(VOVWORLD) - ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដើរទន្ទឹមនិងការពារបរិស្ថាន រួមចំណែកដល់សង្គម និងឆ្លើយតបទៅនឹងតម្រូវការកាន់តែតឹងរឹងនៃទីផ្សារនាំចេញ នៅដើមខែតុលានេះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមបានប្រកាសយុទ្ធសាស្ត្រកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២៣-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ចំពោះសហគ្រាសជាច្រើនក្នុងផ្នែកឧស្សាហកម្មកៅស៊ូ បៃតងក៏ជាយុទ្ធសាស្ត្របង្កើតឧត្តមភាពប្រកួតប្រជែង និងលើកកម្ពស់តម្លៃពាណិជ្ជសញ្ញារបស់សហគ្រាសនៅលើទីផ្សារផងដែរ។
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នាបច្ចុប្បន្ន បានគ្រប់គ្រងផ្ទៃដំណាំកៅស៊ូជាង ៤១០.០០០ ហិកតាទាំងក្នុងនិងក្រៅប្រទេស។ ក្នុងនោះ ផ្ទៃដីដាំកៅស៊ូក្នុងស្រុកមានចំនួនជិត ៣០ ម៉ឺនហិកតា នៅកម្ពុជាមានជាង ៨៧.០០០ ហិកតា ហើយនៅប្រទេសឡាវមានចំនួនជិត ៣ ម៉ឺនហិកតា។ ជារៀងរាល់ឆ្នាំ VRG បានផលិតកៅស៊ូគ្រប់ប្រភេទជាមធ្យម ៣២០.០០០តោន។ យុទ្ធសាស្ត្រកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២៣-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺជាគោលការណ៍ដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុនដើម្បីអនុវត្តគោលដៅចំនួន ៣ រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច - ការពារបរិស្ថាន - ការទទួលខុសត្រូវចំពោះសហគមន៍និងសង្គម។
នាបច្ចុប្បន្ន VRG បានគ្រប់គ្រងផ្ទៃដំណាំកៅស៊ូជាង ៤១០.០០០ ហិកតាទាំងក្នុងនិងក្រៅប្រទេស។ រូបថត៖ Tung Dinh |
ឆ្លើយតបនឹងបញ្ហាសាកល្បងថ្មីនៃទីផ្សារ
យុទ្ធសាស្ត្របៃតងរបស់ VRG ត្រូវបានដាក់ចេញក្នុងបរិបទដែលពិភពលោក ជាពិសេសគឺទីផ្សារនាំចេញធំៗរបស់វៀតណាម ដូចជា៖ អាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កំពុងត្រួតពិនិត្យយ៉ាងតឹងរឹងថែមទៀតនូវស្តង់ដាទាក់ទងនឹងបរិស្ថាននិងថាមពលចំពោះទំនិញនាំចូល។ ឧទាហរណ៍ EU នឹងអនុវត្តន៍បទប្បញ្ញត្តិប្រឆាំងនឹងការបំផ្លិចបំផ្លាញព្រៃឈើ ចាប់ពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ២០២៤ សម្រាប់មុខទំនិញដូចជា កាកាវ កាហ្វេ និងកៅស៊ូ។ ដូច្នេះ ការបំពេញស្តង់ដារនាំចេញបៃតង ការបំភាយឧស្ម័នទាប និងការប្រើប្រាស់ថាមពលតិចគឺជាបញ្ហាប្រឈមសម្រាប់ធុរកិច្ចវៀតណាម។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖
“ទំនងជានាពេលខាងមុខ បណ្ដាប្រទេសអាចនឹងយកពន្ធលើផលិតផលទំនិញដែលប្រើប្រាស់ថាមពលច្រើន ឬមានការបំភាយឧស្ម័នខ្ពស់។ នោះនឹងជារបងពាណិជ្ជកម្មចំពោះផលិតផលរបស់វៀតណាម។ ដូច្នេះ បណ្ដាធុរកិច្ច រួមទាំងធុរកិច្ចផលិតកម្មនិងពាណិជ្ជកម្មត្រូវស្វែងយល់យ៉ាងហ្មត់ចត់អំពីបញ្ហានេះ ដើម្បីមានការផ្លាស់ប្តូរសមស្រប ចាប់ពីដំណើរការផលិតកម្ម រហូតដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រទេសនាំចូល”។
នៅក្នុងយុទ្ធសាស្ត្របៃតងដែលទើបនឹងប្រកាស VRG បានដាក់ចេញគោលដៅជាក់លាក់ជាច្រើនដូចជា៖ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងសកម្មភាពប្រើប្រាសថាមពលយ៉ាងហោច ១៥% នៅឆ្នាំ ២០៣០ និង ៣០% នៅឆ្នាំ ២០៥០ បើប្រៀបធៀបនឹងឆ្នាំនេះ; ធ្វើបៃតងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយមានគោលដៅរហូតដល់ឆ្នាំ ២០៣០ មានផ្ទៃដីដាំកៅស៊ូនិងព្រៃឈើផលិតកម្មរបស់ក្រុមហ៊ុនប្រហែល ៦០% ទទួលបាននូវវិញ្ញាបនប័ត្រគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពជាតិ និងអន្តរជាតិ (VFCS/PEFC/FSC...) និង ១០០% នៃរោងចក្រកែច្នៃទឹកជ័រកៅស៊ូមានវិញ្ញាបនប័ត្របញ្ជាក់ផលិតកម្ម។
VRG ក៏ផ្តល់អាទិភាពលើការប្តេជ្ញាធ្វើបៃតងដំណើរការផលិតកម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធប្រភពថាមពល តាមទិសដៅបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ។ VRG បានដាក់ចេញគោលដៅដល់ឆ្នាំ ២០៥០ ប្រភពថាមពលកកើតឡើងវិញនិងថាមពលជីវជាតិមានចំនួនជាអប្បបរមា ៥០% នៃតម្រូវការប្រើប្រាស់សរុប; សន្សំសំចៃ ថាមពលប្រហែល ២០%-៣០% បើប្រៀបធៀបនឹងតម្រូវការសរុប ហើយទន្ទឹមនឹងនោះ កាត់បន្ថយ ២០% នៃកាកសំណល់ដ៏គ្រោះថ្នាក់ក្នុងដំណើរការផលិតកម្ម។
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ រូបថត៖ Duc Duy/Vietnam+ |
ធ្វើបៃតងដើម្បីបង្កើតគុណសម្បត្តិប្រកួតប្រជែង
ចំពោះធុរកិ្ចចជាច្រើនក្នុងផ្នែកឧស្សាហកម្មកៅស៊ូ ការធ្វើបៃតងផលិតផលនិងដំណើរការផលិតកម្មក៏ជាយុទ្ធសាស្ត្រ ដើម្បីបង្កើតគុណសម្បត្តិប្រកួតប្រជែងនិងបង្កើនតម្លៃម៉ាកយីហោនៅលើទីផ្សារផងដែរ។
ក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Phuoc Hoa (Binh Duong) បានបង្កើតយថានុក្រមដាច់ដោយឡែកមួយសម្រាប់ផលិតកម្មបៃតង។ ជាក់ស្តែង ទឹកជ័រកៅស៊ូពីតំបន់វត្ថុធាតុដើមដែលមានវិញ្ញាបនប័ត្រគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពនឹងត្រូវបានផលិតតាមយថានុក្រមបៃតង ពីរថយន្តដឹកទឹកជ័រកៅស៊ូ តំបន់ទទួលវត្ថុធាតុដើម រហូតដល់ខ្សែសង្វាក់ផលិតកម្ម។ ផលិតផលបំពេញស្តង់ដាបៃតងត្រូវបាននាំចេញទៅកាន់ប្រទេសអឺរ៉ុប អាមេរិក កូរ៉េខាងត្បូង តាមសំណូមពររបស់ដៃគូនាំចូល។ លោក Tran Van Nhan នាយកសហគ្រាសមេកានិកកែច្នៃនិងសំណង់ ចំណុះក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Phuoc Hoa បានឲ្យដឹងថា៖ “វត្ថុធាតុដើមដែលទទួលបានវិញ្ញាបនបត្រ ត្រូវបានថ្តាច់ចេញពីចំការកៅស៊ូក្នុងកសិដ្ឋាន ដឹកជញ្ជូនដោយរថយន្តដាច់ដោយឡែក ហើយពេលមកដល់រោងចក្រ វានឹងត្រូវបានកែច្នៃ និងគូសសម្គាល់ដោយឡែកផងដែរ”។
ចាប់ផ្តើមពីការខិតខំសម្រេចបានផ្ទៃដីជាង ១៥.០០០ហិកតានៃតំបន់វត្ថុធាតុដើមទទួលបានវិញ្ញាបនបត្រស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីធ្វើសមកាលកម្មដំណើរការផលិតកម្មបៃតងសម្រាប់ទឹកជ័រកៅស៊ូ និងដើមឈើសម្រាប់ផលិតគ្រឿងសង្ហារឹម ការធ្វើបៃតងតាមខ្សែសង្វាក់នេះបានជួយឱ្យក្រុមហ៊ុនកំណត់បានម៉ាកយីហោរបស់ខ្លួន ដើម្បីបំពេញតម្រូវការផលិតផលបៃតងរបស់អ្នកនាំចូល។ ដូច្នេះ ទោះបីជាតម្លៃលក់ខ្ពស់ជាងតម្លៃមធ្យមក៏ដោយ ក៏ក្រុមហ៊ុននៅតែមានការបញ្ជាទិញរហូតដល់ឆ្នាំក្រោយ។ លោក Nguyen Van Tuoc អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Phuoc Hoa បានចែករំលែកថា៖
“ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ហើយកាលពីជាងមួយខែមុនក៏ត្រូវបានវាយតម្លៃឡើងវិញថាល្អណាស់។ គោលបំណងរបស់ក្រុមហ៊ុនគឺមានផ្ទៃដីទាំង ១០០% មានការបញ្ជាក់ ប៉ុន្តែនៅមានការលំបាក ពោលគឺតំបន់ព្រៃឈើរបស់ក្រុមហ៊ុនត្រូវបានលាយឡំជាមួយគ្រួសារតូចៗ។ ដូច្នេះ យើងនឹងប្រមូលផ្តុំ និងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់គ្រួសារទាំងនេះធ្វើបៃតងដូចយើងខ្ញុំផងដែរ”។
ពីភាពជោគជ័យដំបូងនៅក្នុងអាជីវកម្មមួយចំនួនដូចជាក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Phuoc Hoa នោះ VRG គ្រោងនឹងពង្រីកគំរូនេះទៅកន្លែងជាច្រើនទៀត។ VRG ក៏គ្រោងនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់គ្រួសារកសិករ ក្នុងការជ្រើសរើសពូជកៅស៊ូ ការលើកកម្ពស់ផលិតភាព និងគុណភាពជ័រកៅស៊ូ ព្រមទាំងជួយគាំទ្រការទិញក្នុងតម្លៃល្អ និងបង្កើតប្រព័ន្ធតាមដានប្រភពដើមប្រកបដោយប្រសិទ្ធភាព តាមនោះបង្កើតឯកសណ្ឋានបៃតងដោយសមកាលកម្មនៅក្នុងឧស្សាហកម្មទាំងមូល៕