយោបាយយ៉ាងបត់បែនបានជួយឲ្យអង្គភាពអាជីវកម្មមានស្ថេរភាពក្នុងផលិតកម្ម ហើយ សហគ្រាសវៀតណាមបានពង្រីកបញ្ញា ការច្នៃប្រឌិត និងសមត្ថភាពបន្សាំខ្លួនបានយ៉ាងល្អដើម្បីទាញយកប្រយោជន៍ពីឱកាសអភិវឌ្ឍន៍ផងដែរ។ លោកសេដ្ឋវិទូ Vo Tri Thanh បានបន្ថែមទៀតថា៖
« មានអង្គភាពអាជីវកម្មជាច្រើនមិនត្រឹមតែបន្សាំខ្លួនដើម្បីស៊ូទ្រាំបានរស់រាន ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានឆន្ទៈងើបឡើងជាមួយនឹងបំណងប្រាថ្នា និងចក្ខុវិស័យដ៏ល្អប្រសើរឡើងទៀតផង។ ឥឡូវនេះការបន្សាំខ្លួនរបស់ពួកគេ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មពោលគឺរវាង ទីផ្សារជាមួយនឹងរបៀបគ្រប់គ្រងនិងវិធីអភិបាលកិច្ចដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ដំណាក់កាលថ្មីផងដែរ»។
នាពេលខាងមុខនេះ រដ្ឋាភិបាលនឹងបន្តផ្តល់ដើមទុនឥណទាន កាត់បន្ថយអត្រា ការប្រាក់ រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ កាត់បន្ថយការប្រាក់កម្ចី ចំណាយលើប្រាក់កម្ចៃដើមទុនសម្រាប់អង្គភាពអាជីវកម្ម ព្រមទាំងអនុវត្តយ៉ាងប្តូរផ្តាច់និងព្រមៗគ្នានូវដំណោះស្រាយស្តារនិងការអភិវឌ្ឍ ផលិតកម្មនិងអាជីវកម្មឡើងវិញយ៉ាងឆាប់ៗ ដោយផ្សារភ្ជាប់នឹងការរៀបចំ រចនាសម្ព័ន្ធលើគ្រប់វិស័យឡើងវិញផងដែរ។ ទន្ទឹមនឹងនេះដែរជួយឧបត្ថម្ភឲ្យបាន សមស្របដល់ សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្មជំនួយ ជាពិសេសគឺ សម្រាប់អង្គភាពអាជីវកម្មក្នុងវិស័យសេវាកម្មទេសចរណ៍និងអាកាសចរណ៍ជា ដើម។ លើសពីនេះទៀត រដ្ឋាភិបាលនឹងច្បាមជាប់នូវស្ថានភាព ដើម្បីចាត់វិធាន ការទាន់ពេលវេលាក្នុងការជួយគាំទ្រ ជម្រុញសេដ្ឋកិច្ចសម្រាប់ដំណាក់កាល នៃការស្តារនិងអភិវឌ្ឍន៍ឡើងវិញរបស់អង្គភាពអាជីវកម្មផងដែរ៕