អនុវត្តន៍​កិច្ចព្រមព្រៀង FTA ជំនាន់ថ្មី ដើម្បីជំរុញការនាំចេញ

(VOVWORLD) - បង្កើនដំណោះស្រាយធានាកំណើននាំចេញគឺជាគោលដៅមួយសំដៅបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២៣នេះ។ ក្នុងបរិបទដែលកំណើនបៃតង និងសេដ្ឋកិច្ចវិលជុំកំពុងក្លាយជានិន្នាការនិងតម្រូវការលើទូទាំងពិភពលោក វៀតណាមកំពុងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចេកទេសនិងស្តង់ដារដ៏តឹងរឹងរបស់ទីផ្សារ ជាពិសេសគឺតម្រូវការពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA)។
អនុវត្តន៍​កិច្ចព្រមព្រៀង FTA ជំនាន់ថ្មី ដើម្បីជំរុញការនាំចេញ - ảnh 1លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។ (រូបថត៖ Uyên Hương/BNEWS/TTXVN)

ចាប់តាំងពីដើមឆ្នាំមក នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) សហគ្រាសវៀតណាមលែងបានអនុវត្តយន្តការអនុគ្រោះពន្ធទូទៅ (GSP)ទៀតហើយ ប៉ុន្តែត្រូវអនុវត្តន៍យន្តការអនុគ្រោះពន្ធតាមកិច្ចសន្យានៃកិច្ចព្រមព្រៀង EVFTA ជំនួសវិញ។ ឆ្នាំនេះ ឈានចូលឆ្នាំទី ៥ ដែលវៀតណាមអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាមួយតម្រូវការខ្ពស់អំពីស្តង់ដារ“បៃតង” ចំពោះផលិតផល និងទំនិញ នៅពេលនាំចេញទៅកាន់ទីផ្សារជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។

ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គឺជាការអនុវត្តកិច្ចសន្យាដោយផ្តោតលើការលុបបំបាត់និងកាត់បន្ថយពន្ធនាំចូលទំនិញតាមជំហានៗ។ តាមនោះ នៅពេលចរចារចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ណាមួយនោះ អ្នកចរចាសុទ្ធតែផ្អែកទៅលើសមត្ថភាពរបស់ប្រទេសខ្លួនដើម្បីធានាថាអង្គភាពអាជីវកម្មនិងខឿនសេដ្ឋកិច្ចអាចឆ្លើយតបតាម “ផែនទីបង្ហាញផ្លូវ”បាន។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា៖ នៅពេលដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀង FTAនោះ កាន់តែមានឱកាសបន្ថែមទៀតដើម្បីពង្រីកទីផ្សារផង ហើយក៏ជាឱកាសដើម្បីបញ្ជាក់ពីការអនុលោមតាមការប្រកួតប្រជែងប្រកបដោយតម្លាភាពជាមួយសេដ្ឋកិច្ចដទៃទៀតផង៖ “ការប្រកួតប្រជែងដើម្បីយើងជំរុញការនាំចេញ គឺពិតណាស់ថានេះក៏ជាការប្រកួតប្រជែងឥតឈប់ឈរដើម្បីអាចផ្លាស់ប្តូរថ្មីដោយខ្លួនឯង។ តាមនោះ លើកកម្ពស់គុណភាព ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ឱ្យបានល្អបំផុត”។

អនុវត្តន៍​កិច្ចព្រមព្រៀង FTA ជំនាន់ថ្មី ដើម្បីជំរុញការនាំចេញ - ảnh 2លោកស្រី Phan Thi Thanh Xuan អគ្គលេខាធិការសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាម។ (រូបថត៖ tapchicongthuong.vn)

ជាវិស័យនាំចេញសំខាន់របស់វៀតណាម នៅពេលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល វិស័យស្បែកជើងបានកំណត់ការអនុលោមបំពេញតាមបទដ្ឋានខ្ពស់នៃ FTA ជំនាន់ថ្មីដូចជា CPTPP និង EVFTA នាំមកទាំងបញ្ហាសាកល្បង និងឱកាសសម្រាប់សហគ្រាស និងពលករវៀតណាម។ លោកស្រី Phan Thi Thanh Xuan អគ្គលេខាធិការសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាមបានចាត់ទុកថា៖ “តម្រូវការ ជាពិសេសតម្រូវការផលិតកម្មបៃតងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់គឺជាបញ្ហាប្រឈមមួយដែលបានដាក់ចេញ ដូច្នេះសម្រាប់អាជីវកម្មនៃឧស្សាហកម្មស្បែកជើងត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ។ ឧទាហរណ៍ នៅទីផ្សារអឺរ៉ុប ច្បាប់ទាក់ទិនដល់ការអនុលោមតាមបទដ្ឋានទំនិញ សុវត្ថិភាពផលិតកម្មសម្រាប់នាំចេញ តែងតែធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ នាពេលខាងមុខ ទីផ្សារអាល្លឺម៉ង់ក៏បានដាក់ចេញច្បាប់ថ្មីមួយស្ដីពីការបង្កើនការពិគ្រោះយោបល់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ភាគីទីបីផងដែរ។ នេះក៏ជាលក្ខខណ្ឌមួយដែលសហគ្រាសត្រូវបំពេញតាម ពីព្រោះប្រសិនបើមិនបំពេញបានទេ នោះនឹងបរាជ័យក្នុងការនាំចេញទៅកាន់ទីផ្សារនេះ។ រាល់សំណូមពរទាំងនេះកំពុងជាបញ្ហាប្រឈម ប៉ុន្តែក៏ជាឱកាសដើម្បីជួយលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មស្បែកជើង ក៏ដូចជាជួយសហគ្រាស និងពលករវៀតណាមធានាបាននូវផលប្រយោជន៍ផ្ទាល់ខ្លួន ហើយសហគ្រាសធានាបានគុណភាពនៃប្រភពធនធានមនុស្សឲ្យកាន់តែប្រសើរឡើង”។

ពីសកម្មភាពជាក់ស្តែងរបស់សហគ្រាសនាំចេញម្ហូបអាហារសរីរាង្គ (ម្ហូបអាហារដែលផលិតនិងកែច្នៃដោយមិនប្រើប្រាស់សារធាតុគីមីដូចជាជីគីមី ថ្នាំសម្លាប់សត្វល្អិត អ័រម៉ូនកំណើន ឬសត្វប្រែប្រួលហ្សែនជាដើម) លោក Pham Minh Duc អនុប្រធានសមាគមសរីរាង្គវៀតណាមបានចាត់ទុកថា សក្តានុពលនាំចេញនៃផលិតផលសរីរាង្គគឺធំធេងណាស់។ ដូច្នេះ ក្រៅពីការច្នៃប្រឌិតថ្មីក្នុងវិធីសាស្រ្តអភិក្រមទីផ្សារ សហគ្រាសចាំបាច់ត្រូវលើកកម្ពស់គុណភាពផលិតផលឆ្លើយតបនឹងតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជននៅទីផ្សារនាំចេញ។ “នាបច្ចុប្បន្ន ផលិតផលកសិកម្មនាំចេញសំខាន់ៗរបស់វៀតណាម សុទ្ធតែមានវិញ្ញាបនបត្រសរីរាង្គ នាំចេញតាមស្តង់ដារ EU និងអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលផលិតកម្មនៃវិស័យសរីរាង្គមិនមានច្រើនទេ ហើយបច្ចុប្បន្នផលិតផលភាគច្រើននៅតែត្រូវបាននាំចេញក្នុងទម្រង់វត្ថុធាតុដើម។ សហគ្រាសភាគច្រើនក៏បានអភិវឌ្ឍផលិតផលលំដាប់ខ្ពស់ មានវេចខ្ចប់ និងមានម៉ាកយីហោដែរ ប៉ុន្តែការពិតមិនទាន់អភិក្រមឲ្យបានជ្រាលជ្រៅទៅក្នុងទីផ្សារអ្នកប្រើប្រាស់ទេ។ ប្រការនេះបានសរឲ្យឃើញថា សក្តានុពលអភិវឌ្ឍន៍របស់វិស័យសរីរាង្គនៅតែធំធេងណាស់និងជាឱកាសដ៏ល្អសម្រាប់វៀតណាម។ សមាគមមានបំណងចង់ឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មជួយឧបត្ថម្ភដើម្បីកសាងយុទ្ធសាស្ត្រជំរុញពាណិជ្ជកម្មនិងអភិក្រមកាន់តែច្រើនថែមទៀតជាមួយទីផ្សារអាមេរិកខាងជើង”។

យុទ្ធសាស្ត្រនាំចេញ និងនាំចូលរបស់វៀតណាមដល់ឆ្នាំ ២០៣០ បានដាក់ចេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អត្រាកំណើននាំចេញជាមធ្យម គឺ៦-៧%/ឆ្នាំ សម្រាប់ដំណាក់កាល ២០២១-២០៣០។ ដោយឡែកក្នុងឆ្នាំ ២០២៣ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានដាក់ចេញគោលដៅទទួលកំណើននាំចេញប្រមាណ ៦% បើប្រៀបធៀបនឹងឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ